អានតួអត្ថបទ
ជប៉ុន-បារាំង

ជប៉ុន​សុំ​ជំនួយ​ពី​អន្តរជាតិ​ដើម្បី​សេរីភាព​ចំណាប់ខ្មាំង​ជប៉ុន​ក្នុង​ដៃ​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម

ឱសានវាទ​សម្លាប់​ចំណាប់​ខ្មាំង​ជប៉ុន ធា្លក់​មក​ជួន​ចំពេល​លោក ស្ហ៊ិនហ្សី អាបេ​ កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីស្រាអែល
ឱសានវាទ​សម្លាប់​ចំណាប់​ខ្មាំង​ជប៉ុន ធា្លក់​មក​ជួន​ចំពេល​លោក ស្ហ៊ិនហ្សី អាបេ​ កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីស្រាអែល ©Reuters

នាយក​រដ្ឋមន្ត្រីជប៉ុន លោក ស្ហ៊ីនហ្សូ អាបេ បានបើក​ប្រជុំ​គណៈរដ្ឋមន្ត្រី​ជា​បន្ទាន់ នៅ​ថ្ងៃពុធ​នេះ​​ ដើម្បី​ដោះស្រាយ​វិបត្តិ​ចំណាប់​ខ្មាំង។ លោក អាបេ ដែល​ បាន​ត្រលប់​មក​ដល់​មាតុ​ប្រទេស​វិញ ទាំង​​បង្ខំ​ចិត្ត​ និង​ដោយ​បង្រួញ​ទស្សនកិច្ច​​នៅ​តំបន់​ដើម្បី​បូព៌ា បាន​បង្ហាញ​ឆន្ទៈ​ធ្វើ​គ្រប់​យ៉ាង ដើម្បី​សេរីភាព​ជន​ជាតិ​ជប៉ុន​ទាំង​ពីរ​រូបក្នុង​កណ្តាប់​ដៃ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម បើទោះ​ត្រូវ​សុំ​ជំនួយ​ពី​​បស្ចឹម​ប្រទេស​ ជាពិសេស​ពី​បារាំងក៏​ដោយ​ក្តី។

ផ្សាយពាណិជ្ជកម្ម

ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​សម្រេច​ចិត្ត​ត្រលប់​ចូល​ប្រទេស​វិញភ្លាម ក្រោយ​ពី​បាន​ឃើញ​​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ការ​គំរាម​សម្លាប់​ចំណាប់​ខ្មាំង​ជាតិ​ជប៉ុន​ពីរ​រូប​ ជា​ថ្នូរ​នឹង​ប្រាក់​លោះ ​២០០​លាន​ដុល្លារ។ ជា​មួយ​នឹង​ការ​បដិសេធ​ស្បថ​ដាច់​ខាត​ មិន​ចាញ់​សម្លុត​ភេរវជន កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​មួយ​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ល្ងាច​មិញនេះក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋមន្ត្រី​តែ​ម្តង។

 

រដ្ឋាភិបាល​ជប៉ុន​ បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​ចំណាប់​​ខ្មាំង​ជប៉ុន​ទាំង​ពីរ​ហើយ។ មាន​អាយុ​៤២​ឆ្នាំ ហារូណា យូកាវ៉ា ដឹក​នាំ​ក្រុមហ៊ុន​ឯកជន​សម្រាប់​សង្រ្គោះ​ជនជាតិ​ជប៉ុន​នៅបរទេស និង​ម្នាក់​ទៀត ជា​អ្នក​កាសែត​ឯករាជ្យ ឈ្មោះ Kenji Goto។ ការ​វិភាគ​រូបភាព​វីដេអូ​ផ្សព្វផ្សាយ​មិន​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​មែន ប៉ុន្តែ​ឆាក​ឈុត​នេះ បាន​ធ្វើ​ឱ្យ​គេ​នឹក​ឃើញ​អំពី​ខ្សែ​វីដេអូ​មុនៗ ដែល​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត​ បាន​ប្រហារ​ជីវិត​អ្នក​កាសែត​ពីរ​នាក់ និង​សមាជិក​អង្គការ​មនុស្សធម៌​អឺរ៉ុប​បី​នាក់​ចាប់​ខ្លួន​នៅ​ស៊ីរី។

បើ​តាម​ទូរទស្សន៍​NHK ដែល​អះអាង​បាន​ទទួល​សារ​ពី​អ្នក​នាំ​ពាក្យ​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម​ ការ​ទាមទារ​​ប្រាក់​ថ្នូរ​ពី​ជប៉ុន មិន​មែន​ដោយ​ហេតុ​អង្គការ​ជីហាត​ត្រូវ​ការ​លុយ​ទេ តែ​គឺដើម្បី​វាយប្រហារ​ផ្នែក​ចិត្តសាស្ត្រ។

ប្រឈម​នឹង​វិបត្តិ​ចំណាប់​ខ្មាំង​ដ៏ធ្ងន់ធ្ងរ​នេះ រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ដែល​កំពុង​ស្ថិត​នៅក្រុង​ឡុងដ៍​បាន​ទូរស័ព្ទ​ទៅ​សមភាគី​បារាំង​​នៅ​ល្ងាច​មិញ​ ដើម្បី​សុំ​ជំនួយ​កិច្ចសហប្រតិបត្តិការ​​ពី​បារាំង ជាពិសេស​លើ​ផ្នែក​ផ្តោះប្តូរ​ព័ត៌មាន​។ បារាំង​ដែល​ទើប​រង​គ្រោះ និង​ដែល​ទើប​អំពាវនាវ​ជប៉ុន​ឱ្យ​ជួយ​ចូល​រួម​ចំណែក​ប្រយុទ្ធ​​​ប្រឆាំង​នឹង​ភេរវនិយម បាន​ឆ្លើយ​តប​​ជា​វិជ្ជមាន​ សហការ​​យ៉ាង​សកម្ម​ជាមួយ​អាជ្ញាធរ​ជប៉ុន ដើម្បី​រំដោះ​ចំណាប់​ខ្មាំង។ ចំណែក​សហរដ្ឋ​អាមេរិក​វិញ ដែល​បាន​ថ្កោល​ទោស​ការ​គំរាម​កំហែង​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម បាន​បញ្ជាក់​អំពី​សាមគ្គីភាព និង​ការគាំទ្រ​សម្ព័ន្ធ​មិត្ត​ជប៉ុន​ដោយ​ឥត​ងាករេ៕​
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ