ចិន-ឥណ្ឌា

ចិន និង​ឥណ្ឌា​ចុះកិច្ចព្រមព្រៀង​ដើម្បី​កាត់បន្ថយ​ជម្លោះព្រំដែន

នាយករដ្ឋមន្រ្តី​ឥណ្ឌា និង​ចិន​នៅក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន ៩​រវាង​ប្រទេស​ទាំំងពីរ ចាប់តាំង​ពី​ទំនាក់ទំនង​យោធា ដល់​សេដ្ឋកិច្ច​នៅ​ថ្ងៃ​ពុធ ទី ២៣ តុលា ២០១៣
នាយករដ្ឋមន្រ្តី​ឥណ្ឌា និង​ចិន​នៅក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន ៩​រវាង​ប្រទេស​ទាំំងពីរ ចាប់តាំង​ពី​ទំនាក់ទំនង​យោធា ដល់​សេដ្ឋកិច្ច​នៅ​ថ្ងៃ​ពុធ ទី ២៣ តុលា ២០១៣ © REUTERS

នៅថ្ងៃ ពុធទី ២៣ តុលា ចិន និង​ឥណ្ឌា​ចុះ​ហត្ថលេខា រួមគ្នា លើ​កិច្ចព្រមព្រៀង​ស្តីពី​​សហប្រតិបត្តិការ​ការពារ​ព្រំដែន រវាង​ប្រទេស​ទាំងពីរ។ ចិន និង​ឥណ្ឌា​សង្ឃឹម​ថា កិច្ច​ព្រមព្រៀង​​ថ្មីនេះ​នឹង​ជួយ​កាត់បន្ថយ​ភាពតានតឹង​ការទូត និង​ជម្លោះ​ព្រំដែន​ដែល​ប្រទេស​ទាំងពីរ​មាន​ជាមួយ​គ្នា តាំង​ពី​កន្លះ​សតវត្សរ៍​មកហើយ។  

ផ្សាយពាណិជ្ជកម្ម

 

នៅក្នុង​ទស្សនកិច្ច​របស់​លោកនាយករដ្ឋមន្រ្តី​ឥណ្ឌា​ម៉ាន់មូហាន់ ស៊ីញ នៅ​ទីក្រុង​ប៉េកាំង ចិន និង​ឥណ្ឌា​បាន​ចុះហត្ថលេខា​ជាមួយ​គ្នា ចំនួន ៩ ដែលមាន​​និយាយ​តាំង​ពី​ទំនាក់ទំនង​យោធា ដល់​សេដ្ឋកិច្ច។ ​នៅក្នុង​នោះ ក៏មាន​កិច្ចព្រមព្រៀង​សំខាន់​មួយ​ដែល​និយាយ​ពី​សហប្រតិបត្តិការ​យោធា នៅ​ព្រំដែន រវាង​ប្រទេស​ទាំងពីរ។

តាម​នាយករដ្ឋមន្រ្តី​ចិន លោក​លី ខឺឈាំង កិច្ចព្រមព្រៀង​នឹង​ចូលរួម​ជួយ​ថែរក្សា​សន្តិភាព និង​លំនឹង​នៅ​តំបន់​ជាប់ព្រំដែន ចិន និង​ឥណ្ឌា។ គេ​មិន​បាន​បង្ហាញ​ខ្លឹមសារ​លម្អិត​នៃ​កិច្ច​ព្រមព្រៀង​​យោធា​ដែល​ចិន និង​ឥណ្ឌា​បាន​ចុះ នៅថ្ងៃ​ពុធ​នេះទេ ប៉ុន្តែ កាសែត​ក្នុង​ស្រុក​ឥណ្ឌា ធ្លាប់​បាន​ចុះ​ផ្សាយ​រួច​ហើយ ថា កិច្ចព្រមព្រៀង​នឹង​មាន​រាប់បញ្ចូល​ផងដែរ វិធានការ​នានា ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង ការផ្លាស់ប្តូរ​ព័ត៌មាន​គ្នា ទៅវិញ ទៅមក រវាង​កងទ័ព​ចិន និង​ឥណ្ឌា។

ប្រទេស​ទាំងពីរ ជាពិសេស ភាគី​ឥណ្ឌា សង្ឃឹម​ថា កិច្ចព្រមព្រៀង​លើកនេះ នឹង​ជួយ​ឲ្យ​គេ​ជៀសវាង​បាន​នូវ​ឧប្បត្តិហេតុ និង​ការផ្ទុះអាវុធ​នៅ​ព្រំដែន ដូច​ក្នុង​ហេតុការណ៍ ដែល​បាន​កើតមាន កាលពី​ខែ​មេសា​កន្លងទៅ។ កាលណោះ ឥណ្ឌា​បាន​ចោទ​កងទ័ព​ចិន​ថា បាន​ចូលលុកលុយ​ក្នុង​តំបន់​ភ្នំ​ហិមាល័យ ដែល​ឥណ្ឌាទាមទារ​ថា ជាទឹកដី​របស់ខ្លួន។

អស់រយៈពេល​ជិត ៣០​ឆ្នាំមកហើយ ដែល​ចិន និង​ឥណ្ឌា​ខំប្រឹង​ចរចា​គ្នា ដើម្បី​ដោះស្រាយ និង​បន្ធូរបន្ថយ​ភាពតានតឹង នៅ​ព្រំដែន​ប្រទេស​ទាំងពីរ។ ប៉ុន្តែ រាល់កិច្ចព្រមព្រៀង​ដែល​ចិន និង​ឥណ្ឌា​ចុះជាមួយគ្នា មិន​បាន​ជួយ​ប្រទេស​ទាំងពីរ​ជៀសផុត​ពី​ការប្រឈមមុខ​ដាក់គ្នាទេ។ កាល​ពី​ឆ្នាំ ១៩៦២ កងទ័ព​ចិន​ធ្លាប់​បាន​បើក​ការប្រយុទ្ធ​ទ្រង់ទ្រាយ​ធំមួយ ដោយ​បាន​រុល​ចូល​ទៅក្នុង​ទឹកដី​ឥណ្ឌា ក្នុង​តំបន់​ភ្នំ​ហិមាល័យ និង​បាន​វាយប្រយុទ្ធ​យ៉ាង​ចាស់ដៃ​ទៅលើ​កងទ័ព​ឥណ្ឌា ដែល​ខ្សត់ខ្សោយ​ខាង​សព្វាវុធ។ បើទោះជា​ចិន នៅទីបំផុត បាន​ដកកងទ័ព ទៅ​កាន់ព្រំដែន​បច្ចុប្បន្ន ប៉ុន្តែ រហូត​មកដល់​ពេលនេះ ចិន​នៅតែ​ទាមទារ​ទឹកដី​មួយផ្នែក​ធំ​របស់​រដ្ឋ​Arunachal Pradesh របស់​ឥណ្ឌា ថា​ជាទឹកដី​របស់ខ្លួន។

ក្រៅតែ​ពី​បញ្ហា​ព្រំដែន ចិន និង​ឥណ្ឌា​ចង់​សហការ​គ្នា​ដែរ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវកម្ម។ តាម​លោកនាយករដ្ឋមន្រ្តី​ចិន ប្រទេស​ទាំងពីរ​នឹង​អាច​រៀបចំ​ការហាត់សម​រួមគ្នា នៅ​ភាគ​និរតី​នៃ​ប្រទេស​ចិន ដើម្បី​ពង្រឹង​សហប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​បណ្តាញ​ភេរវកម្ម។ រហូតមក ចិន​បាន​ទម្លាក់​កំហុស​ទៅលើ​ក្រុម​ភេរវករ​ចំពោះ​ព្រឹត្តិការណ៍​បះបោរ និង​សម្លាប់​មនុស្ស​នៅ​ខេត្ត​ស៊ីនជាំង ដែល​សំបូរ​រស់នៅ​ដោយ​ប្រជាជន​អ៊ុយហ្គួរ។ តាម​អាជ្ញាធរ​ចិន ក្រុមភេរវករ​បាន​ទទួល​ការហ្វឹកហាត់ នៅ​ទឹកដី​ប៉ាគីស្ថាន ដែល​ជា​ប្រទេស​ជិតខាង​របស់​ឥណ្ឌា៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI