ផ្សារភាគហ៊ុនចិនដាំក្បាលចុះ អូសដោយ ទូទាំងអាស៊ី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃចន្ទទី ២៤ សីហា អាចចាត់ទុកថាជាថ្ងៃ ដ៏ខ្មៅងងឹត សម្រាប់ទីផ្សារភាគហ៊ុនចិន និងនៅអាស៊ីទាំងមូល។ ផ្សារភាគហ៊ុនក្រុងសៀងហៃ បានដាំក្បាលចុះ ដល់ទៅ ៨,៥% ដែលនេះ គឺជាការធ្លាក់ថ្លៃ ដ៏ច្រើនបំផុត មិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០០៧។ ដូចគ្នានេះ ដែរ ផ្សារភាគហ៊ុន នៅហុងកុង តៃវ៉ាន់ និងជប៉ុន ក៏បានបន្តធ្លាក់ថ្លៃ យ៉ាងគំហុក ធ្វើឲ្យអ្នកវិនិយោគទុនទាំងអស់ មានការព្រួយបារម្ភ ខ្លាចទ្វីបអាស៊ី ត្រូវធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ច ដូចកាលពីឆ្នាំ៩៧-៩៨។
សម្រាប់អ្នកវិភាគទីផ្សារនៅអឺរ៉ុប គ្រាន់តែបើកភ្នែកឡើង ឃើញតួលេខទីផ្សារភាគហ៊ុននៅអាស៊ី គឺនាំគ្នាភ័យតែម្តង ដោយសារគេខ្លាចថា វិបត្តិសេដ្ឋកិច្ចនៅអាស៊ី នឹងអាចកើតឡើង សាជាថ្មី ដោយចៀសមិនរួច ដូចកាលពីឆ្នាំ៩៧-៩៨។ នៅថ្ងៃចន្ទទី ២៤ សីហានេះ ផ្សារភាគហ៊ុនក្រុងសៀងហៃ បានធ្លាក់ថ្លៃដល់ទៅ៨,៥% ដែលការធ្លាក់ចុះ ក្នុងកំរិតខ្ពស់បែបនេះ មិនធ្លាប់មានទេតាំងពីឆ្នាំ២០០៧ មក ពោលគឺមុនពេល មានវិបត្តិសេដ្ឋកិច្ចពិភពលោក។
ផ្សារភាគហ៊ុនចិនបាក់ស្រុត រញ្ជួយទូទាំងអាស៊ី៖
តាមពិតទៅ ទៅផ្សារភាគហ៊ុនចិន បានបន្តធ្លាក់ថ្លៃ ជាងពីរខែមកហើយ ដោយកាលពីដើមខែវិច្ឆិកា ម្ចាស់ភាគហ៊ុន នៅផ្សារភាគហ៊ុនក្រុងសៀងហៃ ខាតប្រាក់ចំណេញដល់ទៅ ៣០០ម៉ឺនលានដុល្លារឯណោះ។ សម្រាប់ការធ្លាក់ថ្លៃ នាពេលនេះ លុយដែលចំណេញទាំងប៉ុន្មាន ក្នុងឆ្នាំ២០១៤កន្លងទៅ គឺរលាយដូចអំបិលត្រូវទឹក។ ដូចគ្នានឹងផ្សារសៀងហៃ ផ្សារភាគហ៊ុនក្រុងឈិនចិន ជាផ្សារធំលំដាប់ទីពីរ បានខាតតម្លៃ ចំនួន ៧,៦% នៅពេលបិទទ្វារ ថ្ងៃចន្ទនេះ។ ការដាំក្បាលចុះ នៃទីផ្សារភាគហ៊ុន របស់ចិន បានរាលដាលទូទាំងទីផ្សារភាគហ៊ុនធំៗ របស់អាស៊ី ដូចជាហុងកុង តៃវ៉ាន់ និងជប៉ុនជាដើម។
ផ្សារហ៊ុនហុងកុង ធ្លាក់ថ្លៃចំនួន ៥% ឯតៃវ៉ាន់វិញ ខាតដល់ទៅ ៧,៤៦%។ ចំណែកផ្សារហ៊ុនជប៉ុន ក៏ធា្លក់ចំនួន ៤,៦១%ផងដែរ ស្របពេលដែលមានការប៉ះពាល់បន្តិចបន្តួច ដល់ផ្សារហ៊ុន ក្រុងស៊ីដនី ចំនួន ២,៩% និងផ្សារហ៊ុនកូរ៉េ ចំនួន១,៨៨%។ ការរាលដាលនេះ មិនមែនមានត្រឹមតែនៅអាស៊ីទេ សូម្បីតែផ្សារហ៊ុននៅអឺរ៉ុប ក៏រញ្ជួយផងដែរ ដោយនៅពេលបើកទ្វារផ្សារព្រឹកថ្ងៃចន្ទ នេះ គឺផ្សារCAC40 របស់បារាំង ផ្សារហ៊ុនក្រុងឡុងដ៍ និងក្រុងហ្វ្រង់ហ្វដ របស់អាល្លឺម៉ង់ ម្នាក់ៗ សុទ្ធតែខាតជាង ៣%។
តួលេខទាំងអម្បាលម៉ាណនេះ គឺជាតម្លៃភាគហ៊ុនវិនិយោគ។ ប៉ុន្តែការធ្លាក់ថ្លៃនេះ ក៏បានផ្តល់ផលប៉ះពាល់ ដល់តម្លៃវត្ថុធាតុដើមធំៗ នៅលើទីផ្សារអន្តរជាតិផងដែរ ដូចជាតម្លៃប្រេង តម្លៃស្ពាន់ និងតម្លែមាសជាដើម។ ប្រេងឆៅ បានធ្លាក់មកនៅត្រឹមតែ ៤០ដុល្លារប៉ុណ្ណោះ ក្នុងមួយធុងបារីស។ ស្ពាន់ ដែលជាវត្ថុធាតុដើម លំដាប់ទីមួយ សម្រាប់ឧស្សាហកម្ម បានធ្លាក់តម្លៃខ្លាំង ហើយតម្លែមាសវិញ មួយតំឡឹងសល់តែ ប្រមាណជា ១១៥០ដុល្លារតែប៉ុណ្ណោះ។
សេដ្ឋកិច្ចចិនដាំក្បាល រដ្ឋាភិបាលគ្មានដំណោះស្រាយ៖
សេដ្ឋកិច្ចចិន ក្នុងឆ្នាំ២០១៤ និង ២០១៥ នេះ មានកំណើនតិចខ្លាំងណាស់ បើប្រៀបធៀប ទៅនឹងតួលេខឆ្នាំមុនៗ។ ភាពនៅនឹងថ្កល់របស់សេដ្ឋកិច្ចចិននេះ គឺវាជាកត្តាដែលធ្វើអ្នកវិនិយោគ ដែលជាម្ចាស់ហ៊ុននៅតាមទីផ្សារហ៊ុននានាហ្នឹង មានការមិនទុកចិត្ត។ នេះជាចំណុចទីមួយ។ ចំណុចមួយទៀត គឺថាផ្សារហ៊ុននៅចិនមានលក្ខណៈផុយស្រួយណាស់ បើប្រៀបធៀបទៅហ្នឹងទីផ្សារហ៊ុនផ្សេងៗ នៅអឺរ៉ុប និងនៅអាមេរិក។ ផុយស្រួយយ៉ាងម៉េច គឺថា អ្នកវិនិយោគចិនភាគច្រើន ដែលទិញដូរភាគហ៊ុន គឺជាឯកជន បុគ្គលសាមញ្ញ ដែលម្នាក់លក់ចេញ ទិញចូលដោយបង្វិលប្រាក់កម្ចី ជាមួយនឹងអ្នកគួកជេ។ ដូច្នេះ ពេលមានការអីភ្លាម គឺឆាប់ផ្អើល ចលាចល ធ្វើឲ្យទីផ្សារមានភាពមិននឹងនរ។
មួយទៀត ក្នុងរវាងមួយឆ្នាំកន្លងមកនេះ ផ្សារហ៊ុនក្រុងសៀងហៃ ឡើងប៉ោង ដល់ទៅ១៥០%។ ឡើងប៉ោងយ៉ាងម៉េច គឺមានន័យថា តម្លែភាគហ៊ុន វាបានឡើងថ្លៃ ខុសពីតថៈភាពជាក់ស្តែង នៃដំណើរសេដ្ឋកិច្ច។ មានន័យថា អ្នកគួកជេ ចេះតែបំប៉ោងតម្លៃៗ ខុសពីភាពជាក់ស្តែង ដែលតាមការពិត សេដ្ឋកិច្ចកំពុងតែជួបវិបត្តិ។ ទើបតែឥឡូវម្នាក់ៗនាំគ្នាភ័យ ពួកអ្នកគួកជេ នាំគ្នាលក់ចេញទាំងខាត ធ្វើឲ្យមានចលាចល ពេញហ្នឹងតែម្តង។
ចិននឹងត្រូវទម្លាក់តម្លៃប្រាក់យាន់៖
កាលពីខែមុន រដ្ឋាភិបាលចិន បានចាក់បញ្ចូលសាច់ប្រាក់ ទៅក្នុងទីផ្សារ ហើយបានស្នើរឲ្យក្រុមហ៊ុនរដ្ឋធំៗ ប្រមូលទិញហ៊ុនតូចៗ ដើម្បីរក្សាលំនឹងទីផ្សារ។ បន្ថែមពីនេះ ចិនបាន ទាំងបន្ថយតម្លៃប្រាក់យាន់ ដើម្បីបន្ថយតម្លៃផលិតកម្មក្នុងស្រុក ហើយជំរុញការនាំចេញទៅក្រៅ ព្រោះតែកាលណា លុយក្នុងស្រុកថោក មានន័យថា អ្នកនាំចេញ បានចំណេញច្រើន។ បន្តែដូចយើងឃើញស្រាប់ថា វិធានការទាំងអស់នេះ មិនបានពង្រឹង ទីផ្សារហ៊ុនទេ ផ្ទុយទៅវិញ គឺវាកាន់តែ បង្កឲ្យមានភាពចលាចល នៅលើទីផ្សារ។
កាលពីថ្ងៃ ចុងសប្តាហ៍មុននេះ គេនឹកស្មានថា រដ្ឋាភិបាលចិន ដាក់វិធានការថ្មី ដោយឲ្យធនាគារកណ្តាលចិន ដោះលែងប្រាក់តំកល់ មួយចំនួន ដើម្បីយកទៅបំរុង ក្នុងទីផ្សារ ដែលកំពុងតែខ្វះសាច់ប្រាក់ តែទីបំផុត អត់មាននរណាកំរើក សោះ ហើយស្ថានការណ៍ ក៏កាន់តែធ្ងន់ធ្ងរបែបនេះ។ តាមការស្មាន រដ្ឋាភិបាលចិន ប្រហែលជាត្រូវបន្ថយតំលៃប្រាក់យាន់ បន្ថែមទៀតហើយ ដើម្បីផ្តល់សន្ទុះ ដល់ការនាំចេញ និងការវិនិយោគ។
ផលប៉ះពាល់ ដល់សេដ្ឋកិច្ចកម្ពុជា៖
ស្ថិតក្នុងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសកលភាវូបនីយកម្ម កម្ពុជាប្រាដកជារងផលប៉ះពាល់ ដោយចៀសមិនរួច ដោយសារតែវិបត្តិសេដ្ឋកិច្ចចិន។ មិនថាតែកម្ពុជាទេ ទ្វីបអាស៊ី ទាំងមូល និងសេដ្ឋកិច្ចពិភពលោកទាំងមូល កំពុងជួបភាពមិនប្រាកដប្រជា។ កុំភ្លេចថា ចិនជាមហាអំណាចសេដ្ឋកិច្ចពិភពលោក លំដាប់ទី២។ អ្វីដែលអ្នកវិនិយោគព្រួយបារម្ភ គឺប្រព័ន្ធសេដ្ឋកិច្ចចិន កំពុងតែដើរដល់ទីបញ្ចប់ហើយ។ ឆ្លងកាត់ការដាំក្បាលកន្លងមកនេះ បង្ហាញថា កំណែទម្រង់របស់រដ្ឋាភិបាលចិន នៅមិនទាន់ឆ្លើយតប ទៅនឹងតថៈភាពជាក់ស្តែង ដែលសេដ្ឋកិច្ចចិនត្រូវការនោះទេ។
សម្រាប់សេដ្ឋកិច្ចកម្ពុជា យើង ដូចយើងដឹងស្រាប់ គឺរំពឹងសឹងតែទាំងស្រុង ទៅលើការវិនិយោគ ពីបរទេស ដែលភាគច្រើន គឺក្រុមហ៊ុនវិនិយោគចិន និង កូរ៉េ។ ជាក់ស្តែងវិស័យវាយនភណ្ឌ រោងចក្រកាត់ដេរ ដែលបានផ្តល់ការងារ ដល់កម្មករ កម្មការី រាប់សែននាក់ទូទាំងប្រទេស។ ផលិតផលដែលផលិតនៅកម្ពុជាយើង ដោយរោងចក្រទាំងនោះ គឺចិននាំចេញទៅលក់ នៅក្រៅបន្តទៀត។ ដូច្នេះបើសេដ្ឋកិច្ចចិនជួបបញ្ហា ការនាំចេញក៏មានចំនួនថយចុះ ទៅតាមនោះដែរ។ អញ្ចឹងមានន័យថាចង្វាក់នៃការផលិត នៅតាមរោងចក្រនៅកម្ពុជា ដែលផ្គត់ផ្គង់ឲ្យថៅកែចិន គឺអាចនឹងថយចុះដែរ។ ដូច្នេះរោងចក្រ កុំថាឡើយ ដល់ទៅរើសបុគ្គលិកថ្មីបន្ថែម ជួនកាល អាចត្រូវបញ្ឈប់បុគ្គលិកច្រើននាក់ផង ក៏ថាបាន។
មួយវិញទៀត គម្រោងវិនិយោគរាប់លាន រាប់សែនដុល្លារ របស់ក្រុមហ៊ុន ចិន រឺក្រុមហ៊ុនបរទេសផ្សេងៗ អាចនឹងជាប់គាំង ដោយសារតែគ្មានប្រាក់ ព្រោះទីផ្សារភាគហ៊ុនដាំក្បាលចុះ ហើយគ្មាននរណាផ្តល់ប្រាក់ ដើម្បីឲ្យក្រុមហ៊ុនទាំងនោះ យកមកវិនិយោគនៅកម្ពុជាទេ។ ទាំងនេះ យើងគ្រាន់តែនិយាយត្រួសៗ ពីវិស័យធំៗ នៃសេដ្ឋកិច្ចយើង ដែលអាចនឹងរងផលប៉ះពាល់ ដោយសារតែវិបត្តិសេដ្ឋកិច្ចចិន។ សកលភាវូបនីយកម្ម សេដ្ឋកិច្ចទីផ្សារសេរី វាល្អមែនហើយ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើនការវិនិយោគបរទេស បង្កើតការងារ តែកំភ្លេចថា តែយើងរំពឹងគេទាំងស្រុងពេក គឺថា វាគ្រោះថ្នាក់ណាស់។ កាលណាគេរលំ យើងក៏ដាច់ខ្យល់ដែរ។ សេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ ត្រូវតែស្ថាបនាសរសទ្រូងខ្លួនឯង ឲ្យរឹងមាំ ទើបអាចទប់ទល់ នឹងខ្យល់ព្យុះពីខាងក្រៅបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ