ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប៉ាគីស្ថាន និង​អាមេរិក​ចង់​ងាក​ខិត​ជិត​គ្នា​វិញ

សំឡេង ០៥:៥៤
លោក​Nawaz Sharif នាយករដ្ឋមន្រ្តី​ថ្មី​របស់​ប៉ាគីស្ថាន
លោក​Nawaz Sharif នាយករដ្ឋមន្រ្តី​ថ្មី​របស់​ប៉ាគីស្ថាន  changer la destinée 

នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន លោក​ណាវ៉ា ស្ហារីហ្វ Nawaz Sharif បាន​ចាកចេញ ពី​ទីក្រុង​អ៊ីស្លាម៉ាបាត នៅថ្ងៃ​សៅរ៍​នេះ សំដៅ​ទីក្រុង​វ៉ាស៊ីនតោន។ នៅទីនោះ លោកនាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​នឹង​ត្រូវ​ទទួល​ដោយ​ប្រមុខការបរទេស​អាមេរិក លោក​ចន ឃែរី John Kerry នៅថ្ងៃ​អាទិត្យ​ទី ២០ តុលា គឺ​មុន​នឹង​ចូល​ជួប​ពិភាក្សា​ជាមួយ លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា នៅថ្ងៃពុធ​សប្តាហ៍​ក្រោយ។

ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទីមួយ ចាប់តាំង​ពី​គាត់​ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក ឆ្នាំ ២០០៩ ដែល​លោកអូបាម៉ា​ទទួល​ជួប​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន ក្នុង​ទឹកដី​អាមេរិក។ លោកប្រធានាធិបតី​អាមេរិក ​ចង់ជួប​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន នៅក្នុង​ទឹកដី​អាមេរិក ព្រោះ​លោកចង់​ពិភាក្សា​រឿង​សំខាន់​ដែល​អាមេរិក​ត្រូវការ​ពី​ប៉ាគីស្ថាន។

 
នៅឆ្នាំ ២០១៤ កងទ័ព​អាមេរិក និង​ប្រទេស​ផ្សេងទៀត នឹង​ដកចេញ​ពី​អាហ្វហ្កានីស្ថាន។ ដូច្នេះ អាមេរិក​ដែល​កំពុង​រៀបចំ​ជើងព្រួល ត្រូវការ ជាចាំបាច់ ជំនួយការ និង​ការចូលរួម​ពី​ប៉ាគីស្ថាន។ ដំបូងគេ អាមេរិក​ត្រូវការ​ទឹកដី​ប៉ាគីស្ថាន ដើម្បី​ដឹកនាំ​ឆ្លងកាត់​សព្វាវុធ និង​កងទ័ព​ដកចេញ​ពី​អាហ្វហ្កានីស្ថាន។

មួយវិញទៀត សម្រាប់​អាមេរិក ប៉ាគីស្ថាន​ដើរ​តួ​យ៉ាងសំខាន់ នៅក្នុង​ដំណើរ​ស្វែងរក​សន្តិភាព នៅអាហ្វហ្កានីស្ថាន នោះ​បើ​សិន​ជា​ប៉ាគីស្ថាន​ចង់​សហការ ធ្វើ ជាមួយ​អាមេរិក។ ប៉ាគីស្ថាន​ ដែល​ធ្លាប់​ទទួលស្គាល់​របប​តាលីបង់ ក្នុង​ឆ្នាំ​១៩៩០ នឹង​អាច​ជួយ​សម្របសម្រួល​ឲ្យ​ក្រុម​តាលីបង់ លះបង់​អាវុធ និង​ចូលចរចា​សន្តិភាព បង្កើត​រដ្ឋាភិបាល​ជាមួយ​អាជ្ញាធរ​អាហ្វហ្កានីស្ថាន​បច្ចុប្បន្ន។ កាលពី​ពេល​ថ្មីៗ នេះ អាមេរិក​បាន​កត់សំគាល់​ឃើញ​ជំហរ​ចង់​សហការ​របស់​ប៉ាគីស្ថាន ដើម្បី​សន្តិភាព នៅ​អាហ្វហ្កានីស្ថាន ដោយ​សុខចិត្ត​យល់ព្រម ដោះលែង​មេដឹកនាំ​ជាន់ខ្ពស់​ពីររូប​របស់​ឧទ្ទាម​តាលីបង់។

បើសិន​ប៉ាគីស្ថាន​យល់ព្រម​មក​សហការ​ជាមួយ​អាមេរិក និង​ព្រម​បញ្ចុះបញ្ចូល​ក្រុមតាលីបង់ នោះ​អាមេរិកសង្ឃឹមថា ក្រុមតាលីបង់​នឹង​លះបង់​អាវុធ និង​ងាក​មកចូល​តុចរចា​ដើម្បី​សន្តិភាព នៅ​អាហ្វហ្កានីស្ថាន។

ចាប់តាំង​ពីឈ្នះឆ្នោត លោក​ណាវ៉ា សារីហ្វ នាយករដ្ឋមន្រ្តី ប៉ាគីស្ថាន ថ្មី​បាន​បង្ហាញ​ចេតនា​ចង់​ស្តារ កែលម្អ​ទំនាក់ទំនង​របស់ខ្លួន ជាមួយ​អាមេរិក​​ឡើងវិញ ព្រោះថា ចង់ ឬ​មិនចង់ ប្រទេស​ទាំងពីរ​ធ្លាប់​ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា ហើយ​និង​ត្រូវការគ្នា​ទៅវិញមក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវករ នៅ​ក្នុង​តំបន់​ជាប់ព្រំដែន​ជាមួយ​អាហ្វហ្កានីស្ថាន។

សូមបញ្ជាក់ថា ទំនាក់ទំនង​ប៉ាគីស្ថាន អាមេរិក​ចាប់ផ្តើម​ល្អក់កករ ឬ​អាច​និយាយ​ថា ប៉ាគីស្ថាន​ខឹង​បែរខ្នង​ដាក់​អាមេរិក ចាប់​តាំង​ពី​ឆ្នាំ ២០១១ គឺ​បន្ទាប់​ពី​កងកុម្មង់ដូរ​អាមេរិក​បាន​លួច​វាយប្រហារ និង​ចាប់​អូសាម៉ា បិនឡាដិន នៅ​ទឹកដី​ប៉ាគីស្ថាន ប៉ុន្តែ មិន​បាន​ជូន​ដំណឹង​ជាមុន​ដល់​អាជ្ញាធរ​ប៉ាគីស្ថាន។ មួយវិញទៀត ប៉ាគីស្ថាន​ខឹង​នឹង​អាមេរិក​ដែល​ចេះ​តែ​ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើកDrone នៅក្នុង​ទឹកដី​របស់ខ្លួន។ យន្តហោះ​គ្មានមនុស្ស​បើក ជាញឹកញយ​បាន​បាញ់​សម្លាប់​ប្រជាជន និង​ទាហាន​ប៉ាគីស្ថាន ដែល​តាមពិត​មិនមែន​ជា​សត្រូវ​របស់​អាមេរិក។

ប្រតិបត្តិការ​យន្តហោះ​គ្មាន​មនុស្ស​បើក​Drone របស់​អាមេរិក​គឺ​ជាសំណុំរឿង​ក្តៅ ដែល​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន ត្រូវ​លើក​និយាយ​ដោយ​ខាន​មិនបាន​ជាមួយ​អាមេរិក។ កន្លងមក ប៉ាគីស្ថាន​បាន​ចាត់ទុក​សកម្មភាព​របស់​យន្តហោះ​Droneអាមេរិក​ថា ជា​ការរំលោភ​បូរណភាព​ទឹកដី​របស់ខ្លួន។ កាលពីថ្ងៃ​សុក្រ​ទី ១៨ តុលា ប៉ាគីស្ថាន​ទើប​តែ​បញ្ជាក់​ជាមួយ​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ពី ចំនួន​ជន​ស៊ីវិល ជាង​៤០០​នាក់ ​ដែល​រងគ្រោះ ស្លាប់ នៅក្នុង​ការវាយប្រហារ​របស់​យន្តហោះ​Drone ចាប់តាំង​ពីឆ្នាំ ២០០៤។

រហូតមកដល់​ពេលនេះ ភាគី​អាមេរិក​មិន​ទាន់​បញ្ចេញ​តួលេខ​ស្តីពី​ក្រុមមនុស្ស​ដែល​យន្តហោះ​​Drone​បាញ់​សម្លាប់​ទេ។ ប៉ុន្តែ ជារឿយ អាមេរិកបាន​និយាយ​ការពារ​បេសកកម្ម​របស់​យន្តហោះ​Drone​របស់ខ្លួន ដោយថា គេ​ចាំបាច់​ត្រូវប្រើ​យន្តហោះ​​Drone ដែល​ជា​មធ្យោបាយ​មាន​ប្រសិទ្ធិភាព ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមអ៊ីស្លាមជ្រុលនិយម ដែល​កំពុង​តែ​លាក់ខ្លួន នៅក្នុង​តំបន់​ព្រំដែន ប៉ាគីស្ថាន និង​អាហ្វហ្កានីស្ថាន។ ប៉ុន្តែ យ៉ាងណា​ក៏​ដោយ នៅក្នុង​ទស្សនកិច្ច​របស់ខ្លួន នៅទីក្រុង​អ៊ីស្លាម៉ាបាត​កន្លងទៅ លោក​ប្រមុខ​ការបរទេស​អាមេរិក Jonh Kerry បាន​សន្យា​ទៅ​រដ្ឋាភិបាល​ប៉ាគីស្ថាន​ហើយថា បេសកកម្ម​របស់​យន្តហោះ ​Drone​នឹង​ត្រូវ​បញ្ចប់ ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។ ការសន្យា​ដែល​ធ្វើ​ឲ្យ​ប៉ាគីស្ថាន​ទន់ចិត្ត និង​ចង់​ងាក​មក​ត្រូវរ៉ូវ​គ្នា​វិញ​ជាមួយ​អាមេរិក។

ក្នុង​ទឹកដី​អាមេរិក លោកនាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន ឆ្លៀត​នឹង​ជជែក​ផង​ដែរ​ពី​បញ្ហា​សេដ្ឋកិច្ច ជាមួយ​ភាគី​អាមេរិក។ នៅពេល​ដែល​ប៉ាគីស្ថាន​ រស់​អាស្រ័យ​ច្រើន​នឹង​ឥណទាន​បរទេស លោកណាវ៉ា សារីហ្វ​គ្រោង​នឹង​ជួប​ថ្នាក់ដឹកនាំ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ FMI និង​ធនាគារ​ពិភពលោក។ អាមេរិក​ត្រូវការ​ទឹកដី​ប៉ាគីស្ថាន​ធ្វើជា​កន្លែង​ឆ្លងកាត់ របស់​កងទ័ព​ដែល​ដក​ចេញ​ពី​អាហ្វហ្កានីស្ថាន ប៉ុន្តែ ប៉ាគីស្ថាន ត្រូវ​តែ​បាន​ទទួល​ការលើកទឹកចិត្ត​មកវិញ ​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​អាច​ឲ្យ​ប៉ាគីស្ថាន​យក​ទៅ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ផ្នែក​ថាមពល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI