ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វីរបុរស​ធ្វើ​ឲ្យ​វៀតណាម​ឈ្នះ​សង្រ្គាម​បារាំង និង​អាមេរិក ស្លាប់​ក្នុង​អាយុ​១០២​ឆ្នាំ

សំឡេង ០៧:៣២
ឧត្តមសេនីយ៍​វ៉ ង្វៀនយ៉ាប់ នៅ​ផ្ទះ​របស់​គាត់​នៅឆ្នាំ ២០០៨ នៅ​ហាណូយ
ឧត្តមសេនីយ៍​វ៉ ង្វៀនយ៉ាប់ នៅ​ផ្ទះ​របស់​គាត់​នៅឆ្នាំ ២០០៨ នៅ​ហាណូយ REUTERS/Kham/Files

នៅ​ប្រទេស​វៀតណាម កាសែត​បាន​ចុះផ្សាយ​ដំណឹង​មរណភាព​របស់​លោកឧត្តមសេនីយ​ វ៉ ង្វៀនយ៉ាប់ កាល​ពី​ល្ងាច​ថ្ងៃ​សុកម្សិលមិញ។ លោក​វ៉ ង្វៀនយ៉ាប់​ត្រូវ​បាន​ប្រជាជន​វៀតណាម​ចាត់ទុក​ជា​វីរជន​របស់​ពួកគេ មួយ​រូប បន្ទាប់​ពី​លោក​ហូ ជីមិញ ត្រូវ​បាន​ពិភពលោក​ចាត់ទុក​ជា​មេទ័ព​សង្រ្គាម​ដ៏​វ័យឆ្លាត ប្រចាំ​សតវត្សរ៍​ទី ២០។

ផ្សាយពាណិជ្ជកម្ម

យុទ្ធសាស្រ្ត​សង្រ្គាម​របស់​លោកឧត្តមសេនីយ៍​យ៉ាប់ ត្រូវ​បាន​ចុះ​កត់ត្រា នៅក្នុង​ប្រវត្តិសាស្រ្ត​សង្រ្គាម។ វា​ បាន​ធ្វើ​ឲ្យ​វៀតណាម​យក​ឈ្នះ​លើ​មហាអំណាច​គ្រាក់ៗ ដូចជា​បារាំង និង​អាមេរិក ដែល​ ជា​មហាអំណាច​សំបូរ​សព្វាវុធ​ទំនើបៗ។ កាលពី​ឆ្នាំ ១៩៥៦ ឧត្តមសេនីយ៍​ វ៉ ង្វៀនយ៉ាប់​ ជា​មេគំនិត រៀបចំ​បង្កើត​យុទ្ធសាស្រ្ត​ រហូត​ប្រយុទ្ធ​ឈ្នះ​លើ​កងទ័ព​បារាំង នៅ​សមរភូមិ ឌៀន បៀនហ្វូ។ បរាជ័យ​យ៉ាងអាម៉ាស់​មុខ​របស់​បារាំង នៅ​សមរភូមិ ឌៀន បៀនហ្វូ បាន​នាំ​ទៅដល់​ការរលាយបាត់​ជាបន្តបន្ទាប់ របប​អាណានិគម​បារាំង​ក្នុង​ពិភពលោក។

 
ឧត្តមសេនីយ៍​យ៉ាប់​បាន​ប្រើ​យុទ្ធសាស្រ្ត​ស្រដៀង​គ្នា​នេះ ដើម្បី​ប្រយុទ្ធ​បណ្តេញ​អាមេរិកាំង​ចេញ​ពី​វៀតណាម​ភាគខាងត្បូង នៅឆ្នាំ ១៩៧៥។

Le général Giap.
Le général Giap. AFP PHOTO / HO / VNA

វ៉ ង្វៀនយ៉ាប់​ជា​និស្សិត​ពូកែ នៅ​មហាវិទ្យាល័យ​វិទ្យាសាស្រ្ត​នយោបាយ នៅហាណូយ

វ៉ ង្វៀនយ៉ាប់​កើត​ឆ្នាំ ១៩១១ នៅ​ខេត្ត​គ័ងប៊ិញ នៅក្នុង​ត្រកូល​កសិករ​មួយ​ដែល​ឪពុក​ចេះ​អាន​អក្សរតិចតួច។ កាលពី​នៅ​វ័យជំទង់ ង្វៀនយ៉ាប់ មិន​ដែល​បាន​ចូលរៀន​សាលា​យោធា​ឯណាទេ។ យ៉ាប់​គ្រាន់តែ​ជា​គ្រូបង្រៀន​ប្រវត្តិសាស្រ្ត​បារាំង នៅ​វិទ្យាល័យ​ឯកជន​ដែល​សំបូរ​ដោយ​ក្រុម​អ្នកតស៊ូ ជាតិ​និយម​ប្រឆាំង​អាណានិគមនិយម​បារាំង។ បន្ទាប់​ពី​ត្រូវ​បារាំង​ចាប់​ដាក់​គុក​ពីរ​ឆ្នាំ ដោយសារ​សកម្មភាព​ជាតិនិយម (ប្រពន្ធ​របស់គាត់​ស្លាប់​នៅក្នុង​គុកបារាំង) ង្វៀនយ៉ាប់​បាន​បង្កើន​សកម្មភាព​របស់​គាត់ នៅក្នុង​បក្ស​កុម្មុយនិស្ត​វៀតណាម​ដែលបង្កើត​ឡើង​ដោយ​ហូ ជីមិញ។ នៅ​ឆ្នាំ ១៩៤០ គឺ​បន្ទាប់​ពី បាន​ជួប​ជាលើក​ទីមួយ នៅ​ប្រទេស​ចិន ហូ ជីមិញ បាន​ចាត់តាំង​ឲ្យ​វ៉ ង្វៀនយ៉ាប់​បង្កើត​ក្រុមយោធា​ការពារខ្លួន និង​កងទ័ព​ប្រជាជន​វៀតណាម។

នៅពេល​ចប់​សង្រ្គាម​លោក​លើកទីពីរ គឺ បន្ទាប់​ពី​ដេញ​ជប៉ុន​ចេញ​ពី​វៀតណាម ហូ ជីមិញ​បាន​ប្រកាស​វៀតណាម ជា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ។ ប៉ុន្តែ ដោយសារ​តែ​បារាំង​នៅ​មិន​ព្រម​ប្រគល់​ឯករាជ្យ​ដោយ​បរិបូរ ហូ ជីមិញ និង វ៉ ង្វៀនយ៉ាប់ ដែល​ជា​រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ បាន​បង្កើត​ចលនា​ទ័ពព្រៃ​លប​វាយប្រហារ​ទៅលើ​កងទ័ព​បារាំង។

យុទ្ធសាស្រ្ត​សង្រ្គាម​ដ៏​ល្បីឈ្មោះ​របស់​ឧត្តមសេនីយ៍​យ៉ាប់ គឺ​ការវាយ​សម្រុក​ផ្ទួនៗ​ទៅលើ​ តាំង​ជាច្រើន​របស់​សត្រូវ​ក្នុង​ពេល​តែមួយ។ តាម​សៀវភៅ​សង្រ្គាម​ប្រជាជន និង​កងទ័ព​ប្រជាជន​ដែល​គាត់​បាន​សរសេរ នៅឆ្នាំ ១៩៦២ គឺ​៦ឆ្នាំ ក្រោយ​បារាំង​ចាញ់​សង្រ្គាម​នៅ​ឌៀន ប៊ៀនហ្វូ គេ​មើលឃើញថា យ៉ាប់​បាន​យកតម្រាប់​តាម​យុទ្ធសាស្រ្ត​ធ្វើ​សង្រ្គាម​របស់​អធិរាជបារាំង ណាប៉ូឡេអុង​ផង និង​ធ្វើ​តាម​យុទ្ធសាស្រ្ត​របស់​មេចលនា​ជាតិ​និយម​កន្លងមក​របស់​វៀតណាម​ផង។ គឺ​ក្រុម​ចលនា​ជាតិ​និយម​វៀតណាម​ដែល​បាន​បង្រៀន​គាត់​ពី​សិល្បៈ​ធ្វើ​សង្រ្គាម ដូចជា​ការចេះ​ប្រើ​ស្ថានភាព​ជាក់ស្តែង​នៅ​លើ​ទីតាំង ចេះ​ប្រើ​បណ្តាញ​ឥណ្ឌូចិន និង​ចេះ​ទាក់ទាញ​សត្រូវ​ឲ្យ​ចូល​ក្នុង​អន្ទាក់​របស់ខ្លួន។

វ៉ ង្វៀនយ៉ាប់ ប្រើ​យុទ្ធសាស្រ្ត​ភ្ញាក់ផ្អើល​របស់​អធិរាជ​ណាប៉ូឡេអុង​ដើម្បី​ វាយ​សម្រុក​លើ​កងទ័ព បារាំង នៅឌៀនប៊ៀនហ្វូ។ ក្រោយ​ប្រយុទ្ធរាប់ខែ នៅទីបំផុត កងទ័ពព្រៃ​វៀតណាម បាន​ប្រើ​កាំភ្លើង​ធំៗ​​ទំនើប​របស់​អាមេរិកាំង វាយជញ្រ្ជុំ​កម្ទេច​ទីតាំង​ទ័ព​បារាំង។ ​ចុងក្រោយ គឺ​កងទ័ព​អាវខ្មៅ ដែល​រត់ប្រសាច ចេញ​ពី​លេនដ្ឋាន​ក្រោមដី (ដែល​គេលួច​បង្កើត​ឡើង​តាំង តាំង​ពី​យូរមកហើយ) វាយ​ប្រហារ​ទៅលើ​កងទ័ព​បារាំង​ឲ្យ​បរាជ័យ នៅ​ឆ្នាំ ១៩៥៦។

ឧត្តមសេនីយ៍ យ៉ាប់ បាន​ប្រើ​យុទ្ធសាស្រ្ត​ស្រដៀង​គ្នានេះ ដើម្បី​បណ្តេញ​ទ័ព​អាមេរិកាំង​ចេញ​ពី​វៀតណាម​ខាងត្បូង។ អាមេរិក​បាន​ប្រើ​សព្វាវុធ​ទំនើប និង​ទម្លាក់​គ្រាប់​B ៥២ ជាច្រើន​សែន​តោន ទៅលើ​តំបន់​ជ្រកលាក់​ខ្លួន​របស់​ទ័ព​វៀតណាម ដែល​ភាគច្រើន ស្ថិតនៅ​លើ​ទឹកដី​ឡាវ និង​កម្ពុជា។ អាមេរិក​ដែល​បាន​បោះទីតាំង​នៅ​វៀតណាម​ខាងត្បូង​ដើម្បី​ទប់ទល់​នឹង​ការពង្រីក​ឥទ្ធិពល​កុម្មុយនិស្ត​នៅ​អាស៊ី មាន​ការភ្ញាក់ផ្អើល​ខ្លាំង​នឹង​វត្តមាន​ដូច​ស្រមោច​របស់​ទ័ព​វៀតណាម។
 

Giap and Ho Chi Minh in 1942
Giap and Ho Chi Minh in 1942 Wikimedia Commons

ឧត្តមសេនីយ៍ យ៉ាប់ កាលណោះ ដែល​បាន​គំាទ្រ​ចលនា​ទ័ពព្រៃ​វៀតកុង ដែល​ជា​កម្លាំង​ចេញ​ពី​វៀតណាម​ភាគខាងត្បូង និង​បាន​ប្រើ​យុទ្ធសាស្រ្ត​ដដែល គឺ​ជីក​លេនដ្ឋាន និង​បង្កើត​ចលនា​តស៊ូ​នៅក្នុង​ព្រៃ​តាំង​ពី​វៀតណាម​ខាងជើង រហូត​ដល់​ខាងត្បូង ដោយ​បាន​ប្រើ​ទឹកដី​ឡាវ និង​កម្ពុជា។ នៅក្នុង​សង្រ្គាម​អាមេរិកាំង​នៅ​វៀតណាម ដែល​មាន​រយៈពេល​ជិត​១០ឆ្នាំ គេ​ប៉ាន់ ស្មាន​ប្រជាជន​វៀតណាម​ខាងជើង​ប្រមាណ​៣​លាន​នាក់​បាន​ស្លាប់​នៅក្នុង​សង្រ្គាម ចំណែក ខាងត្បូង​មាន​ជាង​២សែននាក់ នៅពេល​អាមេរិក​បាត់បង់​ជីវិត​ទ័ព​របស់ខ្លួន​ជិត​៦ម៉ឺននាក់ មុន​នឹង​ទម្លាក់​អាវុធ​ដកខ្លួន​ចេញ​ពី​វៀតណាម។

ដោយសារ​តែ​មាន​ស្លាប់​មនុស្ស​ច្រើន លោក​ឧត្តមសេនីយ៍​យ៉ាប់​ត្រូវ​អាមេរិក​ចោទ​ជា​មេទ័ព​សង្រ្គាម​ផ្តាច់ការ មិន​ខ្វល់​ពី​ជីវិត​មនុស្ស។ ប៉ុន្តែ លោក​យ៉ាប់​ធ្លាប់​​ឆ្លើយ​តប​ទៅ​វិញថា វៀតណាម​ត្រៀម​អាច​ចំណាយ​ជីវិត​មនុស្ស ៥ ឬ​១០​លាននាក់ គឺ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ដណ្តើម​ឯករាជ្យ រួចផុត​ពីការត្រួតត្រា​របស់​ប្រទេស​ដទៃ។

បាត់មុខ ក្រោយ​ពី​ឈ្នះសង្រ្គាម​លើ​អាមេរិក និង​បារាំង
យុទ្ធសាស្រ្តធ្វើ​សង្រ្គាម​​របស់​លោកឧត្តមសេនីយ៍​​យ៉ាប់​ត្រូវ​បាន​ពិភពលោក​ទទួល​ស្គាល់ ប៉ុន្តែ នៅ​វៀតណាម កេរ្តិ៍ឈ្មោះ​របស់គាត់​បាន​បង្ក​ជា​ក្តីកង្វល់​របស់​បក្ស​កុម្មុយនិស្ត​វៀតណាម។ តាំង​តែ​ពី​ហូ ជីមិញ​ស្លាប់ នៅ​ឆ្នាំ ១៩៦៩ ឧត្តមសេនីយ៍​យ៉ាប់ ត្រូវ​បាន​ការិយាល័យ​នយោបាយ​បក្ស ដាក់​នៅ​គន្លៀត​ជញ្ជាំង ។ លោក​ត្រូវ​គេ​ដកហូត​តំណែង​ពី​រដ្ឋមន្រ្តី​ការពារ​ជាតិ ពី​មេបញ្ជាការ​កងទ័ព​វៀតណាម នៅ​ឆ្នាំ ១៩៧៩។ នៅ​ឆ្នាំ ១៩៩១ គាត់​បាន​លាលែង​ចេញ​ពី​តំណែង​ឧបនាយករដ្ឋមន្រ្តី ហើយ គេ​លែងសូវ​លឺ​ឈ្មោះ​គាត់​នៅក្នុង​ប្រព័ន្ធផ្សព្វផ្សាយ​របស់​រដ្ឋរហូត​មក។

ទើប នៅ​ឆ្នាំ ២០១១ នៅខួប​កំណើត​១០០​ឆ្នាំ គេ​ទើប​ឃើញ​មុខ​លោក​ឧត្តមសេនីយ៍​យ៉ាប់ ឡើងវិញ ដែល​បាន​ទទួលការគោរព ពី​មេដឹកនាំ​ជាន់ខ្ពស់​របស់​បក្ស​កុម្មុយនិស្ត​​វៀតណាម។ រដ្ឋាភិបាល បាន​បង្កើត​សារមន្ទីរ​មួយ​ដោយ​ដាក់​ឈ្មោះ របស់​លោក​យ៉ាប់។ គួរដឹងថា បើទោះជា​លែង​មាន​តំណែង​នៅក្នុង​រដ្ឋាភិបាល លោក​ឧត្តមសេនីយ៍​យ៉ាប់​នៅ​តែ​ស្រឡាញ់ចូលចិត្ត​ពី​ប្រជាជន​វៀតណាម នោះ​ដោយសារ​តែ​ស្នាដៃ​របស់គាត់​ដែល​ធ្វើ​ឲ្យ​វៀតណាម​ឈ្នះ​សង្រ្គាម​លើ​បារាំង និងអាមេរិក។

មួយវិញទៀត លោកយ៉ាប់ កាលនៅរស់ ធ្លាប់​បាន​ចេញមុខ​សរសេរ​សំបុត្រ​ទៅ​ការិយាល័យ​នយោបាយ​បក្ស​ដើម្បី​ប្រឆាំងនឹង​អាជីវកម្ម​ជីកយករ៉ែ​របស់​ក្រុមហ៊ុន​ចិន​នៅ​វៀតណាម។ ប្រជាជន​ដែល​ប្រឆាំង​នឹង​គម្រោង​ចិន បាន​ចេញមុខ​គាំទ្រ​សកម្មភាព​របស់​លោក​យ៉ាប់។ ប្រជាប្រិយភាព​របស់​ឧត្តមសេនីយ៍​យ៉ាប់ និង​ជំហរ​រិះគន់​របស់គាត់​ទៅលើ​រដ្ឋាភិបាល ធ្វើ​ឲ្យ​មេដឹកនាំ​បក្ស​កុម្មុយនិស្ត​វៀតណាម​ទើសទាល់។ ប៉ុន្តែ ចាប់តាំង​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ កង្វល់របស់​បក្ស​កុម្មុយនិស្ត​បាន​រលាយ​សាបសូន្យ ទៅ​ជាមួយ​ព្រលឹង​ដែល​បានចាក​ឃ្លាតពី​រូបកាយ​របស់​ព្រឹទ្ធាចារ្យ​មេសង្រ្គាម វ៉ ង្វៀនយ៉ាប់រៀងរហូតហើយ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI