ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឈរអោបដៃធ្វើមិនឃើញជនភៀសខ្លួនតាមទូក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អន្តោប្រវេសន៍ភូមា និងបង់ក្លាដែស ប្រមាណមួយពាន់នាក់ កំពុងប្រឈមមុខនឹងសេចក្តីស្លាប់នៅកណ្តាលមហាសាគរ អត់បាយអត់ទឹក តាំងពីជាច្រើនថ្ងៃមកហើយ ដោយហេតុតែអាជ្ញាធរក្នុងតំបន់ ដូចជាថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី បានបដិសេធ ធ្វើមិនដឹងមិនឮសម្រែកសុំសង្គ្រោះពីជនភៀសខ្លួនតាមទូកទាំងអស់ និងរុញបន្ទុកឱ្យគ្នាទៅវិញទៅមក។ បើទោះបីជាសហគមន៍អន្តរជាតិ សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ បានអំពាវនាវ ឱ្យប្រទេសក្នុងតំបន់ចេះទទួលខុសត្រូវជួយសង្គ្រោះជីវិតមនុស្ស ដើម្បីកុំឱ្យមានសោកនាដកម្មក្នុងសមុទ្ទយ៉ាងណាក៏ដោយ។
នៅល្ងាចថ្ងៃព្រហស្បតិ៍ទី ១៤ឧសភានេះ ប៉ូលិសថៃបានប្រកាសរុញច្រានទូកមួយដឹកអន្តោប្រវេសន៍ជាង៣០០នាក់ ដែលនៅចម្ងាយប្រមាណ ១៧គីឡូម៉ែត្រពីឆ្នេរ មិនឱ្យចូលទឹកដីថៃទេ តែបានបំពេញកាតព្វកិច្ចមនុស្សធម៌ ដោយបានផ្តល់ទឹកនិងចំណីអាហារបន្តិចបន្តួច ព្រោះសម្រាប់អាជ្ញាធរថៃ ជនអន្តោប្រវេសន៍ទាំងអស់នោះគ្មានចេតនាចង់រស់នៅទេ។
មួយថ្ងៃមុននេះ អ្នកទទួលត្រូវប៉ូលិសម៉ាឡេស៊ី ដែលសុំបញ្ចេញឈ្មោះ ក៏បានអះអាងថាបានរុញច្រានទូកពីរ មានដឹកជនភៀសខ្លួនប្រមាណ៦០០នាក់ មិនឱ្យចូលដែនទឹកម៉ាឡេស៊ីទេ ដោយយកគំរូតាមឥណ្ឌូណេស៊ី ដែលបានច្រានទូកអន្តោប្រវេសន៍មិនទទួលដឹងឮនិងជួយកាលពីដើមសប្តាហ៍។
សូមបញ្ជាក់ថាជនអន្តោប្រវេសន៍តាមទូកទាំងអស់នោះសុទ្ធសឹងជាជនជាតិរ៉ូហ៊ីងយ៉ា ដែលរត់គេចខ្លួនពីភាពក្រខ្សត់ និងការគាបសង្កត់ នៅភូមានិងបង់ក្លាដែល មានទិសដៅចង់ទៅរួមរស់នៅម៉ាឡេស៊ីនិងឥណ្ឌូណេស៊ី។ ពីមុនមកក្រុមមេខ្យល់តែប្រើថៃជាស្ពាន តែតាំងពីក្រុងបាងកកបានរកឃើញរណ្តៅកប់ខ្មោច នៅភាគខាងត្បូងប្រទេសមក អាជ្ញាធរសឹកបានចាត់វិធានការបង្ក្រាបតាមចាប់ក្រុមជួញដូរមនុស្ស។ ថៃបានប្រកាសរៀបចំជំនួបកំពូលមួយនៅទីក្រុងបាងកក នៅថ្ងៃទី ២៩ឧសភា ដោយមានប្រទេសចំនួន១០ចូលរួម ដូចជា អូស្ត្រាលី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី កម្ពុជា ឡាវ ភូមា វៀតណាម បង់ក្លាដែល និងសហរដ្ឋអាមេរិក។ ហេតុដូច្នេះបានជាក្រុមរត់ពន្ធមនុស្សបានសម្រេចផ្សងព្រេងតាមផ្លូវសមុទ្ទ សំដៅម៉ាឡេស៊ីឬឥណ្ឌូណេស៊ី ម្តង។
តាំងពីជាច្រើនថ្ងៃមកហើយ ដែលអង្គការអន្តរជាតិបានទាញសញ្ញាអាសន្នអំពីជោគវាសនាជន អន្តោប្រវេសន៍ ក្រោយពីមេខ្យល់បានបោះបង់ទូកចោលកណ្តាលសមុទ្ទ។ ហើយកាលពីម្សិលមិញ សហរដ្ឋអាមេរិកបានដាក់គំនាបឱ្យប្រទេសក្នុងតំបន់នាំគ្នាបញ្ចេញសកម្មភាពដោះស្រាយវិបត្តិអន្តោប្រវេសន៍តាមទូក ដោយគ្មានបង្អង់។ អង្គការការពារសិទ្ធិមនុស្ស Human Right Watch បានបរិហារអំពីវប្បធម៌មិនអើពើរបស់ប្រទេសក្នុងតំបន់ និងស្នើសុំឱ្យឈប់លេងល្បែងរុញបញ្ហាដាក់គ្នាទៅវិញទៅមក តែត្រូវបែរមកប្រឈមមុខដោះស្រាយរួមគ្នាវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ