ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកស្រី​យីងឡាក់​ត្រូវ​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ថៃ​ចោទ​ប្រកាន់​​ពី​បទ​ធ្វេសប្រហែស

សំឡេង ០៧:៤២
ប៉ូលិស​ជួយ​គ្នីគ្នា​របស់គេ​ដែល​រងរបួស​នៅក្នុង​ការផ្ទុះគ្រាប់បែក នៅបើក​ការបង្រ្កាប​បំបែក​ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល នៅថ្ងៃ​ទី ១៨ កុម្ភៈ
ប៉ូលិស​ជួយ​គ្នីគ្នា​របស់គេ​ដែល​រងរបួស​នៅក្នុង​ការផ្ទុះគ្រាប់បែក នៅបើក​ការបង្រ្កាប​បំបែក​ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល នៅថ្ងៃ​ទី ១៨ កុម្ភៈ ©REUTERS/Athit Perawongmetha

នៅក្រុង​បាងកក អំពើហិង្សា​បង្ហូរឈាម រវាង​ប៉ូលិស និង​ក្រុមបាតុករ នៅ​ថ្ងៃ​អង្គារ​ទី ១៨ កុម្ភៈ ​បាន​សម្លាប់​មនុស្ស​បួន​នាក់ ក្នុង​នោះ​មានម្នាក់​ជា​ប៉ូលិស។ តាម​អាជ្ញាធរ​ថៃ មាន​មនុស្ស​ជាង​៦០​នាក់​រងរបួស ចំណែក​មនុស្ស​ជាង​មួយ​រយនាក់​ត្រូវ​បាន​ចាប់ខ្លួន នៅក្នុង​ប្រតិបត្តិការ​បង្រ្កាប​របស់​ប៉ូលិស។ នេះ​ជា​លើកទីមួយ ដែល​រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់​ប្រើ​កម្លាំង​បាយ ដើម្បី​បំបែក​ក្រុមបាតុករ ដែល​បាន​ធ្វើ​បាតុកម្ម​អស់​បីខែ​មកហើយដើម្បី​ទាមទារ​ឲ្យ​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត​ចុះចេញពីតំណែង។ គណៈកម្មការ​​ប្រឆាំង​អំពើ​ពុករលួយ​បាន​ប្រកាស​ចោទប្រកាន់​លោកស្រី​យីងឡាក់ ជាផ្លូវការ នៅថ្ងៃ​អង្គារនេះ និង​​កោះហៅ​លោកស្រី​យីងឡាក់ ទៅ​ស្តាប់​បទប្រកាន់ នៅថ្ងៃ​ទី ២៧​កុម្ភៈ​ខាងមុខ។

ផ្សាយពាណិជ្ជកម្ម

ចាប់​តាំង​ពី​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល កើតឡើង កាលពីខែ​វិច្ឆិកា រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់​បាន​ព្យាយាម​អត់ធ្មត់ មិនប្រើ​កម្លាំង​ប៉ូលិស ដើម្បី ជៀសវាង​ការប្រឈម​មុខ​​ហិង្សា ដាក់គ្នា ជាមួយ​បាតុករ។ ប៉ុន្តែ កាលពីថ្ងៃ​សុក្រ សប្តាហ៍មុន រដ្ឋាភិបាល​បាន​ប្តូរ​យុទ្ធសាស្រ្ត ដោយ​បាន​បញ្ជូន​ប៉ូលិស​ប្រឆាំង​កុប្បកម្ម​ឲ្យ​ទៅ​បំបែក​សំបុក​ក្រុមបាតុករ​ដែល​កាន់កាប់​វិមាន​រដ្ឋាភិបាល។ ប្រតិបត្តិការ​របស់​ប៉ូលិស កាលពីថ្ងៃ​សុក្រ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មិន​មាន​អំពើហិង្សា​អ្វីទេ។

 
ការបំបែក​របស់​អាជ្ញាធរ​មិន​បាន​ផ្តល់​លទ្ធផល​ផ្លែផ្កា ព្រោះ នៅភ្លាមៗ គឺ​នៅចុងសប្តាហ៍​មុន​នេះ ក្រុមបាតុករ​បាន​ត្រលប់​ចូល​ទៅលុកលុយ​វិមាន​រដ្ឋាភិបាល រដ្ឋាភិបាល​ជាថ្មី។ នៅថ្ងៃ​អង្គារ​នេះ​ទៀត ក្រុមបាតុករ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រឆាំង ថែម​​ទាំង​បាន​ចាក់ជញ្ជាំង​ស៊ីម៉ង់ នៅមុខ​ទ្វាររបង​វិមាន​រដ្ឋាភិបាល។ បំណង​គឺរារាំង​មិន​ឲ្យ​រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់​អាច​ចូល​ធ្វើការ​បាន។ ចលនា​ប្រឆាំង​របស់​បាតុករ​ជាង​បីខែ នៅបាងកក បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់ ជាប់គាំង មិន​អាច​ធ្វើការ​ដឹកនាំ​ប្រទេស​បាន​ដោយស្រួល។ ទីតាំង​ស្ថាប័ន​សំខាន់ៗ​របស់​រដ្ឋ ត្រូវ​បាតុករ​ចូលកាន់កាប់ មិន​ឲ្យ​មន្រ្តី​រាជការ​ធ្វើការបាន។ រដ្ឋាភិបាល​របស់លោកស្រី ក៏មាន​អំណាច​មិនពេញលេញ ចាប់តាំង​ពីមាន​ការរំលាយ​សភា កាលពី​ខែ​ធ្នូ។

សូមអាន៖វិបត្តិ​នយោបាយ​ថៃ ៖ ការបោះឆ្នោត​មិនមែន​ជា​ការបញ្ចប់​បញ្ហា?

ការបោះឆ្នោត​ដើម្បី​បង្កើត​សភា​ថ្មី កាលពីថ្ងៃ​ទី ២​កុម្ភៈ ក៏​ត្រូវ​ក្រុមប្រឆាំង​រារាំង​មិន​ឲ្យ​យក​ទៅប្រើ​ជា​ការបាន។ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថៃ​បាន​ប្រកាស​ការបោះឆ្នោត នៅកន្លែង​ដែល​ក្រុមបាតុករ​រារាំង នៅខែ​មេសា ក្នុងពេល​រដ្ឋាភិបាល​ចាំផ្ទះ​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត នៅ​ខែ​កុម្ភៈ ដើម្បី អាច​បង្កើត​ចេញ​រដ្ឋាភិបាល​ឲ្យ​បាន​ឆាប់។

សកម្មភាព​ញុះញង់​របស់​ក្រុម​ប្រឆាំង និង​ស្ថានភាព​ទឹកដល់​ច្រមុះ​នេះហើយ ដែល​អាច​ធ្វើ​ឲ្យ​លោកស្រី​នាយក​រដ្ឋមន្រ្តីថៃ​ចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ​បើក​ប្រតិបត្តិការ​គាស់រំលើង​ទីតាំង​កាន់កាប់​របស់​ក្រុម​ប្រឆាំង នៅ​ថ្ងៃ​អង្គារនេះ នៅក្រោម​ឈ្មោះថា ប្រតិបត្តិការ​ដើម្បី​សន្តិភាព នៅ​ទីក្រុង​បាងកក។ ទិសដៅ​របស់​ប្រតិបត្តិការនេះ គឺ​ដើម្បី​ដោះលែង​ទីតាំង​ស្ថាប័ន​រដ្ឋ​សំខាន់ៗ ចេញពីការកាន់កាប់​ដោយ​ខុសច្បាប់​របស់​បាតុករ។

យោង​ទៅតាម​អាជ្ញាធរ​ថៃ អំពើហិង្សា​សម្លាប់មនុស្ស​បាន​កើតឡើង​ពីភាគី​បាតុករ​មុន ដែល​បាន​បាញ់គ្រាប់​កាំភ្លើង​ពិត ទៅលើ​ប៉ូលិស ដែល​បាន​បាញ់​គ្រាប់កាំភ្លើង​ជ័រ ទៅលើ​បាតុករ​ណា ដែល​មាន​លក្ខណៈជ្រុលនិយម​ជាងគេ។ តាមអ្នកយកព័ត៌មាន​នៅកន្លែង​កើតហេតុ គេលឺ​សំឡេង​គ្រាប់បែក​ផ្ទុះ​មួយ​គ្រាប់ និង​ក្រោយមក មាន​សេចក្តីរាយការណ៍​ថា ប៉ូលិស​ជាង​១៧​នាក់​រងរបួស និង​ក្រុមបាតុករ​ផ្សេងទៀត។ អាជ្ញាធរ​បាន​ប្រកាស​ផងដែរ នៅថ្ងៃ​អង្គារ​នេះថា បាន​បំបែក​ក្រុមបាតុករ នៅ​ក្រសួង​ថាមពល និង​ចាប់បាន​ជនសង្ស័យ រាប់រយ​នាក់ នៅក្នុង​ចំណោម​ក្រុមបាតុករ និង​រឹបអូស​បាន​អាវុធ និង​គ្រាប់បែក​ច្នៃ​ជាច្រើនគ្រាប់។

គណៈកម្មការប្រឆាំង​អំពើពុករលួយ៖​លោកស្រី​យីងឡាក់​ធ្វេសប្រហែល​ក្នុង​កម្មវិធី​ឧបត្ថម្ភ​ដល់​កសិករ

ព័ត៌មាន​ដែល​ថា លោកស្រី​នាយករដ្ឋមន្រ្តី​ថៃ រង​ការស៊ើបអង្កេត​របស់​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ បាន​លេចលឺ​តាំងពី​យូរមក​ហើយ។ គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ថៃ ជាស្ថាប័ន​ឯករាជ្យ ប៉ុន្តែ ត្រូវបាន​គេ​មើល​ឃើញ​ថា មាន​និន្នាការ​ទៅរក​ក្រុម​ប្រឆាំង គឺ​ក្រុម​ដែល​គាំទ្រ​ដោយ​ក្រុមបញ្ញវន្តថៃ និង​គ្រួសារ​រាជវង្ស។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ លោកស្រី​យីងឡាក់​ត្រូវ​ចោទប្រកាន់​ពីបទ​ធ្វេសប្រហែស នៅក្នុង​កម្មវិធី​ផ្តល់ជំនួយ​ឧបត្ថម្ភ​ដល់​ប្រជាកសិករ។ គណៈកម្មការ​បាន​បញ្ជាក់​លម្អិតថា គេ​បាន​រំលឹក​ជា​ញឹកញយ​ដល់​លោកស្រី​យីងឡាក់​ពី​ការកើនឡើង​នៃ​អំពើ​ពុករលួយ និង​ការខាតបង់​ថវិកា​ដោយសារ​តែ​កម្មវិធី​នយោបាយ​ស្រូវអង្ករ​របស់លោកស្រី ប៉ុន្តែ លោកស្រី​យីងឡាក់​មិន​បាន​អើពើ​នឹង​ការក្រើន​រំលឹកនេះ។

គួរបញ្ជាក់​ថា ការសន្យា​ប្រើ​នយោបាយ​ជួយ​កសិករ តាមរយៈ​រដ្ឋាភិបាល​ជួយ​ទិញ​អង្ករ​ពី​ប្រជាជន​ក្នុង​តម្លៃ​ថ្លៃ ជាង​៥០​ភាគរយ​នៃ​តម្លៃ​ទីផ្សារ បាន​ជួយ​ឲ្យ​លោកស្រី​យីងឡាក់ ប្អូន​របស់​លោក​ថាក់ស៊ីន​ឈ្នះឆ្នោត​ផ្តាច់មុខ កាលពី​ឆ្នាំ ២០១១។ ប៉ុន្តែ ពីរឆ្នាំក្រោយ នយោបាយ​ឧបត្ថម្ភ​កសិករ​ទទួលរងការរិះគន់​ពីគ្រប់​ទិសទី ដោយ​រួម​ទាំង​កសិករ​ថៃ​ផ្ទាល់​ផង​ដែល​ទើប​ចេញមុខ​ធ្វើបាតុកម្ម​ដែរ បន្ទាប់ពីគេ​មិន​បាន​ទទួលការបង់ប្រាក់​ទៅតាមការសន្យា​របស់​លោកស្រី យីងឡាក់។ រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់ បាន​ចោទប្រកាន់​ក្រុមបក្ស​ប្រឆាំង​ថា បាន​ធ្វើ​បាតុកម្ម រារាំង​មិន​ឲ្យ​មាន​ការបោះឆ្នោត បង្កើត​សភាថ្មី ដែល​ជា​ឧបសគ្គ ​មិន​អាច​ឲ្យ​រដ្ឋាភិបាល មាន​សិទ្ធិ​ ទៅខ្ចីលុយគេ​ដើម្បី​យក​ទៅ​សង​បន្ត ថ្លៃ​ស្រូវអង្ករ​របស់​ប្រជាកសិករ។

ក្រុម​ប្រឆាំង​បាន​ចោទ​រដ្ឋាភិបាលរបស់​លោកស្រី​យីងឡាក់ ដោយថា នយោបាយ​ទិញអង្ករ​ពីកសិករ​បាន​ជំរុញ​ឲ្យ​អំពើ​ពុករលួយ​មាន​កាន់តែច្រើន ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកា​រាប់ពាន់​លាន​ដុល្លារ និង​ធ្វើ​ឲ្យ​ប្រទេស​ថៃ​បាត់បង់​ឈ្មោះ​ជា​ប្រទេស​ទីមួយ នាំចេញ​អង្ករ​នៅក្នុង​ពិភពលោក។ លើសពីនោះទៀត អង្ករ​ដែល​រដ្ឋាភិបាល​បានទិញ​យក​មកស្តុក ដែល​មាន​ចំនួន ជាង​១៨​លាន​តោន ត្រូវ​ស្តុក​ទុកចោល ដោយ​មិន​មិនអាច​លក់​ចេញបាន ដោយសារ​តែ​តម្លៃ​ថ្លៃខ្ពស់ពេក។

គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​បាន​បញ្ជាក់ថា គេ​នឹង​កោះហៅ​លោកស្រី​យីងឡាក់ ទៅ​ស្តាប់បទប្រកាន់ នៅថ្ងៃ​ទី ២៧​កុម្ភៈ​ខាងមុខ។ ដំណើរការ​តាមច្បាប់នេះ​អាច​ធ្វើ​ឲ្យ​ព្រឹទ្ធសភា​ដក​លោកស្រី​យីងឡាក់​ចេញពី​តំណែង​នាយករដ្ឋមន្រ្តី គឺ​ដើម្បី​បើកផ្លូវ​ឲ្យ​មាន​ការចោទប្រកាន់​តាមផ្លូវ​តុលាការ។ ប៉ុន្តែ យ៉ាងណា​ក៏ដោយ មន្រ្តី​រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់​បាន​បញ្ជាក់​ហើយថា ការដក​តំណែង​​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាលទេ គឺ​មិនអាច​រារាំង មិន​ឲ្យ​រដ្ឋាភិបាល​គ្រប់គ្រង​ប្រទេស​នោះ​ទេ។

រឿង​ចោទប្រកាន់​នាយករដ្ឋមន្រ្តី​ទាក់ទង​នឹង​អំពើ​ពុករលួយ ធ្លាប់​បាន​កើត​ម្តងហើយ កាលពី​ឆ្នាំ ២០០៨។ ក្រោយ​ពី​គណបក្ស​អំណាច​ប្រជាជន​ដែលជាបក្សពួក​របស់​ថាក់ស៊ីន ឈ្នះឆ្នោត តុលាការ​ធម្មនុញ្ញ​ថៃ​បាន​ជំរុញ​ឲ្យ​នាយករដ្ឋមន្រ្តី​សាម៉ាក់ ស៊ុនដារ៉ាវេច ចុះចេញពី​តំណែង ដោយសារ​តែ​រឿង​ពុករលួយនេះដែរ។

លើកនេះ រដ្ឋាភិបាល​របស់​បក្ស​ភឿថៃ​អាច​រងគ្រោះ​ម្តងទៀត ដោយ​នយោបាយ​របស់​ក្រុមកាន់​អំណាចពិត​នៅថៃ ដូចជា​យោធា និង​តុលាការ​ថៃ ដែល​នៅឯករាជ្យ​ពី​អំណាច​រដ្ឋាភិបាល។ ក្រុមនេះ​តែងតែ​រករឿង​ទម្លាក់​រដ្ឋាភិបាល​មក​ពីក្រុម​លោកថាក់ស៊ីន នោះបើ​ទោះបី​ជា​រដ្ឋាភិបាល​តែងតែ​ចេញ​មកពីការបោះឆ្នោត​ទុកចិត្ត​របស់ប្រជាជន​ថៃក្តី ជាពិសេស គឺ​ប្រជាជន​កសិករ​នៅតាម​ជនបទ។ តាមបទពិសោធន៍​កន្លងមក រដ្ឋប្រហារ​តែង​កើតឡើង នៅពេល​រដ្ឋាភិបាល​បាត់បង់​ថ្នាក់ដឹកនាំ ឬ​នៅពេល​មាន​ចលនា​បន្ត​ប្រឆាំង​ខ្លាំង​នឹង​រដ្ឋាភិបាល។

បើទោះបី​ជា​យោធា​បដិសេធ​មិន​លូកដៃ​អន្តរាគមន៍ ប៉ុន្តែ ការទម្លាក់​នាយករដ្ឋមន្រ្តី ដោយសារ​អំពើ​ពុករលួយ និង​ការបន្ត​សកម្មភាពរបស់​បាតុករ ប្រឆាំង​នឹង​រដ្ឋាភិបាល អាច​ធ្វើ​ឲ្យ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​មួយ​កើតឡើង។ អាច​ជា​រដ្ឋប្រហារ​យោធា ឬ​រដ្ឋប្រហារ​តុលាការ ដូចដែល​ប្រទេស​ថៃ​បាន​ជួប​កាលពី​ឆ្នាំ ២០០៨។ វិបត្តិនយោបាយ​ថៃ ជៀសមិនផុត​ពី​រ៉ាំរ៉ៃ ស៊ីរូង​ផ្ទៃក្នុង​នៅក្នុង​ប្រទេស​ថៃ។ វិបត្ត​នយោបាយ​រ៉ាំរ៉ៃ​បាន​​ធ្វើ​ឲ្យ​ប្រជាជន និង​បក្ស​នយោបាយ​បាន​បាត់បង់​អស់​ជំនឿ​ទុកចិត្ត​លើ​គ្នា និង​បាត់ជំនឿ​លើ​លទ្ធិប្រជាធិបតេយ្យតទៅទៀត៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI