អានតួអត្ថបទ
ថៃ

ឪពុកម្តាយ​​អតីត​មហេសីទាយាទ​ថៃ ជាប់​ទោស​ប្រមាថ​ព្រះ​ចេស្តា​ស្តេច

ព្រះនាង​ស្រ៊ី រស្មី ជាយា​ទីបី​របស់​ព្រះរាជបុត្រ​វិជ្ចរ៉ា ឡុងកន សុំ​លាចេញ​ពី​ងារ​រាជង្ស​ដែល​មាន​ន័យ​ស្មើ​ការលែងលះ​ជាមួយ​ព្រះរាជបុត្រ​ស្នងរាជ្យ
ព្រះនាង​ស្រ៊ី រស្មី ជាយា​ទីបី​របស់​ព្រះរាជបុត្រ​វិជ្ចរ៉ា ឡុងកន សុំ​លាចេញ​ពី​ងារ​រាជង្ស​ដែល​មាន​ន័យ​ស្មើ​ការលែងលះ​ជាមួយ​ព្រះរាជបុត្រ​ស្នងរាជ្យ ©REUTERS/Adrees Latif/Files
ដោយ៖ អៀង សុខម៉ិញ
១៣ នាទី

នៅ​ថ្ងៃពុធ​នេះ តុលាការ​ថៃ បាន​សម្រេច​ដាក់​ទោស ឪពុកម្តាយ របស់​អតីត​មហេសី​នៃ​ទាយាទ​ថៃ​ ឱ្យ​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​ ពី​បទ​បាន​ប្រមាថ​ព្រះ​មហាក្សត្រ។ នេះ​អាច​ចាត់​ទុក​ជា​វគ្គ​​ចុង​ក្រោយ​នៃ​ដំណើរ​​រឿង​តុលាការ​ប្រឆាំង​នឹង​ក្រុមគ្រួសារ​អតីត​មហេសី​​នៃ​អង្គ​បុត្រា​ស្នង​រាជ្យ​ថៃ។ មហេសី​ដែល​បាន​បោះបង់​ងារ​ទៅ​ធ្វើជា​រាស្ត្រ​សាមញ្ញ​ តាំង​ពី​ចុង​ឆ្នាំ​២០១៤​មក។

ផ្សាយពាណិជ្ជកម្ម

សម្រាប់​ចៅក្រម​ ជន​ជាប់​ចោទទាំង​ពីរគឺ​ លោក អាភីរុជ អាយុ​៧២​ឆ្នាំ និង​អ្នក​​ស្រី វ៉ាន់ថានី អាយុ​៦៦​ឆ្នាំ ពិត​ជា​បាន​ជេរ​ប្រមាថ​រាជានិយម​ និង​ដែល​ត្រូវ​តែ​ថ្កោល​ទោស ដាក់​ពន្ធនាគារ​៥​ឆ្នាំ។ ក៏​ប៉ុន្តែ​តុលាការ​បាន​បន្ធូរ​បន្ថយ​ទោស ដោយ​សម្រេចដាក់​ទោស​ឪពុក​ម្តាយ​របស់​អតីត​មហេសី​នៃ​ទាយាទ​ថៃ ត្រឹម​ពីរ​ឆ្នាំ​និង​៦​ខែ។

ជន​ជាប់​ទោស​ទាំង​ពីរ ក៏​បាន​ឆ្លើយ​សារភាព ថា​ពិត​ជា​បាន​ប្រើ​ប្រាស់​ឥទ្ធិពល​និង​អំណាច​ជាប់សែ​រាជវង្ស​ទៅ​ប្តឹង​ផ្តល់​តុលាការ​ឱ្យ​កាត់​ទោស​អ្នក​ជិត​ខាង​ម្នាក់​ជាប់​ពន្ធនាគារ​អស់​១៨​ខែ កាលពី​១០​ឆ្នាំ​មុន។

 
​មាន​សមាជិក​គ្រួសារ​ នាង ស្រ៊ីរស្មី ជា​​អតីត​មហេសី​នៃ​រាជទាយាទ​ថៃ​ ចំនួន​យ៉ាង​ហោច​ណាស់​៨​នាក់​ផ្សេង​ កំពុង​ជាប់​ក្នុង​សវនការ ឬ​កាត់​ទោស​រួច​ហើយ​ពី​​​បទ​ប្រមាថ​ព្រះ​មហាក្សត្រ ដែល​ច្បាប់​ដ៏​តឹង​តែង​ជាង​គេ​បំផុត​ អាច​នាំ​ជន​ជាប់​ចោទ​ឱ្យ​ជាប់​ពន្ធនាគារ​ដល់​១៥​ឆ្នាំ។ ក្រៅ​ពី​ឪពុក​ម្តាយ​ បង​ស្រី បងថ្លៃ និង​បង​ប្អូន​ប្រុស​ពីរ​នាក់ ព្រមទាំង​ក្មួយ​ប្រុស​ម្នាក់​ទៀត​ក៏​កំពុង​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​​ប្រមាថ​​ព្រះ​ចេស្តា​ព្រះ​មហាក្សត្រ​នេះ​ដូច​គ្នា។ ឪពុក​មា​ដែល​ជាមេ​ដឹក​នាំ​ជាន់​ខ្ពស់​ក្នុង​ជួរ​ប៉ូលិស​ ទើប​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៣១​ឆ្នាំ។

សំណុំ​រឿង​តុលាការ​ប្រឆាំង​នឹង​ក្រុម​គ្រួសារ​របស់​អតីត​មហេសី​នៃ​ទាយាទ​ថៃ បាន​ផ្ទុះ​ឡើង​ខណៈ​ដែល​​បរិបទ​នៃ​ការ​ស្នង​រាជ្យបន្ត​ពី ព្រះ​មហាក្សត្រ​ភូមិបុល​ ​ព្រះ​ជន្ម​៨៧​ឆ្នាំ ​មាន​លក្ខណៈ​មិន​ប្រាកដ​ប្រជា។ រាល់​ព័ត៌មាន​ទាក់ទង​នឹង​ត្រកូល​រាជវង្ស​ ត្រូវ​រង​ការ​ត្រួត​ពិនិត្យ​ជា​ស្វ័យប្រវត្តិ​​ សូម្បី​តែ​​ប្រព័ន្ធ​ឃោសនា​បរទេស​ មាន​ការិយាល័យ​នៅ​ថៃ​ ក៏​រង​គំនាប​​ ក្រោម​ហេតុផល​តែ​មួយ​គឺ​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​​ការ​ប្រមាថ​រាជានិយម​ ដែល​របប​សឹក​ ​យក​​ធ្វើ​ជា​សំអាង​តាំង​ពី​បាន​ឡើង​កាន់អំណាច​តាម​រយៈ​រដ្ឋប្រហារ​ខែ​ឧសភា​២០១៤​មក៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ