វិបត្តិថវិកាក្នុងស្រុកធ្វើឲ្យលោកអូបាម៉ាលុបចោលទស្សនកិច្ច នៅអាស៊ី
កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនឹងចាប់ផ្តើមបើក ពីថ្ងៃចន្ទ ដើមសប្តាហ៍ក្រោយនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ កិច្ចប្រជុំអាស៊ីប៉ាស៊ីហ្វិកត្រូវគេកត់សំគាល់សំខាន់ដោយអវត្តមានរបស់ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា ដែលទើបតែសម្រេចចិត្តលុបទស្សនកិច្ចរបស់លោកទាំងអស់នៅអាស៊ី។ តាមគម្រោង លោកអូបាម៉ា ត្រូវចេញដំណើរទៅបំពេញទស្សនកិច្ចនៅអាស៊ី ជាពិសេស ចូលរួមក្នុងកិច្ចប្រជុំកំពូល(APEC) ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លុបចោលទស្សនកិច្ច នៅ អាស៊ី មានន័យថា លោកអូបាម៉ានឹងមិនទៅចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក (APEC) កិច្ចប្រជុំអាស៊ាន និង កិច្ចប្រជុំអាស៊ីបូព៌ា។
តាមសេតវិមាន ស្ថានភាពវឹកវរនៅអាមេរិក ដោយសារវិបត្តិជាប់គាំងថវិកាបានតម្រូវឲ្យលោកប្រធានាធិបតី លុបចោលទស្សនកិច្ចដ៏សំខាន់របស់លោកទៅអាស៊ី។ លោកJay Carney អ្នកនាំពាក្យរបស់លោកអូបាម៉ា បានចោទក្រុមសាធារណរដ្ឋថា អ្នកទទួលខុសត្រូវ និងបានរារាំងលោកអូបាម៉ា មិនឲ្យទៅចូលរួម នៅក្នុងកិច្ចប្រជុំ ដែលតាមពិតនឹងផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ច។ មានន័យថា នយោបាយខ្ទាស់ជើងរបស់ក្រុមសាធារណរដ្ឋមិនត្រឹមតែធ្វើឲ្យរដ្ឋាភិបាលជួបវិបត្តិថវិកា បិទស្ថាប័ន និងបញ្ឈប់បុគ្គលិកប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំងរារាំងមិនឲ្យលោកអូបាម៉ាចេញទៅអាស៊ី ជាទីដែលលោកអូបាម៉ាអាចពិភាក្សាជាមួយដៃគូអាស៊ី ដើម្បីជំរុញការនាំចេញផលិតផលអាមេរិក និងការបង្កើនការងារសម្រាប់ពលរដ្ឋអាមេរិកាំង។
អាមេរិកក្រោមការដឹកនាំរបស់លោកអូបាម៉ា បានពង្រឹងវត្តមានរបស់ខ្លួន ទាំងក្នុងវិស័យសេដ្ឋកិច្ច និងយោធា នៅអាស៊ី។ ដូច្នេះ អវត្តមានរបស់លោកអូបាម៉ានៅអាស៊ី មិនត្រឹមតែប៉ះពាល់ដល់សហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាមេរិក និងអាស៊ីតែប៉ុណ្ណោះទេ ប៉ុន្តែ វានឹងឥទ្ធិពលមិនល្អទៅលើនយោបាយអន្តរជាតិរបស់អាមេរិក។ តាមគម្រោង នៅក្នុងទស្សនកិច្ចរបស់លោកនៅអាស៊ី លោកអូបាម៉ា គ្រោងនឹងជជែកពីវិបត្តិនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ គេរំពឹងដែរថា លោកអូបាម៉ា នឹងធ្វើដំណើរទៅហ្វីលីពីន ដែលកំពុងត្រូវការជំនួយរបស់អាមេរិកដើម្បីទប់ទល់នឹងមហាអំណាចចិន នៅសមុទ្រចិនខាងត្បូង។ ចុងក្រោយ លោកអូបាម៉ានឹងខកខានមិនបានជួបលោកប្រធានាធិបតីរុស្ស៊ី ដែលតាមគម្រោង ប្រមុខរដ្ឋទាំងពីរត្រូវជួបគ្នានិយាយពីវិបត្តិនៅស៊ីរី។
សូមរំលឹកថា វិបត្តិជាប់គាំងថវិកា បានឈានចូលមកដល់ថ្ងៃទីបួនហើយ នៅអាមេរិក។ គឺអស់ពេលបួនថ្ងៃហើយ ដែលរដ្ឋសហព័ន្ធបិទទ្វារស្ថាប័នមួយចំនួន និងបញ្ឈប់ការងារបុគ្គលិកបណ្តោះអាសន្នប្រមាណ៩សែននាក់។ អ្នកសេដ្ឋកិច្ចវិទូបានវាយតម្លៃថា សហរដ្ឋអាមេរិកខាតបង់ថវិកាប្រមាណ ២០០លានដុល្លារក្នុងមួយថ្ងៃ ហើយចំនួននេះនឹងកើនឡើង នៅសប្តាហ៍ក្រោយៗទៀត ព្រោះថា កន្លែងទេសចរណ៍ ដូចជាអគារ និងសួនច្បារសាធារណៈ ដែលត្រូវបិទទ្វារយូរ នឹងប៉ះពាល់ដល់វិស័យឯកជន។
តាមអ្នកនាំពាក្យប្រធានាធិបតី លោកអូបាម៉ាដែលពេលនេះលុបចោលទស្សនកិច្ចរបស់លោកនៅអាស៊ីកំពុងដាក់គំនាបលើក្រុមសាធារណរដ្ឋ ឲ្យបោះឆ្នោតផ្តល់ថវិកាដល់រដ្ឋាភិបាលដើម្បីបញ្ចប់ភាពជាប់គាំងតទៅទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ