អន្តរកាលនយោបាយ ដ៏សែនពិបាកនៅប្រទេសថៃ
ចុះផ្សាយនៅថ្ងៃ៖
ជិតបីសប្តាហ៍ក្រោយរដ្ឋប្រហារឮ នៅប្រទេសថៃ របបសឹកដឹកនាំ ដោយឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា ហាក់ដូចជាក្តាប់ស្ថានការណ៍មិនបានជាប់លាប់ល្អ។ ទីក្រុងបាងកកបន្ត ឋិតនៅក្រោមការយាមកាមពីសំណាក់ទាហាន និងប៉ូលិសជាច្រើនពាន់នាក់។ រដ្ឋអំណាចផ្តាច់ការ បន្តកាត់បន្ថយសេរីភាព របស់ពលរដ្ឋតាមរយៈការបំបិទមាត់មធ្យោបាយឃោសនាមហាជន និងតាមរយៈការបន្តចាប់ខ្លួនអ្នកប្រឆាំងនឹងរដ្ឋប្រហារ។ ក៏ប៉ុន្តែ នៅបាងកក បាតុកម្មប្រឆាំងនឹងរដ្ឋប្រហារនៅតែបន្តប្រព្រឹត្តទៅ ការសរសេរទិតៀនរបបសឹកនៅតែបន្តមាន។ តើហេតុអ្វីបានជាស្ថានភាព នៅក្នុងប្រទេសថៃក្រោយរដ្ឋប្រហារលើកនេះ ពិបាកក្តាប់ជាងលើកមុនៗ?
នៅពេលដែលបណ្តាប្រទេសអាស៊ីភាគច្រើនជ្រើសរើសនិងគ្មានជម្រើសអ្វីក្រៅពីឱ្យតម្លៃដល់ការបោះឆ្នោត ថៃវិញបន្តអនុវត្តរបៀបដឹកនាំចាស់គំរឹល នោះគឺការយករដ្ឋប្រហារមកធ្វើជាដំណោះស្រាយនយោបាយ។
ត្រូវហើយនៅក្នុងប្រពៃណីនយោបាយរបស់ថៃ យោធាជាអំណាចមួយធំ ជាកម្លាំងមួយម្ចាស់ការដែលមិនស្តាប់បញ្ជាអ្នកនយោបាយ និងដែលបានធ្វើរដ្ឋប្រហារឬបានប៉ុនប៉ងធ្វើរដ្ឋប្រហារចំនួន២០លើករួចមកហើយតាំងពីឆ្នាំ១៩៣២មក។
ត្រូវហើយ ស្ថានភាពនៅប្រទេសថៃតាំងពីឆ្នាំ២០០៦មកជាវិបត្តិរ៉ាំរ៉ៃ។
ត្រូវហើយស្ថានភាពនៅទីក្រុងបាងកកនារយៈពេលជាងកន្លះឆ្នាំចុងក្រោយនេះ ជាការទ័លច្រកនយោបាយប្រកបដោយហិង្សាដែលបានបណ្តាលឱ្យមានស្លាប់និងរបួសរាប់សិបនាក់។
ក៏ប៉ុន្តែ លទ្ធិប្រជាធិបតេយ្យហាមមិនឱ្យមានរដ្ឋប្រហារ តម្រូវឱ្យស្អប់ខ្ពើមរដ្ឋប្រហារ ជាពិសេសរដ្ឋប្រហារយោធា ដ្បិតយោធាមិនមែនជាស្ថាប័នប្រជាធិបតេយ្យ។
រហូតមកដល់រដ្ឋប្រហារទម្លាក់លោកថាក់ស៊ីន(Thaksin)ឆ្នាំ២០០៦ ជាទូទៅ ប្រជាពលរដ្ឋថៃសុខចិត្តទទួលយកស្ថានភាពនៃរបបសឹកបណ្តោះអាសន្ន ទម្រាំដល់ពេលរៀបចំការបោះឆ្នោតជាថ្មី និងទម្រាំដល់ពេលដែលក្រុមនាយទាហានប្រគល់អំណាចរដ្ឋទៅឱ្យស៊ីវិលវិញ។ នេះក៏ដោយសារតែកិត្យានុភាពនិងឥទ្ធិពលរបស់ព្រះមហាក្សត្រ ព្រះចៅភូមីបុល អាឌុលយ៉ាដេជ (Bhumibol Adulyadej) ដែលប្រជាពលរដ្ឋថៃមានឬក្រ អ្នកចេះដឹងឬមនុស្សធម្មតា បក្សគ្រប់គ្រងរដ្ឋឬបក្សប្រឆាំងគោរពសឹងស្មើព្រះអាទិទេព។ ហើយចូរកុំភ្លេចថា បើសិនជាគ្មានការគាំទ្រពីព្រះមហាក្សត្រនិងពីព្រះបរមរាជវាំងទេ រដ្ឋប្រហារជាបន្តបន្ទាប់គ្នាតាំងពីឆ្នាំ១៩៥០មក ច្បាស់ជាមិនអាចប្រព្រឹត្តទៅបានទេ។
រដ្ឋប្រហារថ្ងៃ២២ឧសភាកន្លងទៅនេះ រដ្ឋប្រហារទម្លាក់រដ្ឋាភិបាលចាំផ្ទះរបស់លោក នីរ៉ាត់ទុមរ៉ុង ប៊ុនសុងប៉ៃសាន(Niwattumrong Boonsong Paisan) ដោយឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា(Prayuth Chan-Ocha) ក៏បានទទួលការគាំទ្រពីព្រះចៅភូមីបុលដែរ។
ក៏ប៉ុន្តែ ស្ថានភាពនៅក្នុងប្រទេសក្រោយរដ្ឋប្រហារលើកនេះ ដូចជាពិបាកក្តាប់ជាងលើកមុនៗ និងមានលក្ខណៈផុយស្រួយជាងលើកមុនៗ។ ជាក់ស្តែង ជាងបីសប្តាហ៍ក្រោយមក នៅតែមានបាតុកម្មប្រឆាំងពួកនាយទាហាន នៅតែមានអ្នកធ្វើសកម្មភាព អ្នកនិយាយនិងអ្នកសរសេរដៀលរដ្ឋប្រហារ។
មានមូលហេតុពីរដែលអាចពន្យល់ស្ថានភាពមិនឋិតថេរល្អក្រោយរដ្ឋប្រហារនៅថៃលើកនេះ។ មូលហេតុទីមួយ គឺព្រះមហាក្សត្រថៃទ្រង់មិនអាចជានិមិត្តរូបមួយពេញលេញដូចពេលមុនៗ សម្រាប់ឱ្យក្រុមនាយទាហានពឹងផ្អែកដើម្បីធ្វើរដ្ឋប្រហារទៀតទេ។ នេះគឺមកពីព្រះចៅភូមីបុល ព្រះអង្គមានវ័យជរាណាស់ទៅហើយនិងមានព្រះរាជសុខភាពមិនមាំមួន។ ចូរកុំភ្លេចថា ក្រោយរដ្ឋប្រហារថ្ងៃ២២ឧសភា ឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចាមិនបានចូលគាល់ព្រះមហាក្សត្រផ្ទាល់ទេ បានត្រឹមលុតក្រាបនិងធ្វើគារវ កិច្ច នៅមុខព្រះឆាយាល័ក្ខណ៍របស់ព្រះអង្គតែប៉ុណ្ណោះ។
រីឯមូលហេតុទីពីរនៃស្ថានភាពមិនឋិតថេរល្អក្រោយរដ្ឋប្រហារនៅថៃលើកនេះ គឺការលូតលាស់ខ្លាំងជាងមុនផ្នែកផ្នត់គំនិតរបស់ពលរដ្ឋថៃ។ នៅក្នុងសតវត្សរ៍ទី២១នៃសម័យអ៊ីនធឺណែត ពលរដ្ឋថៃមានចំណេះដឹងខ្ពស់ជាងមុន មានជីវភាពធូរធារជាងមុន មានស្មារតីបើកចំហជាងមុន និយាយរួមមានការទាមទារខ្លាំងជាងមុននិងយល់ពីគោលការណ៍ប្រជាធិបតេយ្យខ្លាំងជាងមុន។
ម្ល៉ោះហើយ សរុបសេចក្តីមកវិញ ពីពេលនេះតទៅ រដ្ឋប្រហារមិនអាចជាដំណោះស្រាយនៃភាពទ័លច្រកនយោបាយនៅថៃបានយូតទៅមុខទៀតទេ។ ពីព្រោះជាទូទៅ របបសឹកណាក៏ដោយ សុទ្ធតែគ្មានប្រភពនិងលក្ខណៈស្របច្បាប់ ហើយនៅក្នុងករណីប្រទេសថៃ ស្ថាប័នព្រះមហាក្សតក៏មិនអាចជានិមិត្តរូបមួយពេញលេញដែលអាចជំនួសនិងធានាលក្ខណៈស្របច្បាប់នៃរបបសឹកបានទៀតទេ។ និយាយបែបផ្សេង របបសឹករបស់ ឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា ប្រហែលជានឹងមានអាយុខ្លីជាងរបបសឹកមុនៗ ដ្បិតនៅសតវត្សរ៍ទី២១ អ្នកកាន់អំណាចផ្តាច់ការពិបាកលាក់ខ្លួន និងពិបាករកកន្លែងពួនណាស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ