ជំនួបជាលើកដំបូង និងជាប្រវត្តិសាស្រ្តរបស់មន្រ្តីជាន់ខ្ពស់តៃវ៉ាន់ និងមន្រ្តីចិន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៣១
កាលពីរសៀលថ្ងៃអង្គារទី ១១កុម្ភៈ លោកវ៉ាង យូជី មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលតៃវ៉ាន់ទទួលបន្ទុកទំនាក់ទំនងជាមួយចិនបានជួបពិភាក្សា ជាមួយប្រធានការិយាល័យចិន ទទួលបន្ទុកកិច្ចការតៃវ៉ាន់ នៅខេត្តណានជីង ក្នុងប្រទេសចិនដីគោក។ ទស្សនកិច្ចរយៈពេល៤ថ្ងៃរបស់មន្រ្តីតៃវ៉ាន់ ទៅតៃវ៉ាន់ ធ្វើឡើងជាលក្ខណៈប្រវត្តិសាស្រ្ត ចាប់តាំងពីសង្រ្គាមស៊ីវិលផ្ទុះឡើងនៅចិន នៅឆ្នាំ ១៩៤៩ រហូតឈានទៅដល់រត់ភៀសខ្លួនរបស់ក្រុមជាតិនិយម ដែលបានប្រកាសបង្កើតកោះតៃវ៉ាន់។ កោះតៃវ៉ាន់ដែលចិនទាមទារជាដីកោះរបស់ខ្លួន។
ចិន និងតៃវ៉ាន់មិនដែលមានទំនាក់ទំនងការទូតជាមួយគ្នា អស់ជាង៦០ឆ្នាំមកហើយ ពោលគឺតាំងពីមានសង្រ្គាមស៊ីវិលនៅចិន នៅឆ្នាំ ១៩៤៩ នៅពេលក្រុមអ្នកជាតិនិយម ប្រយុទ្ធចាញ់ក្រុមម៉ៅនិយម។ កាលណោះ ប្រជាជនចិនប្រមាណ ២លាននាក់ ដែលស្មោះស្ម័គ្រនឹងមេដឹកនាំជាតិនិយមចាង កាយជៀក បានរត់ទៅតាំងទី កោះតៃវ៉ាន់ និងប្រកាសខ្លួនជាសាធារណរដ្ឋចិន។ គឺតាំងពីពេលនោះមក ដែលប្រជាជនចិនទាំងពីរ ដែលម្ខាងៗទាមទារធ្វើជាម្ចាស់ប្រទេសចិន ប្រឈមមុខដាក់គ្នា។ ប្រទេសចិនដីគោកវិញ នៅតែចាត់ទុក តៃវ៉ាន់ ថា ជាកោះនៃក្រុមឧទ្ទាម និងអះអាងដណ្តើមយកគ្រប់គ្រងវិញ នៅថ្ងៃណាមួយ នោះបើទោះបីជាប្រើកម្លាំងយោធាក៏ដោយ។
កន្លងមក ចិន និងតៃវ៉ាន់ធ្លាប់តែជួបគ្នាក្នុងក្របខ័ណ្ឌការចរចាដោះដូរពាណិជ្ជកម្ម ដែលធ្វើឡើង ដោយក្រុមអ្នកជំនួញ ប៉ុន្តែ ជំនួបតៃវ៉ាន់ និងចិន នៅថ្នាក់មន្រ្តីរដ្ឋាភិបាល មិនដែលធ្លាប់មានទេ ពីមុនមក។ ជំនួបនៅថ្ងៃនេះ មិនបានស្តែងពីភាពតានតឹងរវាងចិន និងតៃវ៉ាន់ទេ។ គេបានចាត់ទុកជំនួបលើកនេះ ថា ពិសេស និងមានលក្ខណៈជាប្រវត្តិសាស្រ្ត ព្រោះថា សូម្បីកន្លែងដែលត្រូវជួបពិភាក្សាគ្នារវាងមន្រ្តីចិន និងតៃវ៉ាន់ ក៏ធ្វើនៅកន្លែងជានិមិត្តរូបដែរ គឺធ្វើឡើងនៅខេត្តណានជីង។ គួររំលឹកបន្តិចថា គឺខេត្តណានជីងនេះហើយ ដែលក្រុមអ្នកជាតិនិយមរបស់លោកចាង កាយជៀកធ្លាប់បានជ្រើសរើសយកធ្វើជារដ្ឋធានី នៅមុនពេលចាញ់ការប្រយុទ្ធជាមួយក្រុមម៉ៅនិយម។
ចំណែក នៅក្នុងបន្ទប់ដែលមន្រ្តីរបស់ភាគីទាំងពីរជួប ក៏តុបតែងឡើងដោយអព្យាក្រឹតបំផុត គឺគ្មានការដាក់តាំងទង់ជាតិរបស់ប្រទេសនៃភាគីជំនួប ហើយ ក៏មានការតាំងបង្ហាញឈ្មោះ និងតួនាទីរបស់ភាគីម្ខាងៗ ដែរ។ គេអាចចង់បង្ហាញថា វាជាជំនួបនៃប្រជាជនចិន ដោយមិនមិនចាំបាច់បញ្ជាក់ថា ចិន ឬតៃវ៉ាន់ ព្រោះថា បញ្ហាទឹកដីចិន តៃវ៉ាន់ នៅតែ ជារឿងរសើបនៅឡើយ ហើយហើយភាគីទាំងពីរនៅមិនទាន់រកដំណោះស្រាយបាននៅឡើយ ដោយដូចលើកខាងដើម គឺភាគីចិននៅតែប្រកាសនយោបាយចិនតែមួយ និងជាម្ចាស់កោះតៃវ៉ាន់។
នៅក្នុងទស្សនកិច្ច នៅក្នុងប្រទេសចិន លោកវ៉ាង ជុងជី បានតឹ្រមតែបញ្ជាក់ថា គោលដៅនៃបេសកកម្មរបស់លោកគឺធ្វើឲ្យប្រសើរឡើងនៃទំនាក់ទំនងរវាងភាគីទាំងពីរ។ មន្រ្តីជាន់ខ្ពស់តៃវ៉ាន់និយាយថា គេអាចលើកយកបញ្ហាសេរីភាពសារព័ត៌មានជាមួយភាគីចិន។ បញ្ហាពាណិជ្ជកម្ម និងការធានាសន្តិសុខក៏អាចស្ថិតនៅ ក្នុងរបៀបវារៈនៃជំនួបតៃវ៉ាន់ ចិននៅថ្ងៃនេះដែរ។ តៃវ៉ាន់ត្រូវនិយាយផងដែរជាមួយភាគីចិន ពីការបង្កើតការិយាល័យទំនាក់ទំនងនៅក្នុងទឹកដីទាំងពីរ ការបង្កើតយន្តការសម្របសម្រួលសេដ្ឋកិច្ចតំបន់ និងការទទួលបានសេវាសុខភាពរបស់និស្សិតតៃវ៉ាន់ នៅចិនដីគោក។ ចំណែកចិនវិញ ចង់ជំរុញឲ្យតៃវ៉ាន់ប្រញាប់ធ្វើឲ្យចេញ ច្បាប់ដោះដូរសេរី ដែលពេលនេះ នៅជាប់គាំងនៅសភានៅឡើយ។ យ៉ាងណាក៏ដោយ ភាគីតៃវ៉ាន់អះអាងហើយថា នឹងគ្មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយទេ នៅក្នុងជំនួបលើកនេះ។
តៃវ៉ាន់ចង់បន្តនយោបាយត្រជាក់ ដើម្បីប្រយោជន៍សេដ្ឋកិច្ច នៅពេលចិនចង់បានតៃវ៉ាន់មកគ្រប់គ្រងវិញ
ជំនួបលើកនេះ មានលក្ខណៈជាជំនួបនយោបាយការទូត ដើម្បីរក្សាទំនាក់ទំនងរលូនរវាងចិន និងកោះតៃវ៉ាន់ ដែលទើបតាមពិតទៅ ទើបតែមាន ចាប់តាំងពីពេលលោកម៉ា យីងចូវ ជាប់ឆ្នោត ចូលធ្វើជាប្រធានាធិបតីតៃវ៉ាន់ នៅឆ្នាំ ២០០៨។ គឺលោកម៉ា ដែលបានជំរុញឲ្យមានការចុះកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មជាលើកទីមួយ ជាមួយចិនដីគោក នៅឆ្នាំ ២០១០ ពោលគឺ១០ក្រោយតៃវ៉ាន់ ចាប់ផ្តើមងាករកនិយាយគ្នានេះវិញ។ លោកប្រធានាធិបតីម៉ា ត្រូវបានគេមើលឃើញថា មានជំហរចង់ទៅរកចងភ្ជាប់និស្ស័យជាមួយចិន។ ចាប់តាំងពីលោកបានជាប់ឆ្នោតបន្តធ្វើជាប្រធានាធិបតី តៃវ៉ាន់ ជាថ្មី កាលពីឆ្នាំ ២០១២កន្លងទៅ លោកបានជំរុញខ្លាំងឲ្យសភាបោះឆ្នោតលើកិច្ចព្រមព្រៀងដោះដូរសេរី ជាមួយប្រទេសចិន។
►សូមអាន៖ចិននិងកោះតៃវ៉ាន់នឹងឈានទៅធ្វើសន្ធិសញ្ញាសន្តិភាពជាមួយគ្នា?
លោកម៉ា យីងចូវ ជាប្រធានាធិបតីដែលផ្តោតសំខាន់លើទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិនដីគោក និងព្យាយាមបញ្ជៀសសំណុំរឿងនយោបាយទឹកដី។ ធ្វើដូច្នេះ ព្រោះលោកបានមើលឃើញពីសារៈប្រយោជន៍នៃទំហំដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលមានតម្លៃ ប្រមាណ ១១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចតៃវ៉ាន់ បានជួបការរីកចម្រើន ចាប់តាំងពីចិន និងតៃវ៉ាន់បានចុះកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្ម និងការបើកជើងហោះហើរដោយផ្ទាល់រវាងតៃប៉ិ និងប្រទេសចិន។ អ្នកទេសចរណ៍ចិនទៅតៃវ៉ាន់បាននាំប្រាក់ចំណេញដល់រដ្ឋាភិបាលតៃវ៉ាន់ ប្រមាណ១ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ ចំណែកការនាំចេញរបស់តៃវ៉ាន់ទៅចិនមានតម្លៃ១៤ពាន់លានដុល្លារ ក្នុងពេលដែលទំនិញចិននាំចូលមកតៃវ៉ាន់មានតម្លៃតែ៣ពាន់លានដុល្លារតែប៉ុណ្ណោះ។
អ្នកនយោបាយជាតិនិយម និងក្រុមអ្នកជំនួញតៃវ៉ាន់ជាច្រើនបារម្ភថា ចិនកំពុងប្រើនយោបាយសេដ្ឋកិច្ចដើម្បីបញ្រ្ជាបវត្តមានរបស់ខ្លួន បន្តិចម្តងៗ នៅតៃវ៉ាន់។
នៅពេលទំហំពាណិជ្ជកម្ម រវាងចិន និងតៃវ៉ាន់ ទេរផ្តល់ប្រយោជន៍ទៅឲ្យតៃវ៉ាន់ ប្រជាជនតៃវ៉ាន់គួរតែសប្បាយចិត្ត។ ប៉ុន្តែ សម្រាប់អ្នកជាតិនិយម តៃវ៉ាន់នោះគ្រាន់តែអន្ទាក់របស់ចិនទេ។ លោកអតីតនាយករដ្ឋមន្រ្តីចិន លោកវេន ជាប៉ាវធ្លាប់បាននិយាយថា ចិនអាចខាតបង់ ហើយវាមិនមែនជារឿងធ្ងន់ធ្ងរ ព្រោះថា ប្រជាជនតៃវ៉ាន់ ជាជនរួមជាតិ ជាបងប្អូនរបស់ប្រជាជនចិន។ គ្រប់ថ្នាក់ដឹកនាំរបស់ចិនសុទ្ធតែបានបញ្ជាក់ពីការចង់បានការបង្រួបបង្រួមចិនតែមួយ។
លោកប្រធានាធិបតីចិនបច្ចុប្បន្នក៏បានប្តេជ្ញាចង់ដោះស្រាយបញ្ហាទឹកដីជាមួយកោះតៃវ៉ាន់ ឲ្យបានចប់រួចរាល់ នៅក្នុងអាណត្តិរបស់លោក។ នៅក្នុងជំនួបជាមួយអនុប្រធានាធិបតី តៃវ៉ាន់ ដែលទៅចូលរួម ក្នុងនាមជាមេដឹកនាំក្រុមជំនួញ នៅក្នុងវេទិការសេដ្ឋកិច្ចអាស៊ី នៅឥណ្ឌូណេស៊ី កាលពីឆ្នាំមុន លោកស៊ី ជីនពីងធ្លាប់បានបញ្ជាក់ថា ចិនបានត្រៀមខ្លួន រួចហើយ ដើម្បីពិភាក្សានយោបាយ ដើម្បីបង្ខិតទំនាក់ទំនងជាមួយតៃវ៉ាន់។ តាមនយោបាយរបស់ក្រុងប៉េកាំង គេអាចស្នើនយោបាយទៅកោះតៃវ៉ាន់ដូចគេបានធ្វើទៅលើកោះហុងកុង ពោលគឺ ប្រទេសតែមួយ តែដឹកនាំដោយប្រព័ន្ធនយោបាយពីរផ្សេងគ្នា។
មួយវិញទៀត ប្រជាជនតៃវ៉ាន់ខ្លាចថា ដោយសារតែកិច្ចព្រមព្រៀងដោះដូរសេរី រវាងតៃវ៉ាន់ និងចិន នឹងធ្វើសេដ្ឋកិច្ចតៃវ៉ាន់ កាន់តែពឹងផ្អែកកាន់តែខ្លាំងលើសេដ្ឋកិច្ចចិន។ សាមញ្ញទេ នៅពេលទំនិញចិនហូរចូលទៅតៃវ៉ាន់ លុយចិនប្រាកដជាក៏នឹងមានវត្តមាននៅកោះតៃវ៉ាន់។ ប្រជាជនចិនអាចទៅវិនិយោគយ៉ាងសេរីនៅតៃវ៉ាន់។ ដូច្នេះ មិនយូរមិនឆាប់ ចិននឹងក្តោបក្តាប់ទាំងសេដ្ឋកិច្ច និងនយោបាយរបស់តៃវ៉ាន់។ អ្នកវិភាគខ្លះវាយតម្លៃថា ក្នុងរយៈពេល ៥០ឆ្នាំទៅមុខ តៃវ៉ាន់នឹងអាចក្លាយជាខេត្តមួយដោយមិនដឹងខ្លួនរបស់ចិន។ ម្យ៉ាងទៀត តៃវ៉ាន់ បើទោះបីជាមានការសន្យាជួយគាំទ្រពីអាមេរិក ក៏បារម្ភណាស់ដែរ នៅពេលឃើញចិនបង្កើន និងពង្រឹងសព្វាវុធមិនឈប់ឈរ។ គេបារម្ភកាន់តែខ្លាំងថា ដោយប្រើកម្លាំងបាយ ចិនអាចវាយដណ្តើមយកតៃវ៉ាន់ មកធ្វើជាទឹកដីរបស់ខ្លួន នៅមុនឆ្នាំ ២០២០៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ