អានតួអត្ថបទ

ចិនបើក​យុទ្ធនាការ​​ចាប់​ខ្លួន​មេធាវី​និង​សកម្មជន​អ្នក​ការពារ​សិទ្ធិមនុស្ស

មេធាវី Wang Yu និង​ Shou Shigeng ដែល​ត្រូវ​អាជ្ញាធរ​ចិន​ចាប់​ខ្លួន កាលពី​ថ្ងៃព្រហស្បតិ៍​និង​សុក្រ​ទី ៩ និង​១០​កក្កដា ២០១៥
មេធាវី Wang Yu និង​ Shou Shigeng ដែល​ត្រូវ​អាជ្ញាធរ​ចិន​ចាប់​ខ្លួន កាលពី​ថ្ងៃព្រហស្បតិ៍​និង​សុក្រ​ទី ៩ និង​១០​កក្កដា ២០១៥
ដោយ៖ អៀង សុខម៉ិញ
១៣ នាទី

មាន​យ៉ាង​ហោចណាស់​មេធាវី និង​អ្នក​បំរើ​ការងារ​ ៥​នាក់ ក្នុង​​ការិយាល័យ​មេធាវីមួយ​ នៅ​ទីក្រុង​ប៉េកាំង​ ត្រូវ​បាន​អាជ្ញាធរ​ចិនចាប់​ខ្លួន។ នេះ​បើ​តាម​ដំណឹង​ដែល​ភ្នាក់ងារ​សារព័ត៌មាន​បារាំង​ទទួល​បាន​នៅ​ថ្ងៃ​សៅរ៍​នេះ។ តែ​បើ​តាម​សកម្មជន​សិទ្ធិមនុស្សម្នាក់​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើនផ្សេង​ទៀត​វិញ រដ្ឋាភិបាល​ចិន​កំពុង​តែ​បើក​យុទ្ធនាការ​ចាប់​ខ្លួន​មេធាវី​​ផ្នែក​សិទ្ធិមនុស្ស ដល់​ទៅ​ រាប់​សិប​នាក់ នៅ​​ពេញផ្ទៃ​នៃ​ប្រទេស​ចិន មិន​មែន​ត្រឹម​ក្នុង​ក្រុង​ប៉េកាំង​ប៉ុណ្ណោះ​ទេ។

ផ្សាយពាណិជ្ជកម្ម

ខ្លះ​ចាប់​ខ្លួន​ពី​សណ្ឋាគារ ដោយ​កង​កម្លាំង​សន្តិសុខ​សាធារណៈ​ គ្រប​​មុខ​យកទៅដូច​ករណី​មេធាវី Zhou Shifeng  ខ្លះ​ត្រូវ​បាត់​ខ្លួន​គ្មាន​ដំណឹង​តាំង​ពី​ថ្ងៃព្រហស្បតិ៍​ ឬ​​ថ្ងៃសុក្រ ដោយ​គិត​ជា​សរុប​មានមេធាវី និង​​បុគ្គលិក​ធ្វើការ​នៅ​ការិយាល័យ​មេធាវី​ ផ្នែកការពារ​សិទ្ធិ​ជន​ស៊ីវិល​ Beijing Fengrui មិន​តិច​ជាង​៥​នាក់ទេ​ត្រូវ​ប៉ូលិស​ចិន​ចាប់​ខ្លួន។ នេះ​បើ​តាម​សាក្សី និង​មេធាវី​ស្និទ្ធិ​នឹង​អ្នក​ចាប់​ខ្លួន។ មេធាវី​ស្រី​ល្បី​ខាង​ការ​ពារ​សិទ្ធិមនុស្ស Wang Yu ព្រមទាំង​អ្នក​ជំនួយ​ការ​ និង​គណនេយ្យ​ ក៏​ត្រូវ​ប៉ូលិស​ប៉េកាំង​ឃាត់​ខ្លួន​ឃុំ​ឃាំងដែរ​កាលពី​ថ្ងៃព្រហស្បតិ៍ ក្រោម​លេស​ថា​ដើម្បី​ស៊ើប​អង្កេត។

 
បើ​តាម​អង្គការ​Amnesty International ​មាន​មេធាវី​ដល់​ទៅ​៧​នាក់​ ត្រូវ​ចាប់ខ្លួន​នៅ​ថ្ងៃម្សិលមិញ ហើយ​ក្រុម​គ្រួសាររបស់​មេធាវី​និង​បុគ្គលិក​របស់​ការិយាល័យ​មេធាវី ទាំង​នោះ គ្មាន​បាន​ទទួល​ដំណឹង​អ្វី​ទាំងអស់។ ជាពិសេស​ទៅ​ទៀត នៅ​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ មាន​ការ​បង្ក្រាប​ ការ​រំខាន​សេរីភាពការងារ និង​ការ​ចាប់ខ្លួន​អ្នក​ច្បាប់ ឬ​សកម្មជន​សិទ្ធិមនុស្ស​ នៅ​តាម​ក្រុង​ធំៗ​ផ្សេង​ទៀត​របស់​ចិន ដែល​អង្គការ​រាប់​ឃើញ​មាន​ដល់​ទៅ​៤៨​នាក់។

មេធាវី​ Li Fangping បាន​គូស​បញ្ជាក់​ ដោយ​អាច​ផ្តល់​​​ព័ត៌មាន​លម្អិត​ ថា​មេធាវី​ចំនួន​៤៥​នាក់ ដែល​មាន​ឯកទេស​ផ្នែក​សិទ្ធិមនុស្ស​ទំនង​ជា​កំពុង​ត្រូវ​​បាន​យក​ទៅ​ឃុំ​ឃាំង​​ទុក​នៅ​កន្លែង​សម្ងាត់​មួយ នៅព្រឹក​ថ្ងៃ​សៅរ៍​នេះ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ចិន​ផ្សេង​ទៀត ក៏​បាន​បញ្ជាក់​ព័ត៌មាន​ស្តី​អំពី​ការ​បើក​យុទ្ធនាការ​ចាប់​ខ្លួន​​មេធាវី​នៅ​ពេញ​ផ្ទៃ​ប្រទេស​នេះ​ដែរ ហើយ​បាន​បរិហារ​ថា ​មិន​មែន​ជា​ហេតុការណ៍​ចៃដន្យ​ឡើយ រដ្ឋាភិបាល​ចិន​ មាន​​​កម្មវិធីបោស​សម្អាត​អ្នក​ការពារ​សេរីភាព​និង​សិទ្ធិមនុស្ស​​ ! តាំង​ពី​លោក​ស៊ីជីនពីង​ឡើងកាន់​អំណាច ការ​រិត​បន្តឹង​សេរីភាព​មានកាន់​តែ​ខ្លឹង​មិន​ថា​សំដៅ​លើ​សកម្មជន​ឬ​ជន​សាមញ្ញ​ប្រើ​ប្រាស់​អ៊ីនធ័រនែត​​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ