ប្រជាជនក្នុងពិភពលោកជិត៣០លាននាក់ធ្លាក់ខ្លួនជាទាសករ
មនុស្សជិត៣០លាននាក់កំពុងរស់នៅ និងធ្វើការជាទាសករ នៅក្នុងពិភពលោក។ អង្គការWalk Free ដែលមានទីតាំងនៅទីក្រុងឡុងដ៍ និងដែលបង្កើតឡើងដោយលោកស្រីហ៊ីឡារី គ្លីនតុន និងមហាសេដ្ឋី ប៊ៀលហ្គេត បានបង្ហាញយ៉ាងដូច្នេះ នៅក្នុងរបាយការណ៍មួយ ដែលចេញផ្សាយ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី ១៧ តុលា។
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងប្រភេទរបាយការណ៍ដែលមិនធ្លាប់មានពីមុនមក អង្គការWalk Free បានផ្តល់និយមន័យទាសករសម័យបច្ចេកវិទ្យា និងចាត់ចំណាត់ថ្នាក់ប្រទេសដែលមានមនុស្សធ្លាក់ខ្លួន រស់នៅក្នុងទាសភាព។
តាមរបាយការណ៍ អាស៊ី សំបូរអ្នករស់នៅក្នុងទាសភាពច្រើនជាងគេ គឺតំណាងឲ្យបីភាគបួន នៃទាសករសរុបក្នុងពិភពលោក។ ជាក់ស្តែង ឥណ្ឌានាំមុខ ក្នុងចំណាត់ថ្នាក់ប្រទេស១០ដែលសំបូរទាសករ ពោលគឺឥណ្ឌាមានទាសករប្រមាណ ១៤លាននាក់។ ប្រទេសចិនជាប់លេខពីរ ដោយមានទាសករជាង២លាននាក់។ ចំណែកប្រទេស៨ទៀត ដែលស្ថិតនៅក្នុងចំណោមប្រទេសទាំង១០សម្បូរទាសករច្រើនជាងគេមានដូចជាប៉ាគីស្ថាន នីហ្សេរីយ៉ា អេត្យូពី រុស្ស៊ី ប្រទេសថៃ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ភូមា និងបង់ក្លាដែស។ ប្រទេសទាំង១០ មានទាសករប្រមាណ២២លាននាក់ ក្នុងចំណោមទាសករសរុប២៩លាន ៨សែននាក់។
ទ្វីបអាហ្វ្រិកនៅតែល្បីខាងជាប់កំអែលទាសភាព។ ឧទាហរណ៍ នៅប្រទេសម៉ូរីតានី គេនៅឃើញមានកេរមរតកទាសភាព ពោលគឺកូនត្រូវធ្វើជាទាសករ បន្តពីឪពុកម្តាយ ដោយត្រូវប្រើឲ្យធ្វើការបម្រើនៅផ្ទះ ឬនៅចំការ។
តាមលោកNick Grono អគ្គនាយកអង្គការ Walk Free មានមនុស្សជាច្រើនមានការភ្ញាក់ផ្អើលនៅពេលលឺនិយាយពីរបាយការណ៍ស្តីពីទាសករ ព្រោះគេបានជឿថា ទាសភាពបានផុតរលត់ តាំងពីយូរមកហើយ (នៅអាមេរិក នៅដើមសតវត្សរ៍ទី ១៩)។ ប៉ុន្តែ ក្នុងការពិតជាក់ស្តែង ទាសភាពមិនទាន់ផុតរលត់ទៅណាទេ គ្រាន់តែនិយមន័យទាសភាពបច្ចុប្បន្នខុសពីអតីតកាល។ ក្នុងនិយមន័យរបស់ខ្លួន អង្គការ Walk Freeចាត់ចូលជនរងគ្រោះដោយអំពើជួញដូរមនុស្ស កុមារដែលត្រូវគេបង្ខំឲ្យធ្វើការ និងមនុស្សធ្វើការធ្ងន់ធ្ងរ ដើម្បីដូរនឹងប្រាក់ខែតិចតួច និងកុមារដែលគេប្រើនៅក្នុងសង្រ្គាម ថា មនុស្សរស់នៅក្នុងទាសភាព៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ