អូស្ត្រាលី

ភ្លើង​ឆេះព្រៃ​កំពុង​ខិត​ជិត​រក​រដ្ឋធានី ស៊ីដនី

ភ្លើងឆេះព្រៃ​កំពុង​រីករាលដាល នៅក្នុង​ប្រទេស​អូស្ត្រាលី។ នៅប៉ុន្មាន​ថ្ងៃ​ក្រោយ អាកាសធាតុ​អំណោយផល អ្នកពន្លត់​ភ្លើង​អូស្ត្រាលី​កំពុង​ចាប់​ព្រួយបារម្ភ ពី​គ្រោះមហន្តរាយ​នៃ​អគ្គិភ័យ​ដែល​នឹង​អាច​ធ្ងន់ធ្ងរ នៅសប្តាហ៍​ក្រោយ បន្ទាប់ពី​អាកាសធាតុ​ក្តៅ​ខុសពី​ធម្មតា ចាប់មាន​ឡើងវិញ ជាមួយ​ខ្យល់ បក់ ក្នុង​ល្បឿន ១០០​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង នៅថ្ងៃ​អាទិត្យទី ២០ តុលា។

ផ្សែង​អ័ព្ទ​ខ្មៅ​ដែល​ចេញ​ពី​ភ្លើង​ឆេះព្រៃ​នៅ​ភ្នំ​Blue mountains​ស្តិតនៅ​ពីលើ​រោងល្ខោន​នៅ​ទីក្រុង​ស៊ីដនី
ផ្សែង​អ័ព្ទ​ខ្មៅ​ដែល​ចេញ​ពី​ភ្លើង​ឆេះព្រៃ​នៅ​ភ្នំ​Blue mountains​ស្តិតនៅ​ពីលើ​រោងល្ខោន​នៅ​ទីក្រុង​ស៊ីដនី ©REUTERS/David Gray
ផ្សាយពាណិជ្ជកម្ម

 

រដ្ឋ​New South Wales ដែល​មាន​ទីក្រុង​ស៊ីដនី តាំងនៅ ត្រូវ​បាន​ប្រកាស​ដាក់​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន ចាប់​ពីថ្ងៃ​អាទិត្យ​នេះ បន្ទាប់​ពី​ភ្លើងឆេះ​ព្រៃ​កាន់តែ​រីករាលដាល នៅ​ឧទ្យានជាតិ Blue mountains។ ការប្រកាស​ដាក់​រដ្ឋ​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន ជាឱកាស​ផ្តល់​សិទ្ធិ​​ដល់​អាជ្ញាធរ ជំនាញ​ពន្លត់អគ្គិភ័យ ដែល​នឹង​មាន​អំណាច​ជម្លៀស​ប្រជាជន​ចេញ​ពី​តំបន់​គ្រោះថ្នាក់ និង​ពិន័យ​ដល់​អ្នកដែល​បដិសេធ​ចាកចេញ​ពី​ផ្ទះសម្បែង។ ដើម្បី​ជៀសវាង​ការឆេះ​ផ្ទុះធុង​ឧស្ម័ន អ្នកពន្លត់អគ្គិភ័យ​នឹង​មាន​សិទ្ធិ​ផងដែរ ក្នុង​ការកាត់ផ្តាច់ ឧស្ម័ន និង​ភ្លើង សម្រាប់​ទីប្រជុំជន ដែល​នឹង​ប្រឈម​នឹង​ភ្លើងឆេះព្រៃ។

រហូតមកដល់​ពេលនេះ ភ្លើង​ឆេះព្រៃ​បាន​បំផ្លាញ​លំនៅឋាន​ជាង​២០០​ខ្នង នៅ​រដ្ឋ​ New South Wales។ អ្នកឧតុនិយម​បាន​ព្យាករ​អាកាសធាតុ​ឡើង​ក្តៅ​ខុស ពី​ធម្មតា ដល់​៣០​អង្សារសេ និង​ខ្យល់បក់​ខ្លាំង ចាប់​ពី​ថ្ងៃ​អាទិត្យ។ កត្តា​អាកាសធាតុ​មិន​អំណោយផល​នេះ​ធ្វើ​ឲ្យ​គេ​បារម្ភខ្លាំងថា ភ្លើង​ឆេះ​ព្រៃ​បីកន្លែង​ផ្សេងគ្នា នៅ​ឧទ្យាន​ភ្នំ Blue mountains នឹង​អាច​រួមគ្នា​តែ​មួយ បង្ក​ទៅ​ជា​មហាអគ្គិភ័យ រាលដាល​ទៅទីប្រជុំជន និង​ទីក្រុង​ស៊ីដនី។ ស៊ីដនី ដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ ៤លាន ៤សែននាក់។

ភ្លើងឆេះព្រៃ​សឹង​កើត​មាន​ជា​ទម្លាប់ នៅ​រដូវក្តៅ ក្នុង​ប្រទេស​អូស្ត្រាលី ដែល​មាន​ចាប់​ពី​ខែ​ធ្នូ ដល់​ខែ​កុម្ភៈ។ ប៉ុន្តែ អាកាសធាតុ​ប្រែប្រួល និង​ក្តៅខ្លាំង ជាមួយ​នឹង​ខ្យល់​បក់​លឿន​ចម្លែក បាន​កើត​ឡើង​ឆាប់ មុនពេល​កំណត់ ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​ពិបាក​នឹង​គ្រប់គ្រង និង​ពន្លត់ភ្លើង​បាន​ជោគជ័យ។ គួររលឹកដែរថា កាលពី​ឆ្នាំ ២០០៩ ភ្លើងឆេះព្រៃ​នៅ​អូស្ត្រាលី ធ្លាប់ បាន​សម្លាប់​ជីវិត​មនុស្ស​១៧៣នាក់ និង​បំផ្លាញ​ផ្ទះសម្បែង​រាប់ម៉ឺនខ្នង ក្នុង​រដ្ឋ​Victoria ដែល​ស្ថិតនៅ​ភាគខាងត្បូង​អូស្ត្រាលី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI