អាមេរិក

អាមេរិកថា ចិន និងរុស្ស៊ី មិន​​ខិតខំ​​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទាសភាព

លោក John Kerry រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​អាមេរិក (រូបភាពឯកសារ)
លោក John Kerry រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​អាមេរិក (រូបភាពឯកសារ) REUTERS/Yuri Gripas

សហរដ្ឋ​អាមេរិក បាន​ចោទ​ដល់​ប្រទេស​ចិន និង​រុស្ស៊ី ថា​មិន​បាន​ខិតខំ​ប្រឹងប្រែង​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​និង​ទាសភាព​ឡើយ​។ អាមេរិកបាន​បញ្ជាក់ថា​ប្រទេស​សម្ព័ន្ធមិត្ត​ទាំង​ពីរ​នេះ​បាន​ធ្លាក់​ចុះ​ទៅ​​ក្នុង​លេខរៀង​ខាង​ក្រោម ក្នុង​បញ្ជី​ខ្មៅ​របស់​ខ្លួន ជា​មួយ​ប្រទេស អ៊ូសបេគីស្ថាន។

ផ្សាយពាណិជ្ជកម្ម

ប្រទេស​ចំនួន​បី​ដែល មាន​ដូច​ជា ចិន រុស្ស៊ី និង​អ៊ូសបេគីស្ថាន ត្រូវ​បាន ទីក្រុង​វ៉ាស៊ីនតោន​គម្រាម នឹង​ដាក់​ទណ្ឌកម្ម លើ​ការ​មិន​គោរព​សិទ្ធិមនុស្ស។ ក្នុង​នាម​ជា​ប្រទេស​ហត្ថលេខី នៃ​សន្ធិសញ្ញារ ស្តី​អំពី​ការ​ទប់​ស្កាត់​ការ​ជួញដូរ​មនុស្ស និង​ទាសភាព ប្រទេស​ទាំង​នោះ មិន​បាន​បង្ហាញ​​ពី​ឆន្ទ របស់​ខ្លួន​លើ​ការងារ​នេះ​ឡើយ។ នេះ​បើ​តាម​របាយការណ៍​មួយ​ដែល​ចេញ​ដោយ​ក្រសួង​​ការ​​បរទេស​អាមេរិក​កាល​ពី​ថ្ងៃពុធ ម្សិលមិញ។

 
ផ្ទុយ​ទៅ​វិញ នៅ​ក្នុង​របាយការណ៍​នេះ អាមេរិក បាន​សរសើរ ដល់​ប្រទេស​មួយ​ចំនួន ដែល​មាន​ផល​ជា​វិជ្ជ​មាន ដូច​ជា​ប្រទេស អាស្សែបាយហ្សង់ អ៊ីរ៉ាក់ និងកុងហ្គោ​ជា​ដើម។ ​ប្រទេស​ខាងលើ បាន​កាត់​បន្ថយ​ការ​ជួញដូរ​មនុស្ស​និង​ទាសភាព។

ទោះ​ជា​យ៉ាង​ណា លោក ឆន ឃែរី រដ្ឋមន្រ្តី​ការ​បរទេស អាមេរិក បាន​បង្ហាញ​ពី​កង្វល់​ថា​នៅ​ក្នុង​ពិភពលោក​បច្ចុប្បន្ន មាន​មនុស្ស​ប្រមាណ ២៧ លាន​អ្នកទៀត ដែល​កំពុង​រស់​នៅ​ក្នុង​ទាសភាព។

ចំពោះ​លើ​បញ្ហា​នេះ ទីក្រុង​វ៉ាស៊ីនតោន​បាន​លើក​បង្ហាញ​ពី​ការ​មិន​គោរព​សិទ្ធិមនុស្ស​របស់​ទីក្រុង​ប៉េកាំង។ គឺ​ក្នុង​របាយការណ៍​ថ្មីៗ​នេះ​បាន បញ្ជាក់​ថា មាន​មនុស្ស ជា​ច្រើន​កំពុង​តែ ធ្វើការ​ដោយ​បង្ខំ​នៅ​ក្នុង​ប្រទេស​ចិន។ ក្នុង​នោះ​មាន​ដូច​ជា​ការងារ ក្នុង​សិប្បកម្មឥដ្ឋ ឧស្សាហកម្ម​រ៉ែធ្យូងថ្ម និង​រោងចក្រ​ជា​ដើម។ មិនត្រឹម តែ​ប៉ុណ្ណោះ​ទេ ក្នុង​របាយការណ៍​មួយ​ទៀត​របស់​តំណាងរាស្ត្រ​អាមេរិក ក៍​បាន​បង្ហាញ​ដែរ​ថា នៅ​ប្រទេស ចិន​ជា​កន្លែង​មួយ ដែល​ប្រជុំ​ទៅ​ដោយ​ការ​ជួញដូរ​ផ្លូវ​ភេទ។

បើ​និយាយ​អំពី​រុស្ស៊ី​វិញ ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ថា មាន​មនុស្ស​ជាង​មួយលាន​នាក់ កំពុង​តែ​ត្រូវ​បាន​គេ​កេងប្រវញ្ញ​កម្លាំង​ពលកម្ម។ មាន​ដូច​ជា ធ្វើ​ការ​មិន​ទទួល​បាន​ប្រាក់​ខែ ការ​បំពាន​រាងកាយ និង​លក្ខខណ្ឌ​ការងារ​មិន​ល្អ​សមរម្យ។

របាយការណ៍​ដដែល​បង្ហាញ​ថា មាន​កុមារ​អាយុ​ក្រោម​១៥ឆ្នាំ ជា​ច្រើន​កំពុង​តែ ធ្វើ​ការ​ជា​ទម្ងន់ នៅ​ក្នុង​ការ​ប្រមូល​ផល កបាស​ប្រចាំឆ្នាំ នៅ​ប្រទេស អ៊ូសបេគីស្ថាន។

សូម​បញ្ជាក់​ដែរ​ថា កាល​ពី​ចុង​ឆ្នាំ២០១២​នេះ លោក បារ៉ាក់ អូបាម៉ា បាន​ប្រកាស​ចង់​ឱ្យ​មាន​ការ​ដាក់​ជា​ទណ្ឌកម្ម​ដល់ ប្រទេស​ណា​ដែល​មិន​ បាន​ខិតខំ​ប្រឹងប្រែង ក្នុង​ការងារ ប្រយទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និងទាសភាព។

ប្រតិកម្ម​​នឹង​ការ​ចេញ​របាយការណ៍​ខាង​លើ​នេះ​ដែរ អ្នក​នាំពាក្យ​ទីក្រុង ប៉េកាំង​បាន​ឆ្លើយ​តប​ភ្លាម កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២០​ មិថុនា​​ថា អាមេរិក​គួរ​តែ​ឈប់​បញ្ចេញ នូវ​របាយការណ៍ ជា​ឯកតោភាគី និង​ដោយ​បំពាន​ទៀត​ទៅ។ ដោយ​ទី​ក្រុង​​ប៉េកាំង​បាន បញ្ជាក់​ថា របាយការណ៍ របស់​ទីក្រុង​វ៉ាស៊ីនតោន ធ្វើ​ឡើង​ដោយ មិន​ច្បាស់លាស់ និង​មាន​ភាព​លំអៀង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI