អានតួអត្ថបទ

ប៉េកាំង​ធ្វើ​អន្តរាគមន៍​ជា​ថ្មី​ដើម្បី​ទ្រទ្រង់​ទីផ្សារភាគហ៊ុនចិនកុំ​ដាំក្បាល

អ្នក​លេង​ភាគហ៊ុន​កំពុង​តាមដាន​ព័ត៌មាន​តម្លៃ​ទីផ្សារ​នៅ​ប៉េកាំង
អ្នក​លេង​ភាគហ៊ុន​កំពុង​តាមដាន​ព័ត៌មាន​តម្លៃ​ទីផ្សារ​នៅ​ប៉េកាំង © Reuters
ដោយ៖ អៀង សុខម៉ិញ
១៤ នាទី

ទីផ្សារមូលបត្រ​សៀងហៃបាន​បើក​ទ្វារ​វិញ​ហើយ​នៅ​ថ្ងៃ​អង្គារ ជា​មួយ​នឹង​ការ​ធ្លាក់​ថ្លៃ​បន្តិច​បន្តួច​ប៉ុណ្ណោះ បើ​ប្រៀប​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ។ នេះ​គឺ​ជា​លទ្ធផល​នៃ​អន្តរាគមន៍​របស់​អាជ្ញាធរ។ បើ​តាម​សេចក្តីថ្លែងការណ៍ ធនាគារ​​ប្រជាជន​ចិន​ (ធនាគារកណ្តាល​) បាន​ចាក់​បញ្ចូល​សាច់​លុយ​​ ១៣០​ពាន់​លាន​យ័ន នៅ​ថ្ងៃ​អង្គារ​ទៅ​ក្នុង​ទីផ្សារ​ភាគហ៊ុន ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យទីផ្សារ​មូលបត្រ​ដាំក្បាល​ខ្លាំង​ពេក។

ផ្សាយពាណិជ្ជកម្ម

ធនាគារ​ជាតិ​ចិនបង្ខំ​ចិត្ត​​ចាក់​សាច់​លុយ​បញ្ចូល ធ្វើ​ដើម្បី​ទប់ទីផ្សារ​មូលបត្រ​កុំ​ឱ្យ​ដាំ​ក្បាល​​ចុះ​ខ្លាំង​ពេក។ មិន​តែ​ប៉ុណ្ណោះ ធនាគារ​ប្រជាជន​ចិន​ បាន​ថែម​ទាំង​ចាប់​ផ្តើម​ទិញ​ភាគហ៊ុន​ ដូច​អ្វី​ដែល​អាជ្ញាធរ​ចិន​ធ្លាប់​បាន​ធ្វើ​កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​២០១៥ ពេល​ទីផ្សារ​ភាគហ៊ុន​ចិន​បាន​ស្គាល់​ភាព​វឹក​វរ​ខ្លាំង។

 
សូម​បញ្ជាក់​ថា​ ​នៅ​ថ្ងៃ​ចន្ទ​ទី ៤ មករា ម្សិលមិញ ទីផ្សារ​ភាគហ៊ុន​ចិន បាន​ដាំ​ក្បាល​ចុះ​ជា​ថ្មី​ទៀត អស់​៧% ហើយ​​ទីផ្សារ​មូលបត្រក៏​​ត្រូវ​បាន​បិទទ្វារ​ ដោយ​ស្វ័យ​ប្រវត្តិ ទាំង​កណ្តាល​ថ្ងៃ បន្ទាប់​តម្លៃ​ភាគហ៊ុន​បានធ្លាក់​ចុះ​អស់​៥% ស្រប​តាម​វិធានការ​ថ្មី​របស់​រដ្ឋាភិបាល ទើប​​ចូល​ជា​ធរមានដំបូង​ភ្លាម។

ក្រោយ​ភាព​វឹកវរ​ហិរញ្ញវត្ថុ​ កាលពី​ខែ​កក្កដា​២០១៥​មក រដ្ឋាភិបាល​ប៉េកាំង បាន​ប្រកាស​​កាលពី​ថ្ងៃ​ទី​៤​ធ្នូ ចាត់​វិធានការបិទ​ទ្វារ​​​ទីផ្សារ​ភាគហ៊ុន ដោយ​ស្វ័យ​ប្រវត្តិ​ប្រសិន​បើ​ឃើញ​មាន​ការ​ធ្លាក់​ថ្លៃ​ដល់​៥%។ ដើម្បី​ធានា​រ៉ាប់​រង​ដល់​អ្នក​វិនិយោគ គណៈកម្មាការ​ចាត់​ចែង​ទីផ្សារ​​ហិរញ្ញវត្ថុ​ចិន ទំនង​ជា​បាន​ប្រកាសស្នើ​សុំ​​មិន​ឱ្យ​ក្រុមហ៊ុន​ធំៗ មាន​ភាគហ៊ុន​ចាប់​ពី​៥%​ទៅ​ហ៊ុន​របស់​ខ្លួន​ទេ​​​។ ការ​ហាមឃាត់​នេះ​ត្រូវ​អស់​សុពលភាព​​នៅ​ថ្ងៃ​ទី ៨​មករា​ ប៉ុន្តែអាជ្ញាធរ​ចិន​ទំនង​ជា​ពន្យារ​ពេល​បន្ត​ទៀត។

គណៈកម្មាការ​ចាត់​ចែង​ទីផ្សារ​ហិរញ្ញវត្ថុ មិន​បាន​បញ្ជាក់​ព័ត៌មាន​នេះ​ទេ ប៉ុន្តែ​បាន​អះអាង​នៅព្រឹក​​ថ្ងៃ​អង្គារ​នេះ​ថាកំពុង​រៀប​ចំ​បញ្ចប់​វិធាន​នៃ​ការ​លក់​ហ៊ុន​របស់​អ្នក​មាន​ភាគហ៊ុន​ធំៗ។ វិធានការ​ថ្មី​នឹង​ត្រូវ​បង្ហាញ​ជា​សាធារណៈ​ក្នុង​ពេល​ឆាប់ៗ​នេះ។

ការ​លូក​ដៃ​របស់​រដ្ឋាភិបាល កំពុង​ចោទ​សំណួរ​យ៉ាង​ខ្លាំង​អំពី​តួនាទី​របស់​ទីផ្សារ​ហិរញ្ញវត្ថុ ដែល​ប៉េកាំង​ធ្លាប់​សន្យា​តាំ​ងពី​យូរ​មក​ហើយផង​ និង​ការ​ព្រួយ​បារម្ភ​ចំពោះ​សុខភាព​សេដ្ឋកិច្ច​ប្រទេស​ផង។ កំណើន​សេដ្ឋកិច្ចចិន​ដែល​ម៉ាស៊ីន​អូសទាញ​ពិភពលោក បាន​បន្ថយ​ល្បឿន​ខ្លាំង នៅ​ត្រី​មាស​ទី​បី​ឆ្នាំ​២០១៥ និង​ទាប​មិនធ្លាប់​មាន​ទេ​ក្នុង​រយៈ​ពេល​២៥​ឆ្នាំ​ចុងក្រោយ​នេះ។ អត្រា​កំណើន​សេដ្ឋកិច្ចប្រចាំ​ឆ្នាំ​២០១៥​នឹង​ត្រូវ​​ផ្សព្វផ្សាយនៅ​ថ្ងៃទី​១៩​មករា​ ២០១៦ សប្តាហ៍​ក្រោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ