អាមេរិកពង្រីកដែនរុករកយន្តហោះម៉ាឡេស៊ីបាត់ខ្លួន ទៅក្នុងមហាសមុទ្រឥណ្ឌា
ចុះផ្សាយនៅថ្ងៃ៖
៧ថ្ងៃមកហើយ យន្តហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនម៉ាឡេស៊ី បានបាត់ខ្លួន គ្មានដំណឹង។ កាលពីថ្ងៃម្សិលមិញ អាជ្ញាធរម៉ាឡេស៊ីទើបបញ្ជាក់ថា វត្ថុក្នុងរូបភាពដែលផ្កាយរណបថត នោះ មិនមែនជាបំណែករបស់យន្តហោះប៊ូអ៊ីង៧៧៧ទេ។ នៅថ្ងៃនេះវិញ សេតវិមានបញ្ជាក់ថា ការរុករកបានពង្រីកចូលទៅដល់មហាសមុទ្រឥណ្ឌា បន្ទាប់ពី ដំណឹងចុងក្រោយបង្ហាញថា យន្តហោះរបស់ក្រុមហ៊ុនម៉ាឡេស៊ីបានហោះហើរបន្តរយៈពេល៤ម៉ោង បន្ទាប់ពីបាត់សញ្ញាពីរ៉ាដារបស់ម៉ាឡេស៊ី។ ដំណឹងបញ្ច្រាសទិសគ្នា នៅប៉ុន្មានថ្ងៃនេះ ស្តីពីការរកឃើញយន្តហោះ បានធ្វើឲ្យក្តីសង្ឃឹមមានកាន់តិចសម្រាប់ក្រុមគ្រួសាររបស់អ្នកធ្វើដំណើរ ដែលនៅជាប់ក្នុងយន្តហោះ
ដំណឹងស្តីពីការរុករកយន្តហោះម៉ាឡេស៊ីបាត់ខ្លួន នៅមហាសមុទ្រឥណ្ឌា ត្រូវបានសេតវិមានបញ្ជាក់ឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ អ្នកទទួលខុសត្រូវម្នាក់របស់កងទ័ពជើងទឹកអាមេរិក ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា នាវា មួយគ្រឿង និងយន្តហោះមួយគ្រឿងរបស់អាមេរិកបានចេញដំណើរ រួចហើយ ទៅកាន់មហាសមុទ្រឥណ្ឌា ជាទីដែលផ្កាយរណបរបស់ក្រុមហ៊ុនប៊ូអ៊ីងចាប់បានសញ្ញាចុងក្រោយរបស់យន្តហោះប៊ូអ៊ីង៧៧៧។
នៅប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានដកស្រង់សំដីរបស់មន្រ្តីជាន់ខ្ពស់អាមេរិកដែលថា យន្តហោះ ប៊ូអ៊ីងរបស់ក្រុមហ៊ុនម៉ាឡេស៊ី អ៊ែរឡាញ នៅបន្តហោះហើររយៈពេលជាច្រើនម៉ោងទៀត បន្ទាប់ពីបាត់ខ្លួនពីរ៉ាដា របស់រដ្ឋាភិបាលម៉ាឡេស៊ី។ តាមមន្រ្តីអាមេរិក ក្នុងពេលបាត់សញ្ញាពីរ៉ាដា ប្រព័ន្ធផ្តល់ព័ត៌មានជាស្វ័យប្រវត្តិរបស់យន្តហោះ បានព្យាយាមចាប់ ទាក់ទង ទៅផ្កាយរណបដែលនៅក្បែរខ្លួន។
តាមទីភ្នាក់ងារព័ត៌មានអាមេរិក AP សញ្ញាចេញពីយន្តហោះម៉ាឡេស៊ីបាត់ខ្លួន ត្រូវបានក្រុមហ៊ុនប៊ូអ៊ីងថតទុកបាន។ ក្រុមហ៊ុនប៊ូអ៊ីងតែងតែប្រើប្រាស់កម្មវិធីផ្កាយរណប របស់ខ្លួន ដើម្បីតាមដានថតទុកទិន្នន័យស្តីពីដំណើរការល្អរបស់យន្តហោះក្នុងពេលហោះហើរ។ មានន័យថា រាល់យន្តហោះប៊ូអ៊ីងតែងតែផ្តល់សញ្ញាជាស្វ័យប្រវត្តិទៅឲ្យផ្កាយរណបរបស់ម្ចាស់ផលិតរបស់វា គឺក្រុមហ៊ុនប៊ូអ៊ីង។ អ្នកជំនាញបានពន្យល់តាមបែបសាមញ្ញថា យន្តហោះគឺប្រៀបបាននឹងទូរស័ព្ទមួយដែលត្រូវគេបិទចោល ប៉ុន្តែ ទូរស័ព្ទនៅតែអាចផ្តល់សញ្ញាទីតាំងរបស់វា ទៅបណ្តាញទូរស័ព្ទ។
ដោយពឹងផ្អែកលើព័ត៌មានខាងលើ ការរុករកយន្តហោះបាត់ខ្លួនត្រូវពង្រីក ចូលទៅដល់មហាសមុទ្រឥណ្ឌា ជាទីដែលយន្តហោះប៊ូអ៊ីងផ្តល់សញ្ញាចុងក្រោយ។ ការរុករកនៅក្នុងមហាសមុទ្រឥណ្ឌានឹងត្រូវការពេលវេលាកាន់តែច្រើន ព្រោះថា មហាសមុទ្រឥណ្ឌា ដែលជាមហាសមុទ្រធំទីបីក្នុងពិភពលោក មានជម្រៅទឹក៣៩០០ម៉ែត្រ គឺជ្រៅជាងសមុទ្រចិនខាងត្បូង ដែលប្រទេសចំនួន ១២ដូចជាចិន អាមេរិក និងជប៉ុនបានចូលរួមរុករក អស់រយៈពេល ៧ថ្ងៃមកហើយ និងគ្មានផ្តល់លទ្ធផលអ្វីនោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ