ក្រុមហ៊ុន​ប៊ូអ៊ីង​​នឹង​បើក​រោងចក្រ​ដំឡើង​យន្តហោះ​នៅ​ក្នុង​ប្រទេស​ចិន

ក្រុមហ៊ុន​ផលិត​យន្តហោះ​ប៊ូអ៊ីង​អាមេរិក​នឹង​ទៅ​បើក​រោងចក្រ​ដំឡើង​នៅ​ចិន
ក្រុមហ៊ុន​ផលិត​យន្តហោះ​ប៊ូអ៊ីង​អាមេរិក​នឹង​ទៅ​បើក​រោងចក្រ​ដំឡើង​នៅ​ចិន REUTERS/Bobby Yip/Files
ដោយ៖ សេង ឌីណា
១៣ នាទី

ក្រុមហ៊ុន​ផលិតយន្តហោះ​របស់​អាមេរិក គឺ​ប៊ូអ៊ីង បាន​ប្រកាស​ឲ្យដឹង​ថា​ខ្លួន​នឹង​បើក​រោងចក្រ​ដំឡើង​យន្តហោះ​នៅ​ក្នុង​ប្រទេស​ចិន ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិតយន្តហោះ​ក្នុងស្រុក​របស់​ចិន។ ការប្រកាស​នេះ​ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង នៅ​សហរដ្ឋ​អាមេរិក។ ដំណើរ​ទស្សនកិច្ច​ ដែល​ក៏​មាន​ចុះផងដែរ​នូវ​កិច្ចសន្យា​បញ្ជាទិញ​យន្តហោះ​ប៊ូអ៊ីង​រហូត​ដល់​ទៅ ៣០០គ្រឿង។

ផ្សាយពាណិជ្ជកម្ម

យន្តហោះ​ទាំង ៣០០គ្រឿង ដែល​ប៊ូអ៊ីង​ទទួល​ការ​បញ្ជាទិញ ពី​ក្រុមហ៊ុន​ចិន កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ​នេះ មាន​តម្លៃ​ជាទឹកប្រាក់​រហូតដល់ទៅ ៣៨ពាន់លាន​ដុល្លារ ដែល​ជា​ការ​បញ្ជា​ទិញ​ដ៏ធំ​មិន​ធ្លាប់​មាន​ក្នុង​វិស័យ​អាកាសចរណ៍​ស៊ីវិល។ ជាការប្រៀបធៀប គេ​នៅចាំបាន​ថា នៅ​ពេល​ដែល​លោក​នាយករដ្ឋមន្រ្តី​ចិន លី ខឺឈាំង ទៅ​បំពេញ​ទស្សនកិច្ច​នៅ​​រោងចក្រ​ផលិតយន្តហោះ Airbus នៅ​ទីក្រុង​ Toulouse ប្រទេស​បារាំង ចិន​បាន​បញ្ជា​ទិញ​យន្តហោះ Airbus តែ​ ៧៥​គ្រឿង ហើយ​គិតជា​ទឹកប្រាក់​តែ ១៨ពាន់លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។

 
គួរបញ្ជាក់ថា យន្តហោះ​ប៊ូអ៊ីង​ទាំង ៣០០គ្រឿង ដែល​ចិន​បញ្ជា​ទិញ​នេះ គឺ​ជាការ​បញ្ជាទិញ​រួមគ្នា សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន (Air China, China Southerne Airlines, China Eastern Airlines, … ) ព្រមទាំង​ក្រុមហ៊ុន​រកស៊ី​ជួល​យន្តហោះ។

នាយក​ផ្នែក​អាកាសចរណ៍​ស៊ីវិល​នៃ​ក្រុមហ៊ុន​ប៊ូអ៊ីង​បាន​លើកឡើង​ថា ចិន គឺ​ជា​ទីផ្សារ​ដ៏ធំបំផុត​​របស់​ប៊ូអ៊ីង ដោយ​គេ​សង្កេតឃើញ​ថា នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ ការនាំចេញ​របស់​ប៊ូអ៊ីង រហូតដល់​ទៅ ២៥% គឺ​នាំចេញ​ទៅកាន់​ប្រទេស​ចិន។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា​នេះ គេ​ក៏សង្កេតឃើញ​ផងដែរ​ថា ចំណែក​ទីផ្សារ​របស់​ប៊ូអ៊ីង​ត្រូវ​ក្រុមហ៊ុន Airbus ដណ្តើម​យក​បន្តិចម្តងៗ ចាប់តាំង​ពី​​ Airbus ទៅ​បើក​រោងចក្រ​ដំឡើង​យន្តហោះ​នៅ​ចិន កាល​ពី​ឆ្នាំ​២០០៨។

ហេតុដូច្នេះ​ហើយ​បាន​ជាប៊ូអ៊ីង​បាន​ប្រកាស​ឲ្យដឹង កាល​ពីថ្ងៃ​ពុធ​នេះ​ថា ខ្លួន​ក៏​នឹង​ទៅ​បើក​រោងចក្រ​​ដំឡើង​​យន្តហោះ​នៅ​ក្នុង​ប្រទេស​ចិន​ដែរ ហើយ​ការ​បើករោងចក្រ​នៅ​ចិន​នេះ​នឹង​ត្រូវ​ធ្វើឡើង ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិតយន្តហោះ​ក្នុងស្រុក​របស់​ចិន។ ប៊ូអ៊ីង​មិនបាន​បញ្ជាក់​លម្អិត​អំពី​កាលបរិច្ឆេទ និង​ទីតាំង​ ដែល​ត្រូវ​ដំឡើង​រោងចក្រ​នេះ​នៅឡើយទេ ដោយ​គ្រាន់តែ​ឲ្យដឹង​ថា នៅ​ក្នុង​ជំហាន​ដំបូង រោងចក្រ​នេះ​នឹង​មិន​ធ្វើការ​ដំឡើង​តួយន្តហោះ​ទាំងមូល​នោះទេ គឺ​គ្រាន់តែ​​លាបថ្នាំ និង​រៀបចំ​ផ្នែក​ខាង​ក្នុងយន្តហោះ​តែ​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI