ថៃ-ជប៉ុន

នាយករ​ដ្ឋមន្ត្រី​ជប៉ុន​ជំរុញ​ថៃ​ឱ្យ​វិល​ត្រលប់​មក​រក​គន្លង​ប្រជាធិបតេយ្យ

នាយករដ្ឋមន្ត្រី​ថៃ​ប្រាយុទ្ធ​ចាន់​អូចា និង​សមភាគី​ជប៉ុន ធ្វើ​សន្និសីទ​កាសែត​រួម​ នៅ​ទីក្រុង​តូក្យូ​ថ្ងៃទី ៩ កុម្ភៈ ២០១៥
នាយករដ្ឋមន្ត្រី​ថៃ​ប្រាយុទ្ធ​ចាន់​អូចា និង​សមភាគី​ជប៉ុន ធ្វើ​សន្និសីទ​កាសែត​រួម​ នៅ​ទីក្រុង​តូក្យូ​ថ្ងៃទី ៩ កុម្ភៈ ២០១៥ © Reuters

នា​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​តូក្យូ​ថ្ងៃ​ចន្ទ​ទី ៩​កុម្ភៈ ២០១៥​នេះ លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ បាន​ជំរុញ ឱ្យ​លោក​ប្រមុខ​រដ្ឋាភិបាល​សឹក​ថៃ ប្រាយុទ្ធ​ ចាន់អូចា រួស​រាន់​នាំ​ថៃ​ទៅ​កាន់​របប​ប្រជាធិបតេយ្យ​វិញ ឱ្យ​បាន​កាន់​តែ​ឆាប់ កាន់​តែ​ប្រសើរ។ ក្នុង​ពេល​ធ្វើ​សន្និសីទ​រួម​គ្នា នាយក​រដ្ឋមន្ត្រី​សឹក​ថៃ​បាន​សន្យា​រៀប​ចំ​ការ​បោះឆ្នោត​នៅ​ចុង​ឆ្នាំ​នេះ ឬ​យ៉ាង​យូរ​នៅ​ដើម​ឆ្នាំ​២០១៦។

ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទី​មួយ​គិត​ចាប់​ពី​មាន​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នៅ​ខែ​ឧសភា​ឆ្នាំ​២០១៤​មក​ ដែល​នាយករដ្ឋមន្ត្រី​​នៃ​របប​សឹក​ថៃ បាន​ទទួល​ការ​អញ្ជើញ​ឱ្យ​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ជា​មហាអំណាច​សេដ្ឋកិច្ច​ដូច​យ៉ាង​ជប៉ុន។

ក្រៅអំពី​ បង្ហាញសេចក្តី​សង្ឃឹម​ថា នឹង​បាន​ឃើញ​ថៃ​មាន​ការ​ផ្សះផ្សា​ជាតិ នាយករដ្ឋមន្ត្រី​ជប៉ុន ក៏​បាន​​ជំរុញ​ ឱ្យ​រាជាណាចក្រ​មួយ​នេះ រួស​រាន់​ប្រគល់​អំណាច​ទៅ​ឱ្យ​ស៊ីវិល​ ជា​អ្នក​គ្រប់គ្រង​ប្រទេស​វិញ ឱ្យ​បាន​កាន់​តែ​ឆាប់។ ហើយ​តាម​រយៈសន្និសីទ​កាសែត​រួម​គ្នា នាយករ​ដ្ឋមន្ត្រី​ប្រាយុទ្ធ​ចាន់អូចា ក៏​បាន​សន្យា​តប​វិញ​ បង្កើន​ល្បឿន​ធ្វើ​កំណែទម្រង់​ច្បាប់​រដ្ឋធម្មនុញ្ញ និង​គ្រោង​រៀប​ចំ​បោះឆ្នោត​សភា​ឱ្យ​បាន​យ៉ាង​យូរ​នៅ​ដើម​ឆ្នាំ​២០១៦។

មិន​ខុស​អំពី​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ដែល​ថៃ​បានចុះ​ហត្ថលេខា​​លើក​កិច្ចព្រមព្រៀង​ពីរ ៖ សាង​សង់​ផ្លូវ​ដែក និង​កសិកម្ម ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​នៅ​តូក្យូ​ថ្ងៃ​នេះ ក៏​ជា​ឱកាស​សម្រាប់​ប្រទេស​ទាំង​ពីរ​ចុះ​ហត្ថលេខា​លើ​អនុសាសនៈ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ផ្លូវ​ដែក​នៅ​ក្នុង​ប្រទេស​ថៃ​ ដែល​ជា​ដំណាក់​កាល​ចាំបាច់​មុន​នឹង​ឈាន​ដល់​នៃ​ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​​ពិសេស​ ដាវៃ (Dawei)។ គម្រោង​​​ពាណិជ្ជកម្ម​ កំពង់​ផែ Dawei បី​ប្រទេស​ ជប៉ុន​ភូមាថៃ​ តម្លៃ​រាប់​ពាន់​លាន​ដុល្លារ ​នឹង​អនុញ្ញាត​ឱ្យ​ថៃ​​មាន​ផ្លូវ​ចេញ​ចូល​ទៅ​កាន់​មហាសមុទ្ទ​ឥណ្ឌា​ និង​លោក​ខាង​លិច​ យ៉ាង​ទូលំទូលាយ​។

ម្យ៉ាង​វិញ​ទៀត ក្រោយ​ពី​បានងាក​ទៅ​រក​​ចិន​ ប្រមុខ​រដ្ឋាភិបាល​សឹក​ថៃ​ កំពុង​ចេញ​មុខ​លើ​ឆាក​អន្តរជាតិ ដើម្បី​​​ទាក់ទាញ និង​ស្វះ​ស្វែង​រក​​ការ​គាំទ្រឡើង​វិញ​ ដោយ​ផ្តើម​ពី​ជប៉ុន ដែល​ជា​រាជាណាចក្រ​ដូច​គ្នា​ផង និង​ជា​អតីត​​​សម្ព័ន្ធ​មិត្ត​​ តាំង​ពី​មុន​ថៃ​មាន​រដ្ឋប្រហារផង។ សម្ព័ន្ធមិត្ត​ខ្លះ​ ដូច​យ៉ាង​សហរដ្ឋ​អាមេរិកបាន​​រិះគន់ និង​បាន​ប្រកាស​មិន​អាច​វិល​ទៅ​រក​ទំនាក់ទំនង​ជា​ប្រក្រតី​វិញ​បាន ប្រសិន​បើ​ថៃ​មិន​ព្រម​ត្រលប់​ទៅ​រក​គន្លង​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​បាន​ឆាប់​រហ័ស​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI