ចិនបដិសេធមិនជាប់ពាក់ព័ន្ធក្នុងរឿងរំលោភសិទ្ធិមនុស្ស នៅកូរ៉េខាងជើង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារទី ១៨ កុម្ភៈបានរុញច្រានចោលការចោទប្រកាន់ របស់គណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ ដែលថា ចិនអាចរួមផ្សំគំនិតនៅក្នុងសកម្មភាពរំលោភសិទ្ធិមនុស្សដែលរៀបចំឡើងដោយរបបកុម្មុយនិស្តកូរ៉េខាងជើង។ ប្រតិកម្មចេញពីក្រសួងការបរទេសចិន ធ្វើឡើង នៅមួយថ្ងៃក្រោយគណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិចេញរបាយការណ៍ដែលបង្ហាញពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ នៅកូរ៉េខាងជើង។
នៅក្នុងរបាយការណ៍ដែលចេញផ្សាយ កាលពីថ្ងៃចន្ទ និងដែលមិនធ្លាប់មានសរសេរពីមុនពីករណីរំលោភសិទ្ធិមនុស្ស នៅកូរ៉េខាងជើង គណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានលើកឡើងថា មន្រ្តីចិនអាចចូលរួមផ្សំគំនិត រំលោភសិទ្ធិមនុស្ស ជាមួយទីក្រុងព្យុងយ៉ាង តាមរយៈការចាប់បញ្ជូន ប្រគល់ជនភៀសខ្លួនទៅឲ្យអាជ្ញាធរកូរ៉េខាងជើង។
របាយការណ៍ចេញផ្សាយ កាលពីថ្ងៃចន្ទបានទាញសន្និដ្ឋានថា ពិតជាមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងក្នុងទ្រង់ទ្រាយធំ នៅកូរ៉េខាងជើង។ គណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិថែមទាំងបានលើកឡើងយ៉ាងលម្អិតពីករណីកាត់ទោសប្រហារជីវិតជាសាធារណៈ ការបាត់ខ្លួនដោយបង្ខំ ទាសភាព ការធ្វើទារុណកម្ម និងការរំលោភផ្លូវភេទ។
អ្នកសរសេររបាយការណ៍បានលើកឡើងផងដែរពីកង្វល់របស់ពួកគេចំពោះការចូលរួមរបស់អាជ្ញាធរចិន តាមរយៈគោលនយោបាយចាប់បញ្ជូនដោយបង្ខំ ពលរដ្ឋកូរ៉េខាងជើង ដែលបានរត់ភៀសខ្លួន មកលួចជ្រកកោន នៅក្នុងទឹកដីចិន។ តាមរបាយការណ៍ អាជ្ញាធរចិនបានផ្តល់ព័ត៌មានច្បាស់ៗពីជនភៀសខ្លួនកូរ៉េខាងជើង ទៅឲ្យអាជ្ញាធរក្រុងព្យុងយ៉ាង។ ដោយលើកឡើងពីកង្វល់ខាងលើនេះ គណៈកម្មការស៊ើបអង្កេតចង់រំលឹកដល់អ្នកទទួលខុសត្រូវចិន ពីទោសឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ប្រសិនបើគេបន្តបញ្ជូនប្រជាជនកូរ៉េខាងជើងឲ្យត្រលប់ចូលប្រទេសវិញ។
សេចក្តីសន្និដ្ឋានរបស់គណៈកម្មការស៊ើបអង្កេតត្រូវបានក្រសួងការបរទេសចិនរុញច្រានចោលទាំងស្រុង ដោយបញ្ជាក់ថា ប្រទេសចិនមានជំហរច្បាស់លាស់ទៅលើក្រុមជនរត់ចោលប្រទេសកូរ៉េខាងជើង។ ដោយប្រើពាក្យ ជនរត់ចោលប្រទេស សម្រាប់សំដៅជនភៀសខ្លួនកូរ៉េខាងជើងអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន បានអះអាងថា នៅក្នុងនយោបាយចាប់បញ្ជូនប្រជាជនកូរ៉េខាងជើង ចិនបានចាត់វិធានការណ៍យ៉ាងត្រឹមត្រូវ ដោយគោរពទៅតាមច្បាប់អន្តរជាតិ និងគោលការណ៍មនុស្សធម៌។
សូមបញ្ជាក់ថា នៅក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិ គេបានសរសេរដកស្រង់ផងដែរសំដីរបស់អាជ្ញាធរចិនដែលបានបញ្ជាក់ថា ប្រជាជនកូរ៉េខាងជើងបានរត់មកជ្រកកោនក្នុងទឹកដីចិន ដោយហេតុផលសេដ្ឋកិច្ច ដូច្នេះ ចិនមិនចាត់ទុកពួកគេជាជនភៀសខ្លួន។ ប៉ុន្តែ នៅក្នុងរបាយការណ៍ ចេញផ្សាយកាលពីថ្ងៃចន្ទ ប្រជាជនកូរ៉េខាងជើងដែលរត់មកជ្រកកោននៅចិន ភាគច្រើន រត់គេចចេញ ពីអំពើហិង្សា ពីការគាបសង្កត់ធ្វើបាបរបស់អាជ្ញាធរកូរ៉េខាងជើង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ