អានតួអត្ថបទ
ចិន-ផ្សារភាគហ៊ុន

ទីផ្សារ​ភាគហ៊ុន​ចិន​ដាំក្បាល​ចុះ បង្ក​ភាព​ចលាចល

តារាង​តម្លៃភាគ​ហ៊ុន នៅទីផ្សារ​ភាគហ៊ុន ក្រុង​ សៀងហៃ
តារាង​តម្លៃភាគ​ហ៊ុន នៅទីផ្សារ​ភាគហ៊ុន ក្រុង​ សៀងហៃ Reuters/路透社
ដោយ៖ ម៉ម ពិសី
៣៨ នាទី

អស់​រយៈ​ពេល​ជិត​មួយ​ខែ​មក​ហើយ ​ដែល​ទី​ផ្សារ​ភាគហ៊ុន​ចិន ​ប្រចាំ​ក្រុង​សៀងហៃ ​បាន​បន្ត​ធ្លាក់​តំលៃ ​ស្មើ​​នឹង​៣០% ​ដោយ​គិត​ជា​ទឺក​ប្រាក់​មាន​ប្រមាណ ​៣០០០ ​ពាន់​លាន​ដុល្លារ ​ដែល​ត្រូវ​បាន​បង់​ខាត។ បើ​ទោះ​ជា​មាន ​ការ​ធ្វើ​អន្តរាគមន៍​ពី ​ធនាគារ​កណ្តាល​ចិន ​និង​ អ្នក​សម្រប​សម្រួល​ទីផ្សារ​ របស់​រដ្ឋាភិបាល​ក៏​ដោយ ក៏​ស្ថានភាព​មិន​បាន​ល្អ​ប្រសើរ​នោះ​ទេ​ ដោយ​នៅ​ថ្ងៃ​ពុធ ​ទី​៨​កក្កដា ​នេះ ​តម្លៃ​ភាគហ៊ុន​ក្រុង​សៀងហៃ ​បាន​ធ្លាក់​ចុះ​ចំនួន​​ ៥,៩% ​នៅ​ពេល​បិទ​ទ្វារ។ ដូច​គ្នា​ដែរ ​ទី​ផ្សារ​ភាគហ៊ុន ​នៅ​ក្រុង​ឈិនចិន​ ក៏​បាន​ធ្លាក់ចុះ​ចំនួន ​២,៥%​ផង​ដែរ។ រដ្ឋាភិបាល​ចិន​ បាន​បញ្ជា​ឲ្យ​បិទ​ភាគហ៊ុន​ចំនួន​១៣០០​ លែង​ឲ្យ​ដាក់​លក់ ​ដើម្បី​ការពារ​មិន​ឲ្យ​តម្លៃ​កាន់តែ​ធ្លាក់​ចុះ។

ផ្សាយពាណិជ្ជកម្ម

ទីផ្សារ​ភាគ​ហ៊ុន​ធំៗ ​ទាំង​បី​របស់​ចិន ​បាន​ធ្លាក់​ថ្លៃ​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ផ្សារ​សៀងហៃ ​នៅមុនពេលបិទទ្វារ ថ្ងៃពុធ​ទី​ ៨ កក្កដា​ បាន​ធ្លាក់​តម្លៃ​អស់ ៥,៩%​ ផ្សារ​ក្រុង​ឈិនចិន ​២,៥% ​ហើយ​និង​ក្រុង​ហុងកុង ​បាន​ធ្លាក់​ចំនួន ៥,៨%។ នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ ​ដែល​ផ្សារ​ភាគហ៊ុន​ចិន​ បាន​ធ្លាក់​ថ្លៃ ​គ្រាន់តែ​ថា​មុន​នេះ​ មាន​តែ​ផ្សារ​ភាគហ៊ុន​នៅ​សៀងហៃ​ទេ ​ដែល​ធ្លាក់​ខ្លាំង​ជាង​គេ ​អស់​រយៈពេល​ជិត​មួយខែ​មក​ហើយ។ បើ​យោង​តាម​ទិន្ន័យ​របស់​ភ្នាក់ងារ​ Bloomberg​ គ្រាន់​តែ​បី​សប្តាហ៍​កន្លង​មក​នេះ​ ទីផ្សារ​ភាគហ៊ុន​ក្រុង​សៀងហៃ ​បាន​ខាត​តម្លៃ​ដល់​ទៅ​៣០% ​បើ​គិត​ជា​ទឹក​ប្រាក់ ​ស្មើនឹង​ជាង​៣០០០ ​ពាន់​លាន​ដុល្លារ ឯណោះ។

 
ផ្សារហ៊ុនសៀងហៃឡើងប៉ោងដល់ទៅ១៥០% ក្នុងចន្លោះពេលមួយឆ្នាំ៖
មូលហេតុ​ដែល​បាន​បង្ក ​ឲ្យ​តម្លៃ​ភាគហ៊ុន​ចិន​ ដាំក្បាល​ចុះ​ដល់​ថ្នាក់​នេះ ​បើ​តាម​ការ​វិភាគ ​គឺ​ដោយសារ​ដើម​ដំបូង​ រដ្ឋាភិបាល​ចិន ​ចង់​បង្កើន​សន្ទុះ​ ដល់​សេដ្ឋកិច្ច ​និង​វិស័យ​ឯកជន ​ដែល​ត្រូវ​ការ​ដើមទុន​បន្ថែម​ យក​​មក​វិនិយោគ​ ព្រោះ​ថា​ ​ដូច​យើង​ដឹង​ស្រាប់​ហើយ ​ថា​សេដ្ឋកិច្ច​ចិន ​នៅ​ឆ្នាំ​២០១៤ ​និង​ដើមឆ្នាំ​២០១៥​នេះ​ មាន​ការ​ថយចុះ ​ប្លែក​ខុស​ធម្មតា ​ដោយ​កំណើន​សេដ្ឋកិច្ច​​មាន​ត្រឹម​តែ​៧% ​ទេ។

ច្រើន​ឆ្នាំ​មក​ហើយ ​ដែល​ការ​វិនិយោគ​នៅ​ចិន​មួយ​ភាគ​ធំ ​គឺ​ផ្តោត​សំខាន់​តែ​ទៅ​លើ​វិស័យ​អចលនទ្រព្យ ​ប៉ុន្តែ​ដល់​ពេល​មាន​សំណង់​ច្រើន​ពេកទៅ​ បែរ​ជា​គ្មាន​អ្នក​ទិញ ​ដូច្នេះ​លុយ​វិនិយោគ​ ភាគ​ច្រើន​ គឺ​នៅ​កប់​ក្នុង​នោះ។ ដូច្នេះ​ហើយ ​ទើប​រដ្ឋាភិបាល​ចិន ​បាន​អំពាវនាវ​ឲ្យ​មនុស្ស​ យក​លុយ ​មក​វិនិយោគ​ ជាមួយ​នឹង​ផ្សារ​ភាគ​ហ៊ុន​វិញ។ ដល់​អញ្ចឹង​ទៅ ​មនុស្ស​នាំ​គ្នា​ផ្អើល ​មក​ទិញ​ភាគហ៊ុន​ទុក ​ជា​ពិសេស​ គឺ​នៅ​លើ​ផ្សារ​ក្រុង​សៀងហៃ​តែម្តង។ ដោយ​គ្រាន់តែ​ក្នុង​ចន្លោះ​ពី ​ខែ ​មិថុនា​ឆ្នាំ​២០១៤ ​ដល់​ខែ ​ឧសភា ​២០១៥ ​ចំនួន​ហ៊ុន​នៅ​សៀងហៃ​ឡើង​ប៉ោង​ដល់ ១៥០%។

ប៉ុន្តែ​អ្វី​ដែល​ចោទ​ជា​បញ្ហា​គឺ​ថា ​អ្នក​ដែល​នាំគ្នា​មក​ទិញ​ភាគហ៊ុន​ទាំង​នេះ ​ភាគ​ច្រើន​គ្មាន​លុយ​សុទ្ធ​មក​ទិញ​ទេ ​គឺ​ត្រូវ​ធ្វើ​កម្ចី​ជាមួយ​នឹង​អ្នក​គួកជេ ​ភាគហ៊ុន​ ដើម្បី​ធ្វើ​ការ​បង្វិល ​នឹង​ដោះដូរ​ហ៊ុន​ផ្សេងៗ។ គ្រាន់តែ ក្នុង ​រយៈ​ពេល​ ៦ខែ​ចុង​ក្រោយ​នេះ ​ចំនួន​ទឹកប្រាក់​កម្ចី​ ដែល​ប្រជាជន​ចិន​ ខ្ចី​យក​ទៅ​ទិញ​ភាគហ៊ុន ​មាន​ស្មើ​នឹង ​៣០០​ពាន់​លាន​ដុល្លារ។ នេះ​ជា​វិធី​គ្រោះថ្នាក់​ណាស់ ​ព្រោះ​ថា​ បើ​សិន​ជា​ភាគហ៊ុន​ធ្លាក់ថ្លៃ​តែ​បន្តិច ​គឺ​មនុស្ស​នាំគ្នា​ផ្អើល​ លក់​ចេញ​តែ​ម្តង ​ ដោយសារ​ម្នាក់ៗ​ ខ្លាច​ខាត ​រក​ប្រាក់​ទៅ​សង​បំណុល​គេ​មិន​បាន។

វិបត្តិ​សេដ្ឋកិច្ច​នៅ​ក្រិក ​ជះ​ឥទ្ធិពល​បន្តិច​បន្ទួច ​ទៅ​លើ​ទីផ្សារ​ភាគហ៊ុន​នៅ​ចិន៖
បើ​យើង​និយាយ​ឲ្យ​ងាយ​ស្តាប់ ​ចំនួន​ហ៊ុន ​ដែល​កើន​ឡើង ​ជ្រុល​ហួសហេតុ ​ដល់​ទៅ​១៥០% ​នៅ​លើ​ទីផ្សារ​សៀងហៃ ​គឺ​មិនខុស​ពី​ចំនួន​ផ្ទះ​ ដែល​ធ្វើ​ច្រើន​ជ្រុល ​ហើយ​គ្មាន​អ្នក​ទិញ​ទេ។ ដូច្នេះ​អ្នក​លក់​ត្រូវ​​ទម្លាក់​តម្លៃ​ ដើម្បី​លក់​ចេញ​​ខ្លះ ហើយ​យក​លុយ​ទៅ​បង្វិល​ធ្វើ​អ្វី​ផ្សេង​ទៀត។ ត្រង់​នេះ​ហើយ​ ទើប​គេ​សន្និដ្ឋាន​ថា ​មូលហេតុ​នៃ​ការ​ដាំក្បាល​ចុះ​នេះ ​គឺ​ដោយសារ​ទីផ្សារ​ភាគហ៊ុន​ក្នុង​ស្រុក​ចិន ​ស្ទើរតែ​ទាំងស្រុង។ វា​មិន​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ជាមួយ ​វិបត្តិ​សេដ្ឋកិច្ច​នៅ​ក្រិក ​នោះ​ទេ ​បើ​មាន​ក៏​ជា​ចំណែក​តូច​ដែរ។

ក្រុមហ៊ុន​១៣០០០​ត្រូវ​ព្យួរ ​ផ្អាក​លែង​ឲ្យ​លក់​ភាគហ៊ុន​មួយរយៈ៖
រដ្ឋាភិបាល ​បាន​សន្យា​ថា ​នឹង​ចាក់​បញ្ចូល​ទឹកប្រាក់​ បន្ថែម ​៤៣​ពាន់​លាន​ដុល្លារ ​ដើម្បី​ធានា ​កម្រិត​សាច់​ប្រាក់​របស់​ក្រុមហ៊ុន ​ដែល​អាច​បន្ថែម​លទ្ធភាព​ ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ ​អាច​ដោះដូរ​ទិញ ​លក់ នៅ​លើ​ទីផ្សារ​បាន។ ដាមួយ​គ្នា​នេះ​ដែរ ​ធនគារ​កណ្តាល​ចិន​ បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ថា ​នឹង​បន្ថែម​ហិរញ្ញប្បទាន ​ដល់​ក្រុមហ៊ុន​គួកជេ​ភាគហ៊ុន ​ដើម្បី​យក​ទៅ​បង្វិល​ប្រាក់​កម្ចី​របស់​អ្នក​វិនិយោគ។ ប៉ុន្តែ​វិធាន​ការ​ទាំងនេះ ​នៅ​មិន​ទាន់​បាន​ហុចផល​នៅ​ឡើយ​ទេ។ ក្រុមហ៊ុន​ធំៗ​របស់​ចិន​ជាង​២០ ​បាន​សន្យា​ថា នឹ​ង​ចំណាយ​មូលធន​ ចំនួន​១៩​ពាន់​លាន​ដុល្លារ ​ដើម្បី​ស្រោចស្រង់​ផលិតផល​ភាគហ៊ុន​ មួយ​ចំនួន​ ហើយ​ខាង​អាជ្ញាធរ​ត្រួត​ពិនិត្យ​ទីផ្សារ​មូលបត្រ ​បាន​សន្យា​ផ្អាក ​ការ​ដាក់​បញ្ចូល​ក្រុមហ៊ុន​ថ្មី និង​អ្នក​វិនិយោគ​ថ្មី ​នៅ​លើ​ទីផ្សារ​ភាគហ៊ុន ​ដើម្បី​កុំ​ឲ្យ​បន្ថែម​បញ្ហា។

នៅ​ថ្ងៃពុធ​ ទី​៨ ​កក្កដា​នេះ​ដែរ ​ រដ្ឋាភិបាល​ចិន ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ចំនួន ​១៣០០ បញ្ឈប់​ដាក់លក់​ភាគហ៊ុន ​ដើម្បី​បញ្ចៀស ​កុំ​ឲ្យ​តម្លៃ​កាន់តែ​ធ្លាក់​ចុះ​ជាង​នេះ​ទៀត។ ​១៣០០​ក្រុមហ៊ុន ​មាន​ន័យ​ថា ​វា​ស្មើ​នឹង​៤០%​ នៃ​ទីផ្សារ​ហ៊ុន​ទាំងស្រុង​នៅ​ចិន​ ដែល​ត្រូវ​ព្យួរ​ទុក។ ការ​ដែល​ព្យូរ​ទុក​ក្រុមហ៊ុន​ចំនួន​ច្រើន​បែប​នេះ ​វា​​នឹង​ធ្វើ​ឲ្យ​ ក្រុមហ៊ុន​ទាំង​នោះ ​ខ្វះ​សាច់ប្រាក់​បង្វិល ​ព្រោះ​ថា​សាច់ប្រាក់​បង្វិល​ គឺ​រំពឹង​ទៅលើ​ការ​លក់ចេញ ​និង​ទិញចូល​ភាគហ៊ុន។ ដូច្នេះ​ហើយ ​បាន​ជា​អ្នក​វិនិយោគ ​នាំគ្នា​ លក់​ចេញ ​ភាគហ៊ុន​ ដែល​មាន​តម្លៃ​មូលធន​ខ្ពស់ ​ដើម្បី​ប្រមូល​សាច់ប្រាក់​ទុក។ ប៉ុន្តែ​កុំភ្លេច​ថា ​​វិធានការ​បិទ​ក្រុមហ៊ុន​១៣០០ ​មិនឲ្យ​លក់​ហ៊ុន​បែប​នេះ​ វារឹត​តែ​បង្កភាព​ច្របូលច្របល់​ ​និង​ស្លន់ស្លោ​ខ្លាំង​ឡើង​ថែមទៀត ​នៅ​លើ​ទីផ្សារ។

ផ្សារ​ភាគ​ហ៊ុន​ចិន ​ជា​ទីផ្សារ​ផុយស្រួយ៖
ទីផ្សារ​ភាគហ៊ុន​នៅ​ចិន ​ថ្វី​បើ​មាន​ចំនួន​ភាគហ៊ុន​​ច្រើន និង​មាន​តម្លៃ​ទឹកប្រាក់​សរុប​ច្រើន​ក៏​ដោយ ​ក៏​ប៉ុន្តែ​ផ្សារ​ភាគហ៊ុន​នៅ​ចិន ​មាន​លក្ខណៈ​ផុយស្រួយ​​ណាស់ ​ជា​ពិសេស​ គឺ​ផ្សារ​សៀងហៃ ​គឺ​​រំពឹង​ស្ទើរ​តែ​ទាំងស្រុង​​ ទៅ​លើ​អ្នក​វិនិយោគ​ចិន​ ក្នុង​ស្រុក​តែ​ប៉ុណ្ណោះ ​ដែល​យក​លុយ​មក​ទិញ។ វា​ខុស​ពី​ទីផ្សារ​ហ៊ុន​នៅ​អឺរ៉ុប ​និង​នៅ​អាមេរិក ​ដែល​អ្នក​វិនិយោគ​​ភាគ​ច្រើន ​គឺ​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​បរទេស​ធំៗ ​ដែល​មាន​ហ៊ុន​នៅ​សឹង​គ្រប់​ទីផ្សារ​ទាំងអស់។ ​ដូច្នេះ ​ពេល​​មាន​​វិបតិ្ត​​សេដ្ឋកិច្ច​​ក្នុង​​ប្រទេស​មួយ ​វា​អាច​ជះ​ឥទ្ធិពល ​ដល់​ទីផ្សារ​ក្នុង​តំបន់។ ប៉ុន្តែ​បើ​យើង​និយាយ​បញ្ច្រាស​មក​វិញ ​ការ​ដាំ​ក្បាល​ចុះ​របស់​ទីផ្សារ​ភាគហ៊ុន ​នៅ​ចិន ​អាច​នឹង​ជះ​ឥទ្ធិពល​ ​ទៅ​លើ​ផ្សារ​ហ៊ុន​ក្នុង​តំបន់ ​និង​ក្នុង​​ពិភពលោក​ផង​ក៏​ថា​បាន។

អ្នក​វិនិយោគ ​លក់​ចេញ ​ទិញ​ចូល​នៅ​លើ​ផ្សារ​ភាគហ៊ុន​ចិន​ គឺ​ភាគ​ច្រើន​ជា​ប្រជាជន​ចិន​សាមញ្ញ។ បើ​សរុប​ទៅ មាន​ប្រមាណ​ជា ​ជា​៩០​លាន​នាក់ ​ដែល​មាន​គណនី​ធនាគារ​ដើម្បី​ទិញដូរ​ លក់​ភាគហ៊ុន។ ដូច្នេះ ​ក្នុង​ករណី ​ដែល​មាន​ហនិភ័យ ​ដូច​ពេល​ឥឡូវ​នេះ ​គឺ​មនុស្ស​ទាំង​អស់​នេះ ​នាំ​គ្នា​ផ្អើល​លក់​ភាគហ៊ុន​ចេញ ​ដោយ​មិន​បាន​គិត​វែង​ឆ្ងាយ​ទេ។ ត្រង់​ចំណុច​នេះ​ហើយ​ ដែល​រដ្ឋាភិបាល​ចិន​មាន​ការ​លំបាក ​ព្រោះ​ថា ​បើសិន​ ជា​ធ្វើ​មិន​ស្រួល ​មនុស្ស​ទាំង​អស់​នេះ ​នឹង​ខាតបង់​ប្រាក់​ច្រើន ​ហើយ​ចលាចល​សង្គម ​និង​ការ​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​ចិន ​ប្រាកដ​ជា​កើត​មាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ