ថៃ-នយោបាយ

យោធា​ថៃ​បន្ថែម​មាត្រា​ថ្មី​ក្នុង​គម្រោង​រដ្ឋធម្មនុញ្ញ ​ដើម្បី​អាច​ប្រើ​អំណាច​ផ្តាច់ការ

លោក ប្រាយុទ្ធ ចន្ទអូចា ញញឹមបិទ​មាត់​មិនជិត ក្រោយ​ពេល​បានចូល​គាល់​ព្រះចៅ ភូម្មិបុល អាឌុល​យ៉ាតេជ ​កាលពីខែ​កញ្ញា ឆ្នាំ​២០១៤​ ក្រោយ​​ពី​បាន​ដឹក​នាំ​រដ្ឋ​ប្រហារ​យោធា
លោក ប្រាយុទ្ធ ចន្ទអូចា ញញឹមបិទ​មាត់​មិនជិត ក្រោយ​ពេល​បានចូល​គាល់​ព្រះចៅ ភូម្មិបុល អាឌុល​យ៉ាតេជ ​កាលពីខែ​កញ្ញា ឆ្នាំ​២០១៤​ ក្រោយ​​ពី​បាន​ដឹក​នាំ​រដ្ឋ​ប្រហារ​យោធា Reuters/Chaiwat Subprasom

រដ្ឋាភិបាល​យោធា​ថៃ ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍​ទី​ ២២​ សីហា​នេះ​ថា ​ គេ​នឹង​ដាក់​បញ្ចូល​មាត្រា​ថ្មី ទៅ​ក្នុង​គម្រោង​រដ្ឋធម្មនុញ្ញ​ថ្មី ​ដែល​នឹង​ត្រូវ​អនុម័ត​ ដោយ​ក្រុម​ប្រឹក្សា​ជាតិ​ ដើម្បី​កំណែ​ទម្រង់ ​នៅ​ថ្ងៃ​ទី ​៦ ​កញ្ញា​ខាង​មុខ​នេះ។ មាត្រា​ថ្មី​នេះ ​នឹង​អនុញ្ញាត​ឲ្យ​អំណាច​យោធា ​មាន​សិទ្ធិ​ប្រើ​កម្លាំង​ ដើម្បី​ធ្វើ​អន្តរាគមន៍​គ្រប់​ពេល​វេលា​​ដើម្បី​បង្ការ ​រឺ​បង្រ្កាប​សកម្មភាព​ទាំង​ឡាយ​ណា​ ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។

ផ្សាយពាណិជ្ជកម្ម

វាជា​រឿង​ដែល​គ្មាន​នរណា​ភ្ញាក់​ផ្អើល​ ទាល់​តែ​សោះ ​ដែល​រដ្ឋាភិបាល​យោធា​ថៃ ​ដឹកនាំ​ដោយ​លោក​មេទ័ព ប្រាយុទ្ធ ចន្ទអូចា ​បាន​ប្រកាស​នៅ​ថ្ងៃ​​នេះ​ថា ​ បាន​បញ្ចូល​មាត្រា​ថ្មី ​ទៅ​ក្នុង​គម្រោង​រដ្ឋធម្មនុញ្ញ​ថ្មី​ របស់​ថៃ។ ​គម្រោង​រដ្ឋ​ធម្មនុញ្ញ​នេះ ​នឹង​ត្រូវ​អនុម័ត​ នៅ​ថ្ងៃ​ ទី​ ៦កញ្ញា​ ខាង​មុខ​ ដោយ​ក្រុម​ប្រឹក្សា​ជាតិ​ ដើម្បី ​កំណែ​ទម្រង់​ ពោល​គឺ​ក្រុមប្រឹក្សា​នេះ ​ជា​អាយ៉ង​ទាំងស្រុង​ របស់​រដ្ឋាភិបាល​យោធា។ រដ្ឋធម្មនុញ្ញ​នេះ​ ​អាច​នឹង​ត្រូវ​ប្រគល់​ ឲ្យ​ប្រជាជន​ថៃ​សម្រេច ​តាម​រយៈ​ការ​ធ្វើ​ប្រជា​មតិ។

 
មាត្រា​២៦០​ថ្មី​នេះ ​បាន​កំណត់​ថា ​គណកម្មាធិការ​ពិសេស​មួយ ​ដែល​មាន​សមាជិក​២២​រូប ​ក្នុង​នោះ​មាន​មេ​យោធា​ធំៗ ​មេ​នគរបាល ​និង​មន្ត្រី​ធំៗ​ ផ្សេង​ទៀត ​មាន​អំណាច​បញ្ជា​បន្ទាន់ ​ដើម្បី​​ធ្វើ​អន្តរាគមន៍ ​ក្នុង​រយៈ​ពេល​ប្រាំឆ្នាំ​ បន្ទាប់​ពី​រដ្ឋធម្មនុញ្ញ​ថ្មី​ ចូល​ជា​ធរមាន។ អំណាច​របស់​គណកម្មាធិការ​ពិសេស នេះ ​អាច​អនុវត្តន៍​ឡើង ​ដើម្បី​ការពារ​​សន្តិភាព និង​បូរណភាព​ដែនដី​ថៃ។ មួយ​វិញ​ទៀត​ មាត្រា​ពិសេស​នេះ​ អាច​ត្រូវ​បាន​អនុវត្ត​​ផង​ដែរ ​ក្នុង​លេស​ការពារ​សន្តិសុខ ​សណ្តាប់​ធ្លាប់​ជាតិ ​និង​ព្រះរាជ​បល័្លង្គ​ថៃ។

អ្នក​វិភាគ​ឯករាជ្យ ​បាន​សំដែង​ការ​ព្រួយ​បារម្ភ ​ដោយ​បាន​ឃើញ​ខ្លឹមសារ​ នៃ​មាត្រា​ច្បាប់ ​ដ៏​ចម្រូង​ចម្រាស​នេះ​ ​ហើយ​បាន​បរិហារ​ថា ​វា​គឺ​ជា​ការ​ដើរ​ថយ​ក្រោយ​ នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ ​ដែល​ក្រុម​យោធា ​ព្យាយាម​ប្រមូល​ក្តោប​ក្តាប់​អំណាយ​ផ្តាច់ការ​តែ​ម្នាក់​ឯង ​មិន​បាន​ផ្តល់​ការ​សម្រេច​ចិត្ត​ ដល់​ប្រជាជន​ថៃ​ទាំង​មូល។ ដូច​ការ​សង្ស័យ ​រដ្ឋាភិបាល​យោធា ​បាន​ឆក់​ឱកាស​ភេរវកម្ម​ហិង្សា​ថ្មីៗ​នេះ ​ដើម្បី​បង្កើន​អំណាច​របស់​ខ្លួន ​ ដោយ​យក​លេស​ថា ​ដើម្បី​ការពារ​សន្តិសុខ​ជាតិ​ ​តែ​ធាតុពិត ​គឺ​តាម​ប្រមាញ់​អ្នក​ប្រឆាំង ​អ្នក​រិះគន់​ និង​ជា​ពិសេស ​គឺ​អ្នក​ស្មោះស្ម័គ្រ​ ជាមួយ​គណបក្ស​លោក​ថាក់ស៊ីន។

សូម​រំលឹក​ថា ​ក្រោយ​រដ្ឋ​ប្រហារ​ទម្លាក់​លោក​ថាក់ស៊ីន​ ​ នៅ​ឆ្នាំ​២០០៦​ រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ ត្រូវ​បាន​អនុម័ត​ឡើង​ នៅ​ឆ្នាំ​បន្ទាប់ ​ដោយ​បាន​កំណត់​បង្កើត​ព្រឹទ្ធសភា​មួយ។ សមាជិក​ព្រឹត្តិសភា​នេះ​ មាន​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ ​ដែល​ត្រូវ​បាន​ជ្រើសតាំង​ ដោយ​ការ​បោះឆ្នោត​ពី​ប្រជាជន​ ​ឯ​ពាក់​កណ្តាល​ទៀត ​គឺ​ជា​មន្រ្តី​ធំៗ ​ដូច​ជា​ពួក​យោធា ​និង​ពួក​ចៅក្រម​ជាដើម។ បន្ទាប់​ពី​ជោគជ័យ​របស់​ក្រុម​អាវ​ក្រហម ​ដែល​ដឹកនាំ​ដោយ​លោកស្រី យីងឡាក់ ស៊ីណាវាត្រា ​កាល​ពី​ឆ្នាំ​២០១១  ​ដោយ​ការ​បោះឆ្នោត​ដោយ​សេរី​ របស់​ប្រជាជន​ថៃ ​ក្រុម​យោធា ​និង​ក្រុម​មន្តី្រ​ធំៗ​ ដែល​ស្រលាញ់​អំណាច ​បាន​ព្យាយាម​រក​គ្រប់​​ ដើម្បី​កំចាយ​ក្រុម​អាវ​ក្រហម​ ចេញ​ពី​អំណាច ​រហូត​ទាល់​តែ​មាន​រដ្ឋ​ប្រហារ​យោធា​នៅ​ឆ្នាំ​ ខែ​ឧសភា​ ឆ្នាំ​២០១៤។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI