ហ្វីលីពីន-អាមេរិក

អាមេរិក និង​ហ្វីលីពីន​ប្រកាស​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​តំបន់​ជម្លោះ សមុទ្រ​ចិន​ខាងត្បូង

កងទ័ព​ជើងទឹក ហ្វីលីពីន​ធ្វើ​លំហាត់សឹក នៅ​សមុទ្រ​ភាគខាងត្បូង នៃ​ទីក្រុង​ម៉ានីល ថ្ងៃទី​២៩ ឧសភា ឆ្នាំ ២០១៣
កងទ័ព​ជើងទឹក ហ្វីលីពីន​ធ្វើ​លំហាត់សឹក នៅ​សមុទ្រ​ភាគខាងត្បូង នៃ​ទីក្រុង​ម៉ានីល ថ្ងៃទី​២៩ ឧសភា ឆ្នាំ ២០១៣ REUTERS/Romeo Ranoco

អាមេរិក និង​ហ្វីលីពីន គ្រោង​នឹង​ធ្វើ​សមយុទ្ធ​រួមគ្នា​មួយ នៅ​​​សមុទ្រ​ចិន​ខាងត្បូង ក្នុង​សប្តាហ៍​ក្រោយ​នេះ នៅ​ជិត​តំបន់​ប្រជុំ​កោះ Scarborough។ ដែល​គេ​បាន​ដឹង​ថា ប្រជុំ​កោះ​ខាងលើ​ជា​តំបន់​ជម្លោះ​ដណ្តើម​គ្នា​ធ្វើ​ជា​កម្មសិទ្ធិ រវាង​ប្រទេស​ចិន និង​ហ្វីលីពីន ដែល​អូស​បណ្តាយ​អស់​រយះ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ផ្សាយពាណិជ្ជកម្ម

កងទ័ព​ជើងទឹក​អាមរិក និង​ហ្វីលីពីន គ្រោង​នឹង​ធ្វើ​សមយុទ្ធ​រួមគ្នា​មួយ នៅ​ថ្ងៃទី ២៧ មិថុនា ខាង​មុខ​នេះ ​នៅ​​សមុទ្រ​ចិន​ខាងត្បូង ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង ១០៨គីឡូម៉ែត្រ ពីប្រជុំ​កោះ Scarborough ដែល​មាន​ជម្លោះ។ នេះ​បើ​តាម សំដី​របស់​អ្នក​នាំ​ពាក្យ ទាហ៊ាន​ជើងទឹក​ហ្វីលីពីន​កាល​ពី​ម្សិលមិញ​តាមរយៈ​ទី​ភ្នាក់ងារ​ព័ត៌មាន បារាំង AFP។

 
ប្រជុំ​កោះ Scarborough​ ជា​តំបន់​មួយ​ដែល ប្រទេស ហ្វីលីពីន និង​ចិន​ ​កំពុងតែ​ឈ្លោះ​​ដណ្តើម​គ្នា​មក​ធ្វើ​ជា​កម្ម​សិទ្ធិ។ គេប្រាកដ​ហើយ​ថា គម្រោង​សមយុទ្ធ​នេះ នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ចិន មិន​សប្បាយ​ចិត្ត​ជាក់​ជា​មិន​ខាន។ តែ​រហូត​មក​ដល់ ថ្ងៃ​នេះ មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​តប​វិញ​ពី​រដ្ឋាភិបាល​ចិន នៅ​ឡើយ​ទេ។

សូម​រម្លឹក​ថា ជម្លោះ​ចុង​ក្រោយ​រវាង ប្រទេស​ទាំង​ពីរ​ដែល​បាន​កាន់​តែ​ឡើង​កម្ដៅ​នោះ គឺ​បន្ទាប់​ពី​មាន​ការ​ចាប់​កប៉ាល់​នេសាទ​របស់​ចិន ពី​សំណាក់​យោធា​ហ្វីលីពីន កាល​ពី​ខែមេសា ឆ្នាំ២០១២។ កាល​នោះ ហ្វីលីពីន បាន​ទៅ​ស្វែង​រក​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​ដែល​ប្រកាស ការពារ​ខ្លួន​ទៀត​ផង។

បើ​គិត​ពី​ទីតាំង​ភូមិសាស្រ្ត ប្រជុំ​កោះ Scarborough ជា​តំបន់​ដែល​បណ្តុំ​ទៅ​ដោយ​កូន​កោះ​តូចៗ ស្ថិត​នៅ​ជិត​ដែន​ទឹក ប្រទេស​ជា​សមាជិក​អាស៊ាន ជាង​ប្រទេស​មហា​អំណាច​ចិន។ ទោះ​ជា​យ៉ាង​ណា ចិន​នៅ​តែ​ទាមទា​ចង់​បាន ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ដោយ ដណ្តើម​គ្នា​ជា​មួយ​ប្រទេស​ចំនួន៤ ជា​សមាជិក​អាស៊ាន ដែល​រួម​មាន​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ប្រ៊ុយណេ។ ហើយ​វៀតណាម និង​ហ្វីលីពីន មាន​ជម្លោះ​ស្រួចស្រាវ និង​តានតឹង​ជាង​គេ ទល់​ជា​មួយ​ចិន។

អ្នក​នាំពាក្យ​ទាហ៊ាន​ជើងទឹក​ហ្វីលីពីន បាន​និយាយ​ការពារ​ទុក​ជា​មុន​ថា សមយុទ្ធ​នេះ មិន​មែន កើត​ឡើង​ដោយ​ចៃដន្យ ក្នុង​ន័យ​បង្ហាញ​ចង្កូម​ដាក់​ប្រទេស​ចិន​នោះ​ទេ។ នេះ គឺ​ជា​លំហាត់​យោធា​មួយ​ដែល​បាន​គ្រោង​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ​២០១០​មក​ម្លេះ។

គោល​បំណង​គឺ​ដើម្បី​បង្កើន​កម្រិត​នៃ​ការ​សហប្រតិបត្តិការ រវាង​កងទ័ព​ជើងទឹក​ហ្វីលីពីន និង​កងទ័ព​ជើងទឹក​សហរដ្ឋអាមេរិក នៅ​ក្នុង​ការ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម និងការរក្សារ​សន្តិសុខ​ដែនសមុទ្រអន្តរជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI