មហាសេដ្ឋីចិនបាត់ខ្លួនម្នាក់ទៀត
មហាសេដ្ឋីចិន ឈ្មោះ ជូ ឆេងជាន ថៅកែក្រុមហ៊ុនផលិតសម្លៀកបំពាក់ ដ៏ល្បីម្នាក់នៅចិន បានបាត់ខ្លួនគ្មានដំណឹង។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន សម្លៀកបំពាក់ Meters/bonwe ដែលបង្កើតឡើងដោយមហាសេដ្ឋីរូបនេះ។ ប្រធានក្រុមហ៊ុនផលិតសម្លៀកបំពាក់ ដ៏ល្បីនេះ អាចជាប់ពាក់ព័ន្ធនឹងករណីអំពើពុករលួយ ព្រមទាំងករណីមិនប្រក្រតីមួយចំនួន នៅលើទីផ្សារភាគហ៊ុន ដែលក្រុមហ៊ុននេះធ្វើការទិញលក់ភាគហ៊ុន យ៉ាងសកម្ម នាពេលកន្លងមក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោក ជូ ឆេងជាន ជាថៅកែក្រុមហ៊ុនសម្លៀកបំពាក់ចិន ម៉ាក Meters/bonwe ដ៏ល្បីបំផុតនៅចិន។ អ្នកនាំពាក្យក្រុមហ៊ុនសម្លៀកបំពាក់នេះ បានផ្តល់ព័ត៌មានថា មហាសេដ្ឋីរូបនេះបានបាត់ដំណឹងឈឹង តាំងពីថ្ងៃសុក្រម្សិលមិញ ដោយគេមិនអាចទាក់ទងបានទេ។ ព័ត៌មាននេះ បានធ្វើឲ្យលេចឮជាពាក្យចចាមអារ៉ាមថា មហាសេដ្ឋីរូបនេះ ត្រូវបាននគរបាលប្រឆាំងអំពើពុករលួយចិន ចាប់យកទៅសួរចម្លើយ ដោយសម្ងាត់។
យ៉ាងណាមិញ សារព័ត៌មានចិន ឈានជាំង ដែលចេញផ្សាយរាល់ពេលល្ងាច បានចុះផ្សាយដោយមិនបានបញ្ជាក់ពីប្រភពថា លោកមហាសេដ្ឋី ជូ ឆេងជាន អាចត្រូវគេចាប់សួរចម្លើយ ទាក់ទិននឹងបទល្មើសមួយចំនួន នៅក្នុងការលក់ចេញទិញចូលនៃភាគហ៊ុនរបស់គាត់ កន្លងមក ដែលមានភាពមិនប្រក្រតី។
សូមបញ្ជាក់ថា លោក ជូ ឆេងជាន ជាអតីតជាងកាត់ដេរ ហើយបានចាប់ផ្តើមបង្កើតម៉ាកសម្លៀកបំពាក់ផ្ទាល់ខ្លួនរបស់គាត់ ចាប់តាំងពីឆ្នាំ១៩៩៥មក។ បច្ចុប្បន្ននេះ ម៉ាកសម្លៀកបំពាក់របស់គាត់ គឺជាម៉ាកដ៏ពេញនិយមសម្រាប់យុវវ័យចិន។ លោក ជូ ឆេងជាន គឺជាមហាសេដ្ឋីមានលុយច្រើនជាងគេនៅចិន លំដាប់ទី ៦២។ ទ្រព្យសម្បត្តិរបស់សេដ្ឋីខោអាវរូបនេះ ត្រូវគេប៉ាន់ស្មានថាស្មើនឹងជាង៤ពាន់លានដុល្លារ។ ប្រាក់ចំណេញមួយផ្នែកធំ គឺបានមកពីការទិញលក់ភាគហ៊ុន នៅទីផ្សារភាគហ៊ុនក្រុងឈិនចិន។
សូមរំលឹកដែរថា កាលពីប៉ុន្មានសប្តាហ៍មុននេះ មានមហាសេដ្ឋីចិនម្នាក់ទៀត ក៏បានបាត់ខ្លួនប៉ុន្មានថ្ងៃផងដែរ។ ៤ថ្ងៃក្រោយមក មហាសេដ្ឋីរូបនោះបានត្រឡប់មកវិញ ដោយបានអះអាងថាខ្លួនគាត់បានសហការជាមួយអាជ្ញាធរចិន ក្នុងការស៊ើបអង្កេតលើបទល្មើសពុករលួយមួយចំនួន។
ជាការពិតណាស់ ទន្ទឹមពេលដែលទីផ្សារភាគហ៊ុនចិន បានជួបភាពរង្គោះរង្គើរប៉ុន្មានខែមកនេះ រដ្ឋាភិបាលចិន បានចាត់វិធានការយ៉ាងតឹងរឹង ដើម្បីរកមូលហេតុនៃភាពមិនប្រក្រតីមួយចំនួន។ អំពើពុករលួយ ស៊ីសំណូក បំប៉ោងតម្លៃភាគហ៊ុន ការរៀបចំខ្សែបណ្តាញ គឺជាមធ្យោបាយដែលមហាសេដ្ឋី និងមន្ត្រីចិនមួយចំនួន បានអនុវត្ត ដើម្បីកេងចំណេញ កើបលុយពីទីផ្សារភាគហ៊ុន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ