ចិន

អំពើ​ហិង្សា​ផ្ទុះ​ជា​ថ្មី នៅ​ខេត្ត​ស៊ីនជាំង

ក្នុង​ទីក្រុង​urumqi របស់​ខេត្ត​ស៊ីនជាំង ដែល​ជនជាតិ​អ៊ុយហ្គួរ​ប្រើ​កាំបិត​ចាក់សម្លាប់​ប៉ូលិស​
ក្នុង​ទីក្រុង​urumqi របស់​ខេត្ត​ស៊ីនជាំង ដែល​ជនជាតិ​អ៊ុយហ្គួរ​ប្រើ​កាំបិត​ចាក់សម្លាប់​ប៉ូលិស​ ©

នៅក្នុង​ព្រឹត្តិការណ៍​ប្រយុទ្ធគ្នា រវាង​ប៉ូលិស និង​ក្រុម​ជន​ប្រដាប់អាវុធ​អុយហ្គួរ ដែល​បាន​កើត​ឡើង កាលពី​ថ្ងៃ​ពុធ ទី ២៦ មិថុនា នៅក្នុង​ខេត្ត​ស៊ីនជាំង សារព័ត៌មាន​ចិន ទើប​បង្ហាញ​ពី តួលេខ​មនុស្ស​ស្លាប់ ដែល​បាន​ឡើង ពី​២៧ នាក់ ទៅ ៣៥​នាក់។ នៅក្រោយ​​ព្រឹត្តិការណ៍​វាយប្រហារ​គ្នា​ដ៏​ហិង្សា រវាង​ជនជាតិ​អ៊ុយហ្គួរ និង​ជនជាតិ​ហាន ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ ២០០​នាក់ កាលពីឆ្នាំ ២០០៩ នេះជា​លើក​ទីមួយ ដែល​ការវាយប្រហារ​របស់​ជនជាតិ​អ៊ុយហ្គួរ បាន​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​ច្រើន។

ផ្សាយពាណិជ្ជកម្ម

 

តាម​ប្រភព​ប៉ូលិស​ចិន កាលពីថ្ងៃ​ពុធ ជនជាតិ​អ៊ុយហ្គួរ​មួយក្រុម ដែល​ប្រដាប់​ដោយ​កាំបិត បាន​វាយ​សម្រុក​ចូល​ទីស្នាក់ការ​ប៉ូលិស និង​ការិយាល័យ​ថ្នាក់​មូលដ្ឋាន។ ក្នុង​ចំណោម​ជនរងគ្រោះ ដែល​ស្លាប់​នៅក្នុង​ព្រឹត្តិការណ៍​សម្លាប់​បង្ហូរឈាម គេ​ឃើញ​មាន​ជនដៃដល់ ជាតិ​អ៊ុយហ្គួរ ១១នាក់ និង​ប៉ូលិស ប្រជាជន​អ៊ុយហ្គួរ និង​កម្មករ​ជនជាតិ​ហាន​២៤​នាក់​ផ្សេង​ទៀត។

កាសែត​ចិន Global times បាន​ហៅ​ពួកក្រុមប្រដាប់​អាវុធ​ថា ជា​ភេរវករ ព្រោះពួកគេ​បាន​ប្រើ​កាំបិត​ចាក់​សម្លាប់​តែ​ប៉ូលិស និង​ប្រជាជន​ហាន។ បើទោះជា​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ជាផ្លូវការ ដែល​ធ្វើ​ឲ្យ​ជនជាតិ​អ៊ុយហ្គួរ​ទាំង​នោះ​បើក​ការវាយប្រហារ​ទៅលើ​ក្រុមប៉ូលិស​ចិន​ ប៉ុន្តែ អ្នកនាំពាក្យ​របស់​សមាជ​ជាតិ​អ៊ុយហ្គួរ ដែល​និរទេស​ខ្លួន នៅ​បរទេស បាន​អះអាង​ថា ការញុះញង់ និង​ការបង្រ្កាប​មិនឈប់ឈរ​ពី​សំណាក់​អាជ្ញាធរ​ចិន គឺ​មូលហេតុ​ដែល​ជំរុញ​ឲ្យ​ជនជាតិ​អ៊ុយហ្គួរ​ប្រើ​អាវុធ​វាយប្រហារ​ប៉ូលិស កាលពីថ្ងៃ​ពុធ។

ប្រជាជន​អ៊ុយហ្គួរ កាន់សាសនា​អ៊ីស្លាម ដែល​តំណាង​ឲ្យ​ប្រជាជន​ភាគច្រើន នៅ​ខេត្ត​ស៊ីនជាំង បាន​តវ៉ាប្រឆាំង រហូតមក នឹង​នយោបាយ​គាបសង្កត់​របស់​រដ្ឋាភិបាល​ចិន ដែល​គេ​ចាត់ទុក​ថា បាន​ប៉ះពាល់​ដល់​វប្បធម៌ ប្រពៃណី និង​សាសនា​ ប្រជាជន​អ៊ុយហ្គួរ។

ចាប់តាំងពី​មាន​អំពើហិង្សា ឆ្នាំ២០០៩ ខេត្ត​ស៊ីនជាំង ឧស្សាហ៍​ជួបប្រទះ​នឹង​អំពើហិង្សា ដែល​រដ្ឋាភិបាល​ចិន​បាន​ចាត់ទុក​ថា ជា​ស្នាដៃ​របស់ក្រុម​ភេរវជន។ គ្រាន់​តែ​ក្នុង​ឆ្នាំ​មុន ចំនួន​ពាក់កណ្តាល​នៃ​សវនាការ ដែល​ជំនុំជម្រះ​លើ​ករណី​ប៉ះពាល់​សន្តិសុខ​រដ្ឋ​ចិន ត្រូវ​បាន​បើក​ធ្វើ​ឡើង នៅ​ខេត្ត​ស៊ីនជាំង៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI