ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

គ្មាន​លោកអូបាម៉ា ចិន​ជាអ្នក​កំណត់​ជោគវាសនា​ក្នុង​ជម្លោះ​​សមុទ្រ​ចិន​ខាងត្បូង

សំឡេង ០៦:៤០
មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ដៃគូ​ទាំង​៨
មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ដៃគូ​ទាំង​៨ ©Reuters

កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ដៃគូ​បាន​បន្ត​ធ្វើ​នៅថ្ងៃ​ព្រហស្បតិ៍នេះ នៅក្នុង​ប្រទេស​ព្រុយណេ។ កិច្ចប្រជុំ​កំពូល​អាស៊ាន​បាន​ពង្រីកខ្លួន មកជា​ជំនួប​កំពូល​អាស៊ី បូព៌ា ដោយ​មាន​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០​ប្រជុំ​ជាមួយ​ប្រទេស​ដៃគូ​៨ទៀត។ នៅមួយ​ថ្ងៃ​ក្រោយ នាយករដ្ឋមន្រ្តី​ចិន​បង្ហាញ​ចេតនា​ចង់​ឲ្យ​មាន​សន្តិភាព នៅ​សមុទ្រ​ចិន​ខាងត្បូង ប្រមុខការបរទេស​អាមេរិក និង​សម្ព័ន្ធមិត្ត​បាន​ជំរុញ​ឲ្យ​ចិន​ពន្លឿនការងារ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ក្រមប្រតិបត្តិ​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិនខាងត្បូង

ផ្សាយពាណិជ្ជកម្ម

លោកប្រមុខ​ការបរទេស​អាមេរិក បាន​ជំរុញ​ឲ្យ​ប្រទេស​ចិន​បង្កើន​ការប្រឹងប្រែង​របស់ខ្លួន ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង នៅ​សមុទ្រ​ចិន​ភាគខាងត្បូង។ នៅមួយ​ថ្ងៃ ក្រោយ នាយករដ្ឋមន្រ្តី​ចិន​បង្ហាញ​ការប្តេជ្ញា​ចូលរួម​បង្កើត​ក្រមប្រតិបត្តិ ជប៉ុន ហ្វីលីពីន បាន​ចូលរួម​ជាមួយ​អាមេរិក ដើម្បី​ដាក់សម្ពាធ​លើ​ចិន​ឲ្យ​បង្កើន​ការងារ​ការទូត​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង។

 
នៅក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ី បូព៌ា លោកប្រមុខ​ការបរទេស​អាមេរិក​បាន​និយាយ​ថា គេ​ត្រូវការ​ចាំបាច់ ក្រមប្រតិបត្តិ​មួយ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ជម្លោះ ក្នុង​ពេល​អនាគត ប៉ុន្តែ ជាមួយ​គ្នានេះ ប្រទេស​ភាគី​ជម្លោះ គួរ​ជួប​ចរចា​គ្នា​ដើម្បី​ជៀសវាង​ការយល់ភាន់​ច្រលំ​គ្នា។

ក្រៅតែ​ពី​សមុទ្រ​ចិន​ខាងត្បូង ប្រទេស​ចិន​កំពុង​ប្រឈមមុខ​នឹង​ប្រទេស​ជប៉ុន ក្នុង​បញ្ហា​ទាមទារ​ដែនកោះ នៅ​សមុទ្រ​ចិន​ខាងកើត។ រហូតមក ចិន និង​ជប៉ុន​កំពុង​ដំឡើង​សរសៃក​ដាក់គ្នា រឿង​គ្រប់គ្រង​ប្រជុំកោះ សេនកាគូ ដែល​ចិន​ដាក់​ឈ្មោះថា ទាវយូ។ កោះដែល​គ្មានមនុស្ស​រស់នៅ គ្រប់គ្រង​ដោយ​ជប៉ុន តាំង​ពី​សម័យ​សង្រ្គាមលោកលើក​ទីពីរ ប៉ុន្តែ ចិន​តែងតែ​ទាមទារថា ជា​សម្បត្តិ​ទឹកដី​របស់ខ្លួន។

នៅថ្ងៃ​ព្រហស្បតិ៍ នាយករដ្ឋមន្រ្តី​ជប៉ុន​ដែល​ចេញមុខ​ការពារ​ទឹកដី​ជប៉ុន នៅចំពោះ​ការទាមទារ​របស់​ចិន បាន​ប្រាប់​អ្នកកាសែត​ថា លោក​កំពុង​សង្ឃឹម​ចង់​ឃើញ​ក្រមប្រតិបត្តិ​ដែល​ជាអ្នកកំណត់​ដែនទឹក និង​សិទ្ធិ​របស់​ប្រទេស​នីមួយៗ នៅក្នុង​សមុទ្រ​អន្តរជាតិ។ « គេ​ប្រើច្បាប់​ដើម្បី​គ្រប់គ្រង​សមុទ្រ ប៉ុន្តែ មិនមែន​កម្លាំង​បាយទេ » នេះ​ជា​ការអះអាង​របស់​លោក​ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន។

បើទោះបី​ជា​ភាគី​ជម្លោះ​ជាមួយ​ចិន​បាន​កត់សំគាល់​ឃើញ​ចិន​បើក​ទ្វារ​ចរចា​ច្រើនជាងមុន គឺ​បង្ហាញ​ចេតនា​ចូលរួម​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្តែ គ្មាន​អ្នកណា​ជឿទុកចិត្ត​លើការអះអាង​របស់​ប្រមុខ​ដឹកនាំ​ចិន​ទេ។ គេ​មើលដឹងថា ចិន​កំពុង​យកចិត្ត​ប្រទេស​សមាជិក​អាស៊ាន ដោយសារតែ​មើលឃើញ​សក្តានុពល​ទីផ្សារ​របស់​អាស៊ាន ដែល​ប្រមូល​ផ្តុំ​ដោយ​ប្រជាជន​៦០០​លាននាក់។

អ្នកជំនាញ​ខ្លះ​អាស៊ី​ខ្លះ មើលឃើញថា ចិន​កំពុង​ទិញ​ពេលវេលា តាមរយៈ​ការនិយាយ​បញ្ចុះបញ្ចូល​ផ្នែកការទូត ដើម្បី​បន្ធូរ​ស្ថានភាព​ជាមួយ​ប្រទេស​នៅ​អាស៊ាន ក្នុង​គោលដៅ​ទាក់ទាញ​មុខមាត់​របស់ខ្លួន ក្នុង​នាម​ជា​មហាអំណាច​ផ្តាច់មុខ ​នៅ​អាស៊ី។

ប៉ុន្តែ នៅលើ​ទីតាំង​ជាក់ស្តែង ចិន​មិន​បន្ធូរ​ដៃ​ទេ។ ចិន​បាន​ពង្រឹង​ការការពារ​ដែន​សមុទ្រ​ច្រើនជាងមុន។ ចិន​បាន​បង្កើន​ការសាងសង់ បោះទីតាំង​ឆ្មាំ​សមុទ្រ លើ​កោះ​មានជម្លោះ​ដូចជា នៅ​ប្រជុំកោះ Scarbouroug ជាមួយ​ហ្វីលីពីន។ ចិន​បាន​ចេញ​ច្បាប់ថ្មី ដែល​បាន​អនុញ្ញាត​ឲ្យ​គេ​បំពាក់​អាវុធ​លើ​នាវា​ល្បាត​របស់ខ្លួន និង​ឧស្សាហ៍​បញ្ជូន​ទៅ​បើក​ឆ្វែល​ជិតកោះ​ដែល​មាន​ជម្លោះ​ជាមួយ​ហ្វីលីពីន វៀតណាម ឬ​ជប៉ុន។

ប្រទេស​ជាច្រើន ដែល​មាន​ជម្លោះ​ជាមួយ​ចិន នៅ សមុទ្រ​ចិន​ភាគខាងត្បូង​សង្ឃឹម​ខ្លាំងណាស់​ថា លោកអូបាម៉ា​នឹង​មាន​វត្តមាន នៅក្នុង​កិច្ចប្រជុំ នៅ​ឥណ្ឌូណេស៊ី និង​នៅ​ព្រុយណេ។ តាំង​ពី​យូរហើយ សម្ព័ន្ធមិត្ត​របស់​អាមេរិក នៅ​អាស៊ី សង្ឃឹម​ពឹងផ្អែក​លើ​អំណាច​អាមេរិក​ដើម្បី​ទប់ទល់​នឹង​ប្រទេស​ចិន ទាំង​ផ្នែក​សេដ្ឋកិច្ច និង​យោធា។ ប៉ុន្តែ ប្រទេស​ទាំងនេះ ដូចជា​ជប៉ុន ហ្វីលីពីន ម៉ាឡេស៊ី និងវៀតណាម ​បាន​ខកចិត្ត ខ្លាំង​តែម្តង ដែល​លោកអូបាម៉ា លុបចោល​ការចូលរួម​របស់ខ្លួន នៅ​អាស៊ាន ដោយសារ​តែ​រឿង​វិបត្តិ​ជាប់​គាំង​ថវិកា នៅអាមេរិក។

អវត្តមាន​របស់​លោកអូបាម៉ា នៅក្នុង​កិច្ចប្រជុំ​អាស៊ាន និង​អាស៊ី ប៉ាស៊ីហ្វិក ធ្វើ​ឲ្យ​អាមេរិក​ខាតបង់​ច្រើន និង​ផ្តល់​ប្រយោជន៍​ទៅ​ឲ្យ​មហាអំណាច​ចិន។ អាមេរិក​មាន​តំណាង​ឲ្យ​លោកប្រមុខ​ការបរទេស John Kerry ប៉ុន្តែ គ្មាន​លោកអូបាម៉ា គឺ​ដូចជា​គ្មាន​អាមេរិក នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន។ លោក​អូបាម៉ា​ដែល​ជា​អ្នកបាន​សន្យា​បោះយុថ្កា​អាមេរិក​នៅ​អាស៊ី។ លោក​បាន​សន្យា​យក​អាស៊ី​ធ្វើ​ជា​គោលដៅ​យុទ្ធសាស្រ្ត ទាំង​ផ្នែក​សេដ្ឋកិច្ច និង​យោធា។

លោកប្រធានាធិបតី​ហ្វីលីពីន ដែល​ប្រឈមមុខ​ខ្លាំង​ជាងគេ ជាមួយ​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង មិន​លាក់​ទេ ក្តី​ព្រួយបារម្ភ​របស់​លោក នៅចំពោះ​មុខ​ការពង្រីក​ឥទ្ធិពល​ចិន នៅក្នុង​ពេល​ដែល​អាមេរិក សម្ព័ន្ធមិត្ត​របស់ខ្លួន គ្មាន​វត្តមាន​ក្បែរខ្លួន។ លោក​អាគីណូ​បាន​ចោទ​សំណួរ​ថា បើសិន​ជា​មហាអំណាច​សេដ្ឋកិច្ច​អាមេរិក​ត្រូវដួល តើ​ប្រទេស​ផ្សេងទៀត ដូចជា​ហ្វីលីពីន នឹង​ត្រូវ​ការពារ​ខ្លួន​យ៉ាងម៉េច? ប៉ុន្តែ យ៉ាងណា​ក៏ដោយ លោកប្រធានាធិបតី​បាន​និយាយ​សម្រួល​ភាពតានតឹង​មកវិញ ដោយ​និយាយ​ថា រឿង​អាមេរិក​ដួលរលំ គឺ​មិនអាច​ទៅរួចទេ។

អាមេរិក​កំពុង​ជួប​វិបត្តិ​ជាប់គាំង​ថវិកា​ និង​គ្រោះថ្នាក់​រដ្ឋ​ក្ស័យធន ប្រសិន​បើ​សភា​មិន​ព្រម​បោះឆ្នោត​អនុញ្ញាតិ​ឲ្យ​រដ្ឋាភិបាល​ខ្ចី​ប្រាក់បំណុល​ បន្ថែម ចាប់ពី​ថ្ងៃ​ទី ១៧​តុលា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI