នាយករដ្ឋមន្រ្តីឥណ្ឌាទៅរុស្ស៊ី និងចិនដើម្បីពាណិជ្ជកម្ម និងព្រំដែន
លោកនាយករដ្ឋមន្រ្តី ឥណ្ឌា ម៉ាន់មូហាន់ ស៊ីញ កំពុងចាប់ផ្តើមធ្វើទស្សនកិច្ច នៅរុស្ស៊ី និងចិន ដែលជាសមាជិករបស់BRICS ជាមួយឥណ្ឌា។ លោកទៅដល់ទីក្រុងម៉ូស្គូ នៅថ្ងៃអាទិត្យនេះ និងគ្រោងជួបជាមួយលោកប្រធានាធិបតីរុស្ស៊ី ដើម្បីនិយាយពីការដោះដូរពាណិជ្ជកម្ម។ បន្ទាប់មក លោកនឹងចេញដំណើរទៅទីក្រុងប៉េកាំង នៅថ្ងៃអង្គារ ដើម្បីពិភាក្សាពីបញ្ហាព្រំដែនដែលឥណ្ឌាមានជាមួយប្រទេសចិន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅមួយឆ្នាំមុនការបោះឆ្នោត ដែល លោកនាយករដ្ឋមន្រ្តីឥណ្ឌា ម៉ាន់មូហាន់ ស៊ីញ ខំប្រឹងបង្កើនការងារចុងក្រោយរបស់លោក នៅក្នុងកិច្ចការបរទេស។ លោកម៉ាន់មូហាន់ ស៊ីញ ដែលចង់បិទទំព័រអាណត្តិ នាយករដ្ឋមន្រ្តី ១០ឆ្នាំរបស់លោក ជាមួយលទ្ធផលការងារផ្លែផ្កា ត្រូវទៅដល់ទីក្រុងមូស្គូ នៅល្ងាចថ្ងៃអាទិត្យ។ កិច្ចពិភាក្សារបស់គាត់ជាមួយលោកប្រធានាធិបតីរុស្ស៊ី នឹងផ្តោតទៅលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ជាពិសេស គម្រោងផ្គត់ផ្គង់គ្រឿងសព្វាវុធ និងកម្មវិធីយោធា ដែលរុស្ស៊ីបានលក់ទៅឲ្យឥណ្ឌា។ ឥណ្ឌាដែលចំណាយលុយរាប់ពាន់លានដុល្លារដើម្បីអភិវឌ្ឍសព្វាវុធរបស់ខ្លួន ជាអតិថិជនទិញអាវុធច្រើនជាងគេពីរុស្ស៊ី។
សមភាគីឥណ្ឌា និងរុស្ស៊ី គ្រោងនឹងចុះកិច្ចព្រមព្រៀងផងដែរ ទៅលើដំណាក់កាលទីពីរនៃផែនការកសាងរោងចក្រអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរ ដែលឥណ្ឌាបានទិញពីរុស្ស៊ី។
បន្ទាប់ពីទស្សនកិច្ចនៅរុស្ស៊ី លោកនាយករដ្ឋមន្រ្តីឥណ្ឌា ត្រូវធ្វើដំណើរបន្តទៅទីក្រុងប៉េកាំង ដែលនៅទីនោះ លោកនឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីចិន លី ខឺឈាំង នៅថ្ងៃពុធ។ ចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ឥណ្ឌា ដោយទំហំដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានតម្លៃ ៦៧ពាន់លានដុល្លារ។ ក្រៅតែពីជំរុញការដោះដូរពាណិជ្ជកម្ម លោក ម៉ាន់មូហាន់ ស៊ីញចង់ឲ្យចិនដោះស្រាយវិបត្តិព្រំដែន បន្ទាប់ពីមហាយក្សអាស៊ីទាំងពីរបានសន្យាកសាងការជឿជាក់គ្នាទៅវិញ ទៅមក កាលពីដើមឆ្នាំនេះ។
គួររំលឹកថា ទំនាក់ទំនងប្រទេសទាំងពីរបានល្អក់កករទៅវិញ មួយរយៈ បន្ទាប់ពីឥណ្ឌាបានចោទយោធាចិនថា បានចូលឈ្លានពាន ក្នុងទឹកដីរបស់ខ្លួន នៅក្នុងតំបន់ភ្នំហិមាល័យ កាលពីខែមេសាកន្លងទៅ។ នៅក្នុងទស្សនកិច្ចទៅប្រទេសចិន លោកនាយករដ្ឋមន្រ្តីឥណ្ឌា ចង់ជំរុញឲ្យចិនចូលរូមបង្កើតកតិកាសញ្ញាស្តីពីការសហការការពារព្រំដែនរវាងប្រទេសទាំងពីរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ