អានតួអត្ថបទ

អំពើ​ហិង្សា​ភាគ​ខាង​ត្បូងថៃ​កក្រើក​ជា​ថ្មី

ប៉ូលិស​ថៃ​កំពុង​ត្រួត​ពិនិត្យ​កន្លែង​រងគ្រោះ​ដោយ​គ្រាប់​បែក នៅ​ខេត្ត​ប៉ាតានី ភាគ​ខាង​ត្បូង​ប្រទេស (រូបថត​ចាស់)
ប៉ូលិស​ថៃ​កំពុង​ត្រួត​ពិនិត្យ​កន្លែង​រងគ្រោះ​ដោយ​គ្រាប់​បែក នៅ​ខេត្ត​ប៉ាតានី ភាគ​ខាង​ត្បូង​ប្រទេស (រូបថត​ចាស់) © Reuters
ដោយ៖ អៀង សុខម៉ិញ
១៣ នាទី

បើ​តាម​ប្រភព​ព័ត៌មាន​ប៉ូលិស ប្រចាំ​​តំបន់ មាន​ស្លាប់៧​នាក់ និង​របួស​ជាង​១០​នាក់​នៅ​ក្នុង​ហេតុការណ៍​​​បំផ្ទុះ​គ្រាប់​បែក​​បួន​គ្រាប់ នៅ​ខេត្ត​សុងខ្លា និង​ នៅ​ខេត្ត​ណារ៉ាធីវ៉ាត់ ខេត្ត​ភាគ​ខាង​ត្បូង​បំផុត​នៃ​ ប្រទេស​ថៃ ដែល​បាន​ស្គាល់​​វិបត្តិ​ហិង្សា​បះបោរ​ចង់​ផ្តាច់​ទឹក​ដី អូស​បន្លាយ​រាប់​ឆ្នាំ​មក​ហើយ​ ពី​សំណាក់​ក្រុម​ឧទ្ទាម​ជ្រុល​និយម​អ៊ីស្លាម។

ផ្សាយពាណិជ្ជកម្ម

ក្នុង​​យប់​ថ្ងៃ​សុក្រ​ទី ១០​កក្កដា​នេះតែ​ តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ បាន​ស្គាល់​សកម្មភាព​ហិង្សា​​​ច្រើន​​សណ្ឋាន។ មាន​ការ​ដាក់​គ្រាប់​បែក​បំផ្ទុះ​ម៉ូតូ  នៅ​មុខ​រង្គសាល​ការ៉ាអូខេ ក្នុង​ខេត្ត​សុង​ខ្លា បង្កឱ្យ​ស្លាប់​មនុស្ស​និង​របួស​ជា​ច្រើន​នាក់​ផង មាន​ការ​ដាក់​គ្រាប់​បែក​បំផ្ទុះ​បី​គ្រាប់​ផ្សេង​ទៀត​នៅ​ខេត្ត​ណារ៉ាធីវ៉ាត់ ក្នុង​សង្កាត់​ដែល​មាន​សកម្មភាព​រស់​រវើក​ខ្លាំង​នា​ពេល​រាត្រី។ ហើយ​បើ​តាម​ប៉ូលិស​តំបន់ អគ្គិភ័យ​ដោយ​ចេតនា​មួយ​ ក្នុង​​ទម្រង់​ជា​សកម្មភាព​ឧក្រិដ្ឋ​ បាន​ឆាប​ឆេះ​ហាង​ទំនិញ​មួយ​ ទាំង​កណ្តាល​អាធ្រាត្រ​ បង្ក​ឱ្យ​ស្លាប់​​មនុស្ស​បី​នាក់ និង​ម្នាក់​ទៀត អាយុ​៣៥​ឆ្នាំ​ ជា​ជនជាតិ​អ៊ីស្លាម បាន​ត្រូវ​ជន​ប្រដាប់​អាវុធ​វាយ​ទាល់​ស្លាប់​មុន​នឹង​រត់​គេច​ខ្លួន​បាត់។

 
មក​ទល់​នឹង​ពេល​គេ គេគ្មាន​លទ្ធភាព​អះអាង​ដោយ​ប្រាកដ​ថា​ អំពើ​ហិង្សា​ទាំង​បី​ករណី​នេះ មាន​ជាប់​ពាក់ព័ន្ធគ្នា ឬ​ដោយ​មាន​ការ​ត្រៀម​សហការ​ធ្វើ​ក្នុង​ពេល​តែ​មួយ​ឡើយ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​គឺ​អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​ក្នុង​ពេល​បុណ្យ​តម​អាហារ​របស់​អ្នកកាន់​សាសនា​អ៊ីស្លាម ដែល​ជា​ទូទៅ ជា​រយៈ​កាល​មាន​ទង្វើ​ហិង្សា​ខ្លាំង។

តំបន់​ភាគខាង​ត្បូង​បំផុត​នៃ​ប្រទេស​ថៃ​នេះ​បាន​លង់​ខ្លួន​នឹង​អំពើ​ហិង្សា​ និង​វិបត្ត​បះបោរ​ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​មិន​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ចង​ចាំ​ទេ។ គិត​ចាប់​ពី​ឆ្នាំ​២០០៤​មក មនុស្ស​ជាង​៦៣០០​នាក់​បាន​បាត់​បង់​ជីវិត។ ជន​ស៊ីវិល ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​និង​ជា​ជនជាតិ​ភាគ​តិច​ក្នុង​តំបន់​  អ្នកកាន់​សាសនា​អ៊ីស្លាមតែ​ជា​ ទាហាន អ្នករដ្ឋការ ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយប្រហារ​របស់ពួក​ឧទ្ទាម​​ជ្រុល​និយម​អ៊ីស្លាម បះបោរ​ចង់​ផ្តាច់​ទឹក​ដី​។

ក្រុមជ្រុល​និយម​អ៊ីស្លាម​នេះ គ្មាន​ពាក់ព័ន្ធ​នឹង​ក្រុម​ជីហាត​អ៊ីស្លាម​នៅ​លើ​ពិភពលោក​ទេ តែ​ជា​ក្រុម​ជនជាតិ​ភាគ​តិច​ម៉ាឡេ ដែល​បះបោរ​ប្រឆាំង​នឹង​ការរើស​អើងសាសនា​ ក្នុង​ប្រទេស​មួយ​ដែល​មាន​ប្រជាជន​ភាគ​ច្រើន​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា។ តំបន់​ភាគ​ខាង​ត្បូង​របស់​ថៃ​នេះ ចំណែក​មួយ​របស់​​ម៉ាឡេស៊ី​រហូត​មកទល់​នឹង​សតវត្សរ៍​ទី​២០៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ