ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​ចិន​ព្យាយាម​លាក់ព័ត៌មាន​ជុំវិញ​គម្រោង​សាងសង់​នាវា​ផ្ទុក​យន្តហោះ​ចម្បំាង​ទី​២ ​របស់​ខ្លួន?​

សំឡេង ០៥:០២
នាវាផ្តុកយន្តហោះចិនទីមួយដែលចតនៅកំពុងផែ Dalian ក្នុងខេត្ត Liaoning ២២​ កញ្ញា២០១២
នាវាផ្តុកយន្តហោះចិនទីមួយដែលចតនៅកំពុងផែ Dalian ក្នុងខេត្ត Liaoning ២២​ កញ្ញា២០១២ REUTERS/Stringer

នៅ​ក្នុង​ប្រទេស​ចិន ព័ត៌មាន​ជុំវិញ​គម្រោង​សាងសង់​នាវា​ផ្ទុក​យន្តហោះ​ចម្បំាង​ទី២​ត្រូវ​បាន​ទម្លាយ​ដោយ​ក្រុមហ៊ុន​ខ្សែកាប​ស្ហាងស្ហាង (Shangshang Cable groupe) និង​ដែល​កាសែត​ប្រចំាថ្ងៃ​ឈ្មោះ « Chanhzhou Evening News » ក្នុង​ស្រុក​ចាងហ្ស៊ូ (Changzhou) នៃ​ខេត្ត​ជំាងស៊ូ (Jiangsu) យក​មក​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត។ បន្ទាប់​មក ដំណឹង​នេះ​ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​មីក្រូប្លុក​របស់​ស្រុក​ចាងហ្ស៊ូ​ដែរ តែ​មិន​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​ដោយ​រដ្ឋាភិបាល​នៅ​ទីក្រុង​ប៉េកំាង​ទេ។ មួយ​វិញ​ទៀត ព័ត៌មាន​ដែល​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត និង​មីក្រូប្លុក​ក៏​ត្រូវ​បាន​គេ​ដក​ចេញ​ភ្លាមៗ​ដែរ។ ក៏​ប៉ុន្តែ អ្វីៗ​ហាក់​ដូច​ជា​យឺត​ពេល ព្រោះ​ដំណឹង​នោះ​ត្រូវ​បាន​អ្នក​លេង​តាម​បណ្តាញ​សង្គម ដូច​យ៉ាង Facebook យក​ទៅ​ចុះ​ផ្សាយ​បន្ត​​គ្នា​យ៉ាង​ព្រោងព្រាត។ តើ​ចិន​បាន និង​កំពុង​ត្រៀម​សាងសង់​នាវា​ផ្ទុក​យន្តហោះ​ទី២ ឬ និង​ថា ហេតុអ្វី​បាន​ជា​ចិន​ព្យាយាម​លាក់​ព័ត៌មាន​នេះ​ខ្លំាង​ម្ល៉េះ?

ផ្សាយពាណិជ្ជកម្ម

តើ​ចិន​មាន​គម្រោង​ផលិត​នាវា​ផ្ទុក​យន្តហោះចម្បំាង ឬ​មួយ​ក៏​កំពុង​នាវា​ផ្ទុក​យន្តហោះចម្បំាង​របស់​ខ្លួន​បន្ថែម​ទៀត?។ នេះ​ជា​សំណួរ​ដែល​គេ​នៅ​ទាន់​បាន​ទទួល​ចម្លើយ​ជា​ផ្លូវការ​ណា​មួយ​ពី​រដ្ឋាភិបាល​នៅ​ទីក្រុង​ប៉េកំាង​ទេ។ អ្វី​ដែល​គេ​ដឹង ព័ត៌មាន​នេះ​ត្រូវ​បាន​បែក​ធ្លាយ​ចេញ​ពី​ក្រុមហ៊ុន​​ខ្សែកាប​ស្ហាងស្ហាង (Shangshang Cable groupe) និង​ដែល​កាសែត​ប្រចំាថ្ងៃ​ឈ្មោះ « Chanhzhou Evening News » ក្នុង​ស្រុក​ចាងហ្ស៊ូ (Changzhou) នៃ​ខេត្ត​ជំាងស៊ូ (Jiangsu) យក​​មក​ចុះ​ផ្សាយ​ដោយ​ដាក់​ចំណង​ជើង​ថា « យន្តហោះ រថភ្លើង​រត់ល្បឿនលឿន និង​នាវាផ្ទុក​យន្តហោះ Made in Changzhou » ។

បើ​យោង​តាម​កាសែត​ប្រចំាថ្ងៃ រដ្ឋអំណាច​ក្នុង​ស្រុក​ចាងហ្ស៊ូ​បាន​ប្រាប់​ឲ្យ​ដឹង​ពី​គម្រោង​ធំៗ​មួយ​ចំនួន​សម្រាប់​ឆ្នំា ២០១៥ នា​ឱកាស​វេទិកា​សេដ្ឋកិច្ច​ដែល​បាន​រៀបចំ​ធ្វើ​ក្នុង​ស្រុក​ចាងហ្ស៊ូ។ ក្នុង​ចំណោម​គម្រោង​ទំាង​នោះ ក៏​មាន​ចំណែក​របស់​ក្រុមហ៊ុន​ខ្សែកាប​ស្ហាងស្ហាង (Shangshang Cable groupe) ដែល​ទទួល​បាន​កុងត្រា​ជា​អ្នក​បំពាក់​គ្រឿងបរិក្ខារ​ឲ្យ​នាវាផ្ទុក​យន្តហោះចម្បំាង​ទី២ របស់​ចិន​ដែរ។

ព័ត៌មាន​នេះ​ក៏​ត្រូវ​បាន​ស្រុក​ចាងហ្ស៊ូ​យក​ទៅ​ចុះ​ផ្សាយ​ជា​ផ្លូវការ​នៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន​ដែរ។ បន្ទាប់​មក ដំណឹង​ដដែល​នេះ​ក៏​ត្រូវ​បាន​កាសែត​ស្និទ្ធ​នឹង​បក្ស​កុម្មុយនិស្តចិន​ឈ្មោះ « Global Times » យក​ទៅ​ផ្សាយ​បន្ត និង​ថែម​ទំាង​បាន​បញ្ជាក់​បន្ថែម​ថា គឺ​ក្រុមហ៊ុន​ខ្សែកាប​ស្ហាងស្ហាង (Shangshang Cable groupe) ដដែល​នោះ​ហើយ​ដែល​ជា​អ្នក​បំពាក់​គ្រឿងបរិក្ខារ​ឲ្យ​នាវា​ផ្ទុក​យន្តហោះចម្បំាង​ទី១ របស់​ចិន​ឈ្មោះ « Liaoning »។ នៅ​ទីបំផុត និង​ប្រហែល​ជា​មិន​បាន​ពិគ្រោះយោបល់​ជាមួយ​ថ្នាក់​លើ​ជាមុន មុន​នឹង​ចុះ​ផ្សាយ រដ្ឋអំណាច​ស្រុក​ចាងហ្ស៊ូ រួម​ទំាង​កាសែត​ដែល​បាន​ចុះ​ផ្សាយ​ព័ត៌មាន​នោះ​ក៏​ប្រញិបប្រញាប់​ដក​ព័ត៌មាន​នោះ​ចេញ​វិញ​ជា​បន្ទាន់។ តែ​បញ្ហា​នៅ​ត្រង់​ថា អ្វីៗ​ហាក់​ដូច​ជា​យឺត​ពេល​ជ្រុល​ទៅ​ហើយ ព្រោះ​ដំណឹង​នោះ​ត្រូវ​បាន​អ្នក​លេង​បណ្តាញសង្គម ដូច​យ៉ាង Facebook យក​ទៅ​ចុះ​ផ្សាយ​បន្ត​យ៉ាង​ព្រោងព្រាត​ជា​សាធារណៈ​បែក​ធ្លាយ​ឆ្លង​ចេញ​ពី​ព្រំដែន​ចិន​តែ​ម្តង។

នៅ​ក្នុង​ប្រទេស​ចិន មធ្យោបាយ​ឃោសនា​មហាជន​នៅ​តាម​ខេត្ត ស្រុក​មាន​កាតព្វកិច្ច​ជា​អ្នក​ជូន​ដំណឹង ឬ​ក៏​ថា​ជា​អ្នក​នំា​ពាក្យ​ឲ្យ​រដ្ឋអំណាច​ក្នុង​ខេត្ត ស្រុក​របស់​ខ្លួន។ តែ​សំណួរ​ដែល​កំពុង​ចោទ​ពេល​នេះ​គឺ​ថា ហេតុអ្វី​បាន​ជា​ព័ត៌មាន​ស្តីពី​គម្រោង​សាងសង់​នាវាផ្ទុក​យន្តហោះចម្បំាង​ទី២ របស់​ចិន​ដែល​រដ្ឋអំណាច​ក្នុង​ស្រុក​ចាងហ្ស៊ូ​បាន​បញ្ជាក់​ជា​ផ្លូវការ​ពេល​នេះ បែរ​ជា​ត្រូវ​បាន​កងទ័ព​ចិន​ឆ្លើយ​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ទៅ​វិញ និង​សូម្បី​តែ​រដ្ឋាភិបាល​នៅ​ទីក្រុង​ប៉េកំាង​ក៏​មិន​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទំាង​អស់​ដែរ។ តាម​ពិត​ទៅ ព័ត៌មាន​ជុំវិញ​គម្រោង​សាងសង់​នាវា​ផ្ទុក​យន្តហោះចម្បំាង​ទី២ របស់​ចិន​ដែល​កំពុង​​បែក​ធ្លាយ​ខ្ចរខ្ចាយ​ពេល​នេះ មិនមែន​ជា​រឿង​សម្ងាត់​ណាស់​ណា​ពេក​ទេ ព្រោះ​ថា ដំណឹង​សម្ងាត់​មួយ​នេះ​ក៏​ធ្លាប់​បង្ហើប​ឲ្យ​ដឹង​ជា​ច្រើន​ដង​ដែរ ពិសេស​ពី​លោក​វ៉ាង មីន អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​ចិន​ក្នុង​ខេត្ត Liaoning កាល​ពី​ខែ​មករា ឆ្នំា ២០១៤។ បន្ទាប់​មក ថ្នាក់ដឹកនំា​ជាន់ខ្ពស់​យោធា​ចិន​ក៏​ធ្លាប់​បាន​ប្រាប់​ពី​បំណង​របស់​រដ្ឋាភិបាល​ក្នុង​ការ​បំពាក់​នាវា​ផ្ទុក​យន្តហោះចម្បំាង​ជា​ច្រើន​គ្រឿង​ដែរ។

គួរ​ជម្រាប​ជូន​ថា​សព្វថ្ងៃ​នេះ ចិន​មាន​នាវាផ្ទុក​យន្តហោះចម្បាំង​តែ​មួយ​គត់​ឈ្មោះ « Liaoning » និង​ដែល « Liaoning » បាន​ដាក់​ឲ្យ​ដំណើរការ​តំាង​ពី​ឆ្នំា ២០១២ មក​ម្ល៉េះ។ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ថា « Liaoning » មិនមែន​​ជា​នាវាផ្ទុក​យន្តហោះចម្បាំង​ផលិត​ដោយ​ដៃ​ចិន ១០០% ទេ តែ​ជា​នាវា​សល់​ពី​ជំនាន់​សូវៀត និង​ដែល​ចិន​បាន​ទិញ​បន្ត​ពី​អ៊ុយក្រែន​ក្នុង​តម្លៃ​ថោក​កាល​ពី​ឆ្នំា ១៩៩៨ ដើម្បី​យក​ទៅ​ជួសជុល កែច្នៃ​ឡើង​វិញ។ តែ​ឥឡូវ​នេះ នាវាផ្ទុក​យន្តហោះចម្បាំង​ដែល​ចិន​កំពុង​សាងសង់ និង​មាន​គម្រោង​សាងសង់​នៅ​ថ្ងៃ​ខាង​មុខ គឺ « Made in China » មួយ​រយ​ភាគ​រយ​តែ​ម្តង។ តាម​ព័ត៌មាន​មិន​ផ្លូវការ​ឲ្យ​ដឹង​ថា នាវាផ្ទុក​យន្តហោះចម្បាំង​ទី២ « Made in China » នឹង​ត្រូវ​សាងសង់​រួចរាល់​ក្នុង​ឆ្នំា ២០១៦ ខាង​មុខ ព្រម​ទំាង​មាន​គម្រោង​សាងសង់​ចំនួន ២គ្រឿង​បន្ថែម​ទៀត។

វា​មិនមាន​អ្វី​ចម្លែក​ទេ​ដែល​ចិន​រួសរាន់​ពង្រឹង​កម្លំាង​ជើងទឹក តាម​រយៈ​ការ​បង្កើន​ចំនួន​នាវាផ្ទុក​យន្តហោះចម្បាំង​របស់​ខ្លួន​នោះ ព្រោះ​ថា ក្នុង​នាម​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី២ ក្នុង​លោក ចិន​មាន​ការ​យឺតយ៉ាវ​ខ្លំាង​ណាស់​បើ​ធៀប​នឹង​ប្រទេស​ផ្សេង ដូច​យ៉ាង​អាមេរិក​ដែល​មាន ៤គ្រឿង អង់គ្លេស និង​ឥណ្ឌា​ដែល​ម្នាក់ៗ​មាន ២គ្រឿង​នោះ។ តែ​បញ្ហា​នៅ​ត្រង់​ថា មហិច្ឆតា​យោធា​របស់​ចិន​ពេល​នេះ​បាន និង​កំពុង​ធ្វើ​ឲ្យ​អាមេរិក និង​ប្រទេស​ក្នុង​តំបន់​មាន​ការ​ព្រួយបារម្ភ​ជា​ពន់ពេក។ ព្រួយបារម្ភ​ព្រោះ​វា​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​មហា​យក្ស​អាស៊ី​មួយ​នេះ​កំពុង​មាន​ជម្លោះទឹកដី​ជាមួយ​ជប៉ុន​នៅ​សមុទ្រ​ចិន​ខាងកើត និង​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ព្រមទាំង​តៃវ៉ាន់​នៅ​សមុទ្រ​ចិន​ខាងត្បូង។

ម្យ៉ាង​ទៀត ទោះ​បី​ជា​ចិន​ខ្លួន​ឯង​គ្មាន​ទទួល​ការ​គំរាមកំហែង​លើ​បូរណភាព​ទឹកដី និង​សន្តិសុខ​ពី​ខាង​ក្រៅ​ក៏ដោយ ក៏​ថ្នាក់ដឹកនាំ​ចិន​បាន​យល់​យ៉ាង​ច្បាស់​ថា សត្រូវ​ដែល​គ្រោះថ្នាក់​ខ្លំាង​ជាង​គេ​នោះ គឺ​សត្រូវ​ចេញ​ពី​សាច់​ឯង​តែ​ម្តង ពោល​ជា​សត្រូវ​ដែល​នឹង​អាច​ផ្តួល​រំលំ​របប​កុម្មុយនិស្ត​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន។ ដូច្នេះ​នៅ​ចំពោះ​មុខ មាន​តែ​អំណាច​យោធា​មួយ​ទេ​ដែល​អាច​ក្តាប់​ស្ថានការណ៍​ផ្ទៃក្នុង​បាន និង​ក៏​អាច​ធ្វើ​ឲ្យ​អ្នកដទៃ​ខ្លាច​រអា​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI