ចិន

ចិន​ចេញ​ច្បាប់​កាត់ទោស​ប្រហារ​ជីវិត​​អ្នក​បំពុល​បរិស្ថាន

មនុស្ស​ប្រុស​ពាក់​ម៉ាស​ការពារ​ផ្សែង​ពុល​ដើរ​តាម​ផ្លូវ​ក្នុង​ក្រុង​ប៉េកាំង
មនុស្ស​ប្រុស​ពាក់​ម៉ាស​ការពារ​ផ្សែង​ពុល​ដើរ​តាម​ផ្លូវ​ក្នុង​ក្រុង​ប៉េកាំង REUTERS/Kim Kyung-Hoon/Files

អាជ្ញាធរ​ចិន​លែង​លេង​សើច​​ទៀត​ហើយ​ជាមួយ​ផ្សែងបំពុល​បរិយាកាស ! ​ទោស​១០​ឆ្នាំ ដល់​អ្នក​បំពុល​បរិស្ថាន ដែល​មាន​ពីមុន​មក​ មិន​គ្រប់គ្រាន់​ទេ ពេល​នេះ​ តុលាការ​កំពូល​បាន​ចេញក្រិត្យ ដាក់​ទោស​ប្រហារជីវិត​ដល់​រាល់​ជន​ណា ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​បង្ក​ឱ្យ​មាន​ការ​បំពុល​បរិស្ថាន​ធ្ងន់ធ្ងរ​ដល់​ប្រទេស​ជាតិ។ ផ្សែង​ពុល​ដែល​សម្លាប់​ជីវិត​មនុស្ស​រាប់ពាន់​នាក់​ក្នុង​មួយ​ឆ្នាំៗ​ នៅ​ប្រទេស​ចិន។ 

ផ្សាយពាណិជ្ជកម្ម

 

អាជ្ញាធរ​ចិន​បាន​ប្រើ​កណ្តាប់​ដៃ​ដែក ! ទោសប្រហារជីវិត​ អាច​នឹង​ត្រូវយក​មក​ផ្តន្ទា​​ ក្នុង​សំណុំ​រឿង​បំពុល​បរិស្ថាន​ធំៗ។ ការ​ប្រើប្រាស់​ផលិតផល​វិទ្យុសកម្ម ផលិតផល​គីមីពុល ឬ​វីរ៉ុសឆ្លង​ ត្រូវ​បាន​​តុលាការ​កំពូលចាត់​បញ្ចូល​ទៅ​​​ក្នុង​ចំណោម​បញ្ជី​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ នៃ​ច្បាប់​ព្រហ្មទណ្ឌ​ចិន​ទាំង​អស់។ រាល់​ការ​ចាក់​​កាក​សំណល់​​មាន​ផ្ទុក​ជាតិ​ពុល​ ក្បែរ​ប្រភព​ទឹក​ស្អាត​ ក៏​អាច​នឹង​ជាប់​ទោស​បាន​ដែរ។

ការ​បំពុល​បរិស្ថាន​ដែល​ឈាន​ដល់​ការ​ជាប់​អង្កេត​និង​កាត់​ទោស​ គឺ​នៅពេល​ណា​ផ្សែង​ពុល​បាន​បង្ក​​ឱ្យ​មានមនុស្ស​ធ្វើ​​បំលាស់​ទី មាន​ការ​ពុល មាន​ការ​ខូច​ខាត​លើស​ពី​៣៧០០០​អឺរ៉ូ។ បញ្ជី​ជាប់​ទោស​មាន​វែង​ណាស់ សម្រាប់​ប្រទេស​មួយ​ដែល​ផ្តល់​អាទិភាព​ចម្បង​ទៅ​លើ​តែ​សេដ្ឋកិច្ច និង​ដែល​កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ​ថ្មីៗ​នេះ​សោះ ការ​ខួង​អណ្តូង​បញ្ចេញ​ទឹក​ស្អុយ​ពុល​ខុសច្បាប់​គ្មាន​អ្នក​ខ្វល់ខ្វាយ។

កាលពី​ថ្ងៃអង្គារ​មនុស្ស​ជាង​មួយ​រយ​នាក់ ក្នុង​វិស័យ​រ៉ែ និង​ប្រេង​គីមី ​ត្រូវ​បាន​ចាប់​ខ្លួន​។ ពួក​គេ​អាច​នឹង​ទទួល​ការ​ចោទ​ប្រកាន់​បំពុល​បរិស្ថាន​ ប៉ុន្តែ​មិន​ដឹង​ថា​តុលាការ​ចិន​នឹង​អនុវត្ត​ច្បាប់​ព្រហ្មនេះ​ភ្លាម​ឬ​យ៉ាងណាទេ។

តើរដ្ឋាភិបាល​ចិន​ថ្មី​កំពុង​ផ្តល់អាទិភាព​ដល់​បរិស្ថានឬ ?

បរិស្ថាន​មិន​មែន​ជា​អាទិភាព​របស់​រដ្ឋាភិបាល​ តាំង​ពី​ដើម​រៀង​មក ប៉ុន្តែ​ប្រធានាធិបតី​ចិន​ថ្មី លោក ស៊ី ជីនពីងបាន​សន្យា​ការ​ប្តូរ​ផ្លាស់​។ ឥឡូវ​លោក​ធ្វើ​បាន​មែន ! បាន​យ៉ាង​ហោច​ណាស់ក៏​លើ​ក្រដាសដែរ ​!

សូម​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​សុក្រ​ទី​១៤​មិថុនា រដ្ឋាភិបាល​ចិន ទើប​បាន​ចេញ​វិធានការ​មួយ​ចំនួន​ ប្តេជ្ញា​កាត់​បន្ថយ​ការ​ផ្សែង​ពុល​ក្នុង​បរិយាកាស។ ផ្សែង​ពុល​​ដែល​បើ​តាម​ការសិក្សា​នៅ​ឆ្នាំ​២០១១​ថា​មាន​ប៉ះពាល់​ដល់​ផលិតផល​អង្ករ​ប្រមាណ​១០% បង្ក​ឱ្យ​ស្លាប់​ជាង​៨០០០​នាក់ និង​ជា​១​លាន​ពីរ​សែន​ស្លាប់​មុន​អាយុ​​ នៅ​ឆ្នាំ​២០១២​។ ជាង​នេះ​ទៅទៀត​ បើ​តាម​របាយការណ៍​របស់​សកលវិទ្យាល័យ​ប៉េកាំង​និង​Greepeace ប្រសិន​បើ​ចិន​គោរព​បាន​នូវ​បទដ្ឋានកំរិត​សុវត្ថិភាព​បរិយាកាស​របស់​អង្គការ​សុខភាព​ពិភពលោក​ នោះ​ចិន​អាច​កាត់​បន្ថយ​អត្រា​មរណៈ​បង្ក​ឡើង​ដោយ​​ផ្សែងពុលក្នុង​បរិយាកាស​បាន​៨១%។ Greepeace បាន​អំពាវនាវ​ឱ្យ​ចិន​កាត់​បន្ថយ​តម្រូវការថាមពល​ពី​​នឹង​មជ្ឈមណ្ឌល​​អគ្គិសនី​ដើរ​​ដោយ​ធ្យូងថ្ម​ ​ ទាំ​ង​១៩៦ ឬ​រក​វិធីទប់ស្កាត់​​ការ​បញ្ចេញ​ធាតុ​ល្អិត​ឆ្មារៗ ដែល​​​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​រលាក​ផ្លូវដង្ហើម​ ​ហឺត ​និង​អាចជ្រាប​ចូល​ក្នុង​ឈាម​ បង្ក​ជា​ជំងឺ​​សួត​ បេះ​ដូង​ និង​ខួរ​ក្បាល​ ​ជា​ច្រើន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI