ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បក្ស​ប្រឆាំង​ដឹកនាំ​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​លើកលែង​ទោស

សំឡេង ០៧:២៥
រូបលោក​ថាក់ស៊ីន​ព្យួរក​ត្រូវ​ប្រជាជន​ថៃ​លើក​ឡើង​នៅក្នុង​បាតុកម្ម​ប្រឆាំង​ច្បាប់​លើកលែង​ទោស​របស់​រដ្ឋាភិបាលកាលពី​ថ្ងៃ​ទី ៣១ខែ​តុលា​ឆ្នាំ ២០
រូបលោក​ថាក់ស៊ីន​ព្យួរក​ត្រូវ​ប្រជាជន​ថៃ​លើក​ឡើង​នៅក្នុង​បាតុកម្ម​ប្រឆាំង​ច្បាប់​លើកលែង​ទោស​របស់​រដ្ឋាភិបាលកាលពី​ថ្ងៃ​ទី ៣១ខែ​តុលា​ឆ្នាំ ២០ ©

នៅទីក្រុង​បាងកក បាតុករ​រាប់ពាន់​នាក់​បាន​ជួប​ជុំ​គ្នា នៅ​ល្ងាច​ថ្ងៃព្រហស្បតិ៍​នេះ ទៅតាម​​ការអំពាវនាវ​របស់​​គណបក្ស​​ប្រឆាំង ដែល​បាន​ប្រកាស​ប្រមែប្រមូល​ប្រជាជន​ឲ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​លើកលែង​ទោស ដែល​សភា​ថៃ​ត្រូវ​ចាប់ផ្តើម​ពិភាក្សា នៅថ្ងៃ​ព្រហស្បតិ៍ទី ៣១ តុលា ២០១៣។

ផ្សាយពាណិជ្ជកម្ម

កាលពី​ខែ​សីហា​កន្លងទៅ បាតុកម្ម​កើតមាន​នៅពេល​សភា​បើក​ការពិភាក្សា​លើក​ទីមួយ​លើ​សេចក្តី ព្រាង​ថ្មី​នៃ​ច្បាប់​លើកលែងទោស។ ការពិភាក្សា​ត្រូវ​គេគ្រោង​ធ្វើ​បីដង នៅ​គណៈកម្មការ​​ពិសេស​របស់​សភា ហើយ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ ជា​ថ្ងៃ​ដែល​គេ​ត្រូវ​ចាប់ផ្តើម​ការពិភាក្សា​លើកទីពីរ ប​ន្ទាប់មក​នឹង​មាន​ការពិភាក្សា​លើកទីបី មុន​នឹង​ត្រូវ​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​ថ្មីនេះ ទៅ​ឲ្យ​សភា​បោះឆ្នោត​អនុម័ត នៅ​អំឡុង​ខែ​វិច្ចិកា​ខាងមុខ។ ក្រុមប្រឆាំង​វិញ ដែល​គ្រោង​ប្រមូល​មនុស្ស​១ម៉ឺននាក់​ក្នុង​បាតុកម្ម​នៅថ្ងៃ​នេះ បាន​និយាយ​រួចហើយ​ថា ពួកគេ​នឹង​នៅបន្ត​ធ្វើ​បាតុក​ម្ម​រហូត គឺ​ធ្វើ​យ៉ាងម៉េច​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បោះបង់​ចោល​សេចក្តី​ព្រាងច្បាប់​ស្តីពីការលើកលែងទោសនេះ។

 
បាតុកម្ម​ បើទោះបី​ជា​មិន​ហិង្សា ទៅតាម​ការអះអាង​របស់​គណបក្ស​ប្រឆាំង ដែល​ជាអ្នកដឹកនាំ​បាតុកម្ម ប៉ុន្តែ ត្រូវ​បាន​គេ​មើលឃើញថា នឹង​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ និង​ស្ថិរភាព​នយោបាយ​ថៃ។ ទីក្រុង​​បាងកក​នឹង​អាច​ត្រលប់​ទៅ​ជាន់ដាន​ចាស់ គឺ​អាច​រងគ្រោះ​ដោយសារ​​បាតុកម្មដែល​អាច​ប្រែក្លាយ​ទៅ​ជាហិង្សា ដូចកាលពី​ឆ្នាំ ២០១០ ដែល​កាលណោះ ​ការបង្រ្កាប​របស់​អាជ្ញាធរ​យ៉ាងហិង្សា​លើ​បាតុករ​បាន​សម្លាប់​មនុស្ស​ជាង​៩០​នាក់ និង​របួស​ជាង​១ពាន់​នាក់។

គណបក្ស​ភឿថៃ ដែល​ជាគណបក្ស​កាន់អំណាច​​ បាន​ស្នើ​សេចក្តី​ព្រាងច្បាប់លើកលែង​ដោយ​​​ពួកគេអះអាង​ថា​ នឹង​ជួយ​ឲ្យ​មាន​ការផ្សះផ្សារ​ជាតិ​ឡើង​វិញ នៅក្នុង​សង្គម​ថៃ ដែល​ស្គាល់​ការបែកបាក់ នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។ ច្បាប់នេះ​សំដៅ​លើកលែង​ទោស​ដល់​អ្នកនយោបាយ ទាហាន​ប៉ូលិស ទាំងឡាយណា​ដែល​ត្រូវ​បានតុលាការ​​ចោទ ឬ​ផ្តន្ទាទោស​ដាក់​គុក ដោយសារ​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​រៀបចំ​ការបង្រ្កាប​នានា ចាប់តាំង​ពី​ឆ្នាំ ២០០៦ រហូត​ដល់​ខែ​សីហា ឆ្នាំ ២០១៣ ពោល​គឺ​ចាប់តាំង​ពី​មាន​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ថាក់ស៊ីន​ចេញ​ពី​តំណែង​នាយករដ្ឋមន្រ្តី រហូត​ដល់​ថ្ងៃ​ចាប់ផ្តើម​ដំបូង​នៃ​ការពិភាក្សា​សេចក្តី​ព្រាងច្បាប់​នេះ។ ការដោះលែង​រាល់​អ្នកនយោបាយ មិនថា មក​ពី​គណបក្ស​ណា ឬ​ក្រុមទាហាន​ បើ​ទោះបី​ជា​ពួកគេ​ត្រូវ​បាន​ចោទ​ថា បាន​ប្រព្រឹត្ត​ហិង្សា​ទៅលើ​ប្រជាជន​នៅក្នុង​បាតុកម្ម កាលពី​ឆ្នាំ ២០១០​ក្តី។ ទាំងនោះ​ជា​ដំណើរការ​ផ្សះផ្សារ​ជាតិ និង​បញ្ចប់​ជម្លោះ​នយោបាយ​ផ្ទៃក្នុង ដែល​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​សង្ឃឹម​ចង់​បាន​ពី​ច្បាប់​លើកលែង​ទោស​នេះ។

ប៉ុន្តែ សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​គណបក្ស​ប្រឆាំង រដ្ឋាភិបាល​​របស់​លោកស្រី​យីងឡាក់ មាន​មហិច្ឆតា​ចង់​ប្រើ​​​យកលេស​ប្រើ​ច្បាប់​នេះ ដើម្បី​លាង​កេរ្តិ៍ឈ្មោះ ឲ្យ​លោកថាក់ស៊ីន និង​​​អនុញ្ញាត​ឲ្យ​លោក​ថាក់ស៊ីន​​ត្រលប់​ចូល​មក​ប្រទេស​វិញ ដោយសេរី គ្មាន​ការជាប់ទោស​អ្វីទាំងអស់។ កាលពី​ឆ្នាំ ២០០៨ លោក​ថាក់ស៊ីន​ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​ថៃ​ផ្តន្ទាទោស​ឲ្យ​ជាប់គុក​ពីរ​ឆ្នាំ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​រំលោភអំណាច ក្នុង​ពេល​លោក​ធ្វើ​ជា​នាយករដ្ឋមន្រ្តី។ ប៉ុន្តែ លោកថាក់ស៊ីនដែល​បាន​ភៀស និរទេស​ខ្លួនទៅ​នៅ​ទីក្រុង​ឌូបៃ ​របស់ប្រទេស​​អេមីរ៉ា​អារ៉ាប់​រួម ចាប់តាំង​ពី​រដ្ឋប្រហារ​ទម្លាក់លោកឆ្នាំ ២០០៦ មិន​ដែល​បាន​អនុវត្តទោសនេះទេ។

មួយវិញទៀត តាមក្រុមប្រឆាំង​ច្បាប់នេះ​នឹង​សំដៅផងដែរ ​លើកលែង​ទោស​រាល់​មេដឹកនាំ​ក្រុមអាវក្រហម ដែល​ជា​ក្រុម​គាំទ្រ​រដ្ឋាភិបាល និង​ដែល​ត្រូវ​តុលាការ​បាន​ចោទប្រកាន់​ក្នុង​បទ​ប្រព្រឹត្ត​អំពើ​ភេរវកម្ម នៅអំឡុង​បាតុកម្ម​​ឆ្នាំ ២០១០។

ជារួម ​សម្រាប់​ក្រុមប្រឆាំង ដែល​មាន​ចូលរួម​ពីក្រុម​អ្នកគាំទ្រ​រាជវង្ស ការវិល​ត្រលប់​​របស់​លោក​ថាក់ស៊ីន​ដោយ​សេរី និង​គ្មាន​កំហុស គឺ​ជារឿង​មួយ​ដែល​មិន​អាច​ទទួល​យកបាន។ បើទោះបី​ជា​ត្រូវ​តុលាការ​ចោទប្រកាន់​ពីរឿង​ពុករលួយ លោកថាក់ស៊ីន នៅ​តែ​មាន​ប្រជាប្រិយភាព និង​បាន​ទទួល​ការគាំទ្រ​ប្រជាជន​ កសិករ​ក្រីក្រ ប៉ុន្តែ លោក​ត្រូវ​ក្រុមប្រឆាំង​ចាត់ទុក​ថា ជាមេដឹកនាំ ផ្តាច់ការ និង​គំរាមកំហែង​ដល់​រាជបល្ល័ង្ក។ លោកស៊ូថេប ថងស៊ូបាន អតីត​ឧបនាយករដ្ឋមន្រ្តី ដែល​ជាអ្នកដឹកនាំ​មួយ​រូប​នៃ​បាតុកម្ម បាន​និយាយ​បញ្ចុះ​បញ្ចូល​អ្នកគាំទ្រ ថា ច្បាប់​លើកលែង​ទោស​នេះ នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ទៅ​ឲ្យ​លោក​ថាក់ស៊ីន និង​បម្រើ​ប្រយោជន៍​ឲ្យ​គ្រួសារ​និយម​របស់​លោក​ថាក់ស៊ីន​តែប៉ុណ្ណោះ ប៉ុន្តែ វា​នឹង​គ្មាន​ផ្សះផ្សារ​ជាតិ​អ្វីទេ ព្រោះថា ច្បាប់​នេះ នឹង​ជំរុញ​ឲ្យ​មាន​ក្តីក្តៅ​ក្រហាយ របស់​មហាជន ដែល​នឹងចូលរួម​ធ្វើ​បាតុកម្ម​ជាថ្មី​ប្រឆាំង​នឹង​ច្បាប់​លើកលែង​ទោសនេះ។

សុខចិត្តទទួល​ទោស​ ជាង​បើកទ្វារ​ឲ្យ​សត្រូវ
លោក​ស៊ូថេប ថងស៊ូបាន និង​​ លោក​អាភីស៊ីត ទើប​ត្រូវ​បាន​ព្រះរាជអាជ្ញា​ថៃ​ចោទប្រកាន់​ ក្នុង​រឿង​បញ្ជា​ឲ្យ​មាន​ការប្រព្រឹត្តិ​ហិង្សា​លើ​បាតុករ​កាលពី​ឆ្នាំ ២០១០។ យោងទៅ​លើ​ច្បាប់នេះ និង​លោកថងស៊ូបាន នឹង​អាច​ត្រូវ​រួចទោស​ដោយសារ​ច្បាប់​លើកលែង​ទោសនេះ។ ប៉ុន្តែ លោកអាភីស៊ីត និង​លោក​ស៊ូថេប​ដែល​ធ្លាប់​ជា​នាយករដ្ឋមន្រ្តី និង​ឧបនាយករដ្ឋមន្រ្តី​បាន​អះអាង​ថា ពួកគេ​ជាជន​ស្លូតត្រង់ និង​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូចការចោទប្រកាន់​របស់​ព្រះរាជអាជ្ញា។ បើទោះបី​ជា​ពួកគេ​ត្រូវ​បាន​ចោទប្រកាន់​មែន ក៏​ពួកគេ​ត្រៀមខ្លួន​នឹង​ទទួល​ការដាក់ទោស តែ​មិន​ចង់​បាន​ប្រយោជន៍​ពីច្បាប់​លើកលែង​ទោសទេ។ និយាយ​ដោយឡែក គឺ​ពួកគេ​សុខចិត្ត​ទទួល​ទោស ជាជាង​សុខចិត្ត​បណ្តោយ​ឲ្យ​សភា​ធ្វើ​ច្បាប់​មួយ​ដែល​នឹង​បើកទ្វារ​ឲ្យ​សត្រូវ​របស់ពួកគេ គឺ​លោក​ថាក់ស៊ីន​ត្រលប់​ចូល​មកស្រុក​វិញ​ដោយសេរីភាព។

មិនមែនមានតែ​គណបក្ស​ប្រឆាំង និង​អាវលឿង​ដែលគាំទ្រ​រាជវង្ស​ទេ ដែល​​ប្រឆាំង​នឹង​ច្បាប់​លើកលែងទោស ដែល​រដ្ឋាភិបាល​ស្នើ​ទៅ​ឲ្យ​សភា​អនុម័តនោះ។ អង្គការ​ការពារ​សិទ្ធិមនុស្ស​Human Rights watchs និង​ក្រុមអាវក្រហម​ដែល​គាំទ្រ​រដ្ឋាភិបាល​លោកស្រី​យីងឡាក់ ក៏​រិះគន់​នឹង​ច្បាប់នេះដែរ។ សម្រាប់​អង្គការ​ Human Rights watchs ច្បាប់​លើកលែង​ទោស​នឹង​បង្ក​ឲ្យ​មាន​និទណ្ឌភាព​ក្នុង​ប្រទេស ពោល​គឺ​អ្នក​បង្ក​ហិង្សា និង​សម្លាប់​មនុស្ស​ក្នុង​ហេតុផល​នយោបាយ នឹង​ត្រូវ​គេ​លើកលែង​ ឲ្យ​រួចទោសវិញ។

ក្រុមអាវក្រហម ដែល​បាន​ធ្វើ​បាតុកម្ម កាន់កាប់​ទីក្រុង​បាងកក កាលពីឆ្នាំ ២០១០ ក៏​ ប្រឆាំង​នឹង​ច្បាប់នេះដែរ ព្រោះច្បាប់លើកលែង​ទោស​នេះ នឹង​ដោះលែង​ទាហាន ប៉ូលិស​ដែល​បាន​បាញ់​សម្លាប់​បាតុករ ក្នុង​បាតុកម្ម​កន្លងទៅ។ ដូច្នេះ ក្រុមអាវក្រហម​​គ្រោង​នឹង​ធ្វើ​មហា​បាតុកម្ម​នៅ​ពាក់កណ្តាល​ខែ​វិច្ឆកា​ខាងមុខ ពោល​គឺ​នៅពេល​រដ្ឋសភា​អាច​នឹង​បោះឆ្នោត​អនុម័តច្បាប់នេះ។ ច្បាប់​ដ៏ចម្រូងចម្រាស បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោកស្រីយីងឡាក់ និង​គណបក្ស​ភឿថៃ ​​ទើសទាល់ខ្លាំង។ ដោយ​ធ្វើ​ច្បាប់​លើកលែង​ទោស ពួកគេ​ចង់​បាន​ការត្រលប់​ចូលស្រុក​វិញ​ដោយ​គ្មាន​ទោស​កំហុស​របស់​លោកថាក់ស៊ីន ប៉ុន្តែ ជាមួយ​គ្នានោះ ពួកគេ​នឹង​អាច​ប្រឈម​នឹង​ការរិះគន់ និង​ការ​បាត់បង់​ប្រជាប្រិយភាព​ក្នុង​ចំណោម​អ្នកគាំទ្រ។ សេរីភាព​របស់​លោកថាក់ស៊ីន​ត្រូវ​បាន​ពួកប្រឆាំង​យក​ដាក់​ធ្វើ​ជាថ្នូរ​ជាមួយ​​មហាបាតុកម្ម ដែល​នឹង​ពន្លិច​ប្រទេស​ថៃ ទៅក្នុង​វិបត្តិ​នយោបាយ​ជាថ្មី​ម្តងទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI