កូរ៉េ​ខាង​ត្បូង

នាយករដ្ឋមន្ត្រីជាប់​រឿង​អាស្រូវ​ពុក​រលួយ​លា​លែង​ចេញ​ពី​តំណែង

នាយករដ្ឋមន្ត្រី​កូរ៉េខាង​ត្បូង លោក លី វ៉ាន់កូ ថ្ងៃទី ១៦​មេសា ២០១៥
នាយករដ្ឋមន្ត្រី​កូរ៉េខាង​ត្បូង លោក លី វ៉ាន់កូ ថ្ងៃទី ១៦​មេសា ២០១៥ © Reuters

នាយក​រដ្ឋមន្ត្រី​កូរ៉េ​​ខាង​ត្បូង​ លោក លី វាន់កូ (Lee Wan-koo) បាន​ប្រកាសសុំ​លា​លែង​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​អង្គារ​ទី ២១​មេសា ដោយ​មិន​អាច​ទ្រាំ​នឹង​សម្ពាធ​របស់​បក្ស​ប្រឆាំង​ ដែល​ចោទ​ប្រកាន់​លោកពី​បទ​​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ សំណុំ​រឿង​ពុក​រលួយ​ដែល​បាន​ធ្លាយ​​ខ្ទរ​ខ្ចាយ ​បន្ទាប់​ពី​អ្នក​ជំនួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ បាន​ចារ​ឈ្មោះ​លោក​នាយក​រដ្ឋមន្ត្រី​ ក្នុង​សំបុត្រ​​មួយ​ មុន​នឹងធ្វើ​អត្តឃាត។ រឿង​អាស្រូវ​ពុក​រលួយ ប៉ះ​ដល់​កំពូល​អ្នក​ដឹកនាំដូច្នេះ ​អាច​ធ្វើ​នឹង​ឱ្យ​លោកស្រី​ប្រធានាធិបតី​ ប៉ាក់គុនហេ ដែល​កំពុង​ធ្លាក់​ប្រជាប្រិយ​ស្រាប់ ឱ្យ​កាន់​តែ​បាត់​បង់​លំនឹង​​ខ្លាំង​ឡើងៗ។

ផ្សាយពាណិជ្ជកម្ម

 

រឿង​រ៉ាវ​ពុករលួយ​ដែល​មាន​ពាក់ព័ន្ធ​ដល់​នាយករដ្ឋមន្ត្រី​នេះ បាន​ផ្ទុះ​ឡើង​តាំង​ពី​ថ្ងៃ​ទី ៩មេសា។ ថ្ងៃ​ដែលលោក​ ស៊ុង វ៉ាន់ចុង Sung Wan-jong ​បុរស​អ្នក​ជំនួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​របស់​កូរ៉េខាង​ត្បូង និង​ជា​អតីត​​តំណាង​រាស្ត្រ​ម្នាក់​ផង បាន​ចង​ក​សម្លាប់​ខ្លួន ក្នុង​ខណៈ​ដែល​លោក​ត្រូវ​តុលាការ​កោះ​ហៅ​ទៅ​បំភ្លឺ​សំណុំរឿង​​ពុក​រលួយ​​ឆបោក។ តុលាការ​សង្ស័យ​ថា​ថៅកែក្រុមហ៊ុន​​រូប​នេះ យក​លុយ​ក្រុមហ៊ុន ​ទៅ​ទិញ​អ្នក​នយោបាយ​និង​អ្នក​មាន​តួនាទីក្នុង​រដ្ឋាភិបាល។

នាយករដ្ឋមន្ត្រី​និង​ប្រធាន​ការិយាល័យ​ប្រធានាធិបតី​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​​ពុក​រលួយ
 
មួយ​ថ្ងៃ​មុន​ស្លាប់ លោក​ស៊ុង​ បាន​ផ្តល់​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ទៅ​ឱ្យ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ ដោយ​បាន​អះអាង​ថា​បាន​ផ្តល់​ កាលពី​ឆ្នាំ ២០១២ ប្រាក់​​ប្រមាណ​ពីរ​រយ​លាន​វ៉ុន (១៧២០០០អឺរ៉ូ) ទៅ​ឱ្យ​បក្ស​សេនូរី សម្រាប់​ឧបត្ថម្ភ​ការ​ឃោសនា​​ការ​បោះឆ្នោត​​ប្រធានាធិបតី​ របស់​លោកស្រី ប៉ាក់​ គុនហេ តែ​លោក​មិន​បាន​ផ្តល់​​ភស្តុតាង​អ្វី​​បញ្ជាក់​ឡើយ។​
បន្ទាប់​មក​ នៅ​ថ្ងៃ​ស្លាប់ ប៉ូលិស​ក៏​បាន​រក​ឃើញ​សំបុត្រ​តូច​មួយ ក្នុង​ហោប៉ៅ​ មាន​ចារ​ឈ្មោះ​ឥស្សរជន​នយោបាយ​​ជាន់​ខ្ពស់​ ដល់​ទៅ​៨​នាក់ដែល​​បាន​ទទួល​សំណូក​ពី​លោក។ ក្នុង​នោះ​មាន​ម្នាក់​គឺរូប​លោក​នាយក​រដ្ឋមន្ត្រី​ លី វ៉ាន់កូ និង​អតីត​អគ្គលេខា​របស់​ប្រធានាធិបតី ពីរ​នាក់​ ព្រមទាំង​មន្ត្រី​នយោបាយ​ជាន់​ខ្ពស់​ ​ប្រកប​ដោយ​ឥទ្ធិពល​ ដែល​ជា​មនុស្ស​ជំនិត​នឹង​លោកស្រី​ប្រធានាធិបតី​ទាំង​អស់។

គ្រប់​គ្នា​ ​បាន​​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់​នោះ។ លោក​នាយក​រដ្ឋមន្ត្រី​ថែម​ទាំង​បាន​ បដិសេធ​ ថា​មិន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ថៅកែ​ស៊ុង​ទេ។ ប៉ុន្តែ​ប្រភព​តុលាការ​បាន​រក​ឃើញ​ក្នុង​​សៀវភៅ​កំណត់​ហេតុការងារ ថា​លោក​នាយក​រដ្ឋមន្ត្រី​និង​ថៅកែស៊ុង បានជួប​គ្នា​ដល់​ទៅ ២៣​លើក​ នៅ​រវាង​ពី​​ខែ​សីហា ២០១៣ ដល់​ខែមីនា ២០១៥ និងទំនង​ជា​បាន​ទទួល​សំណូក​ពី​ថៅកែ​ស៊ុង ប្រមាណ​ជា ២៥​៥០០០​អឺរ៉ូ ជា​លុយ​សុទ្ធ​កាលពី​ឆ្នាំ​២០១៣។

ប្រធានាធិបតី​ប៉ះពាល់ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល​ពី​រឿង​អាស្រូវ​ពុក​រលួយ

ក្រោយ​ពី​រឿង​អាស្រូវ​​ផ្ទុះ​ឡើង​ភ្លាម ប្រជាប្រិយភាព​របស់​លោក​ស្រីប្រធានាធិបតី​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ បើ​តាម​ស្ទង់​មតិ កាលពី​សប្តាហ៍​មុន លោកស្រី​ប្រមុខ​រដ្ឋ​បាន​ទទួល​ការ​គាំទ្រ​មិនដល់​៤០%​ផង។

ការ​វាយប្រហារ​ប្រឆាំង​នឹង​លោកស្រី​ប្រធានាធិបតី មាន​កាន់​តែ​ច្រើន​ និង​សាហាវឡើងៗ ជា​ពិសេស​ពី​សំណាក់​បក្ស​ប្រឆាំង។ លោកស្រី​ប្រធានាធិបតី គ្មាន​ជម្រើស​អ្វី​ក្រៅ​ពីត្រូវ​ដក​ខ្លួន​​ឱ្យ​ឆ្ងាយ​ពី​រឿង​អាស្រូវ​ទាំង​អស់​នោះ តាម​រយៈ​ការ​ថ្លែង​សារ​មិន​អនុគ្រោះ​ដល់​ជន​ជាប់​ទោស​ពុក​រលួយ​ឡើយ។ នៅ​ពេល​ម៉ោង​ដែល​នាយក​រដ្ឋមន្ត្រី​បាន​ដាក់​ពាក្យ​សុំ​លា​លែង​ចេញ​ពី​តំណែង​នេះ​ លោកស្រី​ប្រធានាធិបតី​កំពុង​បំពេញ​ទស្សនកិច្ច​​ នៅ​អាមេរិក​ឡាទីន​។ លោកស្រី​នឹង​ផ្តល់​សេចក្តី​សម្រេច​នៅសប្តាហ៍​ក្រោយ​ទាក់ទង​នឹង​សំណើរ​បស់​នាយក​រដ្ឋមន្ត្រី។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​ យល់​ថា​ពលរដ្ឋ​មិន​អាច​រង់ចាំ​បាន​ទៀត​ទេ។ ប្រមុខ​បក្ស​​ប្រឆាំង​បាន​អំពាវនាវ​ឱ្យ​​គណបក្សកាន់​អំណាច​ព្រមទទួល​យក​គោលការណ៍​បង្កើត​ច្បាប់​ដែល​អនុញ្ញាត​ឱ្យ​សភា​បោះឆ្នោត​​អនុម័ត​ទម្លាក់​តំណែង​នាយក​រដ្ឋមន្ត្រី​បាន។

រឿង​អាស្រូវ​នេះ បាន​មក​ជាន់​បន្ថែម​លើ​​រឿង​អាស្រូវ​ផ្សេង​ទៀត​​របស់​​រដ្ឋាបាល​លោកស្រី​​ប៉ាក់គុនហេ ដែលមាន​ឈ្មោះ​មិន​សូវ​ល្អ​ស្រាប់ តាំង​ពីកាន់​អំណាច​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៣ ឱ្យ​ផុស​ផុល​ឡើង​វិញ។ ភាព​សង្ស័យ​មាន​ជា​បន្ត​បន្ទាប់ ថា​ លោកស្រី​ប៉ាក់ គុនហេបាន​ទទួល​ការ​គាំទ្រ​ពី​ក្រុម​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ នៅ​ពេល​បោះឆ្នោត​។ ក្លាយ​ជា​ប្រធានាធិបតី​ លោកស្រី​តែងតាំង​មនុស្ស​ជំនិត​ជា​នាយករដ្ឋមន្ត្រី ព្រោះ​តែ​ការ​រាប់​អាន​និង​ឥទ្ធិពល។

សកម្មភាព​​មិន​ល្អ​ដែល​ដក់​ជាប់​ក្នុង​អារម្មណ៍​ ដែល​ពលរដ្ឋ​កូរ៉េខាង​ត្បូង ពិបាក​នឹង​បំភ្លេច​ គឺ​គ្រោះ​ថ្នាក់​លិច​សាឡាង កាលពី​ថ្ងៃ​ទី ១៦​មេសា ២០១៤ ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស​ជាង​​បីរយ​នាក់ ភាគ​ច្រើនជា​សិស្ស​សាលា។ ភាព​ស្រពិចស្រពិល​នៅ​បន្ត​ចោទ​សួរ​អំពី​កាលវិភាគ​របស់​លោកស្រីប្រធានាធិបតី ថា​តើ​លោកស្រី​កំពុង​ធ្វើ​អ្វី បាន​ជា​ទាក់ទង​មិន​បាន​រយៈ​ពេល​ដល់​ទៅ​៧​ម៉ោង​ ក្រោយ​ហេតុការណ៍​លិច​សាឡាង​ភ្លាម។ គ្មាន​សេចក្តី​ពន្យល់​អ្វី​ច្បាស់​លាស់​ជុំ​វិញ​ការ​បាត់​ខ្លួន​នេះ​ទេ។

ម្យ៉ាង​វិញ​ទៀត លោកស្រី​ ប៉ាក់ គុនហេ គឺ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​រិះគន់ចំពោះ​ការ​តែង​តាំង​​ថ្នាក់​ដឹកនាំ។ អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​រដ្ឋាភិបាល​កំពូលៗ​ជា​ច្រើន​ត្រូវ​បង្ខំ​ចិត្ត​លា​លែង​ចេញ​​ពី​តំណែង បន្ទាប់​ពី​មាន​ការ​គាស់​រំលើង​ប្រវត្តិ​និង​កំហុស​ក្នុង​អតីតកាល។ លោកស្រី​បាន​ចំណាយ​ពេល​ជិត​មួយ​ឆ្នាំ​ ទម្រាំ​តែង​តាំង​លោក​ លី វ៉ាន់កូ ជំនួស​នាយករដ្ឋមន្ត្រី​ចាស់​លាលែង​ចេញ​ពី​តំណែង​ក្រោយ​គ្រោះ​លិច​សាឡាង​សេវុល។ ហើយ​មិន​បាន​ប៉ុន្មាន​​ផង ត្រូវ​ស្វែង​រក​នាយក​រដ្ឋមន្ត្រី​ម្នាក់​​ទៀត។

នៅ​កូរ៉េខាង​ត្បូង​តំណែង​នាយករ​ដ្ឋមន្ត្រី ជា​តំណែង​​កត្តិយស​ អំណាច​គ្រប់​គ្រង​ប្រទេស​ស្ថិត​ក្នុង​កណ្តាប់​ដៃ​ប្រធានាធិបតី​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI