កូរ៉េខាង​ជើង-ស.រ.អា.

កូរ៉េខាង​ជើង​បាញ់​មីស៊ីល​បួន​គ្រាប់​ស្វាគមន៍​រដ្ឋមន្ត្រីការពារ​ជាតិ​អាមេរិក

មីស៊ីល Musudan នា​ឱកាស​ព្យុុយាត្រា​យោធា នៅ​ទីក្រុង​ព្យុុងយ៉ាង
មីស៊ីល Musudan នា​ឱកាស​ព្យុុយាត្រា​យោធា នៅ​ទីក្រុង​ព្យុុងយ៉ាង AFP PHOTO / FILES / Ed Jones

មីស៊ីល​រយៈ​ខ្លី​បួន​គ្រាប់​ដែល​​បាន​បាញ់​ចេញ​ពី​ឆ្នេរ​កូរ៉េខាង​ជើង បាន​ធ្លាក់​ខូច​នៅ​ក្នុង​សមុទ្ទ ថ្ងៃ​សុក្រ​ម្សិលមិញ។ ការ​បាញ់​សាក​ល្បង​នេះ បាន​ប្រព្រឹត្ត​ទៅ​​ក្នុង​បរិបទ​ដ៏​តាន​តឹង​រវាង​សេអ៊ូល​និង​ព្យុងយ៉ាង ដោយ​ហេតុតែ​កូរ៉េខាង​ត្បូង​កំពុង​ធ្វើ​សមយុទ្ធ​រួម​គ្នា​ជាមួយ​សហរដ្ឋ​អាមេរិក​ និង​តែ​ពីរ​បី​មុន​ដំណើរទស្សនកិច្ច​របស់ លោក​Ashton ​Carter​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​​អាមេរិក​ នៅ​សេអ៊ូល។

ផ្សាយពាណិជ្ជកម្ម

 

សេណារីយោ​មាន​តែ​មួយ​ ដូច​គ្នា​ជា​រៀង​រាល់​ឆ្នាំ ! ឱ្យតែ​កូរ៉េខាង​ត្បូង​និង​សម្ព័ន្ធ​មិត្ត​អាមេរិក រៀប​ចំ​សម​លំហាត់​យោធា​ អ្នក​ជិត​ខាង​កូរ៉េខាង​ជើង តែង​តែ​ខឹង​សម្បារ​ និង​តប​ត​វិញ ដោយ​ការ​បាញ់​សាកល្បង​មីស៊ីល។ សម្រាប់​ព្យុងយ៉ាង​ សមយុទ្ធ​ មាន​ន័យ​ថា​ ជា​ការ​គំរាម​ចង់​ឈ្លានពាន​ទឹក​ដី។ សមយុទ្ធ​អាមេរិក​កូរ៉េខាង​ត្បូង​បាន​ចាប់​ផ្តើម​តាំង​ពី​​ដើម​ខែ​មីនា ហើយ​នឹងត្រូវ​ចប់​នៅ​ថ្ងៃ​​ក្នុង​រវាង​បី​សប្តាហ៍​ទៀត។

នៅ​ថ្ងៃ​ទី​មួយ​នៃ​សមយុទ្ធ​ ព្យុងយ៉ាង​បាន​ស្វាគមន៍​ដោយ​បាញ់​មីស៊ីល​រយៈខ្លី​ពី​រ​គ្រាប់​ ជា​ការព្រមាន។ បន្ទាប់​មក៧​គ្រាប់​ទៀត​ នៅ​ពាក់​កណ្តាល​ខែ​មីនា។

ការ​បាញ់​សាកល្បង​មីស៊ីល​​បួន​គ្រាប់​​នៅ​សុក្រ​ម្សិលមិញ និង​មួយ​លើក​ទៀត កាលពី​ថ្ងៃ​ព្រហស្បតិ៍ ត្រូវ​បាន​កូរ៉េខាង​ជើង បាញ់​ចេញ​ពី​ទីតាំង​តែ​មួយ គឺ មូលដ្ឋាន ដុងចង់រី Dongchang-ri ដែល​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​​ព្រំដែន​ចិន។ ការ​បាញ់​សាកល្បង បង្ហាញ​សាច់​ដុំ​ ​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​នេះ ប្រព្រឹត្ត​ទៅ​ក្រោយ​អធិការកិច្ច​ផ្ទាល់របស់​ ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង​ដ៏​ក្មេង​ខ្ចី គីម ជុងអ៊ុន តែ​ម្តង។ ទំនង​ជា​ការ​ចៃដន្យ​ក៏​មិន​ដឹង ការ​បាញ់​សាកល្បង​មីស៊ីល​លើក​នេះ ធ្វើ​ឡើង​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ មុន​នឹង​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​ របស់​រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​អាមេរិក​ នៅ​អាស៊ី​។

លោក អាស្តុន កាទ័រ (Ashton Carter) គ្រោង​នឹង​មក​ដល់​ក្រុង​សេអ៊ូល​ ​ថ្ងៃទី ១០​មេសា ដើម្បី​​ជជែក​អំពី​បញ្ហា​សន្តិសុខ​ក្នុង​ឧបទ្វីបកូរ៉េ និងការ​ពង្រឹង​មធ្យោបាយ​​ ​សម្រាប់​ប្រឈម​នឹង​ការ​​គំរាម​កំហែង​មីស៊ីល​និង​នុយក្លេអ៊ែរ របស់​កូរ៉េខាង​ជើង។ ក្នុង​ក្របខ័ណ្ឌ​ទស្សនកិច្ច​នេះ​លោក​រដ្ឋមន្ត្រី​​​ការពារ​ជាតិ​អាមេរិក​ក៏​នឹង​អញ្ជើញ​ទៅ​កាន់​ប្រទេស​ដែរ​ជប៉ុន ដើម្បី​សើ​រើ​មើល​កិច្ចព្រមព្រៀង​ការពារជាតិ​អាមេរិក​-ជប៉ុនឡើង​វិញ៕​  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI