ចិន

តុលាការ​ឧទ្ធរណ៍​ផ្តន្ទាទោស​ប៉ូ ស៊ីឡៃ​ឲ្យ​ជាប់គុក​អស់​មួយ​ជីវិត

សំណុំរឿង​ពុករលួយ​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ចិន​បាន​ក្លាយ​ជា​បច្ចុប្បន្នភាព ជាថ្មី ដោយ​នៅថ្ងៃ​សុក្រ​នេះ តុលាការ​ឧទ្ធរណ៍ ​របស់​ខេត្ត​សាន់ដុង បាន​ចេញ​សាលក្រម ផ្តន្ទាទោស ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ទៅលើ​លោក​ប៉ូ ស៊ីឡៃ អតីត​ចៅហ្វាយក្រុង​ជុងឈីង។ លោក ប៉ូ ស៊ីឡៃ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ក្នុង​បទប្រព្រឹត្ត​អំពើ​ពុករលួយ រំលោភ​អំណាច និង​លួចលុយ​របស់​រដ្ឋ។

លោក​ប៉ូ ស៊ីឡៃ មន្រ្តីជាន់ខ្ពស់​របស់​បក្ស​កុម្មុយនិស្ត​ចិន​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់គុក​អស់​មួយ​ជីវិត
លោក​ប៉ូ ស៊ីឡៃ មន្រ្តីជាន់ខ្ពស់​របស់​បក្ស​កុម្មុយនិស្ត​ចិន​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់គុក​អស់​មួយ​ជីវិត REUTERS/China Central Television (CCTV) via Reuters TV
ផ្សាយពាណិជ្ជកម្ម

 

តុលាការ​ប្រជាជន​ជាន់ខ្ពស់​របស់​ចិន​បាន​រក្សា​សេចក្តី​សម្រេច​របស់​តុលាការ​ដំបូង​របស់​ខេត្ត​ សាន់ដុង និង​បដិសេធ​ទាត់ចោល​ទាំងអស់ រាល់​បណ្តឹង​តវ៉ា​របស់​លោក​ប៉ូ ស៊ីឡៃ​អតីត​ចៅហ្វាយក្រុង​ជុងឈីង។ តាម​ចៅក្រម គេ​មាន​ភស្តុតាង​គ្រប់គ្រាន់ និង​ច្បាស់លាស់​ដែល​បញ្ជាក់​ពី​ទោសឧក្រិដ្ឋ​ពិតប្រាកដ របស់​លោក​ប៉ូ ស៊ីឡៃ។ ម្យ៉ាងទៀត ដំណើរការ​ជំនុំជម្រះ​ក្តី​ក៏ធ្វើឡើង​ស្រប​តាម​ច្បាប់​របស់​ប្រទេស មិន​ដូច​ការចោទប្រកាន់​​របស់​លោក​ប៉ូ ស៊ីឡៃ​ដែល​បាន​ចាត់ទុក​ថា សវនការ​ធ្វើឡើង ក្នុង​ហេតុផល​នយោបាយ។ ជាសរុបមក លោក​ប៉ូ ស៊ីឡៃ​ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ដូច​ដែល​តុលាការ​ដំបូង​ធ្លាប់​បាន​ផ្តន្ទាទោស​លោក កាលពី​ខែ កញ្ញា​កន្លងទៅ។

កាលពី​ខែ​កញ្ញា តុលាការ​បាន​ចោទប្រកាន់​លោក​ប៉ូ ស៊ីឡៃ ថា​បាន​ទទួល​សំណូក ​លួចលុយ​រដ្ឋ ក្នុង​ពេល​លោក​នៅ​ធ្វើ​ជា​ចៅហ្វាយក្រុង​ជុងឈីង។ លើស​ពីនោះ លោក​បាន​ប្រើអំណាច​របស់ខ្លួន ដើម្បី​បិទបាំង​អំពើ​ឃាតកម្ម ទៅលើ​អ្នកជំនួញ​អង់គ្លេស​ម្នាក់ ដែល​ភរិយា​របស់គាត់ ជា​អ្នករៀបចំឡើង។ ក្រោយ​ពី​បែករឿងអាស្រូវ និង​សក្ខីកម្ម​របស់​អតីត​មេប៉ូលិស​របស់​លោក​ប៉ូ ស៊ីឡៃ គូ កៃឡៃ ភរិយា​របស់​លោក​ប៉ូ ស៊ីឡៃ​ត្រូវ​បាន​តុលាការ​កាត់ទោស​រួចហើយ ឲ្យជាប់គុក​​អស់មួយ​ជីវិត។

នៅចំពោះមុខ​អ្នកកាសែត​បរទេស អនុប្រធាន​តុលាការ​បញ្ជាក់​ផងដែរ ពីការបិទផ្លូវ​តវ៉ា របស់​ជនជាប់ចោទ។ ពោល​គឺ​អំណើះតទៅ លោក​ប៉ូ ស៊ីឡៃ អតីត​ចៅហ្វាយ​ក្រុង​សេដ្ឋកិច្ច ជុងឈីង ដែល​ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ និង​សម្បត្តិ​ទ្រព្យធន នឹង​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​ជាប់គុក​អស់មួយ​ជីវិត។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP វា​មិនមែន​ជាដំណឹង​អាក្រក់​ពេក​សម្រាប់​លោក​ប៉ូ ស៊ីឡៃទេ ព្រោះថា ពន្ធនាគារ​ដែល​គាត់​ត្រូវ​នៅ​អស់​មួយ​ជីវិត លោក​ប៉ូ ស៊ីឡៃ​នឹង​ទទួល​បាន​ការយកចិត្ត​ទុកដាក់ និង​ឃ្លាំមើល​ពី​ប៉ូលិស​របស់​បក្ស​កុម្មុយនិស្ត​ចិន​ដោយ​ផ្ទាល់។

ការទម្លាក់បុណ្យសក្តិ និងចាប់ខ្លួន មន្រ្តី​ជាន់ខ្ពស់​របស់​បក្ស​កុម្មុយនិស្ត គឺ​ជារឿង​កម្រ​នៅ​ប្រទេស​ចិន។ ចាប់តាំង​ពី​ឆ្នាំ ១៩៩៨ មាន​តែ​ចៅហ្វាយក្រុង​ប៉េកាំង និង​ចៅហ្វាយក្រុង​សៀងហៃ​ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​ចិន​ផាត់ចោល និង​បន្ទាប់មក​ត្រូវ​បាន​គេ​ជំនុំជម្រះ ដោយស្ងាត់ៗ ពីរឿង​ប្រព្រឹត្ត​អំពើ​ពុករលួយ មុន​នឹង​បញ្ជូន​ទៅ​ពន្ធនាគារ។ ប៉ុន្តែ សំណុំរឿង​របស់​ប៉ូ ស៊ីឡៃ បាន​ផ្ទុះបែក​ធំ និង​ត្រូវ​តុលាការ​បើក​ជំនុំជម្រះ​ជាសាធារណៈ។ តាម​អ្នកវិភាគខ្លះ លោក​ប៉ូ ស៊ីឡៃ​បាន​ធ្លាក់​រងគ្រោះ​ដោយសារ​ជម្លោះ​ផ្ទៃក្នុង​បក្ស​កុម្មុយនិស្ត។ មុន​នឹង​ត្រូវ​បក្ស​កុម្មុយនិស្ត​ទម្លាក់​ចេញ​ពី​តំណែង លោក​ប៉ូ ស៊ីឡៃ ធ្លាប់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​បេក្ខជន​ប្រកួតប្រជែង​តំណែង ជាមួយ​លោក​ប្រធានាធិបតី​ចិន​បច្ចុប្បន្ន គឺ​លោក​ស៊ី ជីនពីង។ មិន​ត្រឹម​តែ​អស់បុណ្យសក្តិ និង​ត្រូវ​ជាប់គុក​អស់​មួយ​ជីវិត គ្រួសារ​ត្រកូល ប៉ូ​ត្រូវ​រដ្ឋ​អំណាច​ចិន​ដកហូត​ផងដែរ រាល់ទ្រព្យសម្បត្តិ ជាពិសេស ផ្ទះវីឡា ដែល​គ្រួសារ​នេះ​មាន នៅឆ្នេរសមុទ្រ​Côte d’Azur ក្នុង​ប្រទេស​បារាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI