អានតួអត្ថបទ
វៀតណាម

រដ្ឋាភិបាល​វៀតណាម​ចេញ​ក្រឹត្យ​​ថ្មី​ដាក់​គំនាប​លើ​អ្នកប្រើប្រាស់បណ្តាញ​សង្គម

អ្នកសរសេរ​Blog វៀតណាម​ដាក់​ញត្តិប្តឹង​ទៅ​រដ្ឋាភិបាល​ដើម្បី​សេរីភាព​បញ្ចេញមតិ
អ្នកសរសេរ​Blog វៀតណាម​ដាក់​ញត្តិប្តឹង​ទៅ​រដ្ឋាភិបាល​ដើម្បី​សេរីភាព​បញ្ចេញមតិ DR
ដោយ៖ ឈាង បុប្ផា
4 នាទី

រដ្ឋាភិបាល​កុម្មុយនិស្ត​បាន​បញ្ចេញ​អាវុធ​ថ្មី​ប្រឆាំង​នឹង​អ្នកប្រើប្រាស់​អ៊ីនធ័រណេត។ ក្រឹត្យ​​ថ្មី របស់​រដ្ឋាភិបាល ដែល​ចេញផ្សាយ​ជា​សាធារណៈ តាំងតែ​ពី​យប់​ថ្ងៃ​ពុធ​នោះ បាន​ហាមឃាត់​មិន​ឲ្យ​អ្នកប្រើប្រាស់​អ៊ីនធ័រណេត ចែកចាយ​បន្ត នូវ​ព័ត៌មាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយនានា នៅក្នុង​បណ្តាញ​សង្គម ដូចជា Facebook Twitter ឬ​វិបសៃតិ៍​ផ្ទាល់ខ្លួន​ដូចជា​Blog ជាដើម។

ផ្សាយពាណិជ្ជកម្ម

អ្នកប្រើប្រាស់​អ៊ីនធ័ណេត​នៅ​មាន​មួយខែ​ទៀត ដើម្បី​ចែកចាយ​ដំណឹង ឬ​ព័ត៌មាន​របស់​កាសែត នៅ​តាម​បណ្តាញសង្គម ព្រោះថា ក្រឹត្យ​របស់​រដ្ឋាភិបាល​នឹង​ចាប់​មាន​សុពលភាព ចាប់ពី​ខែ​កញ្ញា ខាងមុខនេះ។ ក្រឹត្យ​របស់​រដ្ឋាភិបាល​វៀតណាម​បាន​ហាមឃាត់​ មិនឲ្យ​គេ​យក​បណ្តាញសង្គម​ដូចជា Facebook Twitter Blog​ដើម្បី​ផ្សាយ​បន្ត​នូវ​ព័ត៌មាន​បច្ចុប្បន្នភាព​នានា ដែល​ទីភ្នាក់ងារ​ព័ត៌មាន កាសែត ឬ​វិបសៃតិ៍​ព័ត៌មាន​របស់​រដ្ឋ​បាន​ចុះផ្សាយ​រួចហើយ​នោះទេ។

 
លោក​Le Nam Thang អនុរដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​វៀតណាម បាន​និយាយ​ប្រាប់​វិបសៃតិ៍​ព័ត៌មានឈ្មោះ VietnamNet ថា គោលដៅ​របស់​ច្បាប់​ថ្មី​របស់​រដ្ឋាភិបាល​ គឺ​ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​អ៊ីនធ័រណេត​ទទួល​បាន​ព័ត៌មាន​ពិត និង​ត្រឹមត្រូវ។ យោងតាម​ក្រឹត្យថ្មី អំណើះតទៅ អ្នកប្រើ​បណ្តាញ​សង្គម Facebook Twitter ​ Blog មាន​សិទ្ធិ​ត្រឹមចែកចាយ​ព័ត៌មាន​ផ្ទាល់ខ្លួន ប៉ុន្តែ លែង​អាច​ចែកចាយ​ដំណឹង​របស់​សារព័ត៌មាន​បាន​ដូចមុន​ទៀតហើយ។

ច្បាប់ថ្មី​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្រ្តី​វៀតណាម មិន​បាន​បញ្ជាក់​ពី​វិធី​​ត្រួតពិនិត្យ ឬ​ទោសទណ្ឌ ទៅលើ​អ្នក​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​ការហាមឃាត់​របស់​រដ្ឋាភិបាល​នោះទេ។ សម្រាប់​អ្នក​តាមដាន ការពារ​សិទ្ធិ​អ្នកប្រើប្រាស់​អ៊ីនធ័រណេត ច្បាប់​នេះមិន​ត្រឹមតែ​ហាមឃាត់​មិន​ឲ្យ​ចែកចាយ ប៉ុណ្ណោះទេ ប៉ុន្តែ វា​នឹង​ហាមឃាត់​ផងដែរ មិន​ឲ្យ​មាន​ការពិភាក្សា ឬ​ឲ្យយោបល់​នៅតាម​Facebook​ទៅ​លើ​ព័ត៌មាន​ដែល​ចុះផ្សាយ​នៅក្នុង​កាសែត។

ក្រឹត្យចេញថ្មី​សំដៅ​ផងដែរ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធ័រណេត ដោយ​រដ្ឋាភិបាល​បាន​ហាម​ពួកគេ​មិន​ឲ្យ​ផ្តល់​ព័ត៌មាន​ទាំងឡាយណា ដែល​គេ​នឹង​យក​ទៅប្រើ​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម បំផ្លាញ​សន្តិសុខ បំបែកបំបាក់ជាតិ ឬ​ក៏​យក​ទៅ​បង្ក​ជា​អសណ្តាប់ធ្នាប់​សង្គម។

នៅក្នុង​ប្រទេស​វៀតណាម ទូរទស្សន៍ វិទ្យុ និង​កាសែត សុទ្ធ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​រដ្ឋាភិបាល។ ដោយសារ​តែ​រដ្ឋាភិបាល​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ មនុស្ស​កាន់តែច្រើន បែរ​ទៅរក​ទទួល​ព័ត៌មាន​ពី​បណ្តាញសង្គម ដូចជា​Blog ជាដើម។ រហូតមក អ្នកប្រើប្រាស់​អ៊ីនធ័រណេត​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​Facbook ដើម្បី​សំដែង​សេរីភាព​បញ្ចេញមតិ ដោយ​ជៀសផុត​ពី​ការតាមដាន​ត្រួតពិនិត្យ​របស់​អាជ្ញាធរ។

ចាប់តាំងពី​ដើមឆ្នាំ ២០១៣ សកម្មជន​ដើម្បី​សេរីភាព​បញ្ចេញមតិ​យ៉ាងតិច ៤៦​នាក់​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់ និង​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ រយៈពេល​វែង ក្នុងបទ​ចោទប្រកាន់​ធ្វើ​សកម្មភាព​​ប្រឆាំង​រដ្ឋាភិបាល។ គ្រាន់តែ​នៅ​ខែ មិថុនា​តែមួយ អ្នកសរសេរ​Blog វៀតណាម ៣​នាក់​ត្រូវ​រដ្ឋាភិបាល​ចាប់ដាក់គុក ពីបទ​ធ្វើការឃោសនា​ប្រឆាំង​រដ្ឋាភិបាល។ បទ​ចោទប្រកាន់​ដែល​រដ្ឋាភិបាល​វៀតណាម​ឧស្សាហ៍​យកមកប្រើ​ដើម្បី​បិទមាត់​អ្នកប្រឆាំង។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ