ប្រធានាធិបតីកូរ៉េខាងត្បូងបដិសេធមិនធ្វើជំនួបកំពូលជាមួយនាយករដ្ឋមន្រ្តីជប៉ុន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃអង្គារទី ៥វិច្ឆិកា ប្រទេសជប៉ុន តាមរយៈអនុអគ្គលេខាធិការរដ្ឋាភិបាលបានសំដែងការសោកស្តាយ ខកចិត្ត បន្ទាប់ពី លោកស្រី ប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក់ គុនហឺ បានបដិសេធមិនទទួល ធ្វើជំនួបកំពូលជាមួយ លោកស៊ីនហ្សូ អាបេ។ កាលពីថ្ងៃចន្ទ នៅក្នុងអំឡុងទស្សនកិច្ច នៅប្រទេសអង់គ្លេស លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយ នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍អង់គ្លេស BBCថា ជំនួបកំពូលទ្វេភាគី ជប៉ុន កូរ៉េខាងត្បូងនឹងជារឿងគ្មានប្រយោជន៍។
តាមប្រសាសន៍របស់លោកស្រី ប៉ាក់ គុនហឺ ជំនួបកំពូលជប៉ុន កូរ៉េខាងត្បូងមិនគួកើតមាន ដរាបណា ជប៉ុននៅតែប្រកាន់ជំហរប្រវត្តិសាស្រ្តរបស់ខ្លួន ដោយមិនព្រមសុំទោស និងមិនព្រមទទួលស្គាល់ឧក្រិដ្ឋកម្មសង្រ្គាមដែលខ្លួនបានធ្វើ នៅក្នុងអតីតកាល។ ចាប់តាំងពីចូលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រីប៉ាក់ គុនហឺមិនដែលបានជួប ទល់មុខ ជាផ្លូវការ ជាមួយនាយករដ្ឋមន្រ្តីជប៉ុនទេ។ ជប៉ុនដែលត្រូវការកូរ៉េខាងត្បូងដើម្បីប្រឈមមុខនឹងកូរ៉េខាងជើង បានស្នើឲ្យមានជំនួបកំពូលរវាងមេដឹកនាំប្រទេសទាំងពីរ។ ប៉ុន្តែ នឹងមិនអាចធ្វើទៅបាន
គួរដឹងថា កូរ៉េខាងត្បូង និងជប៉ុនធ្លាប់មានប្រវត្តិសាស្រ្តជូរចត់ជាមួយគ្នា ដោយកូរ៉េខាងត្បូងធ្លាប់រងគ្រោះដោយសារអាណានិគមរបស់ជប៉ុន អស់ជាងបីទសវត្សរ៍ គឺពីឆ្នាំ ១៩១០ ដល់ឆ្នាំ ១៩៤៥ នៅពេលជប៉ុនចាញ់សង្រ្គាមលោកលើកទីពីរ។ រហូតមកដល់ពេលនេះ កូរ៉េខាងត្បូងនៅតែទាមទារឲ្យជប៉ុនសុំទោសចំពោះឧក្រិដ្ឋកម្មរបស់ទាហានជប៉ុនទៅលើប្រជាជនកូរ៉េ ជាពិសេស ទៅលើស្រ្តីកូរ៉េ ដែលជប៉ុនបានចាប់យកទៅធ្វើជាទាសករផ្លូវភេទរបស់ទាហានជប៉ុន នៅក្នុងសម័យសង្រ្គាមលោកលើកទីពីរ។ តាមការប៉ាន់ស្មាន នៅក្នុងអំឡុងសង្រ្គាមលោកលើកទីពីរ ជប៉ុនបានចាប់បង្ខំស្រ្តីអាស៊ី ប្រមាណ ២សែននាក់ ឲ្យធ្វើជានារីលក់ខ្លួន សម្រាប់ទាហានជប៉ុន ហើយដែលពួកគេភាគច្រើនជាស្រ្តីវ័យក្មេងមកពីប្រទេសកូរ៉េ។
រឿងអតីតកាលដែលប្រទេសទាំងពីរនៅមិនទាន់ដោះស្រាយឲ្យចប់ជ្រះស្រឡះ ហើយដែលនៅតែបន្តធ្វើឲ្យកូរ៉េខាងត្បូង និងជប៉ុន នៅមើលមុខគ្នា មិនចំរហូតមកដល់សព្វថ្ងៃនេះ។ ថ្វីដ្បិតតែ ជប៉ុនធ្លាប់បានសុំទោសជាច្រើនដងមកហើយ ក៏ធ្លាប់បានសងជម្ងឺផ្លូវចិត្តដល់ស្រ្តីជនរងគ្រោះ ដោយសារទាហានជប៉ុន ប៉ុន្តែ ជប៉ុនមិនដែលបាននិយាយសុំទោសចំៗដល់ស្រ្តីរងគ្រោះកូរ៉េខាងត្បូងទេ។
តាមកូរ៉េខាងត្បូង រហូតមកដល់បច្ចុប្បន្ននេះ ជប៉ុននៅតែប្រកាន់ឥរិយាបថជាតិនិយម មិនទទួលស្គាល់ឧក្រិដ្ឋកម្មរបស់ខ្លួន នៅក្នុងសម័យសង្រ្គាម។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល និងអ្នកនយោបាយជប៉ុនទើបតែទៅ គោរពវិញ្ញាណក្ខន្ធសាកសពទាហាននៅវិហារយ៉ាស៊ូគូនី ដ៏ចម្រូងចម្រាស។ កូរ៉េខាងត្បូងតែងតែប្រឆាំងនឹងសកម្មភាពទៅគោរពសពនៅវិហារយ៉ាស៊ូគូនី ព្រោះតាមកូរ៉េខាងត្បូង វិហារនេះមានកប់សាកសពទាហានជប៉ុនដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មទៅលើប្រជាជនកូរ៉េខាងត្បូង។
មួយវិញទៀត កូរ៉េខាងត្បូងអន់ចិត្តខ្លាំងណាស់ដែរនឹងជប៉ុន ព្រោះ នៅក្នុងសៀវភៅសិក្សាប្រវត្តិសាស្រ្តរបស់ជប៉ុន គេមិនបានបង្រៀនពីសកម្មភាពឃោឃៅរបស់ទាហានជប៉ុនទៅលើប្រជាជនរបស់ប្រទេសដទៃទេ។ ផ្ទុយទៅវិញ កូនសិស្សជប៉ុនបានរៀនសូត្រតែពីវីរភាពក្លាហានរបស់ទាហានជប៉ុន ដែលបានបូជាជីវិតសម្រាប់ប្រទេសជាតិ នៅសម័យសង្រ្គាមលោកលើកទីពីរ។
ដំបៅឈឺចាប់ដោយសារអាណានិគមរបស់ជប៉ុនបានលេចឡើងម្តងទៀត នៅក្នុងចំណោមប្រជាជនកូរ៉េខាងត្បូង នៅពេលដែលជប៉ុនបានទាមទារដីកោះ ដុកដូ ដែលកូរ៉េខាងត្បូងបានទទួលសិទ្ធិកាន់កាប់ នៅក្រោយសង្រ្គាមលោកលើកទីពីរ ប៉ុន្តែ ជប៉ុននៅតែទាមទារថា ជាទឹកដីរបស់ខ្លួន។ តាមកូរ៉េខាងត្បូង ការទាមទាររបស់ជប៉ុន បានបង្ហាញយ៉ាងច្បាស់ក្រឡែតអាណានិគមផ្តាច់ការរបស់ជប៉ុន ក្នុងសម័យសង្រ្គាម។
នៅក្នុងជម្លោះដណ្តើមកោះជាមួយជប៉ុន លោកស្រី ប្រធានាធិបតីប៉ាក់ គុនហឺ ធ្លាប់បានប្រកាស នៅក្នុងពិធីចូលកាន់តំណែងរបស់លោកស្រី ហើយថា លោកស្រីនឹងបន្តនយោបាយបន្តពីប្រធានាធិបតីមុន គឺស្វះស្វែងរកការផ្សះផ្សារ កិច្ចសហប្រតិបត្តិការ និងសន្តិភាព នៅសមុទ្រចិនខាងកើត ក៏ប៉ុន្តែ ស្ថិរភាព និងការជឿទុកចិត្តគ្នា ត្រូវតែឈរទៅលើមូលដ្ឋានត្រឹមត្រូវនៃប្រវត្តិសាស្រ្ត។
តាមអនុអគ្គលេខាធិការរដ្ឋាភិបាលជប៉ុន កូរ៉េខាងត្បូងជាប្រទេសជិតខាងដ៏សំខាន់ ដែលមានផលប្រយោជន៍រួម ជាមួយជប៉ុន។ ជប៉ុននឹងបន្តកិច្ចប្រឹងប្រែងដើម្បីស្វែងរកការសហការជាមួយកូរ៉េខាងត្បូង។ នាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ត្រូវការជួបប្រជុំកំពូលជាមួយលោកស្រី ប្រធានាធិបតីកូរ៉េខាងត្បូង ក៏ដើម្បីដោះស្រាយបញ្ហាដែរ។
ភាពតានតឹងរវាងប្រទេសទាំងពីរក៏ធ្វើឲ្យអាមេរិក ព្រួយបារម្ភមិនតិចដែរ។ អាមេរិកដែលកំពុងបែរនយោបាយ យុទ្ធសាស្រ្តយោធាទៅអាស៊ីដើម្បីទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់ចិន បានសង្ឃឹមទុកចិត្តលើសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងជប៉ុន។
អាមេរិកចាប់បារម្ភ តាំងពីចុងឆ្នាំមុនម្ល៉េះ ពីជម្លោះដែលអាចកើតមានរវាងប្រទេសសម្ព័ន្ធមិត្តទាំងពីររបស់ខ្លួន។ ពោល គឺនៅពេលកូរ៉េខាងត្បូងបានធ្លាក់ក្រោមការដឹកនាំរបស់គណបក្សអភិរក្សនិយម ចំណែកជប៉ុនក៏បានបោះឆ្នោតឲ្យលោកShinzo Abe ដែលជាអ្នកអភិរក្សនិយម និងជាតិនិយម ឲ្យឡើងធ្វើជានាយករដ្ឋមន្រ្តីជប៉ុន។ អ្នកនយោបាយអភិរក្សនិយម ឡើងកាន់កាប់ប្រទេស ធ្វើឲ្យគេខ្លាចថា ជម្លោះរវាងកូរ៉េខាងត្បូង និងជប៉ុន នឹងកាន់តែមានភាពតឹងតែងខ្លាំងឡើងថែមទៀត។ ឥលូវនេះ ជម្លោះនេះពិតជាមានមែន នឹងកាន់តែតឹងតែង ដោយសារជំហររបស់លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង ដែលមិនចង់ធ្វើជំនួបកំពូលជាមួយជប៉ុន។
រហូតមកដល់ពេលនេះ អាមេរិកខំប្រឹងបញ្ចុះបញ្ចូលឲ្យជប៉ុន និងកូរ៉េខាងត្បូង ឲ្យធ្វើការរួមគ្នា ព្រោះពួកគេមានសត្រូវរួមគ្នា តែមួយ គឺអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ក្នុងយុទ្ធសាស្ត្រយោធា កូរ៉េខាងត្បូងយល់ព្រមធ្វើសមយុទ្ធជាមួយជប៉ុន ក្រោមការដឹកនាំរបស់អាមេរិក។ ប៉ុន្តែ នៅក្នុងផ្នែកនយោបាយការទូតវិញ ទាំងអស់គ្នាសង្ឃឹមថា បើសិនជាជំនួបកំពូលទ្វេភាគីរវាង កូរ៉េខាងត្បូង និងជប៉ុន ពិតជាកើតមានមែន នោះវានឹងក្លាយជាសញ្ញានៃការរួបរួមគ្នាតែមួយ ដើម្បីប្រឈមយ៉ាងមានប្រសិទ្ធិភាពនឹងកូរ៉េខាងជើង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ