រុស្ស៊ី

រុស្ស៊ី​ផ្តើម​ចោទ​ប្រកាន់​ពួក​សកម្មជន​នៃ​អង្គការ​បរិស្ថាន​អន្តរ​ជាតិ Greenpeace

គឺ​ថ្ងៃនេះ ក្នុង​អង្គ​សវន​ការ នៃ​តុលាការ ក្រុង​ផែ​រុស្ស៊ី Murmansk នៅ​ចម្ងាយ ប្រមាណ២.០០០គ.ម.ខាងជើង​ពី​រដ្ឋធានី​ម៉ូស្គូ ដែល “ស្ថាប័ន​ស៊ើបអង្កេត​រដ្ឋ​រុស្ស៊ី” ហៅ​កាត់​ថា SKR ចាប់ផ្តើម​រុញច្រាន​ចេញមក នូវ​បទចោទប្រកាន់​ទៅលើ សកម្មជន​បរទេស​ទាំង៣០នាក់ ខាង​ការពារ​បរិស្ថានដែល​ពី​រស​ប្តា​ហ៏​មុន បាន​ប៉ុនប៉ង ចាប់យក កន្លែង​ជីក​ប្រេង​ជា​កម្មសិទ្ធិ​រុស្ស៊ី នៅ​សមុទ្រ​ឧ​ត្ត​រ ហើយ​ត្រូវបាន​ឃាត់ខ្លួន ដោយ​ពួក​កុម្ម៉ង់ដូ​រុស្ស៊ី​ខាង​ល្បាត​ដែនសមុទ្រ​រុស្ស៊ី។

Faiza Oulahsen, សកម្មជន​អង្គការ​Greenpeace។
Faiza Oulahsen, សកម្មជន​អង្គការ​Greenpeace។ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ការចោទប្រកាន់​នេះ ត្រូវ​អាជ្ញាធរ​រុស្ស៊ី ធ្វើ​នៅ​ពីមុខ ពួក​មេធាវី​ខាង​ការពារ​កូនក្តី​ខ្លួន ព្រមទាំង​នៅ​ពីមុខ ពួក​សកម្មជន​បរិស្ថាន​ទាំង៣០នាក់​នោះ ដែល​កាលពី​ថ្ងៃ១៨កញ្ញា ដោយ​ជិះ កប៉ាល់​របស់​Greenpeace ឈ្មោះ​Artic Sunrise បាន​សាកល្បង​បោះពួយ​ឡើង តាម​ខ្សែ​យោល ទៅលើ​កន្លែង​ជីក​ប្រេង របស់​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី Gazprom ដើម្បី​ចង​ផ្ទាំង​បដា សំដែង​ការតវ៉ា ដ្បិត តាម​យោបល់ Greenpeace ការ​បូម​ប្រេង​នេះ នាំ​ឲ្យ​ខូច​យ៉ាង​ធ្ងន់​ដល់​បរិស្ថាន​ដ៏​ស្អាត​បរិសុទ្ធ​នៅ តំបន់​ជិត​អក្ខោ​សាន​ឧ​ត្ត​រ​នោះ ប៉ុន្តែ​តាម ការបកស្រាយ​នៃ​ភាគី​រុស្ស៊ី ទង្វើ​ពួកគេ​នោះ គឺជា ការប៉ុនប៉ង​ចាប់យក កម្មសិទ្ធិ​រុស្ស៊ី​តែម្តង ម្ល៉ោះហើយ​បានជា​ភាគី​រុស្ស៊ី​ចាត់ទុក​ទង្វើ​គេ​នោះ ថា​ជា ការប្រព្រឹត្ត”ចោរកម្ម​សមុទ្រ” តែម្តង។

 
មកទល់​ម៉ោង​នេះ ពី​ក្នុងចំណោម​សកម្មជន​ទាំង៣០នាក់​ដែល ត្រូវបាន​តុលាការ​រុស្ស៊ី នៅ​ក្រុង ផែ​រុស្ស៊ី Murmansk នៅ​ចម្ងាយ ប្រមាណ២.០០០គ.ម.ខាងជើង​ពី​ម៉ូស្គូ កាត់ទោស​ឲ្យ​ជាប់ ឃុំឃាំង២ខែ​សិន មាន៥នាក់​ទៅហើយ ត្រូវបាន“ស្ថាប័ន​ស៊ើបអង្កេត​រដ្ឋ​រុស្ស៊ី”  SKR  ចោទ ប្រកាន់​តាម​បទ”ចោរ​សមុទ្រ”មែន។ បទចោទប្រកាន់​នេះ ត្រូវបាន អង្គការ​បរិស្ថាន​អន្តរជាតិ Greenpeace ប្រតិកម្ម​ថា “ភ្លីភ្លើ​សុទ្ធ” ។

ស្រប​នឹង​ក្រមព្រហ្មទណ្ឌ​រុស្ស៊ី ចំពោះ​បទចោទប្រកាន់ ជា”ចោរ​សមុទ្រ”នេះ គឺអាច​ត្រូវ​កាត់ ទោស ឲ្យ​ជាប់ពន្ធនាគារ ពី១០ដល់១៥ឆ្នាំ និង​តម្រូវ​ឲ្យ​បង់ ប្រាក់​ពិន័យ កន្លះ​លាន​រូ​ប្ល ឫ ជាង ១ម៉ឺន៥.០០០ដុល្លារ​ស.រ.អា. ប៉ុន្តែ​ក្នុង​ករណីខ្លះ គឺ​មិនបាច់​បង់ ប្រាក់​ពិន័យ​នោះទេ។ លោក​ប្រធានាធិបតី​រុស្ស៊ី ពូ​ទីន ធ្លាប់បាន​ថ្លែងថា ទង្វើ​ពួកគេ មាន​មែន​ជា”ចោរ​សមុទ្រ​”ទេ​ ទោះ​យ៉ាង​ណា​ក្តី ក៏​ពួកគេ បាន”រំលោភ​លើ​ដែនទឹក​រុស្ស៊ី និង ច្បាប់​អន្តរជាតិ។

គួរ​និយាយថា សកម្មជន​បរិស្ថាន​ទាំង៣០នាក់​នោះ តំណាង​ឲ្យ​ជិត២០ប្រទេស បែបយ៉ាង អាមេរិក កាណាដា នូ​វែ​ល​ស៊េ​ឡង់ ប៉ូឡូញ អង់គ្លេស បារាំង ទួ​ក​គី ស្វ៊ី​ស ដា​ណឺ​ម៉ាក អ៊ីតាលី អារ​ហ្ស​ង់​ទីន ហូ​ឡង់ អ៊ុយ​ក្រែ​ន ប្រេ​ស៊ី​ល ហ្វាំ​ង​ឡង់ ស៊ុយអែត ព្រមទាំង​ជាតិ​រុស្ស៊ី​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI