ប្រធានាធិបតីចិន៖ ចិននិងតៃវ៉ាន់ជាគ្រួសារតែមួយ
ជាជំនួបដោយកម្រ ប៉ុន្តែ វាបានកើតឡើងរួចហើយ។ នៅថ្ងៃអាទិត្យទី ៦ តុលា លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានជួបជាមួយមន្រ្តីជាន់ខ្ពស់របស់តៃវ៉ាន់ នៅមុនកិច្ចប្រជុំកំពូលសេដ្ឋកិច្ច អាស៊ី ប៉ាស៊ីហ្វិក APEC ដែលត្រូវបើកធ្វើ នៅថ្ងៃចន្ទ ទី ៧ តុលា ក្នុងប្រទេសឥណ្ឌូណេស៊ី។ តាមកាសែតស្រុកចិន ជំនួបដ៏កម្រនេះបញ្ជាក់ពីទំនាក់ទំនងដ៏កក់ក្តៅ រវាងប្រទេសចិន និងកោះតៃវ៉ាន់។
ចុះផ្សាយនៅថ្ងៃ៖
ជំនួបចុងក្រោយរវាងប្រមុខដឹកនាំចិន ជាមួយតៃវ៉ាន់ កើតមាននៅឆ្នាំ ២០០៨ នៅកិច្ចប្រជុំ APEC បន្ទាប់ពីភាពតានតឹងរវាងចិន និងតៃវ៉ាន់បានថយចុះមកវិញ។ លើកនេះវិញ ប្រធានាធិបតីចិនថ្មី លោកស៊ី ជីនពីង បានជួបលោកស៊ូ វ៉ាំងសង់ អតីតអនុប្រធានាធិបតីតៃវ៉ាន់។ ប្រមុខដឹកនាំចិនមិនបានជួបលោកស៊ូ ក្នុងនាមជាមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលតៃវ៉ាន់ទេ ប៉ុន្តែ ក្នុងនាមលោកជាទីប្រឹក្សាសេដ្ឋកិច្ច ដែលជាអ្នកដឹកនាំក្រុមពាណិជ្ជករតៃវ៉ាន់ មកកិច្ចប្រជុំ APEC។
ដោយសារតែការប្រឆាំងរបស់ប៉េកាំងដែលថា មានចិនតែមួយ ហើយតៃវ៉ាន់ ជាកោះរបស់ខ្លួន មន្រ្តីប្រធានាធិបតីតៃវ៉ាន់ ឬមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលតៃវ៉ាន់ត្រូវបានហាមមិនឲ្យចូលរួម នៅក្នុងជំនួបកំពូល APECទេ។ អ្នកដែលមកចូលរួម ភាគច្រើន ជាពាណិជ្ជករតៃវ៉ាន់តែប៉ុណ្ណោះ។
ក្នុងជំនួប នៅថ្ងៃនេះទៀត ជាមួយលោកស៊ូ វ៉ាំងសង់ អ្នកតំណាងតៃវ៉ាន់ លោកប្រធានាធិបតីចិន បានលើកឡើងថា គេគួរជំរុញឲ្យមានគំនិតបង្រួបង្រួមជាគ្រួសារតែមួយ រវាងចិន និងតៃវ៉ាន់។ លោកស៊ី ជីនពីងបានបញ្ជាក់ផងដែរថា ភាគីទាំងពីរគួរពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការឲ្យកាន់តែខ្លាំងដើម្បីចម្រើនប្រជាជាតិចិនតែមួយ។
លោកស៊ី ជីនពីងគ្រាន់តែអាចនិយាយពីជំហររបស់ចិន ប៉ុន្តែ មិនប្រាកដថាតៃវ៉ាន់នឹងព្រមធ្វើតាមនោះទេ។ កាលពីថ្ងៃអង្គារកន្លងទៅ លោកស៊ូ វ៉ាំងសង់ ដែលជាបេសកជនពិសេសរបស់មូលនិធិពាណិជ្ជកម្មតៃវ៉ាន់បាននិយាយ រួចហើយថា លោកនឹងមិននាំសារអ្វីពីលោកប្រធានាធិបតីតៃវ៉ាន់ ម៉ា យីងចូវ ទៅលើស៊ី ជីនពីងទេ ហើយការពិភាក្សាជាមួយលោកប្រធានាធិបតីចិន នឹងមិនផ្តោតទៅលើអ្វីដែលកើតមាន នៅពេលអនាគតទេ។ មានន័យថា តៃវ៉ាន់ នឹងមិននិយាយដល់ការបង្រួបបង្រួមទឹកដីជាមួយចិនដីគោកទេ ប៉ុន្តែ តៃវ៉ាន់ក៏មិនបោះបង់ចោលសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយទីក្រុងប៉េកាំង។
ទំនាក់ទំនងចិន និងតៃវ៉ាន់បានល្អប្រសើរឡើង តែក្នុងផ្នែកសេដ្ឋកិច្ច បន្ទាប់ពីលោកម៉ា យីងចូវ ស្និទ្ធនឹងទីក្រុងប៉េកាំងបានឈ្នះឆ្នោតពីរអាណត្តិជាប់គ្នា ធ្វើជាប្រធានាធិបតីតៃវ៉ាន់។ លោកម៉ា មាននយោបាយជំរុញការធ្វើពាណិជ្ជកម្ម និងផ្សះផ្សារជាមួយចិនដីគោក។ កាលពីឆ្នាំ ២០១០ ចិន និងតៃវ៉ាន់បានចុះកិច្ចព្រមព្រៀងបង្កើតបណ្តាញសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយគ្នា។ បច្ចុប្បន្ននេះ តៃវ៉ាន់មានចំនួនវិនិយោគច្រើនជាងគេនៅប្រទេសចិន ក្នុងតម្លៃ ១០០ពាន់លានដុល្លារ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ