អានតួអត្ថបទ
ជប៉ុន-ចិន

រដ្ឋមន្រ្តី​ជប៉ុន​ផ្គើន​ចិន ដោយ​បន្ត​ចូល​ទៅ​គោរព​សព នៅ​វិហារ​យ៉ាស៊ូគូនី

លោក​Furuya​រដ្ឋមន្រ្តី​ទទួលបន្ទុក​ជនជាតិ​ជប៉ុន​ចាប់ជំរិតនៅកូរ៉េខាងជើង​ចូលទៅ​គោរព​វិញ្ញានក្ខន្ធ​នៅ​វិហារ​ដ៏ចម្រូងចម្រាស នៅថ្ងៃ​ទី ២០ តុលា ២០១៣
លោក​Furuya​រដ្ឋមន្រ្តី​ទទួលបន្ទុក​ជនជាតិ​ជប៉ុន​ចាប់ជំរិតនៅកូរ៉េខាងជើង​ចូលទៅ​គោរព​វិញ្ញានក្ខន្ធ​នៅ​វិហារ​ដ៏ចម្រូងចម្រាស នៅថ្ងៃ​ទី ២០ តុលា ២០១៣ ©REUTERS/Kyodo
ដោយ៖ ឈាង បុប្ផា
១៥ នាទី

នៅថ្ងៃ​បង្ហើយ​ពិធីបុណ្យ​សរទរដូវ នៅថ្ងៃ​អាទិត្យទី ២០ តុលា មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​ជប៉ុន​បាន​ចូល​ទៅ​គោរព​វិញ្ញាណក្ខន្ធ នៅ​វិមានសព​ដ៏ចម្រូងចម្រាស យ៉ាស៊ូគូនី។ នោះ​បើ​ទោះបី​ជាមាន​ការថ្កោលទោស និង​ការព្រមាន​ពី​ទីក្រុង​ប៉េកាំង និង​សេអ៊ូល។ ប្រទេស​ជិតខាង​ទាំងពីរ​របស់​ជប៉ុន​បាន​ចាត់ទុក​វិមានសព​យ៉ាស៊ូគូនី​ថា ជាកន្លែង​តំណាង​ឲ្យ​ការរំលោភ​ឈ្លានពាន​របស់​កងទ័ព​ជប៉ុន ទៅលើ​ចិន និង​កូរ៉េ។

ផ្សាយពាណិជ្ជកម្ម

សារព្រមាន​របស់​ចិន​ទៅរដ្ឋាភិបាល​ជប៉ុន តាមរយៈ​ឯកអគ្គរាជទូត​ជប៉ុន នៅ​ប៉េកាំង កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ គ្មានប្រសិទ្ធិភាព និង​គ្មាន​ឥទ្ធិពល​ដើម្បី​រារាំង​មន្រ្តីរដ្ឋាភិបាល​ជប៉ុន​កុំ​ឲ្យ​គោរព​វិញ្ញាណក្ខន្ធ នៅ​វិមាន​សព យ៉ាស៊ូគូនី។

 
នៅពីរ​ថ្ងៃក្រោយ​រដ្ឋមន្រ្តី​ទទួលបន្ទុក​កិច្ចការ​ផ្ទៃក្នុង និង​សមាជិក​សភា ចូល​ទៅ​គោរព​វិញ្ញាណក្ខន្ធ គឺ​នៅ​ថ្ងៃ​អាទិត្យទី ២០​តុលា ដល់​វេន​រដ្ឋមន្រ្តី​ម្នាក់​ទៀត របស់​រដ្ឋាភិបាល​លោក​Shinzo Abe គឺ​លោក​Keiji Furuya ដែល​ទទួល​បន្ទុក​ខាង​ជនរងគ្រោះ​ជប៉ុន ត្រូវ​គេ​ចាប់ជំរិត នៅ​កូរ៉េខាងជើង ជាអ្នក​ចូល​ទៅ​វិមាន​យ៉ាស៊ូគូនី។ ចំណែក កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បើទោះបី​ជា​លោកនាយក​រដ្ឋមន្រ្តី​ជប៉ុន​មិន​បាន​ទៅ​វិហារ​យ៉ាស៊ូគូនី ដ៏ចម្រូងចម្រាស ប៉ុន្តែ ប្អូនប្រុស​របស់​លោក​ Abe ដែល​កាន់តំណែង​ជា​អនុរដ្ឋមន្រ្តី​ការបរទេស​ជប៉ុន​បាន​ចូល​ទៅ​បន់ស្រន់ នៅ​វិមាន​ដែល​មាន​កប់សព​ទាហាន​ជប៉ុន ជាង ២លាន ៥សែននាក់។ អំណះអំណាង​របស់​មន្រ្តី​រដ្ឋាភិបាល​ជប៉ុន​មាន​តែ​មួយ គឺ​ពួកគេ​ចូល​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ទាហាន​ជប៉ុន ដែល​បាន​បូជា​ជីវិត​ដើម្បី​បុព្វហេតុ​មាតុភូមិ។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ក្យូដូ ដែល​បាន​ស្រង់សំដី​របស់​ទីប្រឹក្សា​ផ្ទាល់​របស់​​នាយក​រដ្ឋមន្រ្តី លោក​Shinzo Abe ទំនង​នឹង​ធ្វើ​ដំណើរ​ទៅ​វិហារ​យ៉ាស៊ូគូនី​នេះដែរ នៅ​ចុង​ឆ្នាំនេះ គឺ​ក្នុង​ឱកាស​គម្រប់​ខួប​មួយ​ឆ្នាំ នៃ​ការចូល​កាន់តំណែង​របស់លោក ជា​នាយករដ្ឋមន្រ្តី​ជប៉ុន កាល ពី​ខែ​ឆ្នូ ឆ្នាំ ២០១២។ បើតាម​ទីប្រឹក្សា​ដដែល តាមទម្លាប់ គេ​ត្រូវ​ចូល​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ឲ្យ​បាន​យ៉ាង​តិច​ម្តង ក្នុង​មួយ​ឆ្នាំ។ លោក​Abe​មានការសោកស្តាយ ដែល​លោក​មិន​បាន​ចូល​ទៅ​គោរពសព កាលពី​លោក​ធ្លាប់​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​ជប៉ុន កាលពី​ឆ្នាំ ២០០៦ និង​២០០៧។

លោកShinzo Abe មក​ពីក្រុម​អភិរក្សនិយម ប្រកាន់​និន្នការ​នយោបាយ​ជាតិ។ រហូត​មកដល់​ពេលនេះ ក្នុង​តំណែង ជា​នាយករដ្ឋមន្រ្តី លោក​មិន​ទាន់​ធ្វើ​ដំណើរ​ទៅ​គោរព​វិញ្ញាណក្ខន្ធ នៅឡើយ ប៉ុន្តែ លោក​បាន​ឆ្លៀត​បញ្ជូន​អំណោយ​បីដង​ហើយ ទៅ​វិហារ​យ៉ាស៊ូគូនី។ កាលពី​ថ្ងៃ​សុក្រ ទីក្រុង​ប៉េកាំង​បាន​រំលឹក​រួចហើយ ដល់​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន កុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​វិមានសព យ៉ាស៊ូគូនី ដើម្បី​ជា​ការគោរព ដល់​ជនរងគ្រោះ ដែល​ស្លាប់​ដោយសារ​ស្នាដៃ​របស់​ទាហាន​ជប៉ុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ