ចិន-​អាមេរិក

ចិន​-អាមេរិក​កាន់​ដៃ​គ្នា​ ធ្វើ​ជា​គំរូ​​​ប្រយុទ្ធ​ប្រឆាំង​នឹងការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់

លោក​អូបាម៉ា និង​លោក​ស៊ីជីនពីង ក្នុង​ជំនួប​ក្រៅ​ផ្លូវការ​ នៅ​ទីក្រុង​វ៉ាស៊ីនតោន ថ្ងៃទី ២៤ កញ្ញា ២០១៥
លោក​អូបាម៉ា និង​លោក​ស៊ីជីនពីង ក្នុង​ជំនួប​ក្រៅ​ផ្លូវការ​ នៅ​ទីក្រុង​វ៉ាស៊ីនតោន ថ្ងៃទី ២៤ កញ្ញា ២០១៥ © Reuters

លោក​ស៊ីជីនពីង ប្រធានាធិបតី​ចិន កំពុង​បន្ត​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក។ នៅ​ថ្ងៃសុក្រ​ទី ២៥​កញ្ញា​នេះ​ លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់​ អូបាម៉ា បាន​ទទួល​ធ្វើ​គារកិច្ច​សមភាគី នៅ​សេតវិមាន ក្រោម​សំនៀង​ភ្លេងជាតិ និង​ការ​បាញ់​កាំភ្លើង​ធំ​ស្វាគមន៍ចំនួន​​២១​គ្រាប់ ក្នុង​ងនាម​ជា​ភ្ញៀវ​កិត្តិយស​ដ៏​ខ្ពស់ខ្ពស់ បើ​ទោះ​បី​ជា​ប្រទេស​ទាំង​ពីរ​មាន​ភាព​តាន​តឹង​នឹង​គ្នា​ក្នុង​សំណុំ​រឿង​ជា​ច្រើន​ក៏​ដោយ។ ប៉ុន្តែ ​អាមេរិក​បាន​រក​ឃើញ​នូវ​កិច្ចសហប្រតិបត្តិការ​ មួយ​ជាមួយ​ចិន ក្នុង​វិស័យ​អាកាសធាតុ ដោយ​​​ប៉េកាំង​នឹង​ប្រកាស​បង្កើត​កូតា​ជាតិ​នៃ​ការ​បញ្ចេញ​ផ្សែងពុល ចាប់​ពី​ឆ្នាំ​២០១៧​ទៅ។

ផ្សាយពាណិជ្ជកម្ម

លោកប្រធានាធិបតី​អាមេរិក​ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​បាន​ផ្តល់​កិត្តិយស​គ្រប់​យ៉ាង ក្នុង​ពេល​ទទួល​ស្វាគមន៍​លោកស៊ីជីនពីង នា​ឱកាស​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​សហរដ្ឋ​អាមេរិក។ លោក អូបាម៉ា នៅ​ពេល​ជួប​លោក​ស៊ីជីនពីង​ភ្លាម បាន​ថែម​ទាំង​និយាយ​ជំរាប​សួរ ជា​ភាសា​ចិន​ផង។ មាន​ជំនួប មាន​ការ​ទទួល​ទាន​អាហារ​​ក្រៅ​ផ្លូវការ ជាមួយ​ឥស្សរជន​សំខាន់ៗ តិច​គ្នា មាន​ជំនួប​​ មាន​ពិធី​ស្វាគមន៍​ផ្លូវការ​នៃ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ប្រធានាធិបតី ...

 
ជា​គារវកិច្ច​ប្រកប​ដោយ​ភាពកក់​ក្តៅ​ ប៉ុន្តែ​នៅ​ពី​ក្រោយ​ភាព​ស្និទ្ធ​ស្នាល​រាក់ទាក់​នេះ គឺ​មាន​ប្រធានបទ​ដ៏​ចម្រូង​ចម្រាស​ជា​ច្រើន ដែល​កំពូល​បុរស​រដ្ឋ​ទាំង​ពីរ ត្រូវ​លើក​មក​ជជែកគ្នា​ នៅ​ល្ងាច​នេះមាន​ជាអាទិ៍​ នយោបាយ​សេដ្ឋកិច្ច​របស់​ចិន ព្រោះ​សូម​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោកស៊ីជីនពីង​ នៅ​អាមេរិក​នេះ​ធ្លាក់​មក​ជួន​ចំពេល​ដែល​​​សេដ្ឋកិច្ច​ចិន​ដើរ​បន្ថយ​ល្បឿន នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ភាព​តាន​តឹង​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង និង​សំណុំ​រឿង​ដែល​ក្តៅ​គគុក​ និង​ទើសទ័ល​ក្នុង​ចិត្ត​អាមេរិក​ខ្លាំង​បំផុត​គឺ​ ការ​វាយប្រហារ​ និង​លួច​ទិន្នន័យ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា។

អាមេរិក​តែង​តែ​ចោទ​ប្រកាន់​ក្រុមហ៊ុន​ចិន​ ជា​ញឹកញយ​ដង​មក​ហើយ ថា​បាន​លួច​ទិន្នន័យ លួច​វាយប្រហារ​តាម​អ៊ីនធ័រនែត លើក្រុមហ៊ុន​អាមេរិក។ ជា​ប្រធានបទ​ដ៏​រសើប​បំផុត រសើប​ទាំង​ខាង​សេដ្ឋកិច្ច​ និង​នយោបាយ​ ដែល​ធ្វើ​ឱ្យ​អាមេរិក​ក្រេវក្រោធ​ខ្លាំង​ក្រៃ។ លោក ស៊ី ជីនពីង​ពេល​នៅ​រដ្ឋ​វ៉ាស៊ីនតោន​បាន​បដិសេធ ហើយ​ក្រុមអ្នក​ការទូត​ទាំង​សង​ខាង​បានខ្សឹប​ខ្សៀវ​គ្នា​ថា​ចិន​និង​អាមេរិក​បាន​ព្រមព្រៀង​គ្នា​បើក​កិច្ចសហប្រតិបត្តិការ​ និង​ចរចា​ចុះ​សន្ធិសញ្ញា​មិន​ឈ្លានពាន​គ្នា​តាម​អ៊ីនធ័រនែត។

​អាកាសធាតុ​ចិន​ដាក់​កូតា​បញ្ចេញ​ផ្សេងពុល​ចាប់​ពី​ឆ្នាំ​២០១៧

​ជា​លទ្ធផល​ដ៏​កម្រ​ដែល​មិន​ស្មាន​ដល់​សោះ​ ​បើ​មើល​ទៅ​លើ​បរិយាកាស​ដ៏​អាប់​អួរ​ផ្នែក​សេដកិច្ច​និង​ភាព​តាន​តឹង​ដាក់​គ្នា​រវាង​មហាអំណាច​សេដ្ឋកិច្ច​កំពូល​ទាំងពីរ។ នៅ​ល្ងាច​នេះ ប្រធានាធិបតី​ទាំងពីរ​នឹង​ចេញ​ថ្លែងការណ៍​រួម​ ចិន​-អាមេរិក ស្តីពី​អាកាសធាតុដែល​ជា​ចំណែក​មួយ​ជួយ​ជំរុញ​​និង​ផ្តល់​សន្ទុះ​ដល់​ការ​ស្វែង​រក​កិច្ចព្រមព្រៀង​​ពិភពលោក​ ។

បើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក ចាប់​ពី​ឆ្នាំ​២០១៧​ទៅ ចិន​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​ទីផ្សារ​កូតា​បញ្ចេញ​ឧស្ម័ន​ពុល​ CO2 ដែល​នឹងកំណត់​កំរិត​បរិមាណ​នៃ​ការ​បញ្ចេញ “ផ្សែង” និង​ដែល​ជា​ការ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ក្នុងវិស័យ​ឧស្សាហកម្ម។ ការ​បង្កើត​ទីផ្សារ​ផ្សែងពុល​នេះ គឺ​ជា​លទ្ធផល​នៃ​ការ​ដក​ពិសោធន៍​ ដែល​ក្រុមហ៊ុន​ឧស្សាហកម្ម​បំពុល​បរិយាកាស​ខ្លាំង​បាន​ចាប់​ផ្តើម​អនុវត្ត​រួច​មក​ហើយ ក្នុង​កំរិត​តំបន់ លើ​វិស័យ​មួយ​ចំនួន​ដូច​ជា រោងចក្រ​ផលិត​អគ្គិសនី គីមី និង​ស៊ីម៉ង់។

ក្នុង​ជំនួប​ នៅ​ប៉េកាំង កាលពី​ខែ​វិច្ឆិកា​២០១៤ លោក​អូបាម៉ា និង​លោក​ស៊ីជីនពីង បាន​ប្រកាស​ ព្រមព្រៀម​ជា​លើក​ដំបូង សន្យា​ប្រឹង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី ២៦ទៅ ២៨%​ នៅ​ឆ្នាំ​២០២៥ បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០០៥ ឯ​ចិន​នៅ​ឆ្នាំ​២០៣០។ នៅ​ថ្ងៃ​នេះ​ ជា​លើក​ទី​មួយ ចិន​បាន​ផ្តល់​កាលបរិច្ឆេទ​ជា​ផ្លូវការ កំណត់​យក​ឆ្នាំ​២០១៧ ជា​ឆ្នាំ​ចាប់​ផ្តើម។

ចិន​និង​អាមេរិក​ បាន​ចាប់​ដៃ​គ្នា​ឆ្លង​ដំណាក់កាល​ដ៏​សំខាន់​មួយ​ក្នុង​កាត់​បន្ថយ​ការ​បញ្ចេញ​ផ្សេង​បំពុល​បរិយាកាស។ ហើយនៅ​ក្នុង​​សេចក្តី​ថ្លែងការណ៍រួម ប្រមុខ​រដ្ឋ​ទាំងពីរ​នឹង​បង្ហាញ​ថា​ប្រទេស​បញ្ចេញ​ផ្សែង​ពុល​ទាំង​ពីរ​ដំបូង​គេ​លើ​ពិភពលោក​ ដើរ​តួនាទីច្បាស់​លាស់​ និង​ដឹក​មុខ​ពិភពលោក​ ឆ្ពោះ​ទៅ​រក​កិច្ចព្រមព្រៀង​​ជា​និរន្ត​​មួយ​ស្តី​អំពី​អាកាសធាតុ។ ពោល​គឺ​កិច្ចព្រមព្រៀង​ពិភពលោក​ កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ដើម្បី​ទប់​ស្កាត់​ការ​ឡើង​កម្តៅ​នៃភព​ផែន​ដី ត្រឹម​២​អង្សារ​ពីពេល​នេះ​ដល់​ចុង​សតវត្សរ៍ ដែល​អង្គការ​សហប្រជាជាតិ​ សង្ឃឹម​ថា​នឹង​អាច​សម្រេច​បាន​ ក្នុង​សន្និសីទ​អន្តរជាតិ​ក្រុង​ប៉ារីស ពី​ថ្ងៃទី ៣០​វិច្ឆិកា ដល់​ថ្ងៃ​ទី​១១​ធ្នូ​ខាង​មុខ។

 
​សិទ្ធិមនុស្ស និង​ជំនួប​ស្ថាបនា

សារព័ត៌មាន​ក្នុង​ស្រុក ជា​ច្រើន​នាំ​គ្នា​អំពាវនាវ​ ដាក់​តឿន​ប្រធានាធិបតី​អូបាម៉ា កុំ​ឱ្យ​ភ្លេច​ដំឡើង​សំឡេង​ដាក់​ចិន​ ក្នុង​បញ្ហា​សិទ្ធិមនុស្ស។ កាសែត​វ៉ាស៊ីនតោនប៉ុស្តិ៍​ បាន​​សរសេ​រ​នៅ​ក្នុង​បទ​វិចារណកថា ថា លោកស៊ីជីនពីង គឺ​ជា​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​មិន​មែន​ប្រជាធិបតេយ្យ​តែ​មួយ​គត់ ដែល​មាន​កិត្តិយស​ទទួល​ស្វាគមន៍​ ជាទស្សនកិច្ច​ផ្លូវ​រដ្ឋ​ របស់​រដ្ឋាភិបាល​អូបាម៉ា បើ​ទោះ​បី​ជា​អាមេរិកខំ​​ស្រែក​ប្រឆាំង​ពីរ​ឆ្នាំ​មក​ហើយ​ប្រឆាំងនឹង​របៀប​គោរពសិទ្ធិមនុស្ស​នៅ​ចិន តែ​ថ្នាក់​ដឹកនាំ​ប៉េកាំង​មិន​ដែល​យក​ត្រចៀក​ស្តាប់សោះក៏​ដោយ។​

បើ​ចិននៅ​តែ​​ដើរ​ក្នុង​ទិសមិន​គោរព​សិទ្ធិមនុស្ស​ដដែល តើ​ដល់​កំរិត​ណា ទើប​អាមេរិក​ព្រម​ចាត់​វិធានការ ?! ប៉ុន្តែ​សម្រាប់​លោកស្រី ស៊ូហ្សាន រាយ Susan Rice ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​អូបាម់ា បាន​បញ្ជាក់​ថា​តាំង​ពី​មុន​ដំណើរ​មក​ដល់​របស់​លោកស៊ីជីនពីង​ម្ល៉េះ​ថា អាមេរិក​ដឹង​និង​ព្រួយ​បារម្ភ​ជានិច្ច​ ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​នៅ​ចិន ប៉ុន្តែគេ​មិន​​ត្រូវ​រារាំង​ការ​ស្វែង​រក​ទំនាក់ទំនង​ល្អ ប្រកប​ការ​ស្ថាបនា​ជាមួយ​ចិន​ទេ ! អាមេរិក​ហ្មត់ចត់ ដាច់ខាត តែ​ច្រាន​ចោល​ដាត់​ខាត​អ្វី​ដែល​នាំ​ឱ្យ​មាន​ជម្លោះ​រវាង​ចិន​និង​អាមេរិក។ 

នា​ឱកាស​ស្ថិត​នៅ​រដ្ឋ​វ៉ាស៊ីនតោន លោក​ស៊ីជីនពីង​បាន​អំពាវនាវ​រក​គំរូ​ទំនាក់ទំនង​ថ្មី​ជាមួយ​អាមេរិក ដែល​រំពឹង​លើ​ការ​យោគយល់​និង​ទុកចិត្ត​លើ​គ្នា​ជាង​មុន។ ចំណែក​លោក​ប្រធានាធិបតី​​អាមេរិក អូបាម៉ា បាន​សន្យា​ថា​នឹង​ពិភាក្សា​ ដោយស្មោះស ជាមួយ​សមភាគី​ចិន រាប់​ទាំង​ប្រធានបទ​សិទ្ធមនុស្សផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI