ជប៉ុន

រដ្ឋាភិបាលប្រើ​អំណាច​ដាក់​​​ខេត្ត​អូគីណាវ៉ា ​​ក្នុង​សំណុំ​រឿងសង់​មូលដ្ឋាន​ទ័ព​អាមេរិក​

លោក Takeshi Onaga ពេល​ជាប់​ឆ្នោត​ជាអភិបាល​ខេត្ត​អូគីណាវ៉ា ភ្លាម ថ្ងៃទី ១៦ វិច្ឆិកា ២០១៤
លោក Takeshi Onaga ពេល​ជាប់​ឆ្នោត​ជាអភិបាល​ខេត្ត​អូគីណាវ៉ា ភ្លាម ថ្ងៃទី ១៦ វិច្ឆិកា ២០១៤ REUTERS/Kyodo

រដ្ឋាភិបាល​ជប៉ុន​បាន​ចេញ​បញ្ជា​នៅ​ថ្ងៃនេះ មិន​ឱ្យ​មាន​ការ​ផ្អាក​ការដ្ឋាន​សាង​សង់​មូលដ្ឋាន​ទ័ព​អាមេរិក​ថ្មី​នៅអូគីណាវ៉ាទេ ដូច​ដីការ​របស់​អភិបាល​ខេត្តឡើយ។ ​អភិបាល​ខេត្ត​អូគីណាវ៉ា លោក តាកេស្ហ៊ី អូណាហ្កា (Takeshi Onaga) ​ ដែ​ល​ប្រឆាំង​ដាច់​ខាត​​នឹង​វត្តមាន​កងទ័ព​អាមេរិក​ក្នុង​ខេត្ត​អូគីណាវ៉ា បាន​​ប្រើ​សិទ្ធិ​​អាជ្ញាធរ​មូលដ្ឋាន ​ជា​​ហាមឃាត់ការដ្ឋាន​ និង​បាន​​​គាស់​កកាយ​ជម្លោះ​ចំណាស់​ពីរ​ទសវត្សរ៍​ឱ្យ​រើ​ឡើង​វិញ។

ផ្សាយពាណិជ្ជកម្ម

 

ការ​លូក​ដៃ​របស់​​​រដ្ឋាភិបាល ជា​បញ្ជា​ដែល​សម​ស្រប​និង​មិន​លម្អៀង ! នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ពេល​ផ្តល់​សន្និសីទ​កាសែត​ព្រឹក​មិញ ដែល​បាន​អះអាង​បន្ថែម​ទៀត​ថា ការ​ប្រគល់​ដីធ្លី​ជូន​ពលរដ្ឋ​វិញ ជា​ប្រការ​សំខាន់​​ខ្លាំង​ណាស់។ ពលរដ្ឋ​នៅ​ហ្វូតេម៉ា តែង​ថ្ងូរ​ថ្ងូរ ធុញ​ថប់​នឹង​សំឡេង​​រំខាន ហានិភ័យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ ឬ​ហានិភ័យ​ជួប​គ្រោះ​ឧក្រិដ្ឋ​ផ្សេងៗ។

ពន្យឺត​ការ​សាងសង់​មូលដ្ឋាន​ទ័ព​ថ្មី មិន​ត្រឹម​តែ​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​របស់​ពលរដ្ឋ​ទេ តែ​ថែម​ទាំង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ការ​ទូត​ និង​នយោបាយ​ការពារ​ជាតិ​ជប៉ុន​ ព្រមទាំង​ទំនុក​ចិត្ត​ជាមួយ​នឹង​សហរដ្ឋ​ជា​សម្ព័ន្ធ​មិត្ត។​ ដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​ត្រូវ​តែ​លូក​ដៃ​បង្ខំចិត្ត​​ប្រើ​អំណាច​ បញ្ជា​ឱ្យ​បន្ត​ការ​សាង​សង់​មូលដ្ឋានទ័ព​ថ្មី ដោយ​ឈរ​លើ​គោលការណ៍​គោរព​បរិស្ថាន​ផង។ នេះ​បើ​តាម​អំណះ​អំណាង​របស់​តំណាង​រដ្ឋាភិបាល។

សូម​បញ្ជាក់​ថា ការ​សាង​សង់​មូលដ្ឋាន​ទ័ព​ថ្មី​នេះ ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​ ឆ្នាំ​១៩៩៦ ​ប្តូរ​ទីតាំង​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​ហ្វូតេម៉ា កណ្តាល​ទី​ប្រជុំ​ជន​ខេត្ត​អូគីណាវ៉ា ទៅ​កាន់ទី​ដាច់​ស្រយាល តាម​បណ្តោយ​ឆ្នេរ​​សមុទ្ទភាគ​ខាង​កើត​មិន​សូវ​មាន​មនុស្ស​រស់នៅ។ ប៉ុន្តែ​ អភិបាល​ខេត្ត លោក តាកេស្ហ៊ី អូណាហ្កា ដែល​បានទាមទារ​ឱ្យ​បញ្ឈប់​ការដ្ឋាន​សប្តាហ៍​មុន​នេះ ​មិន​​ចង់​ឃើញ​មាន​មូលដ្ឋាន​ទ័ព​អាមេរិក​លើ​ទឹក​ដី​អូគីណាវ៉ា​តែ​ម្តង។ ឡើង​មកកាន់​អំណាច​ជា​អភិបាល​ខេត្ត​នៅ​ចុង​ឆ្នាំ​២០១៤ លោក អូណាហ្កា បាន លើក​ឡើង​អំពី​ផល​វិបាក​នៃ​រក្សា​ទុក​មូលដ្ឋាន​ទ័ព​ ថា​នឹង​ធ្វើ​ឱ្យ​មាន​ទុក្ខ​ភ័យ​ដល់​បរិស្ថាន ពិសេស​ដល់​ពពួក​រុក្ខជាតិ​ និង​ផ្កា​ថ្ម​ក្រោម​សមុទ្ទ​។

ការ​រើ​ប្តូរ​ទីតាំង​តែងជួប​ភាព​ចម្រូង​ចម្រាស​យ៉ាង​ខ្លាំង ! រហូត​​ខែ​ធ្នូ​ឆ្នាំ​២០១៣ ទើប​អភិបាល​ខេត្ត​អូគីណាវ៉ា​ចាស់​បាន​បើក​ភ្លើង​ខៀវ​ ជា​ថ្នូរ​នឹង​ជំនួយ​៣០០​ពាន់​​យ៉េន​ក្នុង​ឆ្នាំៗ សម្រាប់​លើក​ស្ទួយ​សេដ្ឋកិច្ច​ខេត្តរហូត​ដល់​ឆ្នាំ​២០២១។ ការព្រមព្រៀង​ដែល​បា​ន​ធ្វើ​ឱ្យ​លោក​បាត់​បង់​តំណែង។ ពលរដ្ឋ​បាន​​ងាក​មក​បោះឆ្នោត​គាំទ្រ​លោក អូណាហ្កាជា​គូ​ប្រជែង​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI