ចិន-ជប៉ុន

ចិន​ក្តៅ​ក្រហាយ​ជា​ថ្មី បន្ទាប់ពី​មន្រ្តី​ជប៉ុន​ចូល​ទៅ​គោរព​វិញ្ញាណក្ខន្ធ នៅ​វិហារ​យ៉ាស៊ូគូនី

សមាជិក​សភា​មក​ពី​គណបក្ស​កាន់អំណាច និង​អតីត​មន្រ្តី​រដ្ឋាភិបាល​ចូល​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​នៅ​វិហារ​យ៉ាស៊ូគូនី នៅ​ថ្ងៃ​សុក្រ​ទី ១៨ តុលា ២០១៣
សមាជិក​សភា​មក​ពី​គណបក្ស​កាន់អំណាច និង​អតីត​មន្រ្តី​រដ្ឋាភិបាល​ចូល​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​នៅ​វិហារ​យ៉ាស៊ូគូនី នៅ​ថ្ងៃ​សុក្រ​ទី ១៨ តុលា ២០១៣ ©REUTERS/Toru Hanai

អនុរដ្ឋមន្រ្តី​ការបរទេស​ចិន​បាន​កោះហៅ​ឯកអគ្គរាជទូត​ជប៉ុន ឲ្យ​មក​ស្តាប់​ការប្រឆាំង​ដាច់ខាត​របស់​ចិន បន្ទាប់ពី​រដ្ឋមន្រ្តី​ម្នាក់​របស់​រដ្ឋាភិបាល​ជប៉ុន​បាន​ចូលទៅ​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិហារ​យ៉ាស៊ូគូនី នៅព្រឹកថ្ងៃ​សុក្រនេះ។ កន្លងមក វត្តមាន​របស់​មន្រ្តី​រដ្ឋាភិបាល​ជប៉ុន នៅ​វិហារ​យ៉ាស៊ូគូនី​ដ៏ចម្រូងចម្រាស​តែងតែ​បង្ក​ឲ្យ​មានការមិនសប្បាយ​ចិត្ត​ពី​ប្រទេស​ចិន និង​កូរ៉េ​ដែល​ធ្លាប់​រងគ្រោះ​ដោយសារ​អាណានិគមនិយម​កងទ័ព​ជប៉ុន ក្នុង​សង្រ្គាម​លោកលើក​ទីពីរ។

ផ្សាយពាណិជ្ជកម្ម

នៅព្រលឹមស្រាងៗ​ថ្ងៃ​សុក្រនេះ លោក​យូស្ហីតាកា ស្ហីនដូ រដ្ឋមន្រ្តី​កិច្ចការ​ផ្ទៃក្នុង និង​ទំនាក់​ទំនង​របស់​រដ្ឋាភិបាល​លោក​អាបេ​មិនមែន​ធ្វើ​ដំណើរ​តែម្នាក់​ទៅ​គោរព​វិញ្ញាណក្ខន្ធ ​នៅ​វិហារ​យ៉ាស៊ូគូនីទេ។ តាម​តួលេខ​ផ្តល់​ដោយ​វិហារ​យ៉ាស៊ូគូនី សមាជិក​ដែល​មាន​និន្នាការ​អភិរក្ស​និយម និង​មក​ពី​គណបក្ស​កាន់អំណាច ប្រមាណ​១៦០​ផ្សេងទៀត បាន​ធ្វើ​ដំណើរ ទៅ​គោរព​វិញ្ញាណក្ខន្ធ នៅ​វិហារយ៉ាស៊ូគូនី។

 
នៅប៉ុន្មាន​ម៉ោង​ក្រោយ​ព្រឹត្តិការណ៍នេះ ទីក្រុង​ប៉េកាំង​បាន​សំដែង​ការមិនសប្បាយចិត្ត និង​ប្រឆាំង​នឹង​ទស្សនកិច្ច​របស់​មន្រ្តី​ជាន់ខ្ពស់​ជប៉ុន​នៅ​វិហារ​យ៉ាស៊ូគូនី។ តាមអ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​ចិន ការចូល​ទៅ​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិហារ​យ៉ាស៊ូគូនី​ គឺជាការបង្ហាញ​ឲ្យ​ឃើញ​ថា តូក្យូ​មាន​ចេតនា​ចង់​លាង​សម្អាត​ខ្លួន​ពី​ប្រវត្តិ​ឈ្លានពាន​របស់​យោធា​ជប៉ុន និង​ចង់​កែប្រែ​មេរៀន​ប្រវត្តិសាស្រ្ត​ស្តី​ពី​សង្រ្គាម​លោក​លើក​ទីពីរ។

វិហារ​យ៉ាស៊ូគូនី ជា​វិមាន​កប់សព​ទាហាន​ជប៉ុន​ប្រមាណ ២លាន ៥សែន នាក់ ដែល​គេ​ចាត់ទុក​ថា ជាអ្នកដែល​បាន​បូជាជីវិត ​ដើម្បី​បុព្វហេតុ​ប្រទេស​ជាតិ។ នៅ​ឆ្នាំ ១៩៧៨ សព​របស់​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ជប៉ុន​១៤ នាក់ ដែល​ត្រូវបាន​តុលាការ​អន្តរជាតិ​កាត់ទោស​ក្នុង​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម ក្រោយ​សង្រ្គាម​លោក​លើក​ទីពីរ ក៏ត្រូវ​គេ​កប់​នៅ​វិហារ​យ៉ាស៊ូគូនី​ដែរ។ ដូច្នេះ ចាប់តាំង​ពីពេលនោះមក ការទៅគោរព​វិញ្ញាណក្ខន្ធ​របស់​មន្រ្តី​ជាន់ខ្ពស់​ជប៉ុន នៅ​វិហារ​យ៉ាស៊ូគូនី​តែងតែ​បង្ក​ឲ្យ​មាន​ការប្រឆាំង និង​ថ្កោលទោស​ជានិច្ច​ពី​សំណាក់​ប្រទេស​ចិន និង​កូរ៉េខាងត្បូង។

លោក​យូស្ហីតាកា ស្ហីនដូ រដ្ឋមន្រ្តី​កិច្ចការផ្ទៃក្នុង ដែល​ចូល​ទៅ​វិហារ​យ៉ាស៊ូគូនី​អះអាងថា លោក​ទៅ​ទីនោះ ក្នុង​នាម​បុគ្គល គឺ​ដើម្បី​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ជីតា​របស់​លោក​ដែល​ឈ្មោះ​របស់គាត់​មាន​ឆ្លាក់​នៅក្នុង​វិហារ​យ៉ាស៊ូគូនី​នោះដែរ។ ដូច្នេះ លោក​ស្ហីនដូ​មិន​បាន​គិតថា រឿងនេះ​នឹង​បង្ក​ឲ្យ​មាន​ភាពល្អក់កករ​ក្នុង​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ជិតខាងទេ។

សូម​បញ្ជាក់ថា បើទោះបី​ជា​មានការប្រឆាំង​ពី​ប្រទេស​ចិន និង​កូរ៉េ មន្រ្តីជាន់ខ្ពស់​របស់​រដ្ឋាភិបាល និង​សភា​ជប៉ុន​ឧស្សាហ៍​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព នៅ​វិហារ​យ៉ាស៊ូគូនី នៅ​អំឡុង​ពិធី​បុណ្យ​សរទរដូវ (រដូវលំហើយ)​ប្រចាំឆ្នាំ។ លោកនាយករដ្ឋមន្រ្តី​ជប៉ុន ស្ហីនហ្សូ អាបេ​វិញ បើទោះបី​ជា​មិន​បាន​ទៅ​វិហារ​យ៉ាស៊ូគូនី​ដោយ​ផ្ទាល់ ប៉ុន្តែ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក​បាន​ផ្ញើ​ដង្វាយ ទៅ​វិហារ​យ៉ាស៊ូគីនី ​ក្នុង​ឱកាស​ពិធីបុណ្យ​សរទរដូវ ដែល​ត្រូវ​បញ្ចប់ នៅថ្ងៃ​អាទិត្យ​ចុងសប្តាហ៍នេះ។ ចាប់តាំង ពីលោក​បាន​បាន​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ជប៉ុន នេះ​ជា​លើកទីបី​ហើយ ដែល​លោក​អាបេ​បាន​ផ្ញើ​អំណោយ ក្នុង​នាម​បុគ្គល ទៅ​វិហារ​យ៉ាស៊ូគីនី។ ចិន និង​កូរ៉េខាងត្បូង​បាន​រិះគន់​ឥរិយាបទ​របស់​លោក​អាបេ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​ពេល​ដែល​ទីក្រុង​ប៉េកាំង​បាន​ប្រាប់​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​កុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​គោរព​សព នៅ​វិហារ​យ៉ាស៊ូគូនី ដើម្បី​ជាការ​គោរព​ដល់​ចិន និង​ប្រទេស​ផ្សេងទៀត ដែល​ធ្លាប់​រងគ្រោះ​ដោយ​យោធា​ជប៉ុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI