ចិន

យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​លោក ស៊ីជីនពីង ជា​ល្បែង​បង្កើន​អំណាច ?!

លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន
លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន REUTERS/Jason Reed

តុលាការ​ចិន​បា​នប្រកាស​ តាមរយៈ​ការ​ចុះ​ផ្សាយ​ក្នុង​ទំព័រ​សារព័ត៌មានផ្លូវការ​នៅ​ថ្ងៃ​សុក្រ​នេះ ថា​សវនការ​កាត់​ទោស​លោក ចូវ យ៉ុងកាង អតីត​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​និង​ជា​អតីត​សមាជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​កុម្មុយនិស​ចិន​ ពី​បទ​​ពុក​រលួយ​និង​ផ្សព្វផ្សាយ​ការ​សម្ងាត់​រដ្ឋ​ នឹង​ប្រព្រឹត្ត​ជា​សាធារណៈ ដើម្បី​តម្លាភាព។ នេះ​ជា​លើក​ទីមួយ​ ហើយ​ដែល​ចិន​បើក​សវនការ​កាត់​ទោស​មន្ត្រី​កំពូល​ក្នុង​ជួរ​បក្ស។

ផ្សាយពាណិជ្ជកម្ម

គិត​ចាប់​តាំង​ពី​​គណបក្ស​កុម្មុយនិស​ចិន​ឡើង​កាន់​អំណាច​ នៅ​ឆ្នាំ​១៩៤៩​មក​ នេះ​ជា​លើក​​ទីមួយ​ហើយ​ដែល​មន្ត្រី​ថ្នាក់​កំពូល​ក្នុង​ជួរ​គណៈអចិន្ត្រៃយ៍​បក្ស ចូល​និវត្តន៍​ទៅ​ហើយ ត្រូវ​ត្រលប់​មក​ជាប់​អង្កេត ចាប់​ខ្លួន និង​ត្រូវ​កាត់​ទោស​ជា​សាធារណៈ​ ព្រោះ​រឿង​អាស្រូវ​ពុក​រលួយ។ ប៉ុន្តែ​សម្រាប់​ ​ ​ប្រធាន​តុលាការ​កំពូល​ចិន​ គ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ទេ ! ដំណើរការ​សវនាការ​នឹង​ត្រូវ​ធ្វើ​ជា​សាធារណៈ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់។

ប៉ុន្តែ​ពី​តម្លាភាព ក្នុងប្រតិបត្តិការ​ប្រយុទ្ធ​​ប្រឆាំង​នឹងអំពើ​ពុក​រលួយ ​ ​តាម​រយៈ​សំណុំ​រឿង​លោក ចូវ យ៉ុងកាង ដ៏​​​​​រសើប​ខ្លាំង​ណាស់ ជា​ពិសេស​នៅ​លើ​ផ្នែក​នយោបាយ​ មិន​ប្រាកដ​ថាមាន​១០០%ឡើយ។

មាន​អាយុ​ ៧១​ឆ្នាំ ជា​អតីត​ឥស្សរជន​ដ៏​មាន​អំណាច​បំផុត​ម្នាក់​នៅក្នុង​​ទសវត្សរ៍​​ឆ្នាំ​២០០០ លោក ចូវ យ៉ាងកាង មាន​តួនាទី​នៅ​ក្នុងគណៈអចិន្ត្រៃយ៍​នៃ​បក្ស​កុម្មុយនិស្ត​ ​ ដែល​ជា​ស្ថាប័ន​មាន​​អំណាច​កំពូល​នៅ​ចិន និង ​​ជាអតីត​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ជាតិ ដ៏​មាន​មហិទ្ធិរិទ្ធ​ រហូត​ដល់​ឆ្នាំ​២០១២​ ជា​ឆ្នាំ​ចូល​និវត្តន៍ និង​ជា​ឆ្នាំ​ដែល​មាន​ការ​ប្តូរ​ផ្លាស់ក្បាល​ម៉ាស៊ីន​ដឹកនាំ​​ប្រទេស តាម​រយៈ​ការ​ឡើង​កាន់​តំណែង​របស់​លោក ស៊ី ជីនពីង​ ជា​ប្រធានាធិបតី​ចិន។ លោក​ស៊ី ជីនពីង ដែល​បាន​យក​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុក​រលួយ​ជា​អាទិភាព​ចម្បង​សម្រាប់​អាណត្តិ​នេះ។

ប៉ុន្តែ​បើ​គេ​សង្កេត​ឱ្យ​ស៊ីជម្រៅ អ្នក​រង​ការ​ចោទ​ប្រកាន់​ និង​ផ្តួល​ចេញ​ពី​អំណាច​ គឺ​ច្រើន​តែ​ជា​អ្នក​ដែល​មាន​និន្នាការ​ឬ​នៅ​ខាង​ចរន្ត​ដែល​ជា​ធ្លាប់​ជា​គូ​ប្រជែង​នឹង​លោកស៊ីជីនពីង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា មានមិន​ខ្វះ​ទេ ​ភាព​មន្ទិល​សង្ស័យ​ ថា​លោកស៊ីជីនពីង  ​ប្រើ​នយោបាយ​បំបាត់​អំពើ​ពុក​រលួយ​ដើម្បី​កម្ចាត់​ចរន្ត​បក្ខដិបក្ខ នោះ។

ពី​អ្នក​សម្របសម្រួល ទៅ​ជា​ប្រើ​អំណាច

កាលពី​ពីរ​ឆ្នាំ​មុន លោកស៊ីជីនពីង ក្នុង​ពេល​នៅ​ជា​បេក្ខជន​​នៅឡើយ លោក​ស៊ី ជីនពីង ជា​ឥស្សរជន​នយោបាយ​ដែល​មាន​ជំហរ​សម្រប​សម្រួល​ រវាងចរន្ត​ប្រជែង​គ្នា​ក្នុងជួរ​បក្ស ឆ្លើយ​តប​បាន​ទាំង​ស្រុង​ទៅនឹង​គោលការណ៍​បក្ស​។ តាំង​ពី​ឆ្នាំ​១៩៧៦ មក​ក្រោយ​មរណភាព​របស់​ម៉ៅសេទុង បិតា​របប​សាធារណរដ្ឋ​ចិន​ប្រជាមានិត បក្ស​​កុម្មុយនិស្ត​ចិន បាន​ប្រកាន់​ជំហរ​​អភិរក្ស ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​បែក​ធ្លាយ​បក្ស។ មេដឹកនាំ​មាន​គោលការណ៍​សម្រេច​​ចិត្ត​ ដោយ​ឈរ​ការ​ព្រមព្រៀង​ មិន​គំរាមកំហែង​ឥស្សរជន​ក្នុង​ជួរ​បក្ស​ និង​បដិសេធ​ការ​បើ​អំណាច​​តែ​ម្នាក់​ឯង។ ​​ ប្រសិន​បើ​បក្ស​កុម្មុយនិស្ត​ដឹង​ថា​ លោក ស៊ី ជីនពីង ពេល​ឡើង​កាន់​អំណាច បោស​សម្អាត​មន្ត្រី​ជាន់​ខ្ពស់​មិន​រើង​មុខ​ ​ ប្រហែល​ជា​គេ​មិន​ជ្រើស​យក​លោក​ស៊ី ជីនពីង​ទេ។

ជាមួយ​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ វាយប្រហារ​ដល់​សមាជិក​គណៈអចិន្ត្រៃយ៍​បក្ស​ លោក ស៊ីជិនពីង​ កំពុង​បង្កើន​អំណាច​ខ្លាំង បង្ហាញ​ឥទ្ធិពល​ ​ជា​បុគ្គល​ត្រូវ​តែ​គោរព មាន​វត្តមាន​ស្ទើរ​ក្នុង​គ្រប់​ប្រព័ន្ធ​ឃោសនា​ ពេញ​ផ្លូវ​ ពេញ​ភោជនីយដ្ឋាន​ ក្នុង​រយៈ​ពេល​តែ​១៨​ខែ​នៃ​ការ​កាន់​អំណាច លោកស៊ីជីនពីង ជា​ប្រធានាធិបតី​ដែល​ ឈ្មោះ​ក្នុង​កាសែត​ប្រជាជន​ច្រើន​ជា​គេ​បង្អស់ គិត​ចាប់​តាំង​ពី​សម័យ​ចិន​ដឹកនាំ​ដោយ​លោក​ម៉ៅសេទុងមក។ មហិច្ឆតា​របស់​លោក​ពេល​នេះ គឺ​ចង់​​ក្លាយ​ជា​ប្រមុខ​ដឹកនាំ​ដែល​មាន​អំណាច​ជាង​គេ​បំផុត និង​ជំនះ​លើ​រាល់​ប្រព័ន្ធ​ (ចាស់​គំរិល)។

ជាមួយ​នឹង​យុទ្ធសាស្ត្រ​ដ៏​ប្រកប​ដោយ​គ្រោះ​ថ្នាក់នេះ យុទ្ធនាការ​បោស​សម្អាត​ជន​ពុក​រលួយ​របស់​លោក​ស៊ីជីនពីង​ត្រូវ​តែ​បន្ត​។ ព្រោះ​យុទ្ធនាការ​នេះ បាន​ធ្វើ​ឥស្សរជន​ចិន​ក្នុង​ជួរ​បក្ស​ ទើស​ទាល់​ និង​មិន​សប្បាយ​ចិត្តខ្លាំងណាស់។ ដូច្នេះ​ដើម្បី​អាច​ឈរ​ជើង​ជាប់ លោក ស៊ីជីនពីង​ត្រូវ​តែ​ពង្រឹង​​បន្ទាត់​មនោគមន៍​វិជ្ជា និង​ពិសេស​ត្រូវ​តែ​រក្សា​សម្ពាធ​​ឱ្យ​នៅ​ខ្ពស់​ដដែល ពោល​គឺ​ត្រូវ​ បន្ត​កម្ចាត់​មន្ត្រី​ពុក​រលួយ​ បន្តដក​ស្មៅ​ដែល​អាច​ទាក់​ជើង​លោក។ ដើម្បី​កុំ​ឱ្យ​មាន​​កំហឹង​ផ្ទៃ​ក្នុង​រោល​រោល​ខ្លាំង​ និង​ ​វិវាទទាន់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI