ភូមិសាស្រ្តនយោបាយ

ឥណ្ឌា​៖ យក្ស​អាស៊ី​ខាង​ត្បូង ដែល​ទើប​ងើប​ពី​ដំណេក​

សំឡេង ០៦:៤៤
ឥណ្ឌានិងបណ្តាប្រទេសជិតខាង។
ឥណ្ឌានិងបណ្តាប្រទេសជិតខាង។ RFI

ចាប់​ពី​សប្តាហ៍​នេះ​ត​ទៅ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បើក​ទំព័រ​ថ្មី​នៃ​ភូមិសាស្រ្ត​នយោបាយ ដោយ​សូម​ការ​សិក្សា​ទៅ​លើ​ភូមិសាស្ត្រ​នយោបាយ​នៃ​ប្រទេស​ឥណ្ឌា។

ផ្សាយពាណិជ្ជកម្ម

រហូត​មក​ទល់​ពេល​ថ្មីៗ​នេះ ឥណ្ឌា​តែងតែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​យក្ស​ដែល​មាន​ជើង​ធ្វើ​ពី​ដី​ឥដ្ឋ ដ្បិត​មាន​មាឌ​ធំ ប្រជាជន​ច្រើន និង​សក្តានុពល​ខ្លាំង​មែន​ពិត តែ​ជា​ប្រទេស​ងើប​មិន​រួច​ពី​ភាព​ក្រីក្រ និង​ចេញ​មិន​រួច​ពី​ជម្លោះ​រ៉ាំរ៉ៃ​ច្រើន​ទសវត្សរ៍​ជាមួយ​បណ្តា​ប្រទេស​ជិត​ខាង ជា​ពិសេស​ជាមួយ​ប៉ាគីស្ថាន។

 
ផ្ទុយ​ទៅ​វិញ ជាង​ដប់​ឆ្នាំ​ចុង​ក្រោយ​នេះ ពិភពលោក​ដូច​ជា​ចាប់​ចិត្ត​ជាង​មុន ទៅ​លើ​មាតុ ​ប្រទេស​របស់​Mahatma Gandhi និង​ឱ្យ​តម្លៃ​កាន់​តែ​ខ្លាំង​ដល់​មហា​ប្រទេស​អាស៊ី​ខាង​ត្បូង​
មួយ​នេះ​ដែល​ត្រូវ​បាន​គេ​ប្រសិទ្ធនាម​ថា ជា«លទ្ធិ​ប្រជា​ធិបតេយ្យ​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​លោក”។

ទាំង​អស់​នេះ មិនមែន​ចៃដន្យ​ទេ។ ក្នុង​អំឡុង​ពេល​ជាង​មួយ​ទសវត្សរ៍​កន្លង​ទៅ​នេះ យក្ស​ឥណ្ឌា​បាន​និង​កំពុង​បន្ត​ងើប​ពី​ដំណេក បាន​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​៩​នៅ​ឆ្នាំ​២០១១ ស្គាល់​កំណើន​សេដ្ឋកិច្ច​ខ្លាំងក្លា​ប្រមាណ​៨%​ក្នុង​មួយ​ឆ្នាំ ជា​សមាជិក​នៃ​G២០ និង​ជា​សមាជិក​នៃ​ពួក​BRICS ពោល​គឺ​ពួក​មហា​ប្រទេស​ដែល​កំពុង​ស្គាល់​ការ​អភិវឌ្ឍន៍​លឿន​រហ័ស រួម​មាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាង​ត្បូង។

អ៊ីចឹង​ហើយ បាន​ជា​តាំង​ពី​ឆ្នាំ​២០១០​មក ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ធំៗ បន្ត​កន្ទុយ​គ្នា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា។ ឃើញ​មាន​ជា​អាទិ៍ លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​David Cameron លោក​អតីត​នាយក​រដ្ឋមន្ត្រី​ចិនWen Jiabao លោក​ប្រធានាធិបតី​អាមេរិក​Barak Obama លោក​អតីត​ប្រធានាធិបតី​បារាំង​Nicolas Sarkozy លោក​អតីត​ប្រធានាធិបតី​និង​ជា​បច្ចុប្បន្ន​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​Dimitri Medvedev លោក​ស្រី​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់​Angela Merkel និង​លោក​អតីត​នាយក​រដ្ឋមន្រ្តី​ជប៉ុន​Yoshihico Noda។

មែន​ទែន​ទៅ ឥណ្ឌា​បាន​ទន្ទឹង​រង់​ចាំ​ជា​យូរ​ឆ្នាំ​កន្លង​មក​ហើយ រង់​ចាំ​ការ​ទទួល​ស្គាល់​បែប​នេះ​ពី​សំណាក់​ពិភពលោក។

ថ្នាក់ដឹកនាំ​ជា​បន្ត​បន្ទាប់​តែងតែ​មាន​មហិច្ឆតា​ចង់​ឱ្យ​ប្រទេស​របស់​ខ្លួន​ក្លាយ​ជា​មហា​អំណាច ពីព្រោះ​នៅ​ក្នុង​អតីតកាល ឥណ្ឌា​ធា្លប់​ជា​មហា​ប្រទេស​មួយ​រុង​រឿង​ដែល​ពិភពលោកគោរព​និង​កោត​ខ្លាច។

ចូរ​កុំ​ភ្លេច​ថា​នៅ​ឆ្នាំ​៣២៤ មុន​គ្រិស្តសករាជ Alexandre le Grand ស្តេច​Macédoine មក​ពី​ទិស​ខាង​កើត បាន​ប្រឹងប្រែង​ចូល​ឈ្លានពាន​ទឹក​ដី​ឥណ្ឌា តែ​មិន​បាន​សម្រេច។ ក្រោយ​មក​ទៀត កងទ័ព​អារ៉ាប់​បាន​ទៅ​ដល់​កៀក​ព្រំដែន​ឥណ្ឌា ប៉ុន្តែ​មិន​ហ៊ាន​ចូល​ច្បាំង។ ដូចគ្នា​អ៊ីចឹង​ដែរ កងទ័ព​អាហ្វហ្កាន(Afghan) កាន់​សាសនា​អ៊ីស្លាម​ក៏​បាន​សាកល្បង​ចូល​ឈ្លានពាន​ឥណ្ឌា​ដែរ តែ​មិន​បាន​សម្រេច​ដូច​គ្នា។ មាន​តែ​ពួក​ម៉ុងហ្គោល​(Monghol) មក​ពី​អាស៊ី​កណ្តាល​ទេ​ដែល​បាន​ចូល​កាន់កាប់​ឥណ្ឌា​រយៈ​ពេល​យូរ​លង់ រហូត​ដល់​សតវត្សរ៍​ទី​១៩ ពោល​គឺ​រហូត​ដល់​ពេល​ដែល​អង់គ្លេស​បាន​ចូល​មក​ដល់​អាស៊ី​ខាង​ត្បូង។

ម្ល៉ោះ​ហើយ តាំង​ពី​ដណ្តើម​ឯករាជ្យ​បាន​ពី​អង់គ្លេស​មក​វិញ​នៅ​ឆ្នាំ​១៩៤៧ ឥណ្ឌា​ចង់​ក្លាយ​ជា​មហា​អំណាច​តំបន់​និង​ចង់​មាន​មុខ​មាត់​នៅ​លើ​ឆាក​អន្តរជាតិ។

ទន្ទឹម​នេះ សព្វថ្ងៃ​ពិភពលោក​មើល​រំលង​ឥណ្ឌា​មិន​បាន​ទេ ពីព្រោះ​ក្រៅ​ពី​សក្តានុពល​សេដ្ឋកិច្ច​ដូច​បាន​លើក​ឡើង​ខាង​លើ ឥណ្ឌា​ជា​មហា​អំណាច​នុយក្លេអ៊ែរ មាន​ទាហាន​រហូត​ដល់​ទៅ​ជាង​១៣០០០០០​នាក់​ មាន​នាវា​មុជ​ទឹក​និង​នាវា​ផ្ទុក​យន្តហោះ ព្រម​ទាំង​កាំជ្រួច​មីស៊ីល​ពាំ​ក្បាល​នុយក្លេអ៊ែរ​បាញ់​បាន​រយៈ​ឆ្ងាយ។

ពិភពលោក​មើល​រំលង​ឥណ្ឌា​មិន​បាន​ទេ ពីព្រោះ​ប្រទេស​នេះ​មាន​ប្រជាជន​ច្រើន​សន្ធឹក​សន្ធាប់ គឺ​ប្រមាណ​ជាង​១២០០​លាន​នាក់ ស្មើ​នឹង​១​ភាគ​៦​នៃ​ចំនួន​ប្រជាជន​ពិភពលោក។

យ៉ាង​ណា​មិញ សម្រាប់​ឥណ្ឌា ក្លាយ​ជា​មហា​អំណាច​មិនមែន​ជា​ការ​ងាយ​ស្រួល​ទេ ដ្បិត​អាស៊ី​ខាង​ត្បូង​ដែល​ទីក្រុង​New Delhi ចាត់​ទុក​ថា​ជា​ដែន​អំណាច​របស់​ខ្លួន ជា​តំបន់​មួយ​ប្រកប​ទៅ​ដោយ​បញ្ហា​ភូមិសាស្រ្ត​នយោបាយ​ស្មុគស្មាញ។

នៅ​ប៉ែក​ខាង​លិច មាន​ប៉ាគីស្ថាន​កាន់​សាសនា​អ៊ីស្លាម ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ចិន និង​ដែល​ជា​សត្រូវ​សួរ​ពូជ ។

នៅ​ប៉ែក​ខាង​លិច​ដូច​គ្នា ឆ្ងាយ​ជាង​ប៉ាគីស្ថាន​បន្តិច មាន​អាហ្វហ្កានីស្ថាន​ដែល​ហែកហួរ​ដោយ​វិបត្តិ​នយោបាយ​និង​ស៊ីរូង​ដោយ​មនោគមវិជ្ជា​អ៊ីស្លាម​ជ្រុល​និយម។

នៅ​ប៉ែក​ខាង​ជើង​ឈាង​ខាង​កើត មាន​ណេប៉ាល(Népal) និង​ប៊ូតង់(Bhoutan) ដែល​នយោបាយ​ផ្ទៃ​ក្នុង​មិន​សូវ​ឋិតថេរ​ដូច​គ្នា។

នៅ​ប៉ែក​ខាង​កើត មាន​បាំងក្លាដែស (Bangladesh) ខ័ណ្ឌ​ដោយ​ទល់ដែន​ប្រវែង​៤០០០គ.ម។
នៅ​ប៉ែក​ខាង​កើត​ដូច​គ្នា​តែ​ឆ្ងាយ​ជាង​បាំងក្លាដែស​បន្តិច មាន​ភូមា​ដែល​ស្និទ្ធ​ខ្លាំង​នឹង​ប្រទេស​ចិន។

រី​ឯ​នៅ​ក្នុង​សមុទ្រ​ឥណ្ឌា​វិញ មាន​សេរីឡង់កា(Sri Lanka) ដែល​ទើប​តែ​ចេញ​ផុត​ពី​សង្គ្រាម​ស៊ីវិល។

ដោយ​ឡែក សមុទ្រ​ឥណ្ឌា​ដែល​ទីក្រុង​New Delhi ចាត់​ទុក​ដូច​គ្នា ថា​ជា​ដែន​អំណាច​របស់​ខ្លួន​ក៏​ជា​តំបន់​យុទ្ធសាស្រ្ត​មួយ​ពិបាក​គ្រប់គ្រង​និង​ក្តោបក្តាប់ ដោយហេតុតែ​ការ​លូក​ដៃ​ពី​សំណាក់​ប្រទេស​ចិន ដ្បិត​វា​ជា​ផ្លូវ​ទឹក​នៃ​នាវា​ដឹក​ជញ្ជូន​ប្រេង​កាត​ពី​ភូមិភាគ​ដើម​បូព៌ា ទៅ​កាន់​អាស៊ី​ចុង​បូព៌ា។

តើ​មាន​អ្វី​ខ្លះ​ទៅ ឈ្នាន់​សំខាន់ៗ​សម្រាប់​ឱ្យ​ឥណ្ឌា​ជាន់​ឡើង ក្នុង​គោលដៅ​ក្លាយ​ជា​មហា​អំណាច?

តើ​អ្វី​ទៅ​ជា​មហិច្ឆតា​ពិត​ប្រាកដ​របស់​ឥណ្ឌា?

តើ​ឥណ្ឌា​ត្រូវ​ពង្រឹង​ទីតាំង​របស់​ខ្លួន​បែប​ណា នៅ​ចន្លោះ​មហាយក្ស​ចិន និង​កំពូល​មហា​អំណាច​អាមេរិក? ខ្ញុំ​នឹង​សាកល្បង​ពន្យល់​បំភ្លឺ វិភាគ និង​ស្រាយ​សំណួរ​​ទាំងអស់​នេះ ចាប់​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​ត​ទៅ នៅ​ក្នុង​ទំព័រ​ភូមិសាស្រ្ត​នយោបាយ​ថ្មី ភូមិសាសាស្រ្ត​នយោបាយ​នៃ​ប្រទេស​ឥណ្ឌា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI