ការ​ផ្ទុះ​នៅ​ក្រុង​កំពង់​ផែ​ធានជីនចិន​ ៖ ១២​នាក់​ចាប់​ខ្លួន ១១​នាក់​ជាប់​អង្កេត

ការ​ផ្ទុះ និងបន្ត​ដោយ​​អគ្គីភ័យ នៅ​ធានជីន ក្រុង​កំពង់ផែ​ចិន កាលពី​ថ្ងៃទី ១៣ សីហា ២០១៥
ការ​ផ្ទុះ និងបន្ត​ដោយ​​អគ្គីភ័យ នៅ​ធានជីន ក្រុង​កំពង់ផែ​ចិន កាលពី​ថ្ងៃទី ១៣ សីហា ២០១៥ REUTERS/Stringer

ប៉ូលិស​ចិន​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ចាប់​ខ្លួន​ជា​ផ្លូវ​ការ​ មនុស្ស​១២​នាក់ ដែល​មានពាក់ព័ន្ធ​នឹង​គ្រោះ​មហន្តរាយ​ផ្ទុះ​កក្រើក​ដី នៅ​ក្រុង​កំពង់​ផែ ធានជីន។ នេះ​បើ​តាម​ប្រព័ន្ធ​ឃោសនា​រដ្ឋ ដែល​បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា មន្ត្រី​សាធារណៈ​ចំនួន​១១​រូប​ផ្សេង​ទៀត ក៏​ត្រូ​វ​ជាប់​អង្កេត​ពី​បទ​ធ្វេសប្រហែស និង​ពី​បទ​រំលោភ​​អំណាច។

ផ្សាយពាណិជ្ជកម្ម

ប្រធាន-អនុប្រធាន និង​អ្នក​ទទួល​ខុស​ត្រូវ​បី​នាក់​ផ្សេង​ទៀត របស់​​ក្រុមហ៊ុន​ Rui Hai International ជា​ម្ចាស់​ឃ្លាំង​ស្តុក​សារធាតុ​គីមី​នៅ​កំពង់ផែ​ធានជីន ដែល​ប៉ូលិស​បាន​ឃាត់​ខ្លួន​ ក្រោយ​ហេតុការណ៍​ផ្ទុះ​ភ្លាមៗ ត្រូវ​ប្រកាស​ចាប់​ខ្លួន​ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ​។ កាលពី​សប្តាហ៍​មុន ពេលនៅក្នុង​ដៃ​ប៉ូលិស​ដែរ ពួក​គេ​បាន​នាំ​គ្នា​សារភាព តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ ថា​ពិត​ជា​បាន​ប្រើ​ពឹង​ពាក់​អ្ននយោបាយ ដើម្បី​បាន​ការ​អនុញ្ញាត​ពិសេស និង​បង្វៀង​បទដ្ឋាន​សុវត្ថិភាព។

ចំណែក​ខាង​រដ្ឋអាជ្ញា​នៃ​តុលាការ​កំពូល​ប្រជាមានិត​វិញ បាន​ផ្សព្វផ្សាយ​លើ​ទំព័រ​វិបសៃត៍​របស់​ខ្លួន ថាតុលាការ​ បាន​បើក​អង្កេត​ប្រឆាំង​លើ​មន្ត្រី​១១​រូប ជា​អ្នកទទួល​ខុស​ត្រូវ ជាន់​ខ្ពស់​មូលដ្ឋាន ក្នុង​នោះ​ខ្លះ​ជា​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ក្រុង​ធានជីន ទទួល​បន្ទុក​ផ្នែក​ដឹកជញ្ជូន គយ ឬ​សុវត្ថិភាព​ការងារ និង​ ប្រធាន​ក្រុម​ហ៊ុន​រដ្ឋ​គ្រប់គ្រង​កំពង់ផែ​ធានជីន។ ១០នាក់​ ត្រូវ​ជាប់​អង្កេត​ពីបទ​ធ្វេស​ប្រហែស និង​ម្នាក់ ពី​បទ​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​អំណាច។ ​

ប្រធាន​រដ្ឋបាល​ជាតិ​ទទួល​បន្ទុក​សុវត្ថិភាព​ការងារ ដែល​ត្រូវ​ជាប់​ក្នុង​សំណាញ់​ច្បាប់​អង្កេត​អំពើ​ពុក​រលួយ​ នៅ​ទី​បំផុត ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​រួច​ហើយ នៅ​ថ្ងៃពុធ​ម្សិលមិញ តែ​មិន​បាន​បញ្ជាក់​អំពី​ទំនាក់ទំនង​ជាមួយ​នឹង​ការ​ផ្ទុះ​នៅ​ធានជីន​ទេ។ នេះ​បើ​ប្រភព​ព័ត៌មាន​ផ្លូវការ​ចិន​ដដែល។

ការ​ផ្ទុះ​ បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី ១២​សីហា សម្លាប់​ជីវិត​មនុស្ស​អស់​១៤៥នាក់ បន្ត​ដោយ​អគ្គីភ័យ​យ៉ាង​សន្ធោសន្ធៅ ដែល​បាន​បង្ហុយជា​​ផ្សែង​ពុល​​ក្នុង​បរិយាកាស​និង​ក្នុង​ទឹក​ របស់​ក្រុង ដែល​មាន​ពលរដ្ឋ​រស់​នៅ​ជាង​១៥​លាន​នាក់ និង​ស្ថិត​នៅ​ចម្ងាយ​តែ​ពីរ​ម៉ោង​ពី​ក្រុង​ប៉េកាំង។ ឃ្លាំង​ស្តុក​សារធាតុ​គីមី​នេះ ស្ថិត​នៅ​ឃ្លាត​ពី​តំបន់​ប្រជុំ​ជន​ ភូមិឋាន​រស់​នៅ​របស់​ពលរដ្ឋ​តែ​ប្រមាណ​១​គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ ដែល​ខុស​ស្រឡះ​ពីបទដ្ឋាន​សុវត្ថិភាព​ ចែង​ក្នុង​ច្បាប់៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI