ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ភាព​ស្មុគស្មាញ​របស់​ជប៉ុន​នៅក្នុង​ការ​ដោះស្រាយ​វិបត្តិ​ចំណាប់ខ្មាំង​ជីហាត

សំឡេង ០៤:២៤
លោក​ស្ហ៊ីនហ្សូ អាបេ ​នាយករដ្ឋមន្រ្តី​ជប៉ុន ពេល​ថ្លែង​ចំពោះ​មុខ​សភា ថ្ងៃ​អង្គារ ទី២៧ មករា ២០១៥
លោក​ស្ហ៊ីនហ្សូ អាបេ ​នាយករដ្ឋមន្រ្តី​ជប៉ុន ពេល​ថ្លែង​ចំពោះ​មុខ​សភា ថ្ងៃ​អង្គារ ទី២៧ មករា ២០១៥ REUTERS/Yuya Shino

ពលរដ្ឋ​ជប៉ុន​២រូប​ត្រូវ​បាន​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​ចាប់ជា​ចំណាប់ខ្មាំង។ ម្នាក់​ត្រូវ​បាន​សម្លាប់​ដោយ​កាត់ក្បាល ហើយរ​ដ្ឋាភិបាល​ជប៉ុន​កំពុងតែ​ស្វះស្វែង​រកវិធី​ជួយ​ចំណាប់ខ្មាំង​ម្នាក់​ទៀត​ដែល​នៅរស់។ ក៏ប៉ុន្តែ ជប៉ុន​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ដ៏ស្មុគស្មាញ​បំផុត ដោយសារ​តែ​​អ្វី​ដែល​ក្រុម​ជីហាត​ទាមទារ​យក​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ចំណាប់​ខ្មាំង មិនមែន​នៅ​ក្នុង​ដៃ​របស់​ជប៉ុន។

ផ្សាយពាណិជ្ជកម្ម

 

សម្រាប់​រដ្ឋាភិបាល​ក្រុង​តូក្យូ ការ​រំដោះ​ចំណាប់​ខ្មាំង​ជប៉ុន​​ គឺ​ជា​អាទិភាព​ដ៏​ធំមួយ ពីព្រោះថា​​ តាមទម្លាប់​តាំង​ពី​ដើមរៀងមក ជប៉ុន​មិនបោះបង់​ពលរដ្ឋ​របស់​ខ្លួន​ចោល​នោះទេ បើទោះបី​ជា​នៅ​ទីណា​ក៏ដោយ។ ​ភាព​ស្វិតស្វាញ​របស់​ជប៉ុន​​ក្នុង​សំណុំរឿង​ពលរដ្ឋ​ជប៉ុន​ដែល​ត្រូវ​កូរ៉េ​ខាងជើង​ចាប់ជំរឹត​តាំង​​ពី​សម័យសង្រ្គាម​ត្រជាក់ គឺ​ជា​ភស្តុតាង​មួយ​ស្រាប់។

សម្រាប់​លោក​ស្ហ៊ីនហ្សូ អាបេ ការ​រំដោះ​លោក Kenji Goto ពីដៃ​ក្រុម​ជីហាត​កាន់តែ​ជា​អាទិភាព​ខ្ពស់​ទៅទៀត ដោយសារ​តែ​វិបត្តិ​ចំណាប់​ខ្មាំង​នេះ​បាន​កើតមានឡើង តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​លោក​បាន​ប្រកាស​ផ្តល់​ជំនួយ​ជា​លុយ​រាប់​រយ​លាន​ដុល្លារ​ដល់​ប្រតិបត្តិការ​វាយប្រហារ​លើ​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម ដែល​ធ្វើ​ឲ្យ​អ្នក​ខ្លះ​ធ្វើការ​រិះគន់​លោក​ស្ហ៊ីនហ្សូ អាបេ​ថា បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជប៉ុន​ត្រូវ​ក្លាយ​ជា​ចំណុច​ស៊ីប​របស់​ក្រុម​ភេរវជន។

នៅថ្ងៃ​អង្គារ លោក​ស្ហ៊ីនហ្សូ អាបេ​ បាន​ថ្លែង​នៅ​មុខ​សភា​ជប៉ុន​ថា ជប៉ុន​នឹង​ធ្វើ​អ្វីៗ​គ្រប់យ៉ាងទាំងអស់ ដើម្បី​​ជួយ​ឲ្យ Kenji Goto មាន​សេរីភាព​ឡើងវិញ។ ក៏ប៉ុន្តែ តាមការពិត​ទៅ ជោគវាសនា​របស់​ចំណាប់​ខ្មាំង​នេះ​មិនមែន​ស្ថិត​ក្នុង​ដៃ​របស់​រដ្ឋាភិបាល​ជប៉ុន​នោះទេ តែ​ស្ថិត​ក្នុង​ដៃ​អ្នក​ផ្សេង គឺ​ហ្សកដានី។

ដើម្បី​ជាថ្នូរ​នឹង​ការ​ដោះលែង​​ចំណាប់​ខ្មាំង​ជប៉ុន ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​បាន​ទាមទារ​ឲ្យ​ដោះលែង​​គ្នា​គេ​ម្នាក់ ដែល​កំពុង​ជាប់ឃុំ នៅ​ក្នុង​ប្រទេស​ហ្សកដានី។ Sajida al-Rashawi ស្រ្តី​អ្នកទោស​ដែល​ក្រុម​ជីហាត​ទាមទារ​ឲ្យ​ដោះលែង​នេះ គឺ​ជា​ភេរវជនអ៊ីរ៉ាក់ ដែល​ត្រូវ​តុលាការ​ហ្សកដានី​កាត់ទោស​ប្រហារ​ជីវិត​ ពីបទ​ជាប់ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​ភេរវកម្ម​​ជាច្រើន នៅ​ក្នុង​ប្រទេស​ហ្សកដានី។

ដូច្នេះ ដើម្បី​អាច​ដោះលែង​អ្នក​ទោស​​​ជីហាត​ជា​ថ្នូរ​នឹង​ចំណាប់​ខ្មាំង​ជប៉ុននេះ រដ្ឋាភិបាល​ជប៉ុន​មិន​អាច​ធ្វើ​អ្វី​បាន​ទេ​​ក្រៅតែ​ពី​ស្នើសុំ​ជំនួយ​ពី​​រដ្ឋាភិបាល​ហ្សកដានី។ ហេតុដូច្នេះ​ហើយ​បាន​ជា​ជប៉ុន​បាន​បញ្ជូន​អនុរដ្ឋ​មន្រ្តីការបរទេស​របស់​ខ្លួន​ឲ្យ​ទៅ​ចរចា​ជាមួយ​ហ្សកដានី តាំង​ពី​ថ្ងៃ​អាទិត្យ។

ក៏ប៉ុន្តែ គេ​មិន​ត្រូវ​ភ្លេចទេ​ថា ហ្សកដានី​ខ្លួនឯង​ផ្ទាល់​ក៏​មាន​ចំណាប់​ខ្មាំង ដែល​កំពុង​ជាប់​ក្នុងដៃ​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​ដែរ។ ​អ្នក​បើកបរ​យន្តហោះ​ចម្បាំង​មួយរូប​របស់​ហ្សកដានី ដែល​ចូលរួម​ក្នុង​បេសកកម្ម​ជាមួយ​អាមេរិក ក្នុងការ​វាយប្រហារ​តាមផ្លូវ​អាកាស​ទៅលើ​ទីតាំង​អង្គការ​រដ្ឋ​អ៊ីស្លាម ត្រូវ​បាន​ពួក​ជីហាត​ចាប់ខ្លួន នៅ​ក្រោយ​ពេល​ដែល​យន្តហោះ​របស់​គាត់​បាន​ធ្លាក់ នៅ​ប៉ែក​ខាង​កើត​ប្រទេស​ស៊ីរី។ ដូច្នេះ អាទិភាព​ចម្បង​របស់​រដ្ឋាភិបាល​ហ្សកដានី​គឺ​ការ​រំដោះ​អ្នក​បើកបរ​យន្តហោះ​ហ្សកដានី មិនមែន​ចំណាប់​ខ្មាំង​ជប៉ុន​នោះទេ។

កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ អនុរដ្ឋមន្រ្តី​ការបរទេស​ជប៉ុន ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​ហ្សកដានី​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ជប៉ុន និង​ហ្សកដានី កំពុងតែ​ធ្វើការ​ជាមួយគ្នា ដើម្បី​រកវិធី​ធ្វើយ៉ាងណា​ដោះលែង​ចំណាប់​ខ្មាំង​ទាំងពីរ​រូប គឺ​ទាំង​អ្នក​បើកបរ​យន្តហោះ​ហ្សកដានី និង​ទាំង​ចំណាប់​ខ្មាំង​ជប៉ុន។

យោងតាម​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន នៅ​ហ្សកដានី ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​ប្រហែល​ជា​បាន​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទោស​ម្នាក់​បន្ថែម​ទៀត ដើម្បី​ជាថ្នូរ​នឹង​ការ​ដោះលែង​អ្នក​បើកបរ​យន្តហោះហ្សកដានី ពោលគឺ អ្នកទោស​ជីហាត​ពីរនាក់ ជាថ្នូរ​នឹង​ចំណាប់​ខ្មាំង​ពីរនាក់។ ក្នុងករណី​នេះ វិបត្តិ​ចំណាប់​ខ្មាំង​​គួរតែ​ត្រូវ​មាន​ដំណោះស្រាយ។ ក៏ប៉ុន្តែ ការ​ដោះដូរ​អ្នក​ទោស​ជាមួយ​នឹង​ចំណាប់ខ្មាំង​ទៅតាម​ការទាមទារ​របស់​ក្រុម​ភេរវជន ប្រាកដ​ជា​នឹង​ត្រូវ​ធ្វើ​ឲ្យ​ហ្សកដានី និង​ជប៉ុន ត្រូវ​ប្រឈមមុខ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

គេ​មិន​ត្រូវ​ភ្លេចទេ​ថា ទាំង​ហ្សកដានី ទាំង​ជប៉ុន សុទ្ធតែ​ជា​សម្ព័ន្ធ​យ៉ាង​ជិតស្និទ្ធ​បំផុត​របស់​សហរដ្ឋ​អាមេរិក ហើយ​សហរដ្ឋ​អាមេរិក ក៏ដូចជា​ប្រទេស​លោកខាងលិច​ជា​ច្រើន​ផ្សេងទៀត​ដែរ តែងតែ​ប្រកាន់​យក​នូវ​ជំហរ​មួយ គឺ​មិន​ចរចា​ដាច់ខាត​ជាមួយ​នឹង​ក្រុម​ភេរវជន ក្នុងហេតុផល​ថា ប្រសិនបើ​គេ​សុខចិត្ត​​​បង់លុយ ឬ​ដោះលែង​អ្នក​ទោស​ជា​ថ្នូរ​នឹង​ចំណាប់​ខ្មាំង​​ទៅតាម​ការ​ទាមទារ​របស់​ភេរវជន ពលរដ្ឋ​ប្រទេស​លោកខាងលិច​នឹង​ក្លាយ​ទៅជា​ “ទំនិញ” កាន់តែ​មាន​តម្លៃ ដែល​ក្រុមភេរវជន​ស្វែង​រក​ចាប់ខ្លួនយក​មក​ធ្វើ​ជា​ចំណាប់ខ្មាំង។

ដូច្នេះ នៅ​ក្នុង​​ការ​សម្រេច​ចិត្ត​ដោះលែង​ភេរវជន​ជា​ថ្នូរ​នឹង​ចំណាប់ខ្មាំង ទាំង​ជប៉ុន និង​ទាំង​ហ្សកដានី​ប្រាកដ​ជា​ត្រូវ​ថ្លឹងថ្លែង​ពិចារណា​ អំពី​ផលប៉ះពាល់​ខាង​ផ្នែក​ការទូត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដែល​នេះ គឺ​ជា​បញ្ហា​ដ៏សែន​ស្មុគស្មាញ​មួយ។

ក៏ប៉ុន្តែ ក្រៅ​ពី​បញ្ហា​ស្មុគស្មាញ​គួរ​ឲ្យ​ឈឺក្បាល​នេះ វិបត្តិ​ចំណាប់​ខ្មាំង​នៅ​ពេលនេះ​ក៏​អាច​​មាន​ចំណុច​វិជ្ជមាន​មួយដែរ សម្រាប់​លោក​ស្ហ៊ីនហ្សូ អាបេ គឺ​វា​អាច​ជា​ហេតុផល​មួយ សម្រាប់​ឲ្យ​លោក​ស្ហ៊ីនហ្សូ អាបេ លើកឡើង ដើម្បី​ការ​ពារ​គោលនយោបាយ​របស់​លោក​ ដែល​ចង់​ឲ្យ​ជប៉ុន​ធ្វើការ​កែប្រែ​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម​របស់​ខ្លួន ដើម្បី​បើក​ផ្លូវ​ឲ្យ​កងទ័ព​ជប៉ុន​អាច​មាន​សេរីភាព​ក្នុងការ​បើក​ធ្វើ​ប្រតិបត្តិការ​ការពារ​ផលប្រយោជន៍​ជប៉ុន នៅ​គ្រប់​ទីកន្លែង​នៅ​ទូទាំង​ពិភពលោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI