ឧបទ្វីបកូរ៉េ

ចោរ​អ៊ីនធ័ណេត​វាយប្រហារ​វិបសៃតិ៍​រដ្ឋាភិបាល​កូរ៉េខាងត្បូង

វិបសៃតិ៍​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ត្រូវ​ចោរ​អ៊ីនធ័រណេត​វាយប្រហារ នៅថ្ងៃ​អង្គារ​ទី ២៥​មិថុនា
វិបសៃតិ៍​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ត្រូវ​ចោរ​អ៊ីនធ័រណេត​វាយប្រហារ នៅថ្ងៃ​អង្គារ​ទី ២៥​មិថុនា

នៅព្រឹកថ្ងៃ​អង្គារ​ទី ២៥ មិថុនា នេះ កូរ៉េខាងត្បូង​បាន​ចេញ​សញ្ញាប្រកាស​អាសន្ន បន្ទាប់​ពី​វិបសៃតិ៍​សំខាន់ៗ​របស់​រដ្ឋាភិបាល កូរ៉េខាងត្បូង​ត្រូវ​វាយប្រហារ​ដោយ​ចោរ​អ៊ិនធ័រណេត។ តាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​រដ្ឋាភិបាល គេ​មិន​ស្គាល់​ពី​អត្តសញ្ញាណ​របស់​ចោរ​អ៊ិនធ័រណេត​នោះឡើយ ប៉ុន្តែ កន្លងមក កូរ៉េខាងត្បូង​ធ្លាប់​ចោទ​កូរ៉េខាងជើង ថា ជា​អ្នកវាយប្រហារ​​លើ​វិបសៃតិ៍​សំខាន់ៗ​របស់​កូរ៉េខាងត្បូង។

ផ្សាយពាណិជ្ជកម្ម

វិបសៃតិ៍​របស់​វិមាន​ប្រធានាធិបតី ស្ថិតក្នុង​ចំណោម​វិបសៃតិ៍​ដែល​រងគ្រោះ ដោយ​ការវាយ​ប្រហារ​​របស់​ចោរអ៊ិនធ័រណេត។ រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​បញ្ជាក់​ពី​ការវាយប្រហារ​ព័ត៌មានវិទ្យា​ដែល​បាន​ឈាន​ទៅដល់​ការបិទ​វិបសៃតិ៍ រដ្ឋាភិបាល ដែល​នៅក្នុង​នោះ មាន​វិបសៃតិ៍​របស់​ប្រធានាធិបតី និង​វិបសៃតិ៍​របស់​ប្រព័ន្ធផ្សព្វផ្សាយ​មួយចំនួន នៅ​កូរ៉េខាងត្បូង។

 
ការវាយប្រហារ​អ៊ិនធ័រណេត​ហាក់ដូចជា​ចៃដន្យ ព្រោះ វា​កើត​ឡើង នៅ​ចំ​ខួប​នៃ​ការចាប់ផ្តើម​សង្រ្គាមកូរ៉េ ដែល​បាន​ឆាបឆេះឡើង នៅ​ថ្ងៃ​ទី ២៥​មិថុនា ឆ្នាំ ១៩៥០។ រដ្ឋាភិបាល​កូរ៉េខាងត្បូង​មិន​ទាន់​កំណត់​អត្តសញ្ញាណ​របស់​ចោរអ៊ិនធ័រណេត​បាន​នៅឡើយទេ។ ក្នុង​ការស៊ើបអង្កេត​កន្លងមក រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​ចោទប្រកាន់​របប​ព្យុងយ៉ាង​ថា ជាអ្នកវាយប្រហារ​លើ​វិបសៃតិ៍​របស់ខ្លួន ជាបន្តបន្ទាប់ ចាប់តាំងពី​ឆ្នាំ ២០០៩។ កាលពីខែ​មីនា​កន្លងទៅ គឺ​នៅក្រោយ​ភាពតានតឹង​រវាង​កូរ៉េទាំងពីរ ដោយសារ​តែ​ទីក្រុង​ព្យុងយ៉ាង​បាញ់​សាកល្បង​មីស៊ីល កូរ៉េខាងត្បូង​​បាន​ចោទ​ទីក្រុង​ព្យុងយ៉ាងថា បាន​វាយប្រហារ​លើ​វិបសៃតិ៍​រដ្ឋាភិបាល និង​ស្ថាប័ន​ហិរញ្ញវត្ថុ ​នៅ​កូរ៉េខាងត្បូង ដែល​បានធ្វើ​ឲ្យ​ខូច​កុំព្យូទ័រ ជាង​៣ម៉ឺនគ្រឿង និង​ធ្វើ​មាន​ការរាំងស្ទះ ក្នុង​បណ្តាញ​ធនាគារ។

នៅ​ទំព័រ​របស់​វិបសៃតិ៍ ដែល​ត្រូវ​គេ​វាយប្រហារ កាលពី​ព្រឹកមិញ គេ​ឃើញ​សារ​ដែល​សរសេរ​អបអរ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន និង​ថា ការវាយប្រហារ​លើកនេះ​ជា​ស្នាដៃ​របស់​ក្រុម​ចោរ​អ៊ិនធ័រណេត​អនាមិក។

អាចថា ស្វា​យក​បាយ​លាប​មាត់ពពែ ព្រោះ​ក្រុម​អនាមិក ដែល​គេស្គាល់ថា មាន​ជំនាញ​ខាងចូល​លួច ឬ​វាយប្រហារ​របស់​វិបសៃតិ៍​អ្នកដទៃ បាន​បដិសេធ​ការចោទ​ប្រកាន់​ក្នុង​រឿង​វាយប្រហារ​លើកនេះ។ នៅក្នុង​Twitters របស់ខ្លួន ក្រុម​អនាមិក​បាន​សរសេរ​ថា ពួកគេ​មិន​បាន​ចូល​វាយប្រហារ​វិបសៃតិ៍​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូងទេ។ ផ្ទុយទៅវិញ ពួកគេ​ជាអ្នក​​វាយ​ប្រហារ​លើវិបសៃតិ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង ក្នុងនោះ​មាន​រួម​ទាំង​ទីភ្នាក់ងារ​KCNAដែល​ជា​ទិនានុប្បវត្តិ​របស់​បក្ស​កុម្មុយនិស្ត​កូរ៉េខាងជើង។ វិបសៃតិ៍​របស់​កូរ៉េខាងជើង បាន​បិទ​មួយ​រយៈ កាលពី​ព្រឹកមិញ មុន​នឹង​ចាប់​ដំណើរការ​ឡើងវិញ នៅប៉ុន្មាន​ម៉ោង​ក្រោយ​មក។

ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​ព័ត៌មាន​វិទ្យា កូរ៉េខាងត្បូង​បាន​ពង្រឹង​សមត្ថភាព​ព័ត៌មាន​របស់ខ្លួន។ ជាក់ស្តែង ក្រសួង​ការពារ​ជាតិ​បាន​បង្កើត​ស្ថាប័ន​កងកម្លាំងពិសេស នៅឆ្នាំ ២០១០​ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​តាម​អ៊ីនធ័រណេត។ នៅឆ្នាំ ២០១២ ដោយសហការ​ជាមួយ​សកលវិទ្យាល័យ កូរ៉េ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បាន​បង្កើត​សាលាមួយ​ ដែល​បណ្តុះ​បណ្តាល​​និស្សិត ខាងផ្នែក​សង្រ្គាម​ព័ត៌មាន​វិទ្យា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI