អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រដ្ឋាភិបាល​ចិន​បង្កើត​ច្បាប់​ថ្មី​ដើម្បី​ដាក់​សម្ពាធ​លើ​អ្នកប្រើប្រាស់​អ៊ីនធ័រណេត

សំឡេង ០៤:៤៧
វិបសៃតិ៍​weibo ជា​បណ្តាញសង្គម​ដែល​អ្នកប្រើប្រាស់​អ៊ីនធ័រណេត​ចិន​ចូលចិត្ត​ប្រើដើម្បី​សរសេរ​បញ្ចេញយោបល់​
វិបសៃតិ៍​weibo ជា​បណ្តាញសង្គម​ដែល​អ្នកប្រើប្រាស់​អ៊ីនធ័រណេត​ចិន​ចូលចិត្ត​ប្រើដើម្បី​សរសេរ​បញ្ចេញយោបល់​ DR
ដោយ៖ ឈាង បុប្ផា

កាលពី​ថ្ងៃ​ចន្ទ​ទី ១០​កញ្ញា ប្រទេស​ចិន​ទើប​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ច្បាប់ថ្មី ដែល​សំដៅ​ចាប់​ដាក់​ពន្ធនាគារ រាល់​អ្នកដែល​បាន​ផ្សព្វផ្សាយ​ពាក្យ​ចចាម​អារ៉ាម ឬ​បរិហារកេរ្តិ៍​អ្នកដទៃ​តាម​អ៊ីនធ័រណេត។ ពោលគឺ នៅពេល​ការផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម​ដែល​មាន​អ្នកចូលមើល​លើស​ពី ៥ពាន់​នាក់​ឡើងទៅ នោះ​ម្ចាស់​អ្នកសរសេរ​នឹង​ត្រូវប្រឈម​នឹង​ទោស​ជាប់គុក​៣​ឆ្នាំ។ ច្បាប់ថ្មី​របស់​បក្ស​កុម្មុយនិស្ត​ចិន​បាន​ធ្វើ​បង្ក​ឲ្យ​មាន​ការផ្ទុះកំហឹង​ពី​អ្នកប្រើប្រាស់​អ៊ីនធ័រណេត​នៅប្រទេស​ចិន។

ផ្សាយពាណិជ្ជកម្ម

ប្រទេស​ចិន​មាន​អ្នកប្រើប្រាស់​អ៊ីនធ័រណេត​ជាង​៥០០​លាន​នាក់ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​នាំមុខ​គេ ខាងមាន​អ្នកប្រើប្រាស់​អ៊ីនធ័រណេត​ច្រើនជាងគេ នៅក្នុង​ពិភពលោក។ កាប្រើប្រាស់​អ៊ីនធ័រណេត​បានរីក​សាយភាយ​យ៉ាងឆាប់រហ័ស នៅប្រទេស​ចិន ដោយគ្រាន់​តែ​ រយៈពេល​១០ឆ្នាំ​ចុងក្រោយនេះ ការប្រើប្រាស់​អ៊ីនធ័រណេត​បាន​កើនឡើង​ពី​៤,៦ភាគរយ មក​ដល់​៤២,១ភាគរយ នៅឆ្នាំ ២០១២។

 
នៅក្នុង​ស្ថានភាព​រីកលូតលាស់​ខ្លាំង​របស់​អ៊ីនធ័រណេត​ដែល​គ្មាន​ដែនកំណត់ រដ្ឋាភិបាល​ចិន​ព្យាយាម​ចាត់​វិធានការ​គ្រប់បែបយ៉ាង ដើម្បី​គ្រប់គ្រង​ខ្លឹមសារ​សរសេរ​របស់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម នៅ​តាម​អ៊ីនធ័រណេត។ ម្ចាស់Blog ឬ​Microblog ដែល​ចង់​បញ្ចេញ​មតិយោបល់​ត្រូវ​គេហាម​ដាច់ខាត មិន​ឲ្យ​សរសេរ​ដោយ​លាក់ឈ្មោះ។ នៅប្រទេស​ចិន បណ្តាញសង្គម​ដូចជា​Facebook Twitters ឬ​Youtube​ត្រូវ​អាជ្ញាធរ​បិទ មិន​ឲ្យ​គេប្រើប្រាស់​បាន។ ដូច្នេះ​ដើម្បី​បញ្ចេញ​យោបល់ ឬ​ធ្វើ​អត្ថាធិប្បាយ​ទៅលើ​ព្រឹត្តិការណ៍​កើតមាន​ក្នុងសង្គម អ្នកប្រើប្រាស់​អ៊ីនធ័រណេត​ចិន​បាន​បង្កើត​Blog ឬ​Microblog (ជា​twitters របស់ចិន) ដែល​អាច​ឲ្យ​គេ​ចែករំលែក​ព័ត៌មាន ឬ​បញ្ចេញ​យោបល់​ផ្ទាល់ខ្លួន។ សារ​អេឡិចត្រូនិក​រាប់រយ​លាន​សារ​ត្រូវ​បាន​សរសេរ ផ្ញើ​ចេញ​តាម​Microblog ជា​រៀង​រាល់ថ្ងៃ។

ក៏ប៉ុន្តែ ចាប់តាំងពី​ថ្ងៃ​ចន្ទ ទី ១០​កញ្ញា សិទ្ធិចែករំលែក​ព័ត៌មាន ឬ​បញ្ចេញយោបល់​របស់​អ្នកប្រើប្រាស់​អ៊ីនធ័រណេត​ចិន​ត្រូវ​បាន​បង្រួម​ឲ្យ​កាន់តែ​តូច​មែនទែន។ តាមសេចក្តី​ណែនាំ​ថ្មី​ដែល​ចេញ​ពី​តុលាការ និង​ក្រុមអំណាចច្បាប់​ជាន់ខ្ពស់​របស់​ប្រទេស អ្នកប្រើប្រាស់​អ៊ីនធ័រណេត​ដែល​សរសេរ ចែកចាយ​ព័ត៌មាន​ញុះញង់​ធ្វើ​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង ឬ​ការបះបោរ​របស់​ក្រុមជនភាគតិច​នឹង​ត្រូវ​ផ្តន្ទាទោស​ដោយ​ច្បាប់។ ក្នុងករណី​ដែល​អ្នកប្រើប្រាស់​អ៊ីនធ័រណេត​ធ្វើ​អត្ថាធិប្បាយ​បែប​បរិហារកេរ្តិ៍ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​បុគ្គល​ណាម្នាក់ ហើយ​បទអត្ថាធិប្បាយ​នោះ​ត្រូវ​បាន​មនុស្ស​៥ពាន់​បាន​មើលឃើញ និង​ត្រូវ​ចែកចាយ​បន្ត​បាន​៥០០​ដងទៀត នោះ​អ្នកប្រើប្រាស់​អ៊ីនធ័រណេត​ប្រាកដ​ជា​នឹង​ត្រូវ​មានទោស ​ជាប់គុក​៣​ឆ្នាំ។

យោង​តាម​អាជ្ញាធរ​ចិន ច្បាប់​ថ្មី​មាន​គោលដៅ​លុបបំបាត់​ពាក្យចចាមអារ៉ាម ដែល​អ្នកប្រើប្រាស់​អ៊ីនធ័រណេត​មួយចំនួន​បាន​បង្កើតឡើង​ដើម្បី​បង្ក​ឲ្យ​មាន​អសណ្តាប់ធ្នាប់​សាធារណៈ ឬ​ក៏​ដើម្បី​បង្ខូចឈ្មោះ​របស់​អ្នកដទៃ។

ក៏ប៉ុន្តែ តាម​សកម្មជន​ការពារ​មនុស្ស និង​អ្នកច្បាប់​ចិន វិធានការ​របស់​រដ្ឋាភិបាល​ចិន ​គ្មាន​បំណង​អ្វី ក្រៅតែ​ពី​ចង់​បំបិទ​សិទ្ធិសេរីភាព​បញ្ចេញមតិ​របស់​អ្នកប្រើប្រាស់​អ៊ីនធ័រណេត​ទេ។ សម្រាប់អ្នកប្រើប្រាស់​អ៊ីនធ័រណេត ម្ចាស់​ Microblog ល្បីៗ ជាច្រើន​ម៉ឺន​នាក់ ដែល​ជា​អ្នកនិពន្ធ អ្នកច្បាប់ ឬ​អ្នកជំនួញ ងាយ​នឹង​ធ្លាក់​ក្នុង​សំណាញ់​ច្បាប់​ថ្មី​របស់​អាជ្ញាធរ ព្រោះថា អត្ថបទ ការបញ្ចេញមតិ​យោបល់​របស់​ពួកគេ​បាន​ទាក់ទាញ​អ្នកចូលចិត្ត​គាំទ្រ​រាប់សែន​នាក់ ហើយ​ត្រូវ​បាន​ចែកចាយ​ផ្សព្វផ្សាយ​បន្ត​រាប់​ពាន់​ដង​ទៅ​ទៀត នៅ​លើ​អ៊ីនធ័រណេត។

តាមពិត​ទៅ មុន​នឹង​ចេញ​ច្បាប់​នេះ ទៅទៀត អ្នកប្រើប្រាស់​អ៊ីនធ័រណេត​ល្បីៗ​ជាង​១០​នាក់​ត្រូវ​បាន​អាជ្ញាធរ​ឃាត់ខ្លួន ក្នុងបទ​សរសេរ​បង្កើត​ពាក្យ​ចចាម អារ៉ាម កាល ពី​សប្តាហ៍​កន្លងទៅ។ នេះ​បើតាមការចុះផ្សាយ​របស់​កាសែត​ផ្លូវរដ្ឋ​ចិន។ ក្នុងនោះ​មាន​មហាសេដ្ឋី​អាមេរិកាំង​ដើមកំណើត​ចិន លោក​Charles Xue ដែល​មាន​អ្នកតាមដាន​មើល​Blog របស់​គាត់​ដល់​ទៅ​១២​លាន​នាក់ នៅ​ក្នុង​បណ្តាញ​Weibo។ អាជ្ញាធរ​បាន​ចាប់ខ្លួន​គាត់​ពីបទ​ពេស្យារកម្ម។ ប៉ុន្តែ តាមសកម្មជន​ការពារ​សិទ្ធិមនុស្ស គឺ​ប្រជាប្រិយភាព និងអត្ថបទ​បញ្ចេញមតិ​របស់​លោក​ Charles Xue នៅ​លើ​អ៊ីនធ័រណេត​ទេ​ ដែលធ្វើ​ឲ្យ​រដ្ឋាភិបាល​អាជ្ញាធរ​ចាប់ខ្លួន​លោក។ លោក​ Charles Xue មាន​ប្រិយមិត្ត​តាមដាន​អាន​បទអត្ថាធិប្បាយ​របស់​គាត់ ព្រោះ​គាត់​ឧស្សាហ៍​​សរសេរ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​មាន​តម្លាភាព និង​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ក្នុង​ជួរបក្ស។ មហាសេដ្ឋី​ Charles Xue​ត្រូវ​គេ​ស្គាល់​ផងដែរ​ពីជំហរ​ប្រឆាំង​នឹង​ការជួញដូរ​កុមារ ដែល​លោករិះគន់​ថា កំពុង​តែ​កើតមាន​កាន់តែច្រើន នៅក្នុង​ប្រទេស​ចិន។ ក្រៅតែ​ពីលោក​ Charles Xue មាន​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ចិន ៤​នាក់​ផ្សេងទៀត ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន បន្ទាប់​

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​ចិន​ខំ​ប្រឹងប្រែង​ខ្លាំង​ដើម្បី​ត្រួតពិនិត្យ​ខ្លឹមសារ​អត្ថបទ​នានា ដែល​ចុះផ្សាយ និង​ចែកចាយ​តាម​អ៊ីនធ័រណេត។ អាជ្ញាធរ​បាន​ប្រើមនុស្ស​ជាង​៤ពាន់​នាក់​ដើម្បី ត្រួតពិនិត្យ​ខ្លឹមសារ​អត្ថបទ។ រាល់អត្ថបទ​រិះគន់​រដ្ឋាភិបាល មិន​អាច​ស្ថិតនៅ​យូរ​ជាង ៥​នាទី នៅលើ​អ៊ីនធ័រណេត​បានទេ ពោល​គឺ​ក្នុង​មួយ​ថ្ងៃៗ​Blog ឬ​Microblog បញ្ចេញមតិ​រិះគន់​ជាង ៣០០​ត្រូវ​គេ​លុបចោល​ពី​បណ្តាញ​អ៊ីនធ័រណេត​នៅ​ប្រទេស​ចិន។

គោលបំណង​ធំ​របស់​បក្ស​កុម្មុយនិស្ត​ចិន គឺ​ទប់ស្កាត់​មិន​ឲ្យ​មាន​​មតិ​យោបល់ ការរិះគន់​ដែល​ប៉ះពាល់​ដល់​មន្រ្តី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល ដែលបារម្ភ​ពីការប្រើប្រាស់​អ៊ីនធ័រណេត​ដើម្បី បង្កើត​ចលនា​ប្រឆាំង ផ្តួល​រដ្ឋាភិបាល។ អាជ្ញាធរ​បង្រ្កាប ប៉ុន្តែ ប្រជាជន​ចិន​វិញ ក៏មិន​ចុះញ៉ម​ដែរ។ ពួកគេប្រើប្រាស់​បណ្តាញ​សង្គម​នៅលើ​អ៊ីនធ័រណេត ដើម្បី​អាច​បញ្ចេញ​មតិ​យោបល់​របស់ខ្លួន ហើយ​ពួកគេ​កាន់តែច្រើន​បាន​បង្កើត​វិបសៃតិ៍​បញ្ចេញមតិ​របស់ខ្លួន​យ៉ាងតិច ៤ ឬ​៥ ផ្សេងគ្នា ដើម្បី​ជៀសផុត​ពី​ការលុប និង​ការតាមដាន ត្រួតពិនិត្យ​ដ៏តឹងរ៉ឹង​របស់​រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ