ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការបោះឆ្នោត​ថៃ​ដែល​រង​ការគំរាមកំហែង

សំឡេង ០៦:៥៥
ក្រុមប្រឆាំង​ប្តេជ្ញា​​រារាំង​មិន​ឲ្យ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ ទី ២ កុម្ភៈ អាច​ប្រព្រឹត្ត​ទៅបាន​
ក្រុមប្រឆាំង​ប្តេជ្ញា​​រារាំង​មិន​ឲ្យ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ ទី ២ កុម្ភៈ អាច​ប្រព្រឹត្ត​ទៅបាន​ ©REUTERS

នៅថ្ងៃ​​អាទិត្យ​ទី ២ កុម្ភៈ ប្រទេស​ថៃ​នឹង​រៀបចំ​ការបោះឆ្នោត​សភា មុនកាលកំណត់។ នៅមួយថ្ងៃ​មុន​ការបោះឆ្នោត ក្រុមប្រឆាំង ដែល​សន្យា​ធ្វើ​ពហិការ មិន​ចូលរួម​ក្នុង​ការបោះឆ្នោត បាន​ហ៊ុំព័ទ្ធ រារាំង មិន​ឲ្យ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត ចែកចាយ​សន្លឹកឆ្នោត​ទៅ​ការិយាល័យ​បោះឆ្នោត។ ដើម្បី​ការពារ បង្ការ​អំពើហិង្សា កងទ័ព​បាន​ប្រកាស​ពង្រាយ​កងរក្សា​សន្តិសុខ​​បន្ថែម ដោយ​ប៉ូលិស​ប្រមាណ​១សែន បីម៉ឺន​នាក់ នៅតាម​ការិយាល័យ​បោះឆ្នោត ដែល​មាន​សរុប​ប្រមាណ ៩៣៥០០។

ផ្សាយពាណិជ្ជកម្ម

ការបោះឆ្នោត​នៅ​ប្រទេស​ថៃ ស្ថិតនៅក្នុង​ភាពអាប់អួរ ជ្រួលច្របល់ មិន​អាច​រកពាក្យ​អ្វី​មក​រៀបរាប់​បានទេ។ នៅក្នុង​កាលៈទេសៈ​ដែល​ការបោះឆ្នោត​រៀបចំ​យ៉ាង​ប្រថុចញ៉ុច យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ត្រូវ​ធ្វើ​ឡើង​ដោយ​មិនពេញលេញ។ ក្រុមប្រឆាំង​បាន​ទាំង​រារាំង​មិន​ឲ្យ​គេ​​ចុះ​ឈរឈ្មោះ ជា​បេក្ខជន​តំណាងរាស្រ្ត។ នៅថ្ងៃ​នេះទៀត ក្រុមប្រឆាំង ដែល​គំាទ្រ​ដោយ​បក្ស​ប្រជាធិបតេយ្យ​របស់​អតីត​លោក​នាយករដ្ឋមន្រ្តី​អាប់ភីស៊ីត​បាន​ប្រមូលផ្តុំ​គ្នា រុំព័ទ្ធ រារាំង​មិន​ឲ្យ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត អាច​ចេញ​ទៅ​ចែកចាយ​សន្លឹកឆ្នោត និង​ហិបឆ្នោត ទៅដល់​ការិយាល័យ​បោះឆ្នោត នៅ​បណ្តា​ខេត្ត​ភាគខាងត្បួង។

 
មន្រ្តី​បោះឆ្នោត​មួយរូប​បានវាយតម្លៃថា ដោយសារ​តែ​ការរារាំង​របស់​ក្រុមប្រឆាំង ការិយាល័យ​បោះឆ្នោត ប្រមាណ​១០​ភាគរយ​នៃ​ការិយាល័យ​សរុប​នឹង​ត្រូវ​បិទទ្វារ​តែម្តង នៅថ្ងៃ​អាទិត្យ​ស្អែកនេះ។ នៅតាម​តំបន់​ខ្លះទៀត មានការលើកឡើង​ពីកង្វះ​មន្រ្តី​គ្រប់គ្រង​ការិយាល័យ​បោះឆ្នោត ដែល​ធ្វើ​ឲ្យ​គេ​បារម្ភថា ដំណើរការ​បោះឆ្នោត​នឹង​មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹមត្រូវ និង​មាន​សុពលភាព។

មេដឹកនាំ​បក្ស​ប្រជាធិបត្យ លោក​អាប់ភីស៊ីត អតីត​នាយករដ្ឋមន្រ្តី​ថៃ បាន​ថ្លែង​បញ្ជាក់​រួចហើយថា បក្ស​ប្រឆាំង​នឹង​មិន​ទៅចូលរួម​ក្នុង​ការបោះឆ្នោត នៅថ្ងៃ​ស្អែក។ ការបោះឆ្នោត ដែល​ប្រធានបក្ស​ប្រឆាំង​អះអាងថា នឹង​មិន​អាច​បញ្ចប់​វិបត្តិ​នៅ​ប្រទេស​ថៃ។

ប៉ុន្តែ យ៉ាងណាក៏ដោយ បើទោះបី ជា​បក្ស​ប្រឆាំង​ធ្វើ​ពហិការ​នោះ ការបោះឆ្នោត​នឹង​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ។ ពោល​គឺ​ប្រជាជន​ត្រូវ​គេ​អញ្ជើញ​ឲ្យ​ទៅ​សំដែង​មតិ​របស់​ខ្លួន តាមរយៈ​សន្លឹកឆ្នោត។ ប៉ុន្តែ អ្វីដែល​គេ​បារម្ភ គឺ គេ​ខ្លាច​ថា អំពើហិង្សា នឹង​អាច​កើតមាន​ដូច កាលពី​ការបោះឆ្នោត កាលពី​ចុង​ខែ​ធ្នូ។ ការរារាំង​របស់​ក្រុមប្រឆាំង​រហូត​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា នឹង​អាច​ធ្វើ​ឲ្យ​គេ​បិទ​ការិយាល័យ​បោះឆ្នោត នៅថ្ងៃអាទិត្យ។ បិទ​ការិយាល័យ​បោះឆ្នោត នឹង​ធ្វើ​ឲ្យ​​បាត់​ជំនឿ​ទុកចិត្ត​លើ​លទ្ធផល​បោះឆ្នោត ព្រោះ​ថា គេ​មិន​ដឹងថា តើ​វា​សំដែង​មតិ​ចង់បាន ប៉ុន្មាន​ភាគរយ​របស់​ប្រជាជន។ ចង់ ឬ​មិន​ចង់ លទ្ធផល​បោះឆ្នោត នឹង​មិន​អាចគេ​យក​ទៅប្រើការបាន ជាពិសេស ដើម្បី​បិទ​បញ្ចប់​វិបត្តិ​នយោបាយ​ថៃ។ ត្រូវដឹងថា ខ្វះការចូលរួម​ពី​ក្រុម​ប្រជាធិបតេយ្យ ដែល​ជាបក្ស​ប្រឆាំង​ធំ និង​សំខាន់ ហើយ​និង​ខ្វះ​បេក្ខជន​តំណាងរាស្រ្ត​ថ្មីនោះ នឹង​អាច​ធ្វើ​សភា​ថ្មី គ្មាន​សមាជិក​គ្រប់គ្រាន់ ដើម្បី​អាច​ប្រកាស​បង្កើត​រដ្ឋាភិបាល។ ហើយ​ការបោះឆ្នោត​មួយ​ទៀត ដើម្បី​រើស​បន្ថែម​តំណាងរាស្រ្ត ដើម្បី​មក​បង្រ្គប់​សភា គឺមាន​តែ​ពន្យារ បន្ត​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​តែប៉ុណ្ណោះ។

ក្នុង​រដ្ឋប្រជាធិបតេយ្យ គ្មានជម្រើសអ្វី ក្រៅពីការបោះឆ្នោត
ការបោះឆ្នោត​ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី ជា​រឿង​មួយ​ដែល​គេ​ត្រូវ​តែធ្វើ នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ។ នៅ​ប្រទេស​ថៃ រដ្ឋាភិបាល ដែល​រងភ្លើង​រិះគន់​ពី​ក្រុមបាតុករ បាន​សម្រេច​រំលាយ​សភា និង​រៀបចំ​ការបោះឆ្នោត​ថ្មី។ ទីមួយ​បក្ស​កាន់អំណាច គឺ​បក្ស​ភឿថៃ ដែល​តែងតែ​ឈ្នះ​រាល់ការបោះឆ្នោត តាំងពី​ឆ្នាំ ២០០១​ដឹងថា ខ្លួន​នឹង​ឈ្នះ​ឆ្នោត ជាថ្មី គ្មាន​បញ្ហា​នោះទេ។ មួយវិញទៀត តាម​បក្ស​កាន់អំណាច ក្រៅតែ​ការបោះឆ្នោត គេ​មើល​មិន​ឃើញ​មាន​ជម្រើស​អ្វីផ្សេង ដើម្បី​បញ្ចប់​វិបត្តិ​លើក​នេះ​ឡើយ។

បើ​មើលជំហរ​របស់​បក្ស​ប្រឆាំង​បច្ចុប្បន្ន វិបត្តិ​នយោបាយ​ថៃ​នឹង​មិន​អាច​ដោះស្រាយ​បញ្ចប់ ដោយសារ​ការបោះឆ្នោត​នេះ ទេ ព្រោះ​បក្ស​ប្រឆាំង​ដឹងច្បាស់ថា គឺ​បក្ស​កាន់អំណាច​ដែល​នឹង​ឈ្នះជាថ្មី។ បក្ស​ប្រជាធិបតេយ្យ​ដែល​មាន​អាយុ​ជាង​២០​ឆ្នាំ និង​ដែល​គាំទ្រ​ដោយ​ប្រជាជន​ទីក្រុង និង​ក្រុមបញ្ញាវន្ត ដឹងថា ខ្លួន​នឹង​ចាញ់ប្រៀប​នៅក្នុង​ការបោះឆ្នោត។ មេដឹកនាំ​ក្រុមប្រឆាំង​ដែល​មក​ពីគណបក្ស​ប្រជាធិបតេយ្យ គឺ​លោក​ស៊ូថេប ប្រឆាំង​នឹង​ការបោះឆ្នោត និង​បាន​ទាមទារ​ឲ្យ​នាយករដ្ឋមន្រ្តី​ចុះចេញ​ពី​តំណែង និង​បង្កើត​ក្រុមប្រឹក្សា​ប្រជាជន​ដែល​នឹង​ដើរតួ​ជំនួស​សភា និង​មាន​ភារកិច្ច​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​មួយ។ ដំណោះស្រាយ​របស់​បក្ស​ប្រឆាំង​ជា​រឿង​មិន​អាច​ធ្វើ​ទៅបាន នៅក្នុង​ប្រទេស​មួយ​ដែល​អះអាង​ប្រកាន់​របប​ប្រជាធិបតេយ្យ​ដូចជា​ថៃ។ គណបក្ស​ភឿថៃ​មិន​ព្រម​ដោយ​អះអាង​ថា វា​មិន​ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ។ ការស្ទង់មតិ​ចុងក្រោយ​បាន​បង្ហាញថា ប្រជាជន ថៃ​ជាច្រើន​ចង់សំដែង​មតិ សិទ្ធិ​របស់​គេ​តាមរយៈ​​ការបោះឆ្នោត។

ដោយសារ​តែ​ពហិការ និង​រារាំង​ដំណើរការបោះឆ្នោត គណបក្ស​ប្រជាធិបតេយ្យ និង​ក្រុមប្រឆាំង​បាន​ទទួលរង​ការរិះគន់ខ្លាំង ពីសំណាក់​ក្រុមអង្គការសង្គមស៊ីវិល និង​ក្រុម​ប្រជាជន​ថៃ។ គេ​បាន​រិះគន់​បក្ស​ប្រឆាំង​ថា មិន​ហ៊ាន​ដើរនយោបាយ​ប្រឈមមុខ​នឹង​រដ្ឋាភិបាល​តាម​ផ្លូវច្បាប់ គឺ​តាមផ្លូវ​បោះឆ្នោត គឺ​គ្មាន​សមត្ថភាព​ដើម្បី​ប្រមូល​សំឡេង​គាំទ្រ ដើម្បី​អាច​ឈ្នះឆ្នោត​បាន។ តាមអ្នកជំនាញ បក្ស​ប្រជាធិបតេយ្យ​ថៃ​កំពុង​ធ្វើ​កំហុស​មួយ​ដ៏​ធ្ងន់ធ្ងរ ដោយសារ​តែ​ការលាលែង​ជា​ក្រុម​របស់​សមាជិក​សភា​មក​ពីក្រុមប្រឆាំង និង​សម្រេច​មិន​ចូលរួម​នៅក្នុង​ការបោះឆ្នោត​នៅថ្ងៃ​ស្អែកនេះ។ ម្យ៉ាងទៀត តាមច្បាប់ បើសិន​ជា​បក្ស​ប្រឆាំង ពហិការ មិន​ចូលរួម​បោះឆ្នោត នោះពួកគេ​នឹង​អាច​បាត់បង់​សិទ្ធិ​ដើម្បី​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការបោះឆ្នោត​លើកក្រោយ។ បក្ស​ប្រជាធិបតេយ្យ​កំពុង​លេងល្បែង​គ្រោះថ្នាក់។ ប៉ុន្តែ យ៉ាងណាក៏ដោយ វា​មិនមែន​ជា​លើកទីមួយ​ទេ ដែល​បក្ស​ប្រជាធិបតេយ្យ​ដែល​គាំទ្រ​ដោយ​រាជវង្សថៃ ធ្វើ​ពហិការ​មិន​ចូលរួម​នៅក្នុង​ការបោះឆ្នោត។ កាល​ពី​ឆ្នាំ ២០០៦​បក្ស​នេះ​បាន​ធ្វើ​ពហិការ​ម្តងហើយ រហូត​ធ្វើ​ឲ្យ​រដ្ឋាភិបាល របស់​លោក​ថាក់ស៊ីន ដែល​ចេញពីការ​បោះឆ្នោត​រង្គោះរង្គើ និង​ក្រោយមក​ត្រូវ​កងទ័ព​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញ​ពីអំណាច។ បក្ស​ប្រឆាំង​អាច​នឹង​ដើរ​តាម​សេណារីយ៉ូ​ដដែលនេះ គឺ​ធ្វើ​ឲ្យ​ប្រទេស​នៅ​បន្ត​ជួប​អស្ថិរភាព​ក្រោយ​ការបោះឆ្នោត រហូត​ដល់​ជំរុញ​កងទ័ព ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល។ ប៉ុន្តែ រហូត​មកដល់​ពេលនេះ កងទ័ពថៃ អះអាងថា នឹង​មិន​លូកដៃ​ក្នុង​វិបត្តិ​នយោបាយ​ថៃ គឺ​ដូចជាគ្មាន​រដ្ឋប្រហារ​យ៉ាង​ដូច្នេះ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI