អានតួអត្ថបទ
កូរ៉េខាង​ជើង

កូរ៉េខាង​ជើង​ប្រហារជីវិត​មេទ័ព​ ៖ សញ្ញា​នៃ​ការ​រង្គោះរង្គើ​នយោបាយផ្ទៃ​ក្នុង​ ?

រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េខាង​ជើង ដែល​ទំនងជា​​ទើប​ត្រូវបាន​​ប្រហារ​ជីវិត
រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េខាង​ជើង ដែល​ទំនងជា​​ទើប​ត្រូវបាន​​ប្រហារ​ជីវិត © Reuters
ដោយ៖ អៀង សុខម៉ិញ
១៥ នាទី

 ប្រមុខ​ដឹកនាំ​​កូរ៉េខាង​ជើង លោក គីម ជុងអ៊ុន បាន​ធ្វើ​ការ​​​ប្រហារ​ជីវិត​​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ក្រោម​បង្គាប់​ផ្ទាល់​ ពី​បទមិន​គោរព​បញ្ជា ដោយ​ហ៊ាន​ងងុយ​ងោក​ពេល​កំពុង​មាន​ពិធី​ហែក្បួន​ព្យុហយាត្រា។ នេះបើ​តាម​ភ្នាក់ងារ​​ស៊ើបការណ៍​កូរ៉េខាង​ត្បូង។ ជា​ការ​ប្រហារ​ជីវិត​ជា​សាធារណៈ និង​ដោយ​អាវុធ​ធុន​ធ្ងន់។ តាំង​ពី​បាន​ឡើង​ស្នង​តំណែង​បន្ត​ពី​ឪពុក​នៅ​ឆ្នាំ​២០១១​មក លោក គីមជុងអ៊ុន បាន​បង្កើន​ការ​បន្សុទ្ធ​ និង​ប្រហារ​ជីវិត​អ្នក​ដឹកនាំ​ជាន់​ខ្ពស់ច្រើន​ឡើងៗ។

ផ្សាយពាណិជ្ជកម្ម

ជា​ការ​ប្រហារជីវិត​ដ៏​គួរ​ឱ្យ​ព្រឺព្រួច​បំផុត​ បើ​និយាយ​អំពីវិធី​កាត់​ទោស។ ទើប​តែង​តាំង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ កាលពី​ជិត​មួយ​ឆ្នាំ​មុន ឧត្តមសេនីយ៍ Hyon Yong-Chol ត្រូវ​បាន​ប្រហារ​ជីវិត​ដោយ​​កាណុង​កាំភ្លើង​បាញ់​យន្តហោះ នៅ​ចំពោះ​មុខ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​កូរ៉េខាង​ជើង​ជាង​មួយ​រយ​នាក់ ពី​បទ​ក្រាប​ក្បាល​ងក់​ ក្នុង​ពិធី​ដង្ហែ​ក្បួន​កងទ័ព​ និង​បាន​បង្ហាញពី​ភាព​មិន​សប្បាយ​ចិត្ត​ចំពោះ​អភិបាលកិច្ច​របស់​ប្រមុខ​គីមជុងអ៊ុន ដោយ​ល្មើល​នឹង​បញ្ជា​ជាច្រើន​លើក​ច្រើន​សា។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​របស់​ក្រុម​ចារកិច្ច​កូរ៉េខាង​ត្បូង ដែល​បាន​គូស​បញ្ជាក់​ទៀត​ថា ការ​ប្រហារ​ជីវិត​ទំនង​ជា​ប្រព្រឹត្ត​ទៅ​នៅ​ម្តុំ​ថ្ងៃ​ទី ៣០​ មេសា ២០១៥។ ពោល​គឺ​ត្រូវ​គ្នា​ព័ត៌មាន​របស់​​គណៈកម្មការទទួល​បន្ទុក​​សិទ្ធិមនុស្សនៅ​​កូរ៉េ មានទីស្នាក់ការ​នៅ​សហរដ្ឋ​អាមេរិក ថា​ឃើញ​មាន​​រូបភាព​ផ្កាយ​រណប បង្ហាញ​ពី​សកម្មភាព​ព្យុងយ៉ាង​បញ្ចេញកាំភ្លើង​ប្រឆាំង​យន្តហោះ​ ត្រៀម​បាញ់។

 
នៅកូរ៉េខាងជើង រដ្ឋមន្ត្រីការពារជាតិ​មាន​បន្ទុក​ត្រឹម​ចាត់ចែងការ​ដឹក​ជញ្ជូន​និង​ទំនាក់ទំនង​អន្តរជាតិ ឯយុទ្ធសាស្ត្រ​នយោបាយ​យោធា​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​គណៈកម្មការ​ការពារជាតិ និង​គណៈកម្មការ​យោធា​មជ្ឈិមបក្ស​ដ៏​មាន​អំណាច។ លោក Hyon Yong-Chol ដែល​បាន​ចេញ​មុខ​ជា​សាធារណៈ​ចុងក្រោយ​បំផុត​ នៅ​ថ្ងៃ​ទី ២៧ និង​២៨​មេសា គឺ​មនុស្ស​ជំនិត​ម្នាក់ ក្នុង​ចំណោម​មេទ័ព​កំពូល​​​បីនាក់​​របស់​បុរសខ្លាំង​វ័យ​ក្មេង​គីមជុងអ៊ុន។ លោក​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​រុស្ស៊ី​ដើម្បី​ត្រួសត្រាយ​រៀប​ចំ​ដំណើរ​ទស្សនកិច្ច​របស់​អគ្គមគ្គុទ្ទេសក៍ព្យុងយ៉ាង​នៅ​ម៉ូស្គូ​ថ្ងៃទី ៩​ឧសភា ដែល​ត្រូវ​លុប​ចោល​ទៅ​វិញ ដោយ​មូលហេតុ​ផ្ទៃ​ក្នុង។ បើតាម​ក្រុមចារកិច្ច​កូរ៉េខាង​ត្បូង លោក Hyon ​ទំនង​ជា​មាន​បន្ទុក​ត្រូវ​ស្វែង​រក​កិច្ច​ព្រមព្រៀង​យោធា​ផង ទើប​ត្រូវ​​ដាច់​ក្បាល​នៅពេល​នេះ។

កាលពី​ខែ​មុន​ប្រភព​ចារកិច្ច​កូរ៉េខាង​ត្បូង​ដដែល​នេះ បានអះអាង​ថា មាន​ការ​ប្រហារ​ជីវិត​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​កូរ៉េខាង​ជើង​ប្រមាណ​១៥​នាក់​ ក្នុង​នោះ​ពីរ​នាក់​ជា​មាន​ឋានៈ​ជា​អនុរដ្ឋមន្ត្រី។ កាលពី​ចុង​ឆ្នាំ​២០១៣ ឪពុក​មាបង្កើត​​ ដែលធ្លាប់​​អប់រំ​និង​ជា​គំរូ​របស់​​លោក​គីម ជុងអ៊ុន ផ្ទាល់ ក៏​ត្រូវ​​រង​ទោស​​​ប្រហារ​ជីវិត​ដ៏​គួរ​​ភ្ញាក់​ផ្អើល​ខ្លាំង​បំផុត​ ពី​បទ​ក្បត់​ជាតិ​និង​ពុក​រលួយ។

តាំង​ពី​បាន​កាន់​តំណែង​ជា​អគ្គមគ្គុទ្ទេសក៍​កូរ៉េខាង​ជើង បន្តពីឪពុក​នៅ​ឆ្នាំ​២០១១​មក ប្រមុខ​ដឹកនាំ​វ័យ​ក្មេង​ខ្វះ​បទ​ពិសោធន៍​ម្នាក់​នេះ បាន​រុះ​រើ​គណៈ​រដ្ឋមន្ត្រី​ជា​ច្រើន​ដង និង​​ប្រើ​នយោបាយ​បន្សុទ្ធ​មនុស្ស​ដើម្បី​ពង្រឹង​អំណាច។ ប៉ុន្តែ​បើ​តាម​អ្នក​វិភាគ ​ជម្រើស​ប្រហារ​ជីវិត​​ជា​បន្ត​បន្ទាប់​ដូច្នេះ គឺ​ជា​សញ្ញា​នៃ​អស្ថិរភាព​នយោបាយ​ផ្ទៃ​ក្នុង ហើយ​អាច​នឹង​ជំរុញឱ្យ​អ្នក​ដឹកនាំជាន់ខ្ពស់​ផ្សេងទៀត ទៅ​​ថ្ងៃ​មុខ​ ងើប​ឡើង​វាយ​បក​លើមេដឹកនាំដ៏​ឆេវឆាវ​នេះ​វិញ​ ​ជាក់​ជា​មិន​ខាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ